អានតួអត្ថបទ

កូវីដ១៩៖មហាសន្និបាត​អ.ស.ប.​ជំរុញ​ឱ្យ​​មាន​កិច្ចសហប្រតិបត្តិការ​ពហុភាគី​ទូទាំង​ពិភពលោក

មហាសន្និបាត​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្តីសម្រេច​ ជំរុញ​ឱ្យ​​មាន​កិច្ចសហប្រតិបត្តិការ​ពហុភាគី នៅ​ទូទាំង​ពិភពលោក ដើម្បី​ដោះស្រាយ​វិបត្តិ​កូវីដ១៩។  
មហាសន្និបាត​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្តីសម្រេច​ ជំរុញ​ឱ្យ​​មាន​កិច្ចសហប្រតិបត្តិការ​ពហុភាគី នៅ​ទូទាំង​ពិភពលោក ដើម្បី​ដោះស្រាយ​វិបត្តិ​កូវីដ១៩។   AFP/Archivos

ក្រោយ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​​ខ្វែងគំនិតគ្នា​មិន​អាច​និយាយ​ពី​កូវីដ១៩​បាន, មហាសន្និបាត​អង្គការសហប្រជាជាតិ​​បាន​អនុម័ត​សេចក្តីសម្រេច​មួយ កាលពីថ្ងៃ​ព្រហស្បតិ៍ ជំរុញ​ឱ្យ​​មាន​កិច្ចសហប្រតិបត្តិការ​ពហុភាគី នៅ​ទូទាំង​ពិភពលោក ដើម្បី​ដោះស្រាយ​វិបត្តិ​កូវីដ១៩។  

ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេចរបស់​មហាសន្និបាតអង្គការសហប្រជាជាតិ នេះ ផ្តោតសំខាន់​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ​១៩  ដោយ​គូស​បញ្ជាក់​ពីសារៈសំខាន់​នៃ​ការ​គោរព​សិទ្ធមនុស្ស ព្រមទាំង​​ទាត់ចោល​ការ​រើសអើង​នានាគ្រប់​ប្រភេទ​និង​​គ្រប់​ទម្រង់ ​ហើយ​ក៏បាន​បង្កត់​ធ្ងន់​ពីតួនាទីដ៏​ចាំបាច់​​របស់ អង្គការ​សហប្រជាជាតិ ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុខភាពសាធារណៈ​​ និង​បញ្ហា​សេដ្ឋកិច្ច​សកល​ កើតចេញពី​កូវីដ​១៩​។ ក៏ប៉ុន្តែ សេចក្តីសម្រេច របស់​ មហាសន្និបាតអង្គការសហប្រជាជាតិ នៅពេល​នេះ គ្មាន​អនុភាព​ចងបង្ខំ​ឱ្យ​អនុវត្ត​នោះទេ តែ​អាស្រ័យ​លើ​ឆន្ទៈ​សហការ​ចូលរួម​គ្នារបស់ប្រទេស​នីមួយៗ ក្នុងការ​​ដោះស្រាយ​វិបត្តិ​អាសន្ន​ចំពោះ​មុខ​។​

អត្តបទ​នៃ​សេចក្តីសម្រេចរួមនេះ ​គឺបាន​​​ផ្តួច​ផ្តើមឡើ​ង ​ដោយ​ប្រទេស​ចំនួន​៦ ដូចជា ស្វីស ឥណ្ឌូនេស៊ី សិង្ហបុរី ន័រវែស លិកតិនស្តាញ និង ហ្កាណា ហើយបាន​​ត្រូវបោះឆ្នោត​គាំទ្រ​ដោយ​ប្រទេស​ចំនួន​១៨៨ លើ​១៩៣ប្រទេស។ ៥ប្រទេស​ដែល​មិន​គាំទ្រ គឺ​នាំមុខគេ​​ដោយ​ រុស្ស៊ី។

ក្រុម៥​ប្រទេស​ដែល​មាន​រដ្ឋបាល​ក្រុង​ម៉ូស្កូដឹកមុខ មិនបាន​​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេចមហាសន្និបាតនោះ ក៏ព្រោះ​ថា​ ពួក​គេ​មាន​​បាន​រៀបចំ«សេចក្តីថ្លែងការណ៍រួម»មួយ​ដែរ ហើយ​ដែល​បាន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​គាំទ្រ។​ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក ប្រទេស​នៅអឺរ៉ុប និងអង់គ្លេស មិន​យល់​ស្រប។ មិនយល់​ស្រប ព្រោះ​«សេច​ក្តីថ្លែងការណ៍រួម»ដែល​រុស្ស៊ី​ចង់​បាននោះ​ គឺ​មាន​បញ្ចូល​លក្ខខណ្ឌ​ពីការ​លើកលែង​ទណ្ឌកម្ម​អន្តរជាតិ​ ជាទូទៅ រួម​ទាំង​ ​ករណីទណ្ឌ​កម្ម​ដាក់​លើ​រុស្ស៊ី ក្នុង​សំណុំ​រឿង​គ្រីមេ ជាដើម​ផង។

គួរ​បញ្ជាក់ដែរថា នៅប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ ខ្វែងគំនិត​គ្នា មិន​អាច​ចេញសេចក្តីសម្រេច​ក្នុង​​សំឡេង​រួម​តែមួយ​​ ព្រោះតែ សហរដ្ឋអាមេរិក​និង​ចិន ដែល​ជា​សមាជិក​អចិន្ត្រៃ​យ៍ ​យល់ឃើញ​ខុសគ្នា​ពី​ការ​កំណត់​ប្រភព​របស់​កូវីដ​១៩។ រដ្ឋបាល​ក្រុង​វ៉ាស៊ីន​តោន ចង់​ថា មេរោគនេះមាន​​ប្រភព​មកពីស្រុក​ចិន និង​ធ្លាប់បាន​​ហៅ​កូវីដ​១៩​នេះ ថា វីរុស​ចិន ទៀង​ផង​។ ប៉ុន្តែ ប្រទេស​ចិន​បដិសេធ​។ ដូច្នេះហើយ​ សមាជិក​ចំនួន​៩ ក្នុង​ចំណោម​១៥ នៃក្រុម​ប្រឹក្សា​សន្តិសុខ​ សុំ​ឱ្យ​បើកកិច្ចប្រជុំគ្នាសាជាថ្មីម្តងទៀត ដើម្បីជជែកពីវិបត្តិកូវីដ១៩នេះ​៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ