អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-បោះឆ្នោត

លោក សេនឌើស៍ ដកខ្លួន ជា​ការបើកផ្លូវឱ្យលោក ចូបៃឌិន ទៅតតាំងនឹងលោកដូណាល់ត្រាំ

លោក Joe Biden (ឆ្វេង)  នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ក្រោយ​ពី​​​លោក សេនឌើស៍ (ស្តាំ) ប្រកាស​ដក​ខ្លួន​ចេញ​ពីការ​ប្រកួត
លោក Joe Biden (ឆ្វេង) នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ក្រោយ​ពី​​​លោក សេនឌើស៍ (ស្តាំ) ប្រកាស​ដក​ខ្លួន​ចេញ​ពីការ​ប្រកួត Kevin Lamarque/Reuters

បន្ទាប់​ពីបាន​ផ្តើម​យុទ្ធនាការឃោសនា​បោះឆ្នោតដ៏​ស្វិតស្វាញ​អស់​រយៈ​ពេល​ជាង​ពីរ​ខែ នៅថ្ងៃពុធ​ទី ៨​មេសា លោក ប៊ែរនី សែនឌើស៍ បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពីការ​ប្រកួត និងប្រកាស​​គាំទ្រ​លោក ចូ បៃដិន ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស។ លោក ចូ បៃឌិន អតីត​អនុប្រធានាធិបតី​​អាមេរិក​ក្រោម​អាណត្តិ​លោក​អូបាម៉ា ដែលកាន់​តែ​ប្រាកដ​ថា​​​នឹង​ក្លាយ​ជាបេក្ខជន​ប្រធានាធិបតី​​គណបក្ស​ប្រជាធិបតេយ្យ ​សម្រាប់​ទៅ​​ប្រកួត​ប្រជែង​ជាមួយ​លោក ដូណាល់ ត្រាំ នៅ​ថ្ងៃទី ៣ វិច្ឆិកា ២០២០ បាន​ប្រកាស​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ដើម្បី​យក​ឈ្នះ​លោក​ត្រាំ។

ផ្សាយពាណិជ្ជកម្ម

ជាបេក្ខជន​ដ៏​មាន​ឥទ្ធិពល មាន​នយោបាយ​បែប​សង្គមនិយម​ខ្លាំង​ជាង​គេ និង​ ដែល​មានប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​ក្មេងៗ​គាំទ្រ​ខ្លាំង​ លោក ប៊ែរនី សេនឌើស៍ ​បាន​ប្រកាស​ដក​ខ្លួន​ចេញពី​សង្វៀន​ ដើម្បីកុំ​ឱ្យ​គណបក្សរង​សម្ពាធ​ និង​មាន​ភាព​ប្រេះ​ឆា​ខ្លាំង ដែល​អាច​នឹង​ធ្វើ​ឱ្យ​ប្រយោជន៍​បក្ស។ លោក សេនឌើស៍​ បាន​ប្រកាសគាំទ្រ​ និង​សហការ​ជាមួយ​ បេក្ខជន ចូ បៃដិន ដើម្បី​ការ​ពារ​កម្មវិធី​នយោបាយ​​របស់​ខ្លួន។

លោក ចូ បៃដិន អតីត​អនុប្រធានាធិបតី​សម័យ​លោក បារ៉ាក់ អូបាម៉ា ដែល​កាន់​តែ​មាន​សំណាង​ច្បាស់​ឡើង​ៗ​ថា​នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ សម្រាប់​ទៅ​ប្រកួត​ប្រជែងជាមួយ​នឹង​លោកដូណាល់ត្រាំ បាន​សម្តែង​ការ​អបអរ និង​ទទួល​ស្វាគមន៍​លោក សេនឌើស៍​ភ្លាម ដោយ​អះអាង​ថា​ទោះ​បីធ្លាប់​មាន​​ទស្សនៈ​នយោបាយ​ខុស​គ្នាខ្លាំង ប៉ុន្តែ​អ្នក​ប្រជាធិបតេយ្យ​មាន​កម្មវត្ថុដូច​គ្នា តែ​មួយ​គឺ​យក​ឈ្នះ​លោក ដូណាល់ ត្រាំ។

សូម​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យលើក​នេះ មាន​សន្ទុះ​ខុសប្លែកពីសព្វ​មួយដង ដោយ​មាន​ចំនួន​បេក្ខជន​ច្រើន​រូប​ផង ការ​បែកខ្ញែកទស្សនៈ​នយោបាយ​​គ្នា​ខ្លាំង​ពី​ដំបូងផង និង​ដោយ​វិបត្តិ​កូវីដ១៩​ទៀត។ តាំងពី​ពាក់កណ្តាលខែ​មីនា រាល់​គ្រប់​​មិទ្ទិញ​​ត្រូវ​លើក​ពេល​ បេក្ខជន​ខ្លះ​ត្រូវ​ត្រលប់​ទៅ​សំងំ​សម្រាក​នៅ​ផ្ទះ។  ប៉ុន្តែ​លោក​ចូ ដៃឌិន អាច​ទាក់ទាញ​សំឡេង​ប្រជាពលរដ្ឋ​អាមេរិក ដើម​កំណើត​អាមេរិក​ឡាទីន ពលរដ្ឋ​ស្រទាប់​កម្មករ​ស្បែក​ស និង​ស្ត្រី​អ្នក​ឯករាជ្យ ទើប​ក្លាយ​ជា​បេក្ខជន​​នាំ​មុខ​ ដែល​បេក្ខជន​ផ្សេងទៀតលែង​តាម​ទាន់។ ដោយសារ​វិបត្តិ​កូវីដ១៩ ការ​​ប្រកាស​តែង​តាំង លោក ចូ បៃឌិន ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស ជា​ផ្លូវការ ​ត្រូវ​ពន្យារ​ទៅ​ធ្វើ​ នៅថ្ងៃ​ទី ១៧​សីហា។​

ស្គាល់​មុខ​​គូប្រជែង​ច្បាស់ លោកដូណាល់​ត្រាំ​បាន​បញ្ចេញ​ប្រតិកម្មថា​ ហេតុអ្វី​បាន​ជា​លោក បារ៉ាក់ អូបាម៉ា ក្រ​ចេញ​មុខ​គាំទ្រ​ លោក ចូ បៃដិន ដែលធ្លាប់​ជា​ដៃ​ស្តាំ​របស់ខ្លួន ជា​សាធារណៈ​​ម្ល៉េះ ?! អ្នកមិន​ដឹង​ទេ តែ​ខ្ញុំ​ដឹង​ថា​ហេតុអ្វី។ នេះ​ជា​ប្រសាសន៍​របស់​លោក​ត្រាំ​ទៅ​កាន់អ្នក​សារព័ត៌មាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ