អានតួអត្ថបទ

បាតុកម្មប្រឆាំងនឹងការ​ប្រកាន់​ពូជសាសន៍ ​កាន់តែ​រីកធំ ក្រោយ​មរណភាពបុរសស្បែកខ្មៅម្នាក់​

បាតុកម្ម​ដែលទាមទារ​យុត្តិធម៌​សម្រាប់ George Floyd បាន​បញ្ឆេះកំហឹង​រាល់រាត្រី។
បាតុកម្ម​ដែលទាមទារ​យុត្តិធម៌​សម្រាប់ George Floyd បាន​បញ្ឆេះកំហឹង​រាល់រាត្រី។ AFP/Chandan Khanna

ប៉ូលិស​អាមេរិក​បួន​នាក់ ​ដែលពាក់ព័ន្ធ​នឹង​ករណីស្លាប់​​បុរសស្បែក​ខ្មៅ​ម្នាក់ ត្រូវចាប់ខ្លួន និងត្រូវ​ចោទប្រកាន់​ពីបទមនុស្សឃាត។ ក៏ប៉ុន្តែ ដំណើរការ​ផ្លូវ​ច្បាប់​សម្រាប់​ជន​រងគ្រោះ​នេះ ​មិន​ទាន់​អាចសន្សាប​កំហឹងរបស់ហ្វូង​​បាតុករ​បាន​នោះទេ ហើយ​បើទោះបី​ជា​មេរោគ​កូរ៉ូណា​ កំពុង​តែ​រាតត្បាត​ខ្លាំង នៅ​សហរដ្ឋ​អាមេរិក​ក៏ដោយ​ ក៏​ក្រុម​បាតុកររាប់​ពាន់​នាក់ ​​​មិន​ខ្លាច​នឹងចុះ​ផ្លូវ​តវ៉ាឡើយ។ នៅពេល​នេះ  ការតវ៉ា​កាន់តែ​រីកធំឡើងៗ និង​បាន​​ក្លាយ​ជា​ បាតុកម្មតវ៉ា​ប្រឆាំងនឹងការ​ប្រកាន់រើសអើង​​ពូជសាសន៍ និងការប្រឆាំង​ចំពោះការ​​ស្អប់ខ្ពើម​​ជន​ស្បែក​ខ្មៅ​​។​

ផ្សាយពាណិជ្ជកម្ម

«ខ្ញុំថប់ដង្ហើមណាស់! ខ្ញុំដកដង្ហើមមិនកើតទេ!» ជាសំឡេងអង្វរករចុងក្រោយរបស់ជនរងគ្រោះ​ ចច ហ្វឡយ (George Floyd) ដែលត្រូវប៉ូលិសសង្កត់កនៅលើដី កាលពីថ្ងៃយប់​ចន្ទ​។ សំឡេងចុងក្រោយរបស់មរណជន ជា​បុរសស្បែកខ្មៅ ត្រូវគេយកទៅសរសេរជាបដា និងស្រែកតវ៉ារកយុត្តិធម៌​នៅមុខសេតវិមានប្រធានធិបតីអាមេរិក​។ បាតុកម្មជាច្រើនថ្ងៃ ជាប់ៗគ្នា​មកនេះ ក៏​កើតមានហិង្សា  ដុតឡាន វាយ​បំបែក​ហាង​ទំនិញ​ វាយកម្ទេចស្នាក់ការកងតម្រួត​នគរបាល ដែរ​។

នៅ​ចំពោះមុខ​បាតុកម្ម​កាន់តែ​ច្រើនឡើងៗ ប្រមុខ​រដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ព្យាយាម​រកវិធី​សម្រន់​កំហឹង​របស់​ហ្វូង​បាតុករ​ដែល​កំពុងតែ​ឆេះឆួល​។ លោកប្រធានាធិបតីអាមេរិក​ ប្រកាសថាបាន​និយាយ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​ ​ហើយនិង​ថ្លែងប្រាប់​សារព័ត៌មាន​ថា ចច ហ្វឡយ ត្រូវតែ​ទទួល​បាន​យុត្តិធម៌ គ្រួសារ​របស់គាត់ ក៏​​នឹងត្រូវទទួល​បាន​សុវត្ថិភាព​។​

ដោយ​ត្រូវ​រងសម្ពាធខ្លាំ​ង ទីបំផុត​ទៅ ជញ្ជីងយុត្តិ​ធម៌​ក៏​កម្រើក។​​ ប៉ូលិសបួន​នាក់ ដែល​បាន​រួម​ដៃ​គ្នា​ក្នុង​ករណី​មរណភាព​របស់ ចច ហ្វឡយ ​ត្រូវ​ចាប់​ឃាត់ខ្លួន ដែល​ពីដំបូង​ឡើង ត្រឹមតែ​បណ្តេញ​ចេញពី​ការងារប៉ុណ្ណោះ​។ ក្នុងចំណោម​ប៉ូលិសទាំងបួននាក់ មាន​ម្នាក់​​ត្រូវ​រដ្ឋអាជ្ញា Mike Freeman ​​ចោទប្រកាន់​ពីបទចោទ មនុស្សឃាត​ដោយ​អចេតនា ហើយ​និង បទប្រព្រឹត្តិ​សកម្មភាពគ្រោះថ្នាក់ សាហាវ​​​ឃោរឃៅ។ ប៉ូលិស​បីនាក់ទៀត​ ក៏ទំនងជានឹងត្រូវ​ចោទប្រកាន់​ពីបទល្មើសឧក្រិដ្ឋ​​ស្រដៀងគ្នានេះដែរ។

ទោះ​ជាបែបនេះក្តី ក៏​នៅ​មិនទាន់​អាច​សម្រន់​កំហឹងរបស់ហ្វូងបាតុករនោះឡើយ។ ចលនា​បាតុកម្មតវ៉ាប្រឆាំងនឹងការប្រកាន់ពូជសាសន៍ កាន់តែរីកធំឡើងៗ នៅ​បណ្តា​រដ្ឋ​និងក្រុង​សំខាន់​ៗ ​ជាច្រើន​ ដូចជា វ៉ាស៊ីនតោន, ញូវយក, Ohio , Dallas, Houston, Las Vegas, Atlanta,... ជាដើម​ ។ បាតុករ​ខ្លះ មាន​លើកបដា​និងស្រែកបន្ទរ​ថា «គ្មាន​យុត្តិធម៌ គឺគ្មាន​សន្តិភាពទេ» No Justice No Peace  (pas de justice, pas de paix )៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ