អានតួអត្ថបទ
អាមេរិក-កូវីដ១៩

អាមេរិក​ ជម្លៀស​នាវិក​ដែល​ឆ្លង​កូវីដ​១៩​ ចេញពី​នាវា​ចម្បាំង​ USS Theodore Roosevelt

នាវាចម្បាំងអាមេរិក USS Theodore Roosevelt។
នាវាចម្បាំងអាមេរិក USS Theodore Roosevelt។ © AFP

សហរដ្ឋអាមេរិក​ កំពុងតែ​ជម្លៀស​នាវិក​ជាច្រើន​ពាន់​នាក់​ ចេញពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ USS Theodore Roosevelt ដែល​កំពុង​សំចត​នៅឯ​កំពង់​ផែ​កោះ​ហ្គាំ​។ ប្រតិបត្តិការ​ខាងលើ​ ធ្វើឡើង​បន្ទាប់ពី​មេបញ្ជាការ​នៃ​នាវា​នេះ ​បាន​ព្រមាន​អំពី​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​នាវិក​ជាច្រើន​នាក់​ ដែល​បណ្តាល​មកពី​ការ​ឆ្លងរាលដាល​យ៉ាង​​លឿន​រហ័សនៃ​វីរុស​កូវីដ​១៩​ នៅ​លើ​នាវា​។

ផ្សាយពាណិជ្ជកម្ម

យោងតាម​កងទ័ព​ជើងទឹក​អាមេរិក​ ករណីឆ្លង​កូវីដ១៩​ នៅលើ​នាវា​ចម្បាំង ​USS Theodore Roosevelt មាន​ចំនួន​ ៩៣​ ករណី​ ក្នុង​ចំណោម​នាវិក​សរុប​ទាំងអស់​ចំនួន​ ៤ ៨០០ នាក់​។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ មន្ត្រី​មន្ទីរ​បញ្ចកោណ​អាមេរិក​ បានឲ្យដឹងថា ពួកគេ បានរៀបចំ​បន្ទប់​សណ្ឋាគារ​យ៉ាង​ឆាប់រហ័ស​ នៅលើ​កោះប៉ាស៊ីហ្វិក​ សម្រាប់​ដាក់នាវិក​ដែលឆ្លង​កូវីដ១៩ ឲ្យនៅដាច់ដោយឡែកពីគេឯង។ ចំណែកក្រុមនាវិក​ដែលមិនឆ្លងវីរុសនេះ ត្រូវនៅ​បន្ត​ប្រតិបត្តិការ​របស់ខ្លួននៅលើនាវា។

“ផែនការ​របស់​យើង​នៅពេលនេះ​ គឺ​ធ្វើ​យ៉ាងណា​បញ្ជូន​នាវិក​ដែល​បាន​ឆ្លង​កូវីដ​១៩​ ចេញពី​នាវា​ឲ្យបាន​លឿន​តាម​ដែលអាច​ធ្វើ​ទៅបាន​ ហើយ​យើង​ត្រូវ​រក្សា​ទុក​នាវិក​ដែលមាន​សុខភាព​ល្អ​មិនឆ្លង​ជំងឺ​ឲ្យ​បំពេញ​ការងារ​យាមកាម​ឃ្លាំមើល​នៅលើ​នាវា​ដដែល​”។ នេះ​ គឺ​ជាការ​លើកឡើង​របស់​លោក​ John Menoni មេ​បញ្ជាការ​ប្រចាំ​តំបន់​ Marianas ប្រាប់​អ្នកយក​ព័ត៌មាន​នៅកោះ​ហ្គាំ​ កាលពី​ថ្ងៃ​ពុធ​ ទី១​ មេសា​ម្សិលមិញ​។

ទាក់ទងរឿងនេះ​ តាមរយៈ​ការថ្លែង​សុន្ទរកថា​មួយ​ នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ រដ្ឋ​មន្រ្តី​ស្តីទី​នៃ​កងទ័ព​ជើងទឹក​អាមេរិក​ លោក​ថូម៉ាស​ ម៉ូលី​ បាន​និយាយថា ​នាវិក​នៅលើ​នាវា​ចម្បាំង​ USS Theodore Roosevelt ចំនួន​ជិត​ ១ ពាន់​នាក់​ហើយ​ត្រូវ​បាន​ជម្លៀស​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​។ លោក​បន្ថែមថា​ ចំនួនអ្នក​ដែល​ត្រូវ​បញ្ជូន​ចេញ​អាចនឹង​កើនឡើង​ដល់ ២ ៧០០ នាក់​ក្នុងរយៈពេល​ពីរបី​ថ្ងៃខាង​មុខទៀត​។

តែ​ទោះជាយ៉ាងណា​ក៏ដោយ​ អាមេរិក​នឹង​មិន​បញ្ជូន​នាវិក​ទាំងអស់​ចេញពី​នាវា​ឡើយ​ ហើយ​កងកម្លាំង​នាវិក​ប្រមាណ​១ ពាន់​ ត្រូវ​រក្សាទុកឲ្យ​នៅ​បន្ត​ប្រតិបត្តិការ​នៅលើ​នាវា​នោះ​ជាដាច់ខាត​។ លោក​រដ្ឋមន្រ្តីស្តីទី​នៃ​កងទ័ព​ជើងទឹក​អាមេរិក​បញ្ជាក់​បន្ថែម​។

គួរ​កត់សម្គាល់ថា​ នាវា​ចម្បាំង​អាមេរិក​ USS Theodore Roosevelt មាន​ផ្ទុក​អាវុធ​យុទ្ធភណ្ឌ​ជាច្រើន​ដែល​ក្នុងនោះ​រួមមាន​ គ្រាប់បែក​ យន្តហោះ​ចម្បាំង​ និង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​។ នាវា​នេះ​ បាន​ចូលសំចត​នៅ​កោះហ្គាំ​ កាលពី​ថ្ងៃទី​ ២៨​ ខែមីនា​ ហើយ​កាលពី​សប្តាហ៍​មុន​ គេ​បានរក​ឃើញ​អ្នកផ្ទុក​កូវីដ​១៩​ ចំនួន​៣នាក់​នៅលើ​នាវា​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ