អានតួអត្ថបទ

ហុងកុង​ធ្លាក់​ទៅ​ក្នុង​ភាព​វឹកវរជាថ្មី​ បន្ទាប់​ពី​ជួបភាព​ធូរស្បើយ​បាន​មួយរយៈ​

មន្ត្រីប៉ូលិសហុងកុង កំពុងចាប់ខ្លួនក្មេងស្រីម្នាក់ដែលជាបាតុករ នៅខាងក្នុងផ្សារមួយ ក្នុងក្រុងហុងកុង នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩។
មន្ត្រីប៉ូលិសហុងកុង កំពុងចាប់ខ្លួនក្មេងស្រីម្នាក់ដែលជាបាតុករ នៅខាងក្នុងផ្សារមួយ ក្នុងក្រុងហុងកុង នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩។ REUTERS/Danish Siddiqui

បន្ទាប់ពីជួបភាពធូរស្បើយបានប្រមាណរយៈពេលបីសប្តាហ៍ នៅថ្ងៃអាទិត្យទី១៥ ធ្នូ ម្សិលមិញ ក្រុងហុងកុង បានផ្តើមផ្ទុះមានអំពើហិង្សាសាជាថ្មីឡើងវិញ។ អំពើហិង្សានោះ បានចាប់ផ្ទុះឡើង នៅពេលដែលក្រុមបាតុករពាក់អាវខ្មៅ សំដៅសម្រុកចូលទៅផ្សារទំនើបៗមួយចំនួនក្នុងទីក្រុង និងក្រោយមកត្រូវបានហាមឃាត់ដោយអាជ្ញាធរហុងកុង។

ផ្សាយពាណិជ្ជកម្ម

ចលនាតវ៉ា និងសកម្មភាពបំផ្លិចបំផ្លាញ បានផ្ទុះឡើងកាលពីរសៀលថ្ងៃម្សិលមិញ នៅតាមទីតាំងផ្សារទំនើបជាច្រើនកន្លែង ក្នុងដែនក្រុងដីពាក់កណ្តាលស្វ័យហុងកុង។ ការណ៍នេះ បានជំរុញឱ្យ ប៉ូលិស ប្រឆាំងតបវិញ ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងធ្វើការចាប់ខ្លួនបាតុករជាច្រើននាក់ នៅក្នុងទីតាំងផ្សារយ៉ាងហោចណាស់ក៏ចំនួន ២កន្លែងដែរ។

នៅអំឡុងពេលកើតហេតុ នៅឯផ្សារមួយឈ្មោះ Sha Tin អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារបារាំង AFP បានឃើញក្មេងស្រីអនុវិទ្យាល័យម្នាក់ និងក្មេងប្រុសម្នាក់ទៀតអាយុខ្ទង់ ១៦ ឆ្នាំត្រូវបានចាប់ខ្លួន។

នៅថ្ងៃម្សិលមិញដែរ ក្រៅតែពីកើតមានអំពើហិង្សា នៅតាមទីតាំងផ្សារទំនើបនានា គេក៏ឃើញមានផងដែរ ក្រុមសកម្មជនពាក់ម៉ាសបិទមុខ លើកគ្នាទៅអុកឡុកភោជនីយដ្ឋានមួយចំនួន ដែលគ្រប់គ្រងដោយក្រុមហ៊ុនម៉ាហ្សីម (Maxim)។ ក្រុមហ៊ុននេះ ជាកម្មសិទ្ធិរបស់ឧកញ៉ាម្នាក់ និងបានក្លាយជាគោលដៅរបស់ក្រុមអ្នកប្រឆាំង បន្ទាប់ពីកូនស្រីរបស់លោកឧកញ៉ារូបនោះ បានរិះគន់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង។

គួររំឭកជូនថា កោះហុងកុង បានរួមរឹតដោយមហាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ អស់រយៈពេល ៦ខែមកហើយ។ ក្នុងរយៈពេលកន្លងមកនេះ គេឧស្សាហ៍ឃើញមានអំពើហិង្សា និងការប៉ះទង្គិចគ្នាយ៉ាងដំណំ រវាងកងកម្លាំងប៉ូលិស ហើយនឹងក្រុមបាតុករខ្លាំងណាស់។

តែទោះជាយ៉ាងណាក្តី ស្ថានការណ៍នៅហុងកុង បានវិលមករកភាពធូរស្រាលបន្តិចវិញ កាលពីខែចុងមុន ក្រោយពីពីគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ ដណ្តើមយកឈ្នះ យ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ដែលប្រព្រឹត្តធ្វើទៅកាលពីថ្ងៃទី ២៤ វិច្ឆិកា។

ដោយឡែក កំហឹងរបស់បាតុករហុងកុង បានចាប់កំរើកខ្លាំងមកវិញនាពេលនេះ នៅពេលពួកគេមើលឃើញថា ទីក្រុងប៉េកាំង និងមេដឹកនាំទីក្រុងហុងកុងលោកស្រីការី ឡាំ នៅតែមិនព្រមផ្តល់សម្បទានអ្វីបន្ថែម ឆ្លើយតបនឹងការទាមទាររបស់ពួកគេ បើទោះបីជាគណបក្សរបស់លោកស្រីការី ឡាំ បរាជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខ្លាំងក្លាយ៉ាងណាក្តី។

ទាក់ទងរឿងនេះដែរ គួរជ្រាបថា នាខណៈនេះ មេដឹកនាំហុងកុងលោកស្រីការី ឡាំ កំពុងបំពេញដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់លោកស្រី នៅឯទីក្រុងប៉េកាំង។ តាមគម្រោង លោកស្រី នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិនស៊ី ជីនពីង នៅថ្ងៃចន្ទនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ