អានតួអត្ថបទ
ឥណ្ឌា

នាយករដ្ឋមន្រ្តីឥណ្ឌាលោកម៉ូឌីថា ច្បាប់សញ្ជាតិថ្មីមិនមែនសំដៅប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាមទេ

នាយករដ្ឋមន្រ្តីឥណ្ឌាលោកម៉ូឌី
នាយករដ្ឋមន្រ្តីឥណ្ឌាលោកម៉ូឌី PRAKASH SINGH / AFP

នៅ​ថ្ងៃ​អាទិត្យ ទី២២ ធ្នូ នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​បាន​ព្យាយាម​រំងាប់​ភាព​តានតឹង​ដោយ​ធានា​ថា ច្បាប់សញ្ជាតិ​ថ្មី​ដែល​សភា​បាន​អនុម័ត​កាល​ពី​ថ្ងៃទី១១ ធ្នូ​គ្មាន​ការ​រើសអើង​សាសនា ហើយ​ក៏​មិនមែន​សំដៅ​ប្រឆាំង​នឹង​អ្នក​កាន់​សាសនាអ៊ីស្លាម​ដែរ។ តាម​លោក​ម៉ូឌី ពលរដ្ឋ​អ្នក​កាន់​សាសនាអ៊ីស្លាម​ដែល​កើត​ក្នុង​ទឹកដី​ឥណ្ឌា​មិន​ត្រូវ​បារម្ភ​ពី​ច្បាប់សញ្ជាតិ​ថ្មី​នោះ​ទេ។ ការ​ថ្លែង​របស់​លោក​ម៉ូឌី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​បាតុកម្ម​យ៉ាង​ហិង្សា​ប្រឆាំង​នឹង​ច្បាប់​មួយ​នេះ​តាំង​ពី ១០ថ្ងៃ​មក​ហើយ។ បាតុកម្ម​ដែល​គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី២២ ធ្នូ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៥នាក់។

ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​ចង់​ធានា​ចំពោះ​មុខ​ពលរដ្ឋ​អ្នក​កាន់​សាសនាអ៊ីស្លាម​ទាំង​អស់​នៅ​ឥណ្ឌា​ថា ច្បាប់សញ្ជាតិថ្មី​គ្មាន​អ្វី​ផ្លាស់ប្តូរ​សម្រាប់​ពួក​គេ​ទេ ហើយ​រដ្ឋាភិបាល​នឹង​ព្យាយាម​អនុវត្ត​កំណែទម្រង់​របស់​ខ្លួន​ដោយ​គ្មាន​ការ​រើសអើង​សាសនា » នេះ​ជា​ការ​ថ្លែង​របស់​លោក​ណារិនដ្រា ម៉ូឌី​នៅ​ចំពោះ​មុខ​ក្រុម​សកម្មជន​នៃ​គណបក្ស​ជាតិនិយមហិណ្ឌូ​ដែល​រួម​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​ញូដែលី។ លោក​ម៉ូឌី​បាន​បញ្ជាក់​បន្ថែម​ច្បាស់ៗ​ថា អ្នក​កាន់​សាសនាអ៊ីស្លាម​គ្រប់​រូប​ដែល​ចាប់​កំណើត​លើ​ទឹកដី​ឥណ្ឌា​មិន​ត្រូវ​ព្រួយបារម្ភ​នឹង​ច្បាប់សញ្ជាតិ​ថ្មី​ទេ។ ការ​ចេញ​មុខ​ធានា​របស់​លោក​ម៉ូឌី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​មួយ​នេះ​ពី​សំណាក់​ពលរដ្ឋ​ឥណ្ឌា​ភាគ​ច្រើន ពិសេស​អ្នក​កាន់​សាសនាអ៊ីស្លាម។

គួរ​រម្លឹក​ថា ច្បាប់សញ្ជាតិថ្មី​ត្រូវ​បាន​សភា​អនុម័ត​កាល​ពី​ថ្ងៃទី១១ ធ្នូ និង​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ក្បួនបាតុកម្ម​បាន​បន្ត​រហូត​មក​ដល់​ពេល​នេះ​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៥នាក់ និង​មាន​ជាង ១ ៥០០នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន។ បាតុកម្ម​ជា​ទូទៅ​ច្រើន​ជា​បាតុកម្ម​អហិង្សា តែ​ពេល​ខ្លះ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ និង​កម្លាំង​ប៉ូលិស​រហូត​មាន​ការ​គប់​ដុំ​ថ្ម និង​ដុត​ឡាន។ Uttar Pradesh ស្ថិតប៉ែក​ខាងជើង​ប្រទេស​ជា​រដ្ឋ​ដែល​មាន​ភាពពុះកញ្រ្ជោល​ខ្លាំង​ជាង​គេ។ រដ្ឋ​នេះ​មាន​មនុស្ស​រស់នៅ​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ ២០០លាននាក់ ក្នុង​នោះ​មាន ២០% ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ នៅ​ឥណ្ឌា ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១ ៣០០លាននាក់ មាន​អ្នកកាន់សាសនាអ៊ីស្លាម​ប្រមាណ​ជា ២០០លាននាក់។

រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ច្បាប់សញ្ជាតិថ្មី​ជា​រឿង​ចាំ​បាច់​ដើម្បី​ជួយ​សម្រួល​ដល់ការ​ផ្តល់​សញ្ជាតិ​ឥណ្ឌា​ឲ្យ​ជនជាតិ​ភាគតិច​មិនមែន​អ៊ីស្លាម​ដែល​បាន​ភៀសខ្លួន​មក​ពី​ប្រទេស​អាហ្វហ្កានីស្ថាន បង់ក្លាដែស ឬ​ប៉ាគីស្ថាន​នៅ​មុន​ឆ្នាំ ២០១៥។ តែ​ពលរដ្ឋ​ឥណ្ឌា​ភាគ​ច្រើន​យល់​ឃើញ​ថា ច្បាប់សញ្ជាតិថ្មី​មួយ​នេះ​មាន​ការ​រើសអើង​ចំពោះ​អ្នក​កាន់​សាសនាអ៊ីស្លាម។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អន្តរាគមន៍​របស់​លោក​ម៉ូឌី​ពេល​នេះ​អាច​រំងាប់​ភាព​បះបោរ ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង វិបត្តិសង្គម​មួយ​នេះ​បាន​ផ្ទុះ​ឡើង ខណៈ​ដែល​ឥណ្ឌា​កំពុង​មាន​កំណើន​អ្នក​អត់​ការងារ​ធ្វើ និង​មាន​កំណើន​សេដ្ឋកិច្ច​ទាប​បំផុត គិត​តាំង​ពី ៦ឆ្នាំ​កន្លង​មក៕

(ព័ត៌មាន​ស្រង់​ពី AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ