អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉ូណាវីរុស៖ ចំនួន​អ្នកស្លាប់​កើនដល់​៧២២នាក់ ខណៈ​អ្នកជំនាញ​សង្ស័យ​ពី​លទ្ធភាព​ចម្លង​តាម​រយៈ​លាមក

សំឡេង ០៧:៤៤
អ្នកផ្ទុកមេរោគកូរ៉ូណាវីរុស សម្រាកព្យាបាលនៅ មជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្ម​​ក្រុង​វូហាន ដែលកែ​ប្រែ​ទៅ​ជា​មន្ទីរពេទ្យ​​​បណ្តោះអាសន្ន។ ថ្ងៃទី​៥ កុម្ភៈ​ ២០២០
អ្នកផ្ទុកមេរោគកូរ៉ូណាវីរុស សម្រាកព្យាបាលនៅ មជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្ម​​ក្រុង​វូហាន ដែលកែ​ប្រែ​ទៅ​ជា​មន្ទីរពេទ្យ​​​បណ្តោះអាសន្ន។ ថ្ងៃទី​៥ កុម្ភៈ​ ២០២០ China Daily via REUTERS

ចំនួនអ្នកស្លាប់ ដោយកូរ៉ូណាវីរុស បានបន្តកើនឡើងយ៉ាងខ្លាំងរហូតដល់ជាង​៧២០នាក់ ខណៈអ្នកឆ្លងវិញ មានប្រមាណជាង ​៣៤៥០០​នាក់​ នៅក្នុងប្រទេសចិន​។ តាមប្រភពពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំ​ក្រុង​ប៉េកាំង បាន​ឲ្យដឹង​ថា ជនជាតិ​អាមេរិក​ម្នាក់​ដែល​មានផ្ទុកមេរោគនេះ បានស្លាប់នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុងវូហាន។ នេះគឺជាអ្នកស្លាប់ដោយកូរ៉ូណាវីរុស​ទីមួយហើយ ដែលមិនមែន​ជា​ជនជាតិ​ចិន។ ចំណែក​ទីក្រុង​ហុងកុង អាជ្ញាធរ​បានចាប់ផ្តើម អនុវត្ត​​វិធានការ​​ដាក់បង្ឃាំង​ទុក​ដោយឡែក ទៅលើ​អ្នក​ដំណើរ​ទាំងអស់​ ដែល​ធ្វើ​ដំណើរ​​មកពី​ចិន​ដីគោក ចូល​កោះ​ហុងកុង។ មាន​ការ​លើកឡើង​ផងដែរ​ពីអ្នក​ជំនាញ​វិជ្ជសាស្ត្រ ថា​​កូរ៉ូណាវីរុស ទំនង​ជា​អាច​ចម្ល​ង​បាន​តាម​រយៈលាមក។

ផ្សាយពាណិជ្ជកម្ម

ជនជាតិអាមេរិកដំបូងគេស្លាប់នៅវូហាន

ក្នុងរវាង២៤ម៉ោងចុងក្រោយនេះ គឺមានអ្នកស្លាប់បន្ថែម ដល់ទៅ​៨៦នាក់ ធ្វើឲ្យអ្នកស្លាប់សរុប មានចំនួន​៧២២នាក់ នៅ​ប្រទេសចិន​។ ក្នុងចំណោមនេះ មានជនបរទេសទីមួយដែលស្លាប់ គឺជាជនជាតិអាមេរិក។ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំក្រុងប៉េកាំង បានផ្តស់ដំណឹង ថាពិតជាមានពលរដ្ឋ​ខ្លួនម្នាក់ ស្លាប់នៅក្នុងមន្ទីរពេទ្យមួយ ក្នុងក្រុងវូហានមែន កាលពីថ្ងៃទី​៦កុម្ភៈ។ បើផ្អែកតាមការចុះផ្សាយរបស់ The New York Times បានលើកឡើងថា អ្នកស្លាប់នោះ ជាភេទស្រី​ អាយុប្រមាណ​ខ្ទង់៦០ឆ្នាំ។

នៅមានករណីស្លាប់ជនជាតិជប៉ុនម្នាក់ទៀត ដែលគេសង្ស័យថាអាចស្លាប់ដោយមេរោគកូរ៉ូណាប្រភេទថ្មីនេះដែរ។ គឺបុរសជនជាតិជប៉ុន អាយុខ្ទង់៦០ឆ្នាំ​។ យោងតាមលិខិតរបស់​ក្រសួងការបរទេសជប៉ុន ចេញផ្សាយនៅថ្ងៃសៅរ៍ទី​៨កុម្ភៈ​ បានបញ្ជាក់ថា បុរសជនជាតិ​ជប៉ុនម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ​មួយ​ក្នុង​ក្រុងវូហាន ដោយសារ​ជំងឺ​សួត ​និងប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ។ តែសម្រាប់ពេលនេះ ក្រុមគ្រូពេទ្យជំនាញ​នៅ​មិនទាន់​រកឃើញមេរោគ​កូរ៉ូណាវីរុស ក្នុងខ្លួន​អ្នកស្លាប់​នេះទេ គេគ្រាន់​តែសង្ស័យ។ តែយ៉ាងណាក្រសួងការបរទេស​ជប៉ុន​អះអាង គេពិត​ជា​សង្ស័យ​ខ្លាំងណាស់ ថា​បុរសនោះពិត​ជា​ស្លាប់​ដោយ​​កូរ៉ូណាវីរុស។

ថៃអ្នកឆ្លងថែម៧នាក់ បារាំង៥នាក់ នាវាទេសចរណ៍ចិន​នៅជប៉ុន​មាន​អ្នក​ផ្ទុកមេរោគ​៦៤​នាក់

បើ​និយាយ​តែនៅ​ក្នុង​ទឹកដី​ចិនដី​គោក តួលេខផ្លូវការសម្រាប់ពេលនេះ គឺអ្នកផ្ទុកមេរោគកូរ៉ូណាវីរុស មានចំនួន​៣៤៥៤៦នាក់ នៅក្នុងប្រទេសចិន​។ នៅហុងកុងវិញ​ មានអ្នកឆ្លង ចំនួន​២៦នាក់ និងមានអ្នកស្លាប់ម្នាក់ផង។ អាជ្ញាធរហុងកុង កំពុងតែបារម្ភខ្លាំង ហើយបានអនុវត្តវិធានការដាក់បង្ឃាំង ឲ្យនៅដាច់ដោយឡែក ទៅលើអ្នកដំណើរទាំងអស់ ដែលឆ្លងពីចិនដីគោក ចូលមកហុងកុង។ អ្នកទាំងនោះ ត្រូវនៅដាច់ដោយ​ឡែកក្នុងផ្ទះ ក្នុងមន្ទីរពេទ្យ ឬនៅទីតាំងមួយផ្សេង រយៈពេល​១៤ថ្ងៃ ដើម្បីឲ្យ​គេ​តាម​ដានមើល មុននឹងអាចដើរហើរទៅណាមកណាបាន។

ប្រទេសមួយចំនួន​ តួលេខចំនួនអ្នកឆ្លងនៅដដែលទេ ដូចជា​នៅកូរ៉េខាងត្បូងគឺ២៤នាក់ តៃវ៉ាន់ក៏ដូចគ្នា ១៦នាក់ វៀតណាម​១៣នាក់ អូស្ត្រាលី​១៥នាក់ នៅអាមេរិកមាន​១២នាក់ កាណាដា៥នាក់។ ដោយឡែកនៅជប៉ុនវិញ មានករណីឆ្លងសរុបដល់ទៅ​៨៩នាក់​ ដោយគេទើបតែរកឃើញថា ក្នុងចំណោមអ្នកដំណើរក្នុងកប៉ាល់ទេសចរណ៍ដែលគេឃាត់ទុកនោះ មានមនុស្ស​៦៤នាក់ មានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មីនេះ។

នៅថៃ​វិញ ព្រឹកថ្ងៃសៅរ៍ទី​៨កុម្ភៈ មន្ត្រី​ក្រសួង​សុខាភិបាល​ថៃ បាន​​បញ្ជាក់ថា​ គេរកឃើញអ្នកផ្ទុកមេរោគ ចំនួន៧នាក់បន្ថែមទៀត ដែលក្នុងនោះ​៤នាក់ជាជនជាតិចិន និង​៣នាក់ជាជនជាតិថៃ។ ក្នុងចំនោមជនជាតិថៃ៣នាក់នេះ ម្នាក់គឺស្ថិតក្នុងចំណោមមនុស្សទាំង​១៣៨​នាក់ ដែលអាជ្ញាធរថៃបានទៅជម្លៀស យក​ចេញមកពីក្រុងវូហាន។ ២នាក់ទៀត ទំនងជាបានឆ្លងដោយសារធ្វើការ ជាមួយ​ក្រុមទេសចរ​ចិន។ គិតត្រឹមពេលនេះ​ នៅថៃមាន​អ្នកឆ្លងសរុប មានចំនួន​៣២នាក់​ ជនជាតិ​ចិន២៣នាក់ ជនជាតិ​ថៃ៩នាក់។

នៅបារាំងវិញ លោកស្រីរដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បាន​ប្រកាសថា មាន​​អ្នកផ្ទុក៥ករណី​ផ្សេង​ទៀត គេទើបតែរកឃើញ។ តាមព័ត៌មានបឋមដែលទទួលបាន​ គឺបុរស​​ជនជាតិអង់គ្លេសម្នាក់ ដែលធ្វើដំណើរមកពីប្រទេស​សិង្ហបុរី មកដល់បារាំងនៅថ្ងៃទី ២៤​មករា ហើយទៅស្នាក់នៅជុំគ្នា ជាមួយមិត្តភក្តិក្រុមគ្រួសារ ជាជនជាតិអង់គ្លេសដូចគ្នា​ សរុប​ទាំងអស់​១១នាក់ នៅ​ភូមិមួយ ក្នុង​តំបន់​ភ្នំ​ភាគ​ខាង​កើត​ប្រទេសបារាំង។

តាមការសង្ស័យគឺ​បុរសនោះ ទំនង​ជាបាននាំ​មេរោគ​កូរ៉ូណាវីរុស មក​ចម្លងទៅ​មនុស្ស​៤នាក់ផ្សេង​ទៀត ដែលស្នាក់នៅជាមួយគ្នា ក្នុងនោះ​មានក្មេង​ម្នាក់ផង។ ពេលនេះអាជ្ញាធរ​​សុខាភិបាល​​​បារាំង ​កំពុងតែ​តាម​ដាន​លើ​អ្នកផ្សេងទៀត ដែលអាចប៉ះពាល់ប្រាស័យ​ជាមួយ​ជនជាតិ​អង់គ្លេស​ទាំងនោះ។ ក្រៅពីបារាំង ដែលមានឆ្លងសរុប​​១១នាក់ អាល្លឺម៉ង់​​មាន​អ្នកឆ្លង​​១៤នាក់ អង់គ្លេស​៣នាក់ អ៊ីតាលី​៣នាក់។ ប្រទេសអឺរ៉ុបផ្សេងទៀត មានអ្នកឆ្លងម្នាក់ៗដែរ គឺ​ប៊ែលហ្ស៊ិក អេស្ប៉ាញ ហ្វាំងឡង់ និងស៊ុយអ៊ែត។

កូរ៉ូណាវីរុស អាចឆ្លងតាមលាមក

នេះគឺ​ជា​ការសន្និដ្ឋាន របស់​អ្នកជំនាញ​ស្រាវជ្រាវ​វិជ្ជសាស្ត្រ​ចិន ដែលបានធ្វើការអង្កេត ទៅលើ​អ្នកជម្ងឺ​​នៅក្នុង​មន្ទីពេទ្យ​ក្រុងវូហាន។ ការសន្និដ្ឋាននេះ បានចុះផ្សាយ​​នៅក្នុង​​របាយការណ៍​ស្រាវជា្រវ របស់​ The Journal of American Medical Association។

គេបាន​ពិនិត្យតាមដាន​ ទៅលើ​អ្នក​ផ្ទុកមេរោគ ចំនួន​​១១៨នាក់ ដោយ​ក្នុង​នោះមាន​​ប្រមាណ​​១៤នាក់ សុទ្ធតែ​មាន​អការៈ​ឈឺ​ចុកពោះ​ រាគរូស និង​ក្អួត រយៈពេល​​ ពីមួយថ្ងៃ​ទៅ​​២ថ្ងៃសិន ​មុននឹង​ចាប់ផ្តើម​ក្តៅខ្លួន​ខ្លាំង ហើយ​ឈាន​ទៅមាន​បញ្ហា​លើ​ប្រព័ន្ធ​ដកដង្ហើម។ អ្នកជម្ងឺ​ជនជាតិអាមេរិក ដែលបាន​ស្លាប់​នៅវូហាន​នោះ ក៏មានអការៈ​រាគរូស ​រយៈពេល​២ថ្ងៃ​ដែរ ហើយ​ក្រោយមក ​គេបាន​ពិនិត្យ​ឃើញថានៅ​ក្នុង​លាមក ​របស់​អ្នកជម្ងឺ​នោះ ​មាន​ផ្ទុក​មេរោគកូរ៉ូណាវីរុស។ លោក Liao Jiayu អ្នកជំនាញ​ផ្នែក​កោសិកា​មេរោគ ​នៃ​សកលវិទ្យាល័យ​​កាលីហ្វ័រញ៉ា បាន​លើកឡើងថា​ បើក្នុង​លាមក​​មាន​ផ្ទុកមេរោគ​ នោះ​មានន័យថា មេរោគ​ពិតជា​អាច​ចម្លង​ទៅ​អ្នកផ្សេង​បាន​ តាម​រយៈលាមក។

លោក William Keevil សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Southampton បានលើកឡើង​ថា ​វាមិនមែន​ជា​រឿងភ្ញាក់ផ្អើល​ប៉ុន្មានទេ ដែលកូរ៉ូណាវីរុស​ប្រភេទ​ថ្មីនេះ អាចចម្លង​តាមរយៈ​លាមក ព្រោះ​ថា​មេរោគ សារស៍ (SARS) ដែលស្ថិត​ក្នុង​អំបូរ​ជាមួយគ្នា ​ក៏អាច​ឆ្លង​តាម​លាមក និង​ទឹកនោម​​ដែរ។ កាលពី​ករណី​ឆ្លង​ជម្ងឺ​សារស៍​​នៅរវាង​ឆ្នាំ​២០០២-២០០៣ ​មាន​អ្នកស្លាប់​ច្រើន​នៅ​ហុងកុង ក៏​ដោយសារតែ​​បញ្ហាអនាម័យនៅតាមអាគារ​ស្នាក់នៅ ព្រមទាំង​ខ្យល់ក្តៅ​​ហោះ​សាយភាយ​ពី​បង្គន់ ឆ្លងពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ។

មិនទាន់ដឹង​រយៈពេល និងសីតុណ្ហភាពប៉ុន្មាន មេរោគអាចរស់ក្រៅខ្លួន​មនុស្ស

សម្រាប់ពេលនេះ អ្នកជំនាញកំពុងតែបន្ត​សិក្សានៅឡើយ ដើម្បីចង់ដឹងថា តើមេរោគ​កូរ៉ូណា​ប្រភេទ​ថ្មីនេះ អាច​មានជីវិតរស់បានរយៈពេលប៉ុន្មាន នៅក្រៅខ្លួនមនុស្ស ហើយថា​តើវា​អាច​ទ្រាំទ្រ​ ដល់កម្រិត​សីតុណ្ហភាព​​​ប៉ុន្មានដែរ។ បើឆ្លង​ងាយ​តាម​លាមក ​មានន័យថា​ វាអាចបង្ក​ជា​បញ្ហា​កាន់តែធ្ងន់​ ជា​ពិសេស​នៅ​តាម​មន្ទីរពេទ្យ ដែល​មានអ្នក​ផ្ទុក​មេរោគ​នេះ​សម្រាក។

តែយ៉ាងណាក៏ដោយ មន្ត្រីជំនាញ​សុខាភិបាល អះអាងថា ​មធ្យោបាយ​ចម្លង​ធំបំផុត​នៃ​មេរោគ​កូរ៉ូណាវីរុស គឺ​តាម​រយៈ​សារធាតុរាវ ដែល​ចេញ​ពី​ខ្លួន​មនុស្ស តាម​មាត់​ ​ឬតាមច្រមុះ ​នៅពេល​យើងក្អក​ ឬ​ហូរសំបោរ​ជាដើម។ ការ​យកដៃ ​ដែល​ជាប់​មេរោគ ​ទៅ​ញី​មាត់ ញី​ច្រមុះ​ ឬញីភ្នែក គឺ​ជា​ការ​យក​មេរោគមក ឲ្យ​មក​ចូល​ក្នុងខ្លួន។ ដូច្នេះ​អនាម័យ​លាង​សម្អាត​​ដៃ គឺជា​ការ​សំខាន់ណាស់​។ ការពាក់ម៉ាស បិទមាត់​បិទច្រមុះ​ក៏សំខាន់ដែរ​ ដើម្បីកុំឲ្យ​មេរោគ​ដែល​មាន ​អាច​ខ្ទាត​ចេញ​ទៅក្រៅ​ ឆ្លង​ដល់​អ្នកផ្សេង។ ហើយ​យើង​ក៏មិនត្រូវ ភ្លេច​ការសម្អាត​អនាម័យ​នៅ​តាមបង្គន់ ឬ​បន្ទប់ទឹក​ដែរ។ ត្រូវតែ​មាន​ការប្រុង​ប្រយ័ត្ន​ថែមទៀត មិន​ត្រូវ​ប៉ះពាល់​ដោយផ្ទាល់​ ជាមួយ​នឹង​បណ្តាញ​ទឹកក្រខ្វក់ លូទឹក​ស្អុយ ​ព្រោះវា​អាច​ពាំនាំ​ មកនូវ​មេរោគ​កូរ៉ូណាវីរុស​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ