អានតួអត្ថបទ

អាមេរិក បញ្ជូន​ឆ្មាំការពារ​ជាតិ ៥០០​នាក់ ទៅ​បង្រ្កាបអំពើហិង្សា​នៅទីក្រុង Minneapolis

បាតុករ​ចូល​ដុត​ហាងអាហារ​នៅ​ទីក្រុង​Menneapolis នៅរដ្ឋ​មេនីសូតា ថ្ងៃទី​២៨​ឧសភា ២០២០
បាតុករ​ចូល​ដុត​ហាងអាហារ​នៅ​ទីក្រុង​Menneapolis នៅរដ្ឋ​មេនីសូតា ថ្ងៃទី​២៨​ឧសភា ២០២០ AP - John Minchillo

រដ្ឋបាល​លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ បាន​បញ្ជូន ឆ្មាំ​ការពារ​ជាតិ​អាមេរិក ៥០០​នាក់ ឲ្យ​ទៅ​ស្តារ​សណ្តាប់ធ្នាប់ នៅទីក្រុង Minneapolis ជាទី​ដែល​កើតមាន​បាតុកម្ម​ហិង្សា ដុត រថយន្ត ទីស្នាក់ការប៉ូលិស នៅបន្ទាប់ពី ហេតុការណ៍​ឃាត់ខ្លួន​របស់​ប៉ូលិស​ស្បែកស មួយ បានឈាន​ទៅ​សម្លាប់​ជនជាតិ​អាមេរិកាំងស្បែកខ្មៅ កាលពី​ថ្ងៃ ចន្ទ។ អ្នកកាសែត​ម្នាក់ របស់​ទូរទស្សន៍ CNN ដែលមាន​សំបុរខ្មៅ ក៏ត្រូវ​បាន​ប៉ូលិស​ស្បែកស ឃាត់ខ្លួន អស់ប៉ុន្មានម៉ោងដែរ នៅក្នុង​ពេល​ផ្សាយផ្ទាល់​ពីកន្លែង​ធ្វើ​បាតុកម្ម នៅ​ទីក្រុង Menneapolis កាលពី​ថ្ងៃសុក្រ។

ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ហិង្សា​៣ថ្ងៃ ជាប់គ្នា បាន​ធ្វើ​ឲ្យ​ទីក្រុង Menneapolis ក្នុង​រដ្ឋ​មេនីសូតា ធ្លាក់ចូល​ក្នុងភាពចលាចល។ នៅថ្ងៃ​យប់​ថ្ងៃ​ព្រហស្បតិ៍ បាតុករ​បាន​ចូល​ដុត​ទីស្នាក់ការ​ប៉ូលិស ដែល​ជា​កន្លែង​ធ្វើការ​របស់​ប៉ូលិស ៤រូប ដែល​រងការចោទ​ប្រកាន់​ថា បាន​សម្លាប់​បុរស​អាមេរិកាំង​ស្បែកខ្មៅ​ម្នាក់ នៅក្នុង​ពេល​ឃាត់ខ្លួន​ដ៏សាមញ្ញ​មួយ កាលពី​ថ្ងៃ​ចន្ទ។

ដំបូងឡើយ បាតុកម្ម​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សន្តិភាព ដើម្បី​ប្រឆាំង​នឹង​វិធីសាស្ត្រ​ឃាត់ខ្លួន​ដ៏ហិង្សា​របស់​ប៉ូលិស ទៅ​លើ​ជនស្បែកខ្មៅ ដែល​គេ​ចាត់ទុក​ថា ជា​អំពើមនុស្សឃាត បែប​ប្រកាន់ពូជ​សាសន៍។ ប៉ុន្តែ ប្រឈម​នឹង​អំពើហិង្សា​របស់​ប៉ូលិស រួម​ទាំង​ការបង្រ្កាប ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ការចាប់ឃាត់ខ្លួន​បាតុករ ជាច្រើននាក់ បាតុកម្ម​បាន​ប្រែក្លាយ​ទៅ​ជា​ហិង្សា នៅពេល​មនុស្ស​រាប់ពាន់​នាក់​ចូលរួម ដុត រថយន្ត ចូលដុតទីស្នាក់ការ​ប៉ូលិស ជាដើម។ ចំណែក​មនុស្ស​រាប់រយ​ផ្សេងទៀត បានគាស់ចូល​លួច​ហាងទំនិញ ជាង ៣០ នៅភាគខាងជើង ទីក្រុង។

នៅថ្ងៃសុក្រ អភិបាលរដ្ឋ​មេនីសូតា​បាន​ចុះ​ហត្ថលេខា​លើក្រឹត្យ ទទួល​យក​ឆ្មាំការពារ​ជាតិ​អាមេរិក ៥០០​នាក់ សម្រាប់ ជួយ កម្លាំង​ប៉ូលិស ២០០នាក់​របស់​រដ្ឋមេនីសូតា។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារ​ជាតិ​អាមេរិក គេ​បាន​បញ្ជាក់ថា ឆ្មាំការពារ​ជាតិ​បាន​ទៅដល់​ទីក្រុង Menneapolis តាំង​ពីព្រឹកថ្ងៃ​សុក្រ ដើម្បី ចូលរួម​ធានា​ការពារ​សុវត្ថិភាព និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន។

នៅក្នុង​សារ Twitter ដែលលោក​បង្ហោះផ្សាយ នៅព្រឹកថ្ងៃ​សុក្រ លោកដូណាល់​ត្រាំ បាន​សរសេរ​រិះគន់​បាតុករ​ហិង្សា​ថា ជា​ជនពាល ដែលកំពុង បង្អាប់​កិត្តិយស​របស់​ជនរងគ្រោះ George Floyd។

ជាថ្មីម្តងទៀត បណ្តាញ សង្គម​Twitter បានសម្រេច បិទខ្ទប់​សារ របស់​លោកប្រធានាធិបតី នៅថ្ងៃ​សុក្រ ដែល​ក្រុមហ៊ុន​Twitter វាយតម្លៃថា មាន​លក្ខណៈ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា។ នៅក្នុង​សារ​Twitter លោកដូណាល់​ត្រាំ បាន​បន្ត​សរសេរ​ថា លោកទើប​បាន​ប្រាប់​ទៅ​អភិបាលរដ្ឋ​មេនីសូតា ថា កងទ័ព នៅចាំ​ជួយ​ជានិច្ច​ក្នុង​រឿងនេះ។ សម្រាប់​លោកត្រាំ នៅពេលកើតមាន​បញ្ហា នៅពេល​ការលួចចូលប្លន់ កើតឡើង នោះ ការបាញ់បង្រ្កាប​ក៏ចាប់ផ្តើមដែរ។

នៅ​ព្រឹកថ្ងៃ​សុក្រ ទូរទស្សន៍​អាមេរិកាំង CNN បាន​បរិហារ​ថ្កោលទោស ប៉ូលិស ដែល​បាន​ចាប់ឃាត់ខ្លួន អ្នកកាសែត​របស់​CNN នៅក្នុង​ពេល​ផ្សាយបន្តផ្ទាល់​ពីកន្លែង កើត​មាន​បាតុកម្ម​ហិង្សា​នៅ​ទីក្រុង​ Menneapolis។ ​ក្រុមអ្នកធ្វើការ​របស់​ទូរទស្សន៍ CNN ត្រូវ​បាន​ដោះលែង​មកវិញ ដោយ​មានការចេញមុខសុំទោស​ពីសំណាក់​អភិបាលរដ្ឋ។ ប៉ុន្តែ សម្រាប់​ទូរទស្សន៍ CNN វា​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​ថា គេ​បាន​រំលោភ សិទ្ធិសេរីភាព First Amendment rights របស់​អាមេរិក។ តាម​ទូរទស្សន៍ CNN ជាថ្មី​ម្តងទៀត ប៉ូលិស​បាន​ប្រកាន់​រើសអើង​ពូជសាសន៍ ព្រោះថា  អ្នកកាសែត​ស្បែកខ្មៅ​របស់​CNN ត្រូវបាន​ចាប់ឃាត់ខ្លួន ដោយ​គ្មាន​មូលហេតុ នៅពេល​អ្នកកាសែត​ស្បែកស ម្នាក់ទៀត អាច​រាយការណ៍ តាមធម្មតា។

នៅក្នុង​បទសម្ភាសន៍ ជាមួយ​ទូរទស្សន៍​CNN ដែរ ប្អូនប្រុស​របស់​ជនរងគ្រោះ លោក​Philonise  Floyd បានអំពាវនាវ​ឲ្យមាន​បាតុកម្ម​អហិង្សា និង​ការចាប់ខ្លួន និងកាត់ទោស ប៉ូលិស ទាំង​៤នាក់ ដែល​ពេល​នេះ ត្រូវ​បាន​គេដាក់ទោស ត្រឹម​ការបណ្តេញ​ចេញ​ពី​ការងារតែប៉ុណ្ណោះ ពោល​គឺ​គ្មានការចាប់ឃុំ​ខ្លួន​នោះទេ។

អាជ្ញាធរ​អាមេរិកាំង​ត្រូវ​ចាត់វិធានការ​ហ្មត់ចត់​ដើម្បី​បិទបញ្ចប់​ឃាតកម្ម ទៅលើ​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ និង​ត្រូវធានា​ផ្តល់​យុត្តិធម៌ នៅរាល់​ពេលមានអំពើហិង្សា​កើតឡើង។ នេះ​ជា​ការអំពាវនាវ​របស់​ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោកស្រី Michelle Bachelet កាលពី​ថ្ងៃ​ព្រហស្បតិ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ