អានតួអត្ថបទ
សេដ្ឋកិច្ចប្រេស៊ីល-កូវីដ១៩

ក្រុមហ៊ុន​បណ្តាញ​សង្គម​លុប​វីដេអូ​របស់​ប្រធានាធិបតី​ប្រេស៊ីល​ព្រោះ​មាន​សារ​មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​កូវីដ​១៩​

ប្រធានាធិបតីប្រេស៊ីល លោកហ្សាអៀរ បុលសូណារ៉ូ
ប្រធានាធិបតីប្រេស៊ីល លោកហ្សាអៀរ បុលសូណារ៉ូ © AFP

បណ្តាញសង្គម​ហ្វេសប៊ុក​និង Instagram កាលពីថ្ងៃ​ចន្ទ ទី៣០​ មីនាម្សិលមិញ បាន​សម្រេច​លុប​ចោល​វីដេអូ​របស់​ប្រធានាធិបតី​ប្រេស៊ីល​ លោក​ហ្សាអៀរ ​បុលសូណារ៉ូ​ ចេញពី​ទំព័រ​របស់​ខ្លួន​។ ក្រុមហ៊ុន​បណ្តាញ​សង្គម​ពន្យល់ថា​ វីដេអូ​ដែលបាន​បង្ហោះ​ដោយ​លោក ​បុលសូណារ៉ូ​ មាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ស្តីអំពី​មេរោគរាត​ត្បាត​សកល​-កូវីដ១៩​ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។

ផ្សាយពាណិជ្ជកម្ម

“សារដែលបង្កប់ន័យមិនពិត ហើយត្រូវបានយកទៅបង្ហោះនៅលើទំព័រហ្វេសប៊ុក និង Instagram ទាំងបំពានលើលក្ខខណ្ឌនៃការប្រើប្រាស់របស់ក្រុមហ៊ុន យើងលុបវាចេញ ដើម្បីកុំឲ្យព័ត៌មានក្លែងក្លាយទាំងនោះ អាចបង្កជាអន្តរាយដល់មនុស្សផ្សេងទៀតបាន”។ នេះ គឺជាអ្វី ដែលហ្វេសប៊ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ជាភាសា​ព័រទុយហ្កាល់។

ចំណែកបណ្តាញសង្គមធ្វីតទ័រ ដែលបានលុបវីដេអូរបស់លោកប្រធានាធិបតីប្រេស៊ីល តាំងតែពីថ្ងៃអាទិត្យ ទី២៩ មីនា បានពន្យល់ហេតុផលថា ខ្លួនធ្វើទៅនេះ ដោយអនុលោម​តាមវិធានជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័តមានក្លែងក្លាយ។ ព័តមាន​ក្លែងក្លាយស្តីអំពីកូវីដ១៩​ ដែលអាចធ្វើឲ្យមនុស្សលោកប្រឈមនឹងការឆ្លងរីករាល​នៃ​មេរោគកូរ៉ណាថ្មី។ ធ្វីតទ័រ បកស្រាយបន្ថែម។

គួរជ្រាបថា តាំងតែពីដើមរៀងមក លោកបុលសូណារ៉ូ ប្រធានាធិបតីប្រេស៊ីល តែងតែ​គិតពីបញ្ហាសេដ្ឋកិច្ចជាអាទិភាព និងមិនសូវ​ជា​លើកទឹកចិត្តឲ្យមានការបិទទីក្រុង បិទសាលារៀន ឬក៏ប្រទេសទាំងមូលនោះទេ។

នៅក្នុងវីដេអូ បង្ហោះចូលក្នុងបណ្តាញសង្គម គេឃើញលោកបុលសូណារ៉ូ មិនផ្តល់តម្លៃ​ដល់វិធានការរាំងខ្ទប់ឲ្យប្រជាជននៅក្នុងផ្ទះ ឬការរក្សាគំលាតសង្គមឡើយ។ មិនតែ​ប៉ុណ្ណោះ គេឃើញលោកឈរ​ក្នុងចំណោមអ្នកគាំទ្រជាច្រើននាក់ នៅតាមដងផ្លូវនៃ​ទីក្រុងប្រេស៊ីលីយ៉ា (Brasilia) កាលពីថ្ងៃ​អាទិត្យ និងជំរុញឱ្យពួកគេ នាំគ្នាចូលរួម​អភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនទៀតផង។

កាលពីថ្ងៃចន្ទម្សិលមិញ មេបក្សប្រឆាំងប្រេស៊ីល បានជំរុញឱ្យប្រធានាធិបតីបុលសូណារ៉ូ លាលែងពីតំណែង ដោយលើកហេតុផលថា លោក បានប្រព្រឹត្ដបទឧក្រិដ្ឋ ដោយ​បណ្តោយឲ្យជំងឺកូវីដ១៩ ឆ្លងរាតត្បាតនៅក្នុងប្រទេស។

នៅក្នុងលិខិតរួមមួយ ដែលត្រូវបានចុះហត្ថលេខាដោយអ្នកនយោបាយឆ្វេងនិយម​រាប់សិបនាក់ មេបក្ស​ប្រឆាំង​ប្រេស៊ីល បាននិយាយថា “លោកហ្សាអៀរ ​បុលសូណារ៉ូ មិន​ត្រឹមតែជាបញ្ហា​នយោបាយ​នោះ​ទេ តែលោកក៏បានក្លាយជាបញ្ហាសុខភាពសាធារណៈដែរ ... ដូច្នោះហើយ លោកបុលសូណារ៉ូ គួរតែលាឈប់ពីតំណែងទៅ”។

គួររំឭកជូនថា រហូតមកដល់ពេលនេះ ប្រទេសប្រេស៊ីល មានករណីឆ្លងវីរុសកូវីដ១៩ ច្រើនបំផុតនៅ​អាមេរិកឡាទីន គឺមានជាង ៤ពាន់ ២រយករណី រីឯអ្នកស្លាប់វិញមាន​ប្រមាណ ១៣៦ នាក់។ នេះ បើយោងតាមការចុះផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃអង្គារនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ