អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ាន​អាច​ជា​ចំណុច​ក្តៅជាងគេ​បើ​មាន​សង្រ្គាមត្រជាក់​រវាង​ចិន​និង​អាមេរិក

សំឡេង ០៥:៤៨
រដ្ឋមន្រ្តីក្រសួងការពារជាតិ​ចិន និង​រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​ការពារជាតិ​អាមេរិក នៅ​ក្នុង​វេទិកា​សន្តិសុខ​អាស៊ី (Shangri La Dialogue) នៅ​សិង្ហបុរី ថ្ងៃទី១មិថុនា២០១៩
រដ្ឋមន្រ្តីក្រសួងការពារជាតិ​ចិន និង​រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​ការពារជាតិ​អាមេរិក នៅ​ក្នុង​វេទិកា​សន្តិសុខ​អាស៊ី (Shangri La Dialogue) នៅ​សិង្ហបុរី ថ្ងៃទី១មិថុនា២០១៩ REUTERS/Feline Lim

វេទិកា​សន្តិសុខ​អាស៊ី ដែល​គេ​តែងតែ​រៀបចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ នៅ​ក្នុង​ប្រទេស​សិង្ហបុរី ទើប​នឹង​បិទបញ្ចប់​ទៅ កាល​ពីថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ ហើយ​ដូចជា​អ្វី​ដែល​គេ​រំពឹងទុក កិច្ចប្រជុំ​រយៈពេល​៣ថ្ងៃ​នោះ ត្រូវ​គ្របដណ្តប់​ស្ទើរតែ​ទាំងស្រុង​ដោយ​បញ្ហា​ចម្បងមួយ គឺ​ភាព​តានតឹង រវាង​ចិន និង​សហរដ្ឋ​អាមេរិក។ សម្រាប់​អាស៊ាន នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ពីព្រោះ​ថា នៅ​ក្នុង​ករណី​មាន​ការ​ប្រឈម​មុខដាក់គ្នា​ជាលក្ខណៈ​អចិន្រ្តៃយ៍​តាមបែប​សង្រ្គាម​ត្រជាក់ អាស៊ាន​ទំនង​ជា​នឹង​ត្រូវ​ក្លាយ​ទៅ​ជា​ចំណុច​ក្តៅ នៃ​ការ​ប្រជែង​គ្នា រវាង​មហាអំណាច​ទាំងពីរ។

ផ្សាយពាណិជ្ជកម្ម

ពាក្យចាស់បុរាណខ្មែរ​លោក​ពោលថា “កាលណា​ដំរីជល់គ្នា​វា​ស្លាប់​ស្រមោច” ដូច្នេះហើយ​បាន​ជា​នៅ​ពេល​ដែល​ប្រទេស​មហាអំណាច​​គ្រហឹម​ដាក់គ្នា អ្នក​ដែល​ត្រូវ​ភ័យ​ជាងគេ គឺ​បណ្តា​ប្រទេស​តូចតាច ដែល​ស្ថិត​នៅ​ចំកណ្តាល​ទីតាំង​នៃ​ជម្លោះ។

គេ​ឃើញ​ថា កាល​ពី​ពេល​កន្លងមក នៅ​​ក្នុង​សង្រ្គាម​ត្រជាក់​ រវាង​អាមេរិក និង​សហភាព​សូវៀត ចំណុច​ដ៏​ក្តៅ​ជាងគេ គឺ​នៅ​អឺរ៉ុប។ ប្រសិនបើ​សង្រ្គាម​ត្រជាក់​ថ្មី​មួយ​ទៀត​ត្រូវ​ផ្ទុះឡើង រវាង​អាមេរិក និង​ចិន តំបន់​ដែល​នឹង​ត្រូវក្លាយ​ជា​ចំណុច​ក្តៅ​ នៃ​ការ​ប្រជែង​អំណាចគ្នា រវាង​ប្រទេស​ទាំងពីរ គឺ​អាស៊ាន។

បើ​និយាយ​ពី​ទីតាំង​ភូមិសាស្រ្ត អាស៊ាន​មាន​ទីតាំង​នៅ​ក្បែរ​ចិន ហើយ​ស្ថិត​នៅ​ជា​ចំណុច​កណ្តាល​នៃ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​​ ដែល​អាមេរិក​ដាក់ចេញ ដើម្បី​ប្រជែង​ឥទ្ធិពល​ជាមួយ​នឹង​ចិន។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង១០​ជា​សមាជិក​អាស៊ាន ក៏​មាន​ការ​បែងចែក​ចេញ​ជា​ពីរក្រុម​ស្រាប់ គឺ​ប្រទេស​ខ្លះ រួមមាន​ដូចជា កម្ពុជា ឡាវ និង​ភូមា ជាដើម មាន​ទំនាក់ទំនង​ស្និទ្ធិ​នឹង​ចិន ចំណែក​ប្រទេស​ខ្លះ​ទៀត រួមមាន ហ្វីលីពីន ​ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី និង​វៀតណាម មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​អាមេរិក។

សូមអាន៖ យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក៖ ​អាស៊ាន​អាច​ក្លាយជា​ចំណុចស្នូល ​តែ​ក៏អាច​ប្រឈម​នឹង​ការ​បែកបាក់

ច្រកទ្វារ​កាន់តែធំ ដែល​អាច​នឹង​នាំ​អាមេរិក និង​ចិន ឲ្យ​មក​ប្រជែងគ្នា នៅ​ក្នុង​អាស៊ាន ហើយ​អាច​នឹង​បង្ក​​ជា​បញ្ហា​ប្រឈម​ខាង​សន្តិសុខ គឺ​ជម្លោះ​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង រវាង​ចិន និង​សមាជិក​ខ្លះ​ក្នុង​អាស៊ាន ដែល​នាំ​ឲ្យ​មាន​ការ​ស្វះស្វែង​រក​ជំនួយ ឬ​អន្តរាគមន៍​ពី​​សំណាក់​អាមេរិក​ ដើម្បី​ឲ្យ​មក​ជួយ​ទប់ទល់​ជាមួយ​ចិន។

មែនទែនទៅ ប្រសិន​បើ​មាន​ត្រឹមតែ​ការ​ប្រជែង​ឥទ្ធិពល​គ្នា​នៅ​ក្នុង​កម្រិត​សមស្រប​ណាមួយ រវាង​អាមេរិក និង​ចិន វា​មិន​ចោទ​ជា​បញ្ហា​អ្វី​នោះទេ សម្រាប់​អាស៊ាន។ អាស៊ាន​អាច​នឹង​មាន​តួនាទី​កាន់តែ​សំខាន់ អាច​មាន​ការ​យក​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ពី​សំណាក់ប្រទេស​មហាអំណាច ហើយប្រសិន​បើ​មេដឹកនាំ​​មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​មាន​នយោបាយ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ អាស៊ាន​​ថែម​ទាំង​​អាច​នឹង​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ប្រជែង​ឥទ្ធិពល​គ្នា​នេះ​បាន​ទៀតផង ។

ក៏ប៉ុន្តែ បញ្ហា​ដែល​ត្រូវ​ចោទ គឺ​នៅ​ពេល​ដែល​ការ​ប្រជែងគ្នា រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ ត្រូវ​រាលដាល​ទៅ​ជា​វិវាទ រហូត​ដល់​ដំណាក់កាល​មួយ វា​ធ្វើ​ឲ្យ​អាស៊ាន​មិន​អាច​ស្ថិត​នៅ​កណ្តាល និង​សហការ​ជាមួយ​ប្រទេស​ទាំងសងខាង​បាន ហើយ​ត្រូវ​បង្ខំចិត្ត​ត្រូវ​តែ​ជ្រើសរើស​យក​​ខាងណាមួយ គឺ​ឬមួយ​ត្រូវ​ឈរ​នៅ​ខាង​អាមេរិក​ ហើយ​ប្រឈម​នឹង​ចិន ឬមួយ​ត្រូវ​ឈរ​នៅ​ខាង​ចិន ហើយ​ប្រឈម​នឹង​អាមេរិក។

ទំនង​ជា​នៅក្នុង​បរិបទ​នៃ​ក្តីព្រួយបារម្ភ​នេះហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា នៅ​ក្នុង​អំឡុង​វេទិកា​សន្តិសុខ​អាស៊ី នៅ​សិង្ហបុរី​ឆ្នាំ២០១៩​​នេះ បណ្តា​ប្រទេស​អាស៊ាន​ ក៏​ដូចជា​អ្នក​ចូលរួម​ផ្សេងទៀត ​បាន​នាំគ្នា​ដំឡើងសំឡេង​កាន់តែ​ច្រើនឡើង អំពាវនាវ​ដល់​ចិន និង​អាមេរិក​ ​ឲ្យ​ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់គ្នា។

សូម្បីតែ​នាយករដ្ឋមន្រ្តី​សិង្ហបុរី ដែល​​ជា​ប្រទេស​ដែល​តែងតែ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អាមេរិក​នោះ ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​អាមេរិក​ទទួល​ស្គាល់​នូវ​ការ​រីក​ចម្រើន​របស់​ចិន ហើយ​ជាជាង​ការ​ខិតខំ​ទប់ស្កាត់​ចិន ប្រទេស​ទាំងពីរ​គួរ​តែ​ធ្វើការ​ជាមួយគ្នា នៅ​ក្នុង​សំណុំរឿង​ធំៗ ដែល​អាច​ជា​​​ផលប្រយោជន៍​រួម និង​ជាពិសេស សូម​ធ្វើ​យ៉ាងណា​កុំ​បង្កើត​ទៅ​ជា​ជម្លោះ ដែល​នាំ​ឲ្យ​ប្រទេស​ផ្សេង​ត្រូវ​បង្ខំ​ចិត្ត​ជ្រើសរើស​យក​ខាងណាមួយ។

ជាការពិតណាស់​ថា ប្រទេស​ខ្លះ​ក្នុង​អាស៊ាន​រំពឹង​ថា​នឹង​អាច​ទាញ​យក​ផល​ចំណេញ​ពី​សង្រ្គាម​ពាណិជ្ជកម្ម រវាង​អាមេរិក និង​ចិន ពីព្រោះ​ថា នៅ​ពេល​ដែល​ប្រទេស​ទាំងពីរ​ដំឡើង​ពន្ធ​ដាក់​គ្នា​ទៅវិញ​ទៅមក ក្រុមហ៊ុន ដែល​ធ្លាប់​តែ​បើក​រោងចក្រ​នៅ​ចិន ដើម្បី​ផលិត​ទំនិញ​នាំចេញ​ទៅ​អាមេរិក អាច​នឹង​នាំគ្នា​បង្វែរ​រោងចក្រ​ចេញ​ពី​ចិន​ទៅកន្លែងផ្សេង ហើយ​អាស៊ាន ដែល​កម្លាំង​ពលកម្ម​មាន​តម្លៃ​ទាប គឺ​ជា​ទិសដៅ​ប្រកប​ដោយ​ការ​ទាក់ទាញ​ខ្ពស់។

នៅ​ក្នុង​ការ​សិក្សា​កាល​ពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​អាមេរិក​រហូត​ដល់​ទៅ​ប្រមាណ​ជា ៤០% បាននាំគ្នា​លើកឡើង​ថា ពួកគេ​បាន​រើរោងចក្រ ឬ​កំពុង​ពិចារណា​ក្នុងការ​រើរោងចក្រ​ចេញ​ពី​ចិន ទៅកាន់​ប្រទេស​អាស៊ាន ឬ​ម៉ិចស៊ិក។ នៅ​វៀតណាម​ឯណោះវិញ គេ​សង្កេតឃើញ​ថា លំហូរ​វិនិយោគ​ ព្រមទាំង​ការ​បង្កើត​រោងចក្រ​ថ្មីៗ បាន​កើនឡើង​យ៉ាង​ខ្លាំង​រួច​ជា​ស្រេច​ទៅហើយ ចំណែក​ឯ​ទំហំ​នៃ​ការ​នាំទំនិញ​ពី​វៀតណាម​ចេញ​ទៅ​អាមេរិក​វិញ ក៏​បាន​កើនឡើង​ប្រមាណ​ជា ៧% រួចទៅហើយ​ដែរ កាល​ពី​ឆ្នាំ​កន្លងទៅ ក្រោយ​ពី​មាន​សង្រ្គាម​ពាណិជ្ជកម្ម រវាង​អាមេរិក និង​ចិន។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ផល​ចំណេញ​ខាង​សេដ្ឋកិច្ច និង​ក្នុងរយៈពេលខ្លី​នេះ វា​អាច​នឹង​ត្រូវ​លុប​ដោយ​ផលវិបាក​នៅ​ក្នុង​វិស័យ​ផ្សេង និង​ផលអវិជ្ជមាន​ក្នុង​រយៈពេល​វែង ដែល​បង្ក​ឡើង​ដោយ​ជម្លោះ រវាង​អាមេរិក និង​ចិន ដែល​កំពុងតែ​រាលដាល​ចេញ​ពី​វិស័យ​ពាណិជ្ជកម្ម​ ទៅកាន់​វិស័យ​ផ្សេង។

គេ​ឃើញ​ថា សង្រ្គាម​ខាង​ផ្នែក​បច្ចេកវិទ្យា ជាពិសេស ជម្លោះ​ជុំវិញ​ក្រុមហ៊ុន​ Huawei បាន​ក្លាយ​ទៅ​ជា​បញ្ហា​ចម្រូងចម្រាស​មួយ​រួចទៅហើយ​សម្រាប់​អាស៊ាន ហើយ​អាស៊ាន​អាច​នឹង​មាន​បញ្ហា​ប្រឈម​កាន់តែ​ឈឺក្បាលខ្លាំង​ថែម​ទៀត នៅ​ពេល​ដែល​ជម្លោះ រវាង​អាមេរិក និង​ចិន ត្រូវ​រាលដាល​បង្ក​ទៅ​ជា​បញ្ហា​អ​ស្ថិរភាព​ខាង​ផ្នែក​សន្តិសុខ និង​នយោបាយ ព្រមទាំង​អាច​បង្កើត​ទៅជា​ជម្លោះ ដែល​នាំ​ឲ្យ​មាន​ការ​បាក់បែក​ផ្ទៃក្នុង​ រវាង​ប្រទេស​អាស៊ាន​គ្នា​ឯង៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ