អានតួអត្ថបទ
កូវីដ១៩

លទ្ធផល​ពិសោធន៍ ៖ កូវីដ១៩ អាច​ឆ្លង​តាមការ​ ​​និយាយ​ស្តី

ការ​ធ្វើ​តេស្ត​រក​វត្តមាន​មេរោគ​កូរ៉ូណា​ថ្មី
ការ​ធ្វើ​តេស្ត​រក​វត្តមាន​មេរោគ​កូរ៉ូណា​ថ្មី AFP

ចំហាយ​ទឹកមាត់ ខ្ទាត​ចេញ​ពី​មាត់ នៅ​ពេលមនុស្សកំពុង​និយាយ​គ្នា​ធម្មតា អាច​តោង​នៅ​ក្នុង​ខ្យល់ នៅក្នុង​បន្ទប់​បិទ​ជិត រយៈ​ពេល​ជាង​១០​នាទី។ នេះ​បើ​តាម​លទ្ធផល​សិក្សា​ពិសោធន៍​ ចេញ​ផ្សាយក្នុង​ទស្សនាវដ្តី PNAS ​ នៅ​ថ្ងៃពុធ​ទី ១៣​ ឧសភា២០២០។ តាមរយៈ​លទ្ធផលនេះ អ្នក​ស្រាវជ្រាវ​បានគូស​បញ្ជាក់​ថាអំពី​លទ្ធភាព​នៃ​ការ​ចម្លង​តាម​រយៈ​ចំហាយ​ទឹក​មាត់​ខ្ទាត​ចេញពី​អ្នកជំងឺ​នៅ​​ពេល​និយាយ​ស្តី ពោល​គឺ​ កូវីដ​១៩ ទំនង​ជា​អាច​ឆ្លងតាមរយៈ​ការ​និយាយ​​គ្នា។

ផ្សាយពាណិជ្ជកម្ម

គេ​បាន​ដឹង​ច្បាស់ ថា​មេរោគកូរ៉ូណាថ្មី Sars-Cov-2 ដែល​​បង្ក​ជំងឺ​កូវីដ១៩ ចម្លង​រីករាលដាល​ពី​មនុស្ស​ម្នាក់ទៅ​មនុស្ស តាម​រយៈ​ទឹក​មាត់​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺនៅ​ពេលក្អកឬកណ្តាស់។ ប៉ុន្តែ​នៅ​ពេលនិយាយ​ស្តី​ធម្មតា ទឹកមាត់​ក៏​ខ្ទាត​ចេញ​មកដែរ។ ​ទឹកមាត់ជា​ចំហាយ ​ដែលមើលមិនឃើញ​ដោយ​ភ្នែកទទេទេ និង​ដែល​មាន​បង្កប់​មេរោគ​។ ចំហាយ​ទឹកមាត់​​កាន់​តែ​តូចកាន់តែ​ស្រាល កាន់​តែ​អាច​តោង​នៅ​ក្នុង​ខ្យល់​បាន​យូរ ចំណែក​បំណែក​ទឹកមាត់​ធំៗ​ធ្ងន់​ឆាប់​ធ្លាក់​ទៅ​ដី ឬ​ធ្លាក់​ជាប់​លើវត្ថុ​អ្វីផ្សេង​ក្បែរនោះ។

​អ្នក​ស្រាវជ្រាវធ្លាប់​បាន​​សិក្សាច្រើន​​អំពី​ករណីឆ្លង​តាមខ្យល់​ពេល​​និយាយ​ស្តី ចំពោះមេរោគ​ជា​ច្រើន​ដូច​យ៉ាង​មេរោគ​បង្ក​ជំងឺកញ្ជ្រឹល​ដ៏​មហាឆ្លង​ដែល​អាច​សំងំ​ក្នុង​ចំហា​យ​ទឹកមាត់​ដ៏​មហាតូច។ ប៉ុន្តែ​នៅលើកនេះអ្នកស្រាវជ្រាវចង់​វាស់​ចំនួន​ដែល​កូវីដ​១៩​អាចឆ្លង​ពេល​និយាយ​គ្នា។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថានជាតិ​ផ្នែកជំងឺទឹកនោម​ផ្អែម ប្រព័ន្ធ​រំលាយ​អាហារ​និង​តម្រង​នោម បាន​ធ្វើ​ពិសោធន៍​ដោយ​ឱ្យ​មនុស្ស​និយាយ​ខ្លាំងៗ រយៈ​ពេល​២៥​វិនាទី នៅ​ក្នុង​ប្រអប់​ខ្មៅ​ ដោយ​ប្រើ​ពន្លឺ​ឡាស្ហែរ​វាស់​រយៈ​ពេល​​ទឹក​មាត់​ខ្ទាតចេញ​មក​អាច​តោង​នៅក្នុង​ខ្យល់​នៅ​ពេល​និយាយ។ ជាលទ្ធផល ​ទឹកមាត់​អាច​តោងនៅ​ក្នុង​ខ្យល់​រយៈ​ពេល​១២​នាទី​ ជាមធ្យម។ ដោយ​គុណគិត​ជាមួយ​នឹង​កំហាប់​នៃ​វីរុស​កូរ៉ូណាថ្មី​ក្នុង​ទឹកមាត់​ទៅ ការ​និយាយ​ឮៗ​ជះ​ចំហាយ​​ទឹកមាត់​មានផ្ទុក​មេរោគ ចំនួន​ ​១០០០​ដំំណាក់ ដោយ​អាច​តោង​នៅ​ក្នុង​ខ្យល់​រយៈ​ពេល​៨​នាទី យ៉ាង​តិច​ ​ក្នុង​បន្ទប់​បិទ​ជិត។

តាម​រយៈ​លទ្ធផល​​ពិសោធន៍នេះ​ អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា ការ​​និយាយ​ស្តី​គ្នា​ធម្មតា ​អាច​ជះ​ចំហាយ​ទឹកមាត់​ទៅ​ក្នុង​ខ្យល់ ក្នុង​រយៈ​ពេល​ជាង​១០​នាទី ឬ​ច្រើន​ជាងនេះ និង​ពិត​ជា​អាច​មានចម្លង​ជំងឺ​កូវីដ​១៩បាន បើ​នៅក្នុង​បន្ទប់​បិទ​ជិត។

​បើ​កូវីដ​១៩​ពិត​ជាអាចចម្លង​តាមការនិយាយ​ស្តី​ មិនមែន​ត្រឹមតែការ​ខ្ទាត​ទឹក​មាត់​ទៅ​ប៉ះទ្វារ តុទូ នៅ​ពេល​​ការ​ក្អក កណ្តាស់ទេ នោះ​ការ​ពាក់​ម៉ាស់ រឹត​តែ​ចាំបាច់​បំផុត ដូច​អ្វី​ដែល​អ្នកវិទ្យាសាស្ត្រ​ក្នុង​ប្រទេសមួយ​ចំនួន​ធំ ណែនាំ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ