អានតួអត្ថបទ
កូវីដ១៩ កងទ័ពជើងទឹកអាមេរិក

នាវា​ចម្បាំងអាមេរិក ដង្ហើយ​​សុំ​បញ្ជូន​ទាហាន​ដែល​ផ្ទុក​មេរោគ​កូវីដ​​១៩ ឡើង​គោក

នាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt (CVN-71) ពេលចូលទៅកាន់កំពង់ផែដាណាង ប្រទេសវៀតណាម ថ្ងៃទី ៥ មីនា ២០២០
នាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt (CVN-71) ពេលចូលទៅកាន់កំពង់ផែដាណាង ប្រទេសវៀតណាម ថ្ងៃទី ៥ មីនា ២០២០ REUTERS - KHAM

នាវាផ្ទុកយន្តហោះចម្បាំងរបស់អាេមរិកមួយគ្រឿង​ ដែលបច្ចុប្បន្នកំពុងសំចត នៅកំពង់ផែកោះហ្គាំ បាន​ដង្ហើយសុំការអនុញ្ញាត​ ពីក្រសួងការពារជាតិអាមេរិក ដើម្បីបញ្ជូន​នាវិកឡើងគោក ដាក់ឲ្យនៅដាច់​ដោយឡែក បន្ទាប់ពីបានរកឃើញនាវិកជាង១០០នាក់​ មានផ្ទុកកូវីដ១៩។ លោកមេបញ្ជាការ​នៃនាវានេះ បានសរសេរ​លិខិត ស្នើសុំទៅមន្ទីរប៉ង់តាហ្គោន ដោយបានបញ្ជាក់ថា ការឆ្លងរាលដាល​លើនាវា មានល្បឿនលឿន​ខ្លាំងគួរឲ្យបារម្ភណាស់។ ក៏ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាមេរិក បាន​បដិសេធមិនយល់ព្រមលើសំណើរនេះទេ។

ផ្សាយពាណិជ្ជកម្ម

នាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ឈ្មោះ USS Theodore Roosevelt កំពុងប្រឈមនឹង​ការឆ្លងរាលដាល នូវមេរោគកូវីដ១៩។ យោងតាមលិខិត របស់លោក Brett Crozier មេបញ្ជាការដឹកនាំនាវានេះ បានឲ្យដឹងថា កាលពីសប្តាហ៍មុន គេបានរកឃើញ​អ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន​៣នាក់ ក្នុងចំណោមកងនាវិកទាំងអស់ចំនួន​៤០០០នាក់ នៅលើនាវា។ តែរំលងតែមួយសប្តាហ៍ប៉ុណ្ណោះ ចំនួន​អ្នកឆ្លងកូវីដ១៩ បានកើនឡើងជាង១០០នាក់។

លិខិតដែលលោកមេបញ្ជាការនាវា បានផ្ញើទៅកាន់​ក្រសួងការពារជាតិអាមេរិកនេះ បានរៀបរាប់ថា ប្រសិនបើក្រសួងការពារជាតិ បើក​ភ្លើងខៀវ អនុញ្ញាតឲ្យកងនាវិកមួយចំនួនធំ អាចឡើងគោក ហើយ​ស្នាក់នៅ​ដាច់ដោយឡែក រយៈពេល២សប្តាហ៍នោះ នោះគឺជារឿងល្អបំផុត។ លោក​មេបញ្ជាការនាវា បានលើកឡើងថា មនុស្ស​៤០០០នាក់ ស្ថិតនៅលើនាវាតែមួយ គឺពិតជាមានការ​លំបាកខ្លាំង​ណាស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល។ ជាចុងក្រោយ​​ លោកបានសរសេរថា កាលៈទេសៈ​​នេះ គ្មានសង្រ្គាមទេ ដូច្នេះមិនគួរបណ្តោយឲ្យទាហានស្លាប់ទទេរៗនោះឡើយ។

ឆ្លើយតបទៅនឹងសំណើរនេះ លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាេមរិក បានលើកឡើងថា ស​ម្រាប់ដំណាក់កាលនេះ លោកមិនឃើញភាពបន្ទាន់ ដែលត្រូវ​បញ្ជូនកងនាវិក​ ឲ្យឡើងគោកនៅដាច់ដោយឡែកឡើយ។ ឆ្លើយនៅក្នុងបទសម្ភាសន៍នៅទូរទស្សន៍ CBS លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានបញ្ជាក់ថា ក្រសួងបានបញ្ជូនសម្ភារៈពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យជំនាញ​ ឲ្យទៅជួយនៅលើនាវាហើយ ហើយក៍គ្មានកងនាវិកណា មានអាការៈធ្ងន់ធ្ង គួរឲ្យបារម្ភដែរ។ លោករដ្ឋមន្ត្រី បន្តប្រកាន់ជំហររឹងដាច់ខាតថា ត្រូវឲ្យកងនាវិក ត្រៀមខ្លួនជានិច្ចនៅលើនាវាចម្បាំង ក្នុងករណី​ មានការវាយប្រហារណាមួយ មិនអាចនាំគ្នាចុះចោលនាវាបានទេ។

ដោយឡែក លោក Thomas Modly អគ្គលេខាធិការកងទ័ពជើងទឹកអាមេរិក បានថ្លែងប្រាប់ទូរទស្សន៍​CNNថា សម្រាប់ពេលនេះ មូលដ្ឋានទ័ពអាមេរិក នៅលើកោះហ្គាំ ពុំទាន់មានបន្ទប់នឹងគ្រែពេទ្យគ្រប់គ្រាន់ អាចទទួលកងនាវិកទាំងអស់បានទេ។ មន្ទីរប៉ង់តាហ្គោន កំពុងពិចារណា ស្វែងរកសណ្ឋាគារនៅលើកោះ។ មន្ត្រីរូបនេះបន្ថែមថា ការងារចាំបាច់មួយទៀត គឺរក្សាសន្តិសុខ សុវត្ថិភាពរបស់នាវាចម្បាំង ព្រមទាំងយន្តហោះចម្បាំងរាប់សិបគ្រឿងដែលនៅលើនោះ។

សូមបញ្ជាក់ថា នាវាចម្បាំង USS Theodore Roosevelt បានចូលចតនៅកំពង់ផែ ដាណាង ប្រទេសវៀតណាម កាលពីថ្ងៃទី៤មិនា មុននឹងបើកសំដៅមកកោះហ្គាំ។ ក្រសួងការពារជាតិអាមេរិក បានបង្ខំឲ្យនាវានោះ ត្រូវចូលចតនៅវៀតណាម ដោយបាន​អះអាងថា វៀតណាម ពុំទាន់​មាន​ការឆ្លងកូវីត១៩ធ្ងន់ធ្ងរឡើយ។ ការចូលចតនេះ មានសារៈសំខាន់ជានិម្មិតរូប បង្ហាញវត្តមានអាមេរិក ជួយខាងវៀតណាម ប្រឈមនឹងការវាទទីរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ