អានតួអត្ថបទ
ដូងប្រេង-បរិស្ថាន

ដូងប្រេង៖ ម៉ាឡេស៊ី​ប្រាប់​អឺរ៉ុបថា កុំ​សំអាង​តែ​ពាក្យ​ការពារបរិស្ថាន ហើយ​ភ្លេច​កសិករ​ក្រីក្រ

រូបថតពីលើសកម្មភាព​ដុតរានដីព្រៃ យកដាំដូងប្រេងនៅខេត្ត មួរ៉ូចាំប៊ី ប្រទេស​ឥណ្ឌូណេស៊ី។ ថ្ងៃទី​៣០ កក្កដា ២០១៩​
រូបថតពីលើសកម្មភាព​ដុតរានដីព្រៃ យកដាំដូងប្រេងនៅខេត្ត មួរ៉ូចាំប៊ី ប្រទេស​ឥណ្ឌូណេស៊ី។ ថ្ងៃទី​៣០ កក្កដា ២០១៩​ Antara Foto/Wahdi Septiawan/ via REUTERS

រដ្ឋមន្ត្រីឧស្សាហកម្មម៉ាឡេស៊ី បានថ្លែងថា សហភាពអឺរ៉ុបដែលរឹងរូស ចង់អនុវត្តគោលនយោបាយ​ការពារបរិស្ថាន តែមិនគួរភ្លេចទេ ថាបញ្ហាខ្លះគឺវាប៉ះពាល់ដល់ជីវភាព របស់ប្រជាកសិករក្រីក្រ។ ការថ្លែងបែបនេះ គឺលោកស្រីរដ្ឋមន្ត្រីឧស្សាហកម្មម៉ាឡេស៊ី បានធ្វើឡើងពីទីក្រុងព្រុចសែល នៅថ្ងៃទី​១៣កុម្ភៈ ជាទីដែលលោកស្រី មកប្រជុំចរចាជាមួយតំណាងភាគីអឺរ៉ុប ទាក់ទិននឹង​អនាគត នៃឧស្សាហកម្មដូងប្រេង ដែលអឺរ៉ុបមានបំណង ចង់បិទខ្ទប់ទាំងស្រុងនៅរវាងឆ្នាំ២០៣០។

ផ្សាយពាណិជ្ជកម្ម

លោកស្រី តេរ៉េសា កុក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មម៉ាឡេស៊ី បានលើកឡើងថា “កតិកាសញ្ញាបៃតង” ដែលអឺរ៉ុបចង់អនុវត្ត ក្នុងបុព្វហេតុការពារបរិស្ថាន​ គឺវាប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរបស់ប្រជាជន។ លោកស្រីបន្តថា គេមិនត្រូវភ្លេចទេ ថាមានប្រជាជនក្រីក្រច្រើនណាស់ ដែលរស់រំពឹងនឹងមុខរបរខ្លះ ហើយដែលមុខរបរនោះ អាចប្រឈមនឹងការហាមឃាត់របស់សហភាពអឺរ៉ុប។

លោកស្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មម៉ាឡេស៊ី កំពុងមានវត្តមាន​នៅទីក្រុងព្រុចសែល ដើម្បីចរចាជាមួយសហភាពអឺរ៉ុប ទាក់ទិននឹងឧស្សាហកម្មដូចប្រេង។ លោកស្រីលើកឡើងទៀតថា លោកស្រីមកនេះ គឺមក​​និយាយគ្នាដោយសន្តិវិធី ​ព្រោះម៉ាឡេស៊ី មិនចង់ឲ្យ​មានជម្លោះវែងឆ្ងាយទេ។ តែបើ​សហភាពអឺរ៉ុប នៅតែមិនយល់ នោះម៉ាឡេស៊ី ប្រាកដជាត្រូវបង្ខំចិត្តដាក់ពាក្យប្តឹងរួមគ្នា​ជាមួយឥណ្ឌូណេស៊ី នៅអង្គការពាណិជ្ជកម្មពិភពលោក។

គួរកត់សំគាល់ថា ម៉ាឡេស៊ី គឺជាប្រទេសធំទី២ បន្ទាប់ពីឥណ្ឌូណេស៊ី ដែលមានឧស្សាហកម្មដូចប្រេងធំជាងគេលើពិភពលោក។ ប្រទេសទាំង២នេះ សុទ្ធតែបានបង្ហាញជំហរប្រឆាំងនឹងសហភាពអឺរ៉ុប ដែលមានគម្រោងហាមឃាត់ផលិតផលដូងប្រេង។ យោងតាមលោកស្រីរដ្ឋមន្ត្រីម៉ាឡេស៊ី ៤០%នៃផ្ទៃដីចំការដូងប្រេងរបស់ម៉េឡេស៊ី គឺជាអាជីវកម្ម​ខ្នាតតូចរបស់ប្រជាជនក្រីក្រ។

ក្រៅពីបានថ្លែងការពារឧស្សាហកម្មដូងប្រេង ថាវាជាប្រភពចំណូល​របស់ប្រជាកសិករក្រីក្រ លោកស្រីរដ្ឋមន្ត្រីឧស្សាហកម្មម៉ាឡេស៊ី បានលើកឡើងថា សហភាពអឺរ៉ុប មិនគួរមើលរំលងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការរៀបចំវិស័យនេះ ឲ្យ​មាន​ស្តង់ដា​ចីរភាពយូរអង្វែងឡើយ​។ ជាង២ភាគ៣នៃផ្ទៃដីចំការដូងប្រេងសុរប នៅម៉ាឡេស៊ី គឺត្រូវបានទទួលស្គាល់ ដោយ​ស្លាកសញ្ញា “ចីរភាព”។

សូមរំលឹកថា កាលពីខែធ្នូកន្លងទៅ សហភាពអឺរ៉ុបបានសម្រេច ប្តេជ្ញាកសាងប្រព័ន្ធសេដ្ឋកិច្ច ដែលមាន​ ទំហំបញ្ចេញចោល​ឧស្ម័នកាបូនិកនឹងថ្កល់ នៅរវាងឆ្នាំ២០៥០។ ក្នុងន័យនេះ ពីនេះដល់ឆ្នាំ២០៣០ ផលិតផលចេញពីដូងប្រេង នឹងត្រូវហាមឃាត់ទាំង​ស្រុង។ យោងតាមអង្គការបរិស្ថានជាច្រើន ឧស្សាហកម្មដូងប្រេង បានបំផ្លាញ​ដី​ព្រៃ​ធម្មជាតិ​​រាប់​សែន​ហិកតា។ ក្រៅពីការបាត់បង់​ព្រៃឈើ ដែលជាអ្នកស្រូបឧស្ម័ន​កាបូនិក ការ​កាប់ឆ្កាព្រៃបានប៉ះពាល់យ៉ាងខ្លាំង ដល់ប្រព័ន្ធជីវចម្រុះ ព្រមទាំង​ជីវភាពរបស់​សហគម​​ជនជាតិ​ភាគតិច ដែលរស់រំពឹងនឹងភោគផលព្រៃឈើ។

នៅអឺរ៉ុប ការប្រើប្រាស់ផលិតផងដូងប្រេង នៅក្នុងវិស័យផលិតចំណីអាហារ ឬវិស័យគ្រឿងសំអាង បានចាប់ផ្តើមថយចុះខ្លាំង ដោយសារតែមានការអំពាវនាវពីអង្គការបរិស្ថាន ព្រមទាំង​ការយល់ដឹង​ពី​សំណាក់អ្នកប្រើប្រាស់។ យោងតាមការស្រាវជ្រាវខ្លះ ផលិតផល​ដូងប្រេង អាចបង្កឲ្យមាន​បញ្ហាសុខភាពផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ