អានតួអត្ថបទ
ចិន

ចិន​បាញ់​បង្ហោះ​ដោយជោគជ័យ រ៉ុកកែត​ធុនធ្ងន់ និងទំនើបចុងក្រោយ​របស់ខ្លួន

រ៉ុកកែត Long March-5 Y3 ដែល​ជា​រ៉ុកកែត​ដ៏ធំជាងគេ​របស់ចិន​ត្រូវ​បាន​បាញ់​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Wenchang ក្នុង​ខេត្តហៃណាន នៅថ្ងៃទី ២៧ ធ្នូ ២០១៩
រ៉ុកកែត Long March-5 Y3 ដែល​ជា​រ៉ុកកែត​ដ៏ធំជាងគេ​របស់ចិន​ត្រូវ​បាន​បាញ់​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Wenchang ក្នុង​ខេត្តហៃណាន នៅថ្ងៃទី ២៧ ធ្នូ ២០១៩ ©China Daily via REUTERS

រដ្ឋបាល​អវកាស​ចិន កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​បាន​ទទួល​ជោគជ័យ​ក្នុង បេសកកម្ម​បាញ់​បង្ហោះ​រ៉ុកកែត Long March 5 ផ្នែក​មួយ​នៃ​មហិច្ឆតា​របស់​ចិន ដែល​ចង់​ពង្រីក​កម្មវិធី​អវកាស​របស់ខ្លួន ឲ្យ​ទាន់​អាមេរិក រុស្ស៊ី និង​សហភាពអឺរ៉ុប។ តាមទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋចិន ស៊ីនហួរ បន្ទាប់ពី​ហោះចេញ​ពី​មជ្ឈមណ្ឌល​អវកាស​Wenchang នៃ​កោះហៃណាន បាន​ជាង ៣០នាទី រ៉ុកកែត Long March 5​បាន​នាំយក​​ផ្កាយរណប​ទៅកាន់​គន្លងតារាវិថី តាម​ការកំណត់។ 

ផ្សាយពាណិជ្ជកម្ម

បាញ់បង្ហោះ​ដោយ​ជោគជ័យ រ៉ុកកែត Long March 5 ដែល​ជា​រ៉ុកកែត ធុនធ្ងន់ និង​ទំនើបបំផុត ក្នុង​លោក គឺ​ជា​ការបោះជំហាន​ដ៏សំខាន់​មួយ​របស់​ចិន ដែល​មាន​គម្រោង​ចាប់ផ្តើម បេសកកម្ម​អវកាស ទៅ​កាន់​ភពអង្គារ នៅ​ឆ្នាំ ក្រោយ។ ការបាញ់បង្ហោះ រ៉ុកកែត ដ៏មានកម្លាំងខ្លាំង និង​ធំសម្បើម​របស់​ចិន ត្រូវ​បាន​ចាក់ផ្សាយ​ផ្ទាល់​នៅតាម​អ៊ីនធ័រនែត ក្រោម​ក្រសែភ្នែក​តាមដាន​របស់​មនុស្ស​ជាង ១លាននាក់ កាលពី​យប់​ថ្ងៃ​សុក្រ។

នៅក្នុង​ខ្សែ​វីដេអូ​ចាក់ផ្សាយ​ដោយ​ទូរទស្សន៍ចិន កាលពី​សប្តាហ៍មុន អនុប្រធាន​រដ្ឋបាល​អវកាស​ជាតិ​ចិន លោក Wu Yanhua បាន​មាន​ប្រសាសន៍​ថា ការបាញ់បង្ហោះ រ៉ុកកែត នៅថ្ងៃ​សុក្រ គឺ​ជា​ការធ្វើតេស្ត​សាកល្បង​សម្រាប់ កម្មវិធី​អវកាស​សំខាន់ៗ​របស់​ចិន ដូចជា បញ្ជូន​យានអវកាស​ជាលើកដំបូង​របស់​ចិន ទៅ​ភពអង្គារ ការបញ្ជូន​យាន​ទៅ​ឋាន​ព្រះចន្ទ ហើយនិង​ការបញ្ជូន​ឧបករណ៍ ទៅ​សាងសង់​ស្ថានីយ៍​អវកាស​ចិន។ ចិន​មាន​គម្រោង​សង់​ស្ថានីយ៍​អវកាស នៅ​ឆ្នាំ ២០២២ ដើម្បី ទៅ​ជំនួស ស្ថានីយ៍​អវកាស​អន្តរជាតិ ISS ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​របស់ខ្លួន នៅ​អំឡុង​ឆ្នាំ ២០២៤។

ដោយ​ទទួល​ជោគជ័យ ក្នុង​ការបាញ់បង្ហោះ​រ៉ុកកែត ដើម្បី​បញ្ជូន​ផ្កាយរណប​ទៅក្នុង​គន្លងតារា​វិថី កាលពី​ថ្ងៃ​សុក្រ មជ្ឈមណ្ឌល​អវកាស​ចិន​បាន​កសាងមុខមាត់​ឡើងវិញ បន្ទាប់ពី​បរាជ័យ បាក់មុខ​ម្តង កាលពី ២ឆ្នាំមុន។ កាលពី​ខែ​កក្កដា​ឆ្នាំ ២០១៧ ចិន​មិន​អាច​សម្រេច​មហិច្ឆតា​អវកាស​របស់ខ្លួន ដោយសារ​តែ រ៉ុកកែត ដើម្បី​នាំ​ផ្កាយរណប​ទូរគមនាគមន៍​ទៅកាន់​គន្លងតារាវិថី បាន​ផ្ទុះធ្លាក់ នៅ​ប៉ុន្មាន​នាទី​ក្រោយ​ហោះចេញ​ពី​មជ្ឈមណ្ឌល​អវកាស។ បរាជ័យ​កាលណោះ បាន​ធ្វើ​ឲ្យ​ចិន ពន្យារ​ផែនការ​ប្រើ​រ៉ុកកែត ដើម្បី បញ្ជូន​យាន​ទៅ​ស្វែងរក​គំរូ នៅឋានព្រះចន្ទ ដែលត្រូវ​ធ្វើ​នៅ​ឆ្នាំដដែល។

ដោយ​បាញ់បង្ហោះ រ៉ុកកែត​Long March5 អ្នកវិទ្យាសាស្រ្ត​ចិន កំពុង​ធ្វើតេស្តសាកល្បង​លើ​សមត្ថភាព ដឹក ទំងន់ផ្ទុក របស់​រ៉ុកកែត។ រ៉ុកកែត Long March អាច​មាន​សមត្ថភាព ​ផ្ទុកទម្ងន់ បាន​២៥​តោន ពោល​គឺ​អាច​ប្រៀប​ប្រដូច​បាន​ទៅ​នឹង​រ៉ុកកែត​របស់​អាមេរិក រុស្ស៊ី Proton –M ជាដើម។ នេះបើតាម​ទីភ្នាក់ងារ​អវកាស​អាមេរិក ណាសា។ យ៉ាងណាក៏ដោយ សមត្ថភាព​ផ្ទុកទម្ងន់​របស់​រ៉ុកកែត​ចិន នៅ​តិចតួចនៅឡើយ បើប្រៀបធៀប​នឹង​រ៉ុកកែតរបស់​អាមេរិក Saturn ទី​V ដែល​អាមេរិក​បាន​ប្រើ​សម្រាប់​បាញ់​បញ្ជូន យាន​ដឹកអ្នកអវកាស​ទៅ​កាន់​ឋានព្រះចន្ទ និង​ដែល​អាច​ដឹកផ្ទុកទម្ងន់ ដល់ទៅ​​១៤០​តោន​ទៅ​កាន់​គន្លងតារាវិថី។​

នៅ ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ដើម្បី​បញ្ជាក់ថា ខ្លួន ជា​មហាអំណាច​ថ្មី នៅក្នុង​ពិភពលោក ចិន​បាន​អភិវឌ្ឍ​កម្មវិធី​អវកាស របស់ខ្លួន ដើម្បី​រត់ឲ្យ​ទាន់​អឺរ៉ុប និង​អាមេរិក ដោយ​មិន​ខ្លាច​នឹង​ចំណាយ​ទឹកប្រាក់​រាប់ពាន់លាន​ដុល្លារ។ តាម​ការវាយតម្លៃ​របស់​អង្គការដើម្បី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អឺរ៉ុប OCDE ជាមួយ​កញ្ចប់​ថវិកា ជាង ៨ពាន់​លាន​ដុល្លារ សម្រាប់​កម្មវិធី​អវកាស​ឆ្នាំ ២០១៧ ចិន​បាន​នាំមុខ​ទាំង​ប្រទេស​រុស្ស៊ី និង​ប្រទេស​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ