អានតួអត្ថបទ
អូស្ត្រាលី

ភ្លើងព្រៃនៅអូស្ត្រាលី៖ មនុស្ស​១សែន​នាក់​ភៀសខ្លួន ទាហាន​៣000​នាក់​ត្រូវ​បញ្ជូន​ទៅ​ជួយ​ពន្លត់​ភ្លើង

ភ្លើងឆាបឆេះនៅព្រៃតាមបណ្តោយឆ្នេរសមុទ្រ ភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី
ភ្លើងឆាបឆេះនៅព្រៃតាមបណ្តោយឆ្នេរសមុទ្រ ភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី GLEN MORE via REUTERS

ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី កំពុងតែរីករាលដាលកាន់តែធំ ជាមួយនឹងសីតុណ្ហភាព​​ក្តៅ​ខ្លាំង និងខ្យល់បក់ខ្លាំងផងនោះ។ នៅថ្ងៃសុក្រទី៣មករា អាជ្ញាធរអូស្ត្រាលី បានអំពាវនាវឲ្យជម្លៀសមនុស្សប្រមាណ១សែននាក់ ចេញ​ពីតំបន់ដែលអាចប្រឈមដោយ​ភ្លើងព្រៃ។ រដ្ឋាភិបាល អូស្ត្រាលី ក៏បានសម្រេចសុំជំនួយពីកងទ័ព ចំនួន​៣ពាន់នាក់​ ដើម្បី​ជួយ​អន្តរាគមន៍ ពន្លត់ភ្លើង។

ផ្សាយពាណិជ្ជកម្ម

រដ្ឋបាលនៅតាមរដ្ឋ​ភាគអាគ្នេយ៍អូស្ត្រាលី បានប្រកាសអាសន្ន ប្រឈមនឹងភ្លើងព្រៃ ដែលឆេះរាលដាលកាន់តែធំ ពន្លត់មិនឈ្នះ។ តំបន់ភាគអាគ្នេយ៍នេះ គឺជាតំបន់ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត របស់អូស្ត្រាលី។ យ៉ាងហោចណាស់ មនុស្ស​១សែន​នាក់ ត្រូវបានអាជ្ញាធរបង្ខំឲ្យភៀសខ្លួនចេញ ទៅរកទីមានសុវត្ថិភាព ឲ្យបានមុនថ្ងៃសៅរ៍ទី​៤មករានេះ។

នៅតាមផ្លូវ ដែលតភ្ជាប់ទីក្រុងធំៗ ដូចជា ស៊ីដនី ឬកង់បេរ៉ា គេឃើញមានការកកស្ទះរថយន្ត បន្តកន្ទុយគ្នា ដើម្បីធ្វើដំណើរទៅរកកន្លែងមានសុវត្ថិភាព។ នៅថ្ងៃសៅរ៍នេះ សីតុណ្ហភាពបានឡើងដល់ជាង​៤០អង្សារ​សេ នៅតាមទីតាំងខ្លះ ហើយខ្យល់បក់ក្នុងល្បឿនលឿន ដែកប្រការនេះ វាអាចជម្រុញឲ្យភ្លើងព្រៃឆេះរាល កាន់តែរហ័ស និងកាន់តែធំឡើងៗ។ តាមទីប្រជុំជន ហាងទំនិញបិទទ្វារ ស្ងាត់ជ្រងំ ក្នុងបរិយាកាសងងិត ក្រហមព្រាលៗ នៅតាមទីក្រុង ដែលជាធម្មតា តែងតែសម្បូរភ្ញៀវទេសចរណ៍អ៊ូអរនារដូវកាលនេះ។

នៅព្រឹកថ្ងៃសៅរ៍ទី៤មករានេះដែរ លោកស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសសុំអន្តរាគមន៍ពីកងទ័ព ចំនួន​៣ពាន់នាក់ ដើម្បីមកជួយពន្លត់ភ្លើង។ លោកនាយករដ្ឋមន្ត្រី ដែលរងការរិះគន់កន្លងមក ថាគ្មានចំណាត់ការត្រឹមត្រូវនោះ បានអះអាងថា ទាហានទាំង៣ពាន់នាក់ អាចនឹងជួយឲ្យមានគ្នាច្រើន សម្រាប់អន្តរាគមន៍លើដី ពីលើអាកាស និងនៅតាមឆ្នេរសមុទ្រ។

សូមបញ្ជាក់ថា គិតចាប់ពីខែកញ្ញាមក ភ្លៀងឆេះព្រៃនៅអូស្ត្រាលី បានសម្លាប់មនុស្សអស់២៣នាក់ និងបានបំផ្លាញផ្ទះចំនួន​ប្រមាណ​១៣០០ខ្នង។ អ្វីដែលជាការសោកស្តាយបំផុត គឺភ្លើងព្រៃបានធ្វើឲ្យវិនាស នូវជំរកសត្វព្រៃ តំបន់អភិរក្សធម្មជាតិជាច្រើនទីតាំង ដូចជាឧទ្យានជាតិ Flinders Chase ដែលស្ថិតនៅលើកោះ Kangaroo Island។ ឧទ្យាននេះ គឺដែនជំរករបស់សត្វកង់ហ្ការូ និងសត្វខ្លាឃ្មុំកូអាឡា៕

RFI/AFP

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ