អានតួអត្ថបទ
ម៉ាឡេស៊ី

អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម រិះគន់​ជំនួបកំពូល​អ៊ីស្លាម​នៅ ប្រទេស​ម៉ាឡេស៊ី

មេដឹកនាំ​ប្រទេស​កាន់សាសនា​អ៊ីស្លាមចូលរួម​ក្នុង​ជំនួបកំពូល​អ៊ីស្លាម នៅ​ប្រទេស​ម៉ាឡេស៊ី ពីថ្ងៃ​ព្រហស្បតិ៍ ទី ១៩​ដល់​ថ្ងៃទី ២១​ធ្នូ ២០១៩​
មេដឹកនាំ​ប្រទេស​កាន់សាសនា​អ៊ីស្លាមចូលរួម​ក្នុង​ជំនួបកំពូល​អ៊ីស្លាម នៅ​ប្រទេស​ម៉ាឡេស៊ី ពីថ្ងៃ​ព្រហស្បតិ៍ ទី ១៩​ដល់​ថ្ងៃទី ២១​ធ្នូ ២០១៩​ © REUTERS/Lim Huey Teng

ពីថ្ងៃ​ព្រហស្បតិ៍​នេះ រហូត​ដល់​ថ្ងៃ​សៅរ៍​ទី ២១​ធ្នូ ប្រទេស​ម៉ាឡេស៊ី​បើក​ទទួល​ជំនួបកំពូល​ក្រុម​ប្រទេស​អ៊ីស្លាម ដែល​ផ្តោត​ទៅ​លើ​បញ្ហា​អភិវឌ្ឍន៍ និង​សន្តិសុខ នៅក្នុង​ពិភពអ៊ីស្លាម។ នៅ​មួយ​ថ្ងៃ​មុន​បើកជំនួបកំពូល អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម ដែល​មាន​សមាជិក ៥៧​ប្រទេស និង​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់ ថា ជំនួបកំពូល​អ៊ីស្លាម នៅ​ម៉ាឡេស៊ី កំពុង​ធ្វើ​ឲ្យ​សាសនា​ និង​ប្រជាជន​អ៊ីស្លាម ចុះទន់ខ្សោយ។ 

ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការ​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម បាន​រិះគន់​ខ្លាំងៗ ជំនួបកំពូល​អ៊ីស្លាម​នៅ​ម៉ាឡេស៊ី ដោយថា វា​គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេស​មួយ ដែល​ត្រូវ​រៀបចំ​ជំនួបកំពូល​អ៊ីស្លាម នៅ​ក្រៅ ក្របខ័ណ្ឌ អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម នោះទេ ជាពិសេស នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​ជួប​ប្រឈម​នឹង​ជម្លោះ ជាច្រើនកន្លែង​យ៉ាងដូច្នេះនោះ។

ជំនួបកំពូល​នៅ​ម៉ាឡេស៊ី ត្រូវ​បាន​គេមើលឃើញថា ធ្វើឡើង ដើម្បី​ប្រជែង អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត។ សម្រាប់​អ្នកវិភាគ ជំនួបកំពូល​អាច​ជា​វេទិការ ដើម្បី ទប់ទល់​ឥទ្ធពល​របស់​អារ៉ាប៊ី សាអូឌីត ដែល​គ្មាន​វត្តមាន នៅ​ក្នុង​ជំនួបកំពូល។ ប្រទេស អ៊ីស្លាម​ខ្លះ​ធ្លាប់​បាន​សំដែង​ការព្រួយបារម្ភ​ពី​ការពង្រីក​ឥទ្ធិពល ដ៏ចេញមុខ​របស់​អារ៉ាប៊ី សាអូឌីត ចាប់តាំង​ពី​រាជបុត្រស្នងរាជ្យ មូហាមេដ បិន សាល់ម៉ាន បាន​ឡើង​បុណ្យអំណាច នៅ​អារ៉ាប៊ី សាអូឌីត។

ជំនួបកំពូល​ក្រុមប្រទេស​អ៊ីស្លាម ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល ៣ថ្ងៃ នៅ​ម៉ាឡេស៊ី មាន​ការចូលរួម ពី​មេដឹកនាំ​ក្រុមប្រទេស​កាន់សាសនា​អ៊ីស្លាម សំខាន់ៗ ដូចជា ប្រធានាធិបតី​តួកគី អេមៀរ របស់​ប្រទេស​កាតា និង​ប្រធានាធិបតី របស់​ប្រទេស​អ៊ីរ៉ង់ ដែល​សុទ្ធសឹង​ជា​ប្រទេស សត្រូវ គូប្រជែង របស់​អារ៉ាប៊ី សាអូឌីត។ បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច នៅ​អារ៉ាប៊ី សាអូឌីត នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន បាន​បដិសេធ​មិន​ចូលរួម ក្នុង​ជំនួបកំពូល ក្រុមប្រទេស​អ៊ីស្លាម ដើម្បី កុំ​ឲ្យ​អារ៉ាប៊ី សាអូឌីត អាក់អន់​ស្រពន់ចិត្ត។

ក្នុង​បរិបទ​ដែល​អារ៉ាប៊ី សាអូឌីត មិន​ពេញចិត្ត​នឹង​ការបើកជំនួបកំពូល នៅ​ម៉ាឡេស៊ី ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ឯណោះវិញ បាន​ត្រឹម​បញ្ជូន​អនុប្រធានធិបតី ឲ្យទៅ​ចូលរួម​ជំនួបកំពូល​គូឡាឡាំពួរ។

រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​ជាអ្នកផ្តួចផ្តើម​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ ជំនួបកំពូល​អ៊ីស្លាម បាន​ទាត់ចោល​ការលើកឡើង​ខាងលើ និង​ថា ជំនួបកំពូល អ៊ីស្លាម គ្មាន​គំនិត ទិសដៅ បង្កើត​ក្រុមបក្សពួក ក្នុង​ចំណោម​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​នោះទេ។ នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី លោក មហាធៀរ មហាម៉ាត់ ដែល​ចង់​ប្រើ​ជំនួប​កំពូល លើកនេះ ដើម្បី បញ្ជាក់​ពី​តួនាទី​សំខាន់ របស់ម៉ាឡេស៊ី នៅក្នុង​ឆាកអន្តរជាតិ និង ក្នុង​ចំណោម​ប្រទេស​អ៊ីស្លាម ធ្លាប់​បានបង្ហាញ​ពី​បំណង​ចង់​ឲ្យ​មានការពង្រឹង​សាមគ្គីភាព​រវាង​ប្រទេស​ក្រុមប្រទេស​សាសនា​អ៊ីស្លាម។ សម្រាប់អាជ្ញាធរ​ម៉ាឡេស៊ី ជំនួបកំពូល​ក្រុមប្រទេស​អ៊ីស្លាម នឹង​ពិភាក្សា ផ្តោត​សំខាន់​ទៅលើ​បញ្ហា​ របស់​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា​ដែល​កំពុងរត់ភៀសខ្លួន​ចេញពី​អំពើហិង្សា​នៅ​ភូមា ហើយ​និង ជោគវាសនា​របស់​ប្រជាជន​អ៊ុយហ្គួរ កាន់សាសនា​អ៊ីស្លាម ដែល​កំពុង ជាប់​ឃុំ​ក្នុង​ជំរំលត់ដំ នៅ​ប្រទេស​ចិន។ គេ​វាយតម្លៃថា នៅពេល​បញ្ហាជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ហើយ​និង​ប្រជាជន​ប៉ាឡេស្ទីន នឹង​ត្រូវ​គេ​លើកនិយាយ​ច្រើន នៅក្នុងជំនួបកំពូល មតិ​រិះគន់​ទៅលើ​ប្រទេស​ចិន ក្នុងសំណុំរឿង​អ៊ុយហ្គួរ នឹងអាច​តិចតួច ក្នុង​ហេតុផល​ថា ចិន​បាន​បោះទុន​វិនិយោគ​ច្រើន នៅ​ក្នុង​បណ្តា​ប្រទេស​កាន់សាសនា​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ