អានតួអត្ថបទ
សុខភាព-បរិយាកាស

ចិន និងឥណ្ឌា រង​​ផល​​ប៉ះពាល់​​ជាងគេ ដោយសារ​​ល្អងធូលី​​ក្នុង​​បរិយាកាស

ទីក្រុង New Delhi ដែល​សម្បូរ​​ល្អងធូលី​​ជាងគេក្នុងបរិយាកាស​
ទីក្រុង New Delhi ដែល​សម្បូរ​​ល្អងធូលី​​ជាងគេក្នុងបរិយាកាស​ Sajjad HUSSAIN / AFP

ល្អងធូលី ក្នុងបរិយាកាស នៅតាមទីក្រុង គឺជាប្រភពហានិភ័យចំបង នៃបញ្ហាសុខភាពរបស់ប្រជាជន។ យោងតាមរបាយការណ៍មួយ ចេញផ្សាយ ដោយអង្គការ Greenpeace បាន​ឲ្យដឹងថា ៩០% នៃទីក្រុងធំៗ ដែលប្រឈមនឹងបញ្ហានេះខ្លាំងជាងគេ គឺមាននៅប្រទេសចិន និងប្រទេសឥណ្ឌា។ ល្អងធូលី ព្រមទាំងឧស្ម័នពុល ក្នុងបរិយាកាស ត្រូវអ្នកជំនាញជឿថា បានបណ្តាលឲ្យមនុស្សឈឺ ស្លាប់មុនអាយុ ប្រមាណ​៧លាននាក់ ក្នុងមួយឆ្នាំៗ។ នេះបើផ្អែកតាមតួលេខរបស់អង្គការសុខភាពពិភពលោក។

ផ្សាយពាណិជ្ជកម្ម

អង្គការGreenpeace រួមជាមួយនឹងក្រុមហ៊ុនស្វ៊ីស IQAir បានចេញរបាយការណ៍មួយ ស្តីអំពីកម្រិតប្រឈមគ្រោះថ្នាក់ ដោយសារល្អងធូលី ដែលមាននៅក្នុងបរិយាកាស នៅតាមទីក្រុងប្រមាណ​៥០០០​ទីក្រុង ​នៅទូទាំងពិភពលោក។ ក្នុងចំណោមទី​ក្រុង​ទាំង​២០០ ដែលប្រឈមនឹងគ្រោះថ្នាក់​ខ្លាំងជាង​គេបង្អស់ គឺ​ប្រមាណ​ជា៩០% សុទ្ធសឹងតែជាទីក្រុងរបស់ចិន និងឥណ្ឌា។ ចំណែក១០%ទៀត គឺជាទីក្រុងនៅឥណ្ឌូណេស៊ី និងប៉ាគីស្ថាន ជាដើម។

ក្នុងចំណោមទីក្រុងធំៗ ដែលមានប្រជាជនចាប់ពី១០លាននាក់ឡើង​ទៅ ទីក្រុងញូដេលី រដ្ឋធានីរបស់ឥណ្ឌា ជាប់លំដាប់ផុតគេ ដែលសម្បូរដោយល្អងធូលីក្នុងបរិយាកាស នៅឆ្នាំ២០១៩។ បន្ទាប់មកទៀត​គឺមាន ទីក្រុង ឡាហរ នៅប៉ាគីស្ថាន ទីក្រុងដាកកា នៅបង់ក្លាដែស និងក្រុងកាល់គូតា នៅឥណ្ឌា។ ប៉ុន្តែបើផ្អែក​លើភាពប្រឈមរបស់មនុស្ស ទៅនឹងកម្រិតល្អងធូលីក្នុងបរិយាកាសវិញ គឺប្រជាជនបង់ក្លាដែស ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងគេ។

សូមបញ្ជាក់ថា ល្អងធូលីតូចល្អិត ដែលមានទំហំ ប្រមាណ២,៥មីក្រូម៉ែត្រ (PM2.5) ពោលគឺមានទំហំ ប្រហែល១ភាគ៣០ នៃសរសៃសក់មនុស្ស។ វាអាចជ្រាបចូលតាមប្រព័ន្ធដកដង្ហើម ហើយអាចចូលទៅដល់សរសៃឈាម និងសួត។ បញ្ហានេះ អាចបង្កឲ្យមនុស្សមានជម្ងឺហឺត ជម្ងឺមហារីកសួត ឬអាចបង្កជាជម្ងឺស្ទះសរសៃឈាម គាំងបេះដូងជាដើម។

ចំហេះធ្យូងថ្ម ​ចំហេះប្រេងសាំង ផ្សែងយានយន្តគ្រប់ប្រភេទ ព្រមទាំងសកម្មភាពរបស់រោងចក្រនានា គឺជាប្រភពបញ្ចេញចោលនៃសារធាតុល្អងធូលីទាំងនេះ ទៅក្នុងបរិយាកាស។ ភ្លើងឆេះព្រៃ ព្រមទាំងព្យុះខ្សាច់ ក៏បានរួមចំណែកធ្វើឲ្យល្អងធូលី មានកាន់តែច្រើនក្នុងបរិយាកាស។ អង្គការសុខភាពពិភពលោក បាន​ក្រើនរំលឹក ប្រទេសទាំងអស់ ឲ្យប្រុងប្រយ័ត្ន មិនត្រូវឲ្យ​ល្អងធូលីក្នុងបរិយាកាស មានកម្រិតលើសពី២៥មីក្រូក្រាម ក្នុង១ម៉ែត្រគូបខ្យល់ទេ ក្នុងមួយថ្ងៃ។ បើគោរពបាន មនុស្សអាចរស់ពី ៦ទៅ៧ឆ្នាំបន្ថែម។ នេះបើផ្អែកតាមការសន្និដ្ឋាន របស់ Air Quality Life Index របស់វិទ្យាស្ថាន​នយោបាយថាមពល នៃសកល​វិទ្យាល័យឈីកាហ្គោ។

ដោយឡែក របាយការណ៍មួយចេញផ្សាយ កាលពីឆ្នាំ២០១៩ បានលើកឡើងថា ល្អងធូលីក្នុងបរិយាកាស ទំនង​ជាអាចមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស លើសទ្វេដង ទៅនឹងអ្វីដែលយើងធ្លាប់គិតស្មាន។ របាយការណ៍នេះសន្និដ្ឋានថា ក្នុងមួយឆ្នាំមានមនុស្សប្រមាណ​៨,៨លាននាក់ ដែលអាចស្លាប់ដោយសារបញ្ហានេះ ដែលក្នុងនោះ ២,៨លាននាក់ នៅក្នុងប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ