អានតួអត្ថបទ
អាល្លឺម៉ង់-អាកាសធាតុ

សភា​អាល្លឺម៉ង់​ សម្រេច​អនុម័ត​ធ្វើ​កំណែ​ទម្រង់​លើ​គោលនយោបាយ​ស្តីពី​អាកាសធាតុ​

ប្រមុខរដ្ឋាភីបាលអាល្លឺម៉ង់លោកស្រី អង់ហ្គេឡា ម៊ែរគែល។
ប្រមុខរដ្ឋាភីបាលអាល្លឺម៉ង់លោកស្រី អង់ហ្គេឡា ម៊ែរគែល។ REUTERS/Annegret Hilse

រដ្ឋសភាអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ ទី២០ ធ្នូ បានសម្រេចអនុម័តជាផ្លូវការ ដើម្បីធ្វើកំណែទម្រង់មួយចំនួន លើគោលនយោបាយស្តីអំពីបញ្ហាអាកាសធាតុ។ សមិទ្ធផលថ្មីនេះ គឺជាការសម្រាលបន្ទុកមួយផ្នែកធំ ដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដឹកនាំដោយលោកស្រីអង់ហ្គេឡា ម៊ែរគែល ដែលបានរងសម្ពាធខ្លាំងរាប់ខែ ពីសកម្មជនការពារបរិស្ថាន។

ផ្សាយពាណិជ្ជកម្ម

គោលនយោបាយសំខាន់ស្តីអំពីអាកាសធាតុ ដែលសភាអាល្លឺម៉ង់ទើបតែបោះឆ្នោតធ្វើកំណែទម្រង់រួមមាន គម្រោង ក្នុងការបន្ទាបតម្លៃធ្វើដំណើរតាមរថភ្លើងឲ្យថោកជាមុនប្រមាណ១០% និងការបង្កើនតម្លៃធ្វើដំណើរតាមយន្តហោះ តាមរយៈការដំឡើងថ្លៃពន្ធ។ គោលនយោបាយនេះ នឹងត្រូវដាក់ចូលជាធរមាននៅថ្ងៃ ទី១ ខែមករា ខាងមុននេះហើយ។

បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP រដ្ឋាភិបាលអាល្លឺម៉ង់ នឹងត្រូវការថវិកា ចំណាយប្រមាណជា ៥៤ លានអឺរ៉ូ គិតត្រឹមឆ្នាំ ២០២៣ ដើម្បីទ្រទ្រង់លើគោលនយោបាយថ្មី ទាក់ទងនឹងបញ្ហាអាកាសធាតុនេះ។

តែទោះបីជាត្រូវចំណាយថវិកា ច្រើនយ៉ាងណាក្តី រដ្ឋាភិបាលអាល្លឺម៉ង់ នៅតែត្រូវយកចិត្តទុកដាក់ដោះស្រាយ រឿងអាកាសធាតុ ដោយសារម្យ៉ាង មានការដាក់សម្ពាធខ្លាំងពីសកម្មជនការពារបរិស្ថានជាច្រើនខែមកហើយ។

ម្យ៉ាងវិញទៀត ដោយសារអាល្លឺម៉ង់ខ្លួនឯងផ្ទាល់ ចង់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥ % នៅត្រឹមឆ្នាំ ២០៣០ បើប្រៀបធៀបទៅនឹងកម្រិតឧស្ម័នពុលដែលត្រូវបានបំភាយនៅឆ្នាំ ១៩៩០។

ទាក់ទងរឿងនេះដែរ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បាននិយាយថា បន្ទាប់ពីជជែកពិភាក្សាគ្នាយ៉ាងតឹងសរសៃកអស់ជាច្រើនខែ នៅទីបំផុតទៅ តំណាងរាស្ត្រអាល្លឺម៉ង បានសម្រេចនូវការមូលមតិគ្នាមួយ ទាក់ទងបញ្ហាអាកាសធាតុ។ លោកថា សមិទ្ធផលនេះ​ នឹងជួយផ្តល់ឲ្យអាល្លឺម៉ង់ នូវសន្ទុះប្រកបដោយថាមពល ដើម្បីអាចសម្រេចនូវគោលបំណង ក្នុងការដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាដ៏ចំបងមួយរបស់ពិភពលោក។

គួរជម្រាបជូនថា នៅក្នុងអង្គប្រជុំសភា កាលពីថ្ងៃសុក្រម្សិលមិញ រដ្ឋាភិបាល និងអ្នកតំណាងរាស្ត្រអាល្លឺម៉ង់ បានសម្រេចយល់ព្រមគ្នាដែរថា នឹងចាប់គិតថ្លៃចំនួន ២៥ អឺរ៉ូ ឬស្មើប្រមាណ ២៧ ដុល្លារអាមេរិក ក្នុងចំណុះឧស្ម័នកាបូនិក ១តោន សម្រាប់សេវាដឹកជញ្ជូន និងសំណង់។ តម្លៃនេះ នឹងឡើងដល់ ៥៥ អឺរ៉ូ នៅក្នុងឆ្នាំ២០២៥ មុនពេលដែលអាល្លឺម៉ង់ ធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធតែមួយជាមួយអឺរ៉ុប ពាក់ព័ន្ធនឹងការបំភាយឧស្ម័នកាបូនិកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ