អានតួអត្ថបទ
ចិន-តៃវ៉ាន់​

ចិនបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ទៅក្បែរ​តៃវ៉ាន់ ខណៈ​ជិតដល់​ថ្ងៃ​បោះឆ្នោត​នៅ​តៃវ៉ាន់

នាវាផ្ទុកយន្តហោះចម្បាំង Shandong ចតនៅកំពង់ផែក្រុងតាលាន ។ រូបភាពថត កាល​​ពីថ្ងៃទី ២៦ មេសា ២០១៩ ដោយ Maxar Technologies
នាវាផ្ទុកយន្តហោះចម្បាំង Shandong ចតនៅកំពង់ផែក្រុងតាលាន ។ រូបភាពថត កាល​​ពីថ្ងៃទី ២៦ មេសា ២០១៩ ដោយ Maxar Technologies Reuters

បើតាមប្រភព ពីក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា កងទ័ពចិនដីគោក ទើបតែបានបញ្ជូននាវាផ្ទុក​យន្តហោះ​ចម្បាំង របស់​ខ្លួន ឲ្យចូល​ទៅក្បែរ​កោះតៃវ៉ាន់។ រដ្ឋាភិបាល​តៃវ៉ាន់ បាន​អះអាង​ថា​ ទង្វើ​នេះ​គឺ​ជា​ការគម្រាម ​កំញើញ ដោយ​ឥត​លាក់មុខ ទៅលើ​ប្រជាជន​តៃវ៉ាន់ ដែល​កំពុង​សម្រេចចិត្ត​បោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​អាណត្តិថ្មី។​ ប្រធានាធិបតី​តៃវ៉ាន់ថ្មី ដែល​នឹង​កំណត់​ទិសដៅ​ នៃទំនាក់ទំនង រវាងតៃវ៉ាន់ និងចិនដីគោក។

ផ្សាយពាណិជ្ជកម្ម

នាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពចិន ឈ្មោះ Shandong បានបើកចូលទៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ អមដោយនាវាចម្បាំងជាច្រើនគ្រឿងទៀត។ នេះបើផ្អែកតាមការ អះអាង របស់ក្រសួងការពារជាតិតៃវ៉ាន់។ តែយ៉ាងណា ភាគីតៃវ៉ាន់ មិនបានបញ្ជាក់ទេ ថាហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃណា។

ការបញ្ជូននាវាចម្បាំង និងនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន ទៅក្បែរតៃវ៉ាន់នេះ ត្រូវបានភាគីតៃវ៉ាន់ ចាត់ទុកគឺជាការគម្រាមវាយប្រហារ។ នៅក្នុងលិខិតមួយ ចុះថ្ងៃទី២៦ធ្នូ លោកស្រី សៃ អ៊ីងវែន ប្រធានាធិបតីកោះតៃវ៉ាន់ បានលើកឡើងថា វាគឺជាកាតព្វកិច្ចរបស់ភាគីទាំងសងខាង ក្នុងការថែរក្សាស្ថិរភាព និងសន្តិភាពទាំងសងខាងសមុទ្រ ហើយនឹងការពារសន្តិសុខ ដល់ប្រជាពលរដ្ឋទាំងអស់។

គួរកត់សំគាល់ថា ការដែលកងទ័ពចិន បញ្ជូននាវាចម្បាំង និងនាវាផ្ទុកយន្តហោះចម្បាំងទៅក្បែរតៃវ៉ាន់ នាពេលនេះ គឺវាជួនចំពេល ដែលថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ ខិតជិតមកដល់ គឺនៅថ្ងៃទី១១មករា ខាងមុខ។ បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតៃវ៉ាន់ សកម្មភាពរបស់ចិននាពេលនេះ គឺជាចេតនាគម្រាម សំឡុតប្រជាជនតៃវ៉ាន់ ដែលមិនទាន់សម្រេចចិត្តច្បាស់ ក្នុងការជ្រើសរើសប្រធានាធិបតីថ្មី។

សូមបញ្ជាក់ថា លោកស្រី សៃ អ៊ីងវែន ប្រធានាធិបតីបច្ចុប្បន្ន កំពុងតែឃោសនា ដើម្បីអាចជាប់ឆ្នោតអាណត្តិថ្មី។ បើតាមការវិភាគ រដ្ឋាភិបាលចិនកុម្មុយនីស្តដីគោក មានទំនោរចង់ឲ្យគណបក្ស Kuomintang ដែលជាគណបក្សប្រឆាំង នឹងរដ្ឋាភិបាលលោកស្រី សៃ អ៊ីងវែន បានជោគជ័យក្នុងការបោះឆ្នោតលើកនេះ។ គណបក្ស Kuomintang ជាបក្សដែលមានទស្សននយោបាយ ចង់ចាប់ដៃ រិតចំណងជាមួយនឹងចិនដីគោក។

ដោយឡែក គណបក្សប្រជាធិបតេយ្យកំណែទម្រង់និយម របស់លោកស្រី សៃ អ៊ីងវែនវិញ គឺជាបក្ស ដែលមានទំនោរចង់ឲ្យតៃវ៉ាន់ បានឯករាជ្យពេញបរិបូរណ៍។ ក៏ប៉ុន្តែបើតាមការវិភាគ ក្នុងនាមលោកស្រី សៃ អ៊ីងវែន ផ្ទាល់ គឺលោកស្រី ចង់បន្តឲ្យស្ថានការណ៍ខាំមាត់សង្កត់ចិត្ត ទាំងសងខាងនេះ អាចបន្តទៅមុខ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាដោយអាវុធ។ តែយ៉ាងណា លោកស្រី ធ្លាប់បានលើកឡើងថា បើក្នុងករណីមិនអាចចៀសបាន លោកស្រីប្តេជ្ញាជានិច្ច ក្នការការពារសន្តិសុខ និងប្រជាធិបតេយ្យ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ