អានតួអត្ថបទ
បារាំង-អ៊ីរ៉ង់

ប៉ារីស និង​តេហេរ៉ង់ បរិហារគ្នាទៅវិញ ទៅមក ក្នុង​សំណុំរឿង​ចាប់ឃុំខ្លួន អ្នកស្រាវជ្រាវ​បារាំង ដើម​កំណើត​អ៊ីរ៉ង់

អ្នកស្រាវជ្រាវ​បារាំង ដើមកំណើត អ៊ីរ៉ង់ លោកស្រី Fariba Adelkhah (ឆ្វេង) និង​លោក Roland Marchal អ្នកស្រាវជ្រាវ​បារាំង​ម្នាក់ទៀត ដែល​ត្រូវ​អាជ្ញាធរ​អ៊ីរ៉ង់​កំពុង​ចាប់ឃុំខ្លួន
អ្នកស្រាវជ្រាវ​បារាំង ដើមកំណើត អ៊ីរ៉ង់ លោកស្រី Fariba Adelkhah (ឆ្វេង) និង​លោក Roland Marchal អ្នកស្រាវជ្រាវ​បារាំង​ម្នាក់ទៀត ដែល​ត្រូវ​អាជ្ញាធរ​អ៊ីរ៉ង់​កំពុង​ចាប់ឃុំខ្លួន Sciences Po

ក្រសួងការបរទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃ​អាទិត្យម្សិលមិញ បាន​បរិហារ​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉ារីស ថា​កំពុង​លូកដៃ​ចូល​ក្នុង​កិច្ចការផ្ទៃក្នុង​អ៊ីរ៉ង់ បន្ទាប់​ពី​ក្រសួងការបរទេស​បារាំង នៅថ្ងៃ​សុក្រ កន្លងទៅ បាន​កោះហៅ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ ប្រចាំ​ក្រុង​ប៉ារីស ជុំវិញ សំណុំរឿង អាជ្ញាធរ​អ៊ីរ៉ង់ ចាប់ឃុំខ្លួន អ្នកស្រាវជ្រាវ​បារាំង ពីរនាក់ ដែលនៅក្នុង​នោះ ១នាក់ ជា​អ្នកស្រាវជ្រាវ បារាំង ដើមកំណើត អ៊ីរ៉ង់។ 

ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សុក្រ ក្រសួងការបរទេស​បារាំង បាន​កោះហៅ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំក្រុង​ប៉ារីស ដើម្បី បរិហារ​រិះគន់ ការចាប់ឃុំខ្លួន អ្នកស្រាវជ្រាវ​បារាំង ពីររូប នៅ​ទីក្រុង​តេហេរ៉ង់។ នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​ដដែល ក្រសួងការបរទេស​បារាំង​បាន​សំដែង​ក្តីបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​សុខភាព​របស់​នរវិទូ បារាំង ដើមកំណើត​អ៊ីរ៉ង់ លោកស្រី Fariba Adelkhah ដែល​បាន​ចាប់ផ្តើម ធ្វើ​កូដកម្ម​អត់អាហារ។ រដ្ឋាភិបាល​បារាំង បាន​ចាត់ទុក​ការចាប់ឃុំ​ខ្លួន អ្នកស្រាវជ្រាវ​បារាំង ថា ជារឿង​ដែលគេមិនអាច​អត់ឱន​ឲ្យបាន ហើយ​និង​ទាមទារ​ឲ្យ​អាជ្ញាធរ​អ៊ីរ៉ង់ ដោះលែង​ពួកគេ​ជាបន្ទាន់។

សម្រាប់ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ ការទាមទារ​របស់​រដ្ឋាភិបាល បារាំង គឺ​ស្តែង​ឲ្យ​ឃើញច្បាស់​ថា បារាំង​កំពុង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​អ៊ីរ៉ង់ ព្រោះថា លោកស្រី Fariba Adelkhah ជា​ជនជាតិ​អ៊ីរ៉ង់ និង​កំពុង​រងការចោទប្រកាន់​ពីបទ ធ្វើ​ចារកម្ម។

រហូតមក អ៊ីរ៉ង់​មិន​ទទួល​ស្គាល់​ការមាន​សញ្ជាតិ​ពីរ និង​តែង​បដិសេធ​មិន​ឲ្យ​កុងស៊ុល​បរទេស​ចូល​ជួប​ជនជាតិ​ខ្លួន នៅក្នុង​មន្ទីរឃុំឃាំង។

លោកស្រី Fariba Adelkhah កើតនៅ​ទីក្រុង​តេហេរ៉ង់ ប៉ុន្តែ លោកស្រី បាន​មក​រស់នៅ​សិក្សា ប្រទេស​បារាំង រហូត​មាន​សញ្ជាតិ បារាំង និង​មាន​តំណែង​ជា​ប្រធានដឹកនាំ​ការស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌលស្រាវជ្រាវ​អន្តរជាតិ នៃ​សកលវិទ្យាល័យ វិទ្យាសាស្រ្ត​នយោបាយ ប៉ារីស។ ជាអ្នកនិពន្ធសៀវភៅ ស្តីពី​ស្រ្តីអ៊ីរ៉ង់ និង​មាន​ជំនាញ ខាង​សាសនា​ស្ហ៊ីអ៊ីត លោកស្រី Fariba Adelkhah ត្រូវ​បាន​អាជ្ញាធរ​អ៊ីរ៉ង់ ចាប់ឃុំខ្លួន តាំង​ពី​ខែ​មិថុនា។ ដើម្បី​ប្រឆាំង​នឹង​ការចាប់ឃុំខ្លួន លោកស្រី និង​ប្រឆាំង អាជ្ញាធរ​អ៊ីរ៉ង់ ដែលលោកស្រី​ចោទប្រកាន់​ថា បានធ្វើ​ទារុណកម្ម​ផ្លូវចិត្ត នៅក្នុង​មន្ទីរឃុំខ្លួន លោកស្រី Adelkhah បាន​ធ្វើ​កូដកម្ម អត់អាហារ ដូច អ្នកស្រាវជ្រាវ​អូស្ត្រាលី​ម្នាក់ទៀត ដែល​ទើបត្រូវ​តុលាការ​ឧទ្ធរណ៍​អ៊ីរ៉ង់​ប្រកាស​ផ្តន្ទាទោស ដាក់ពន្ធនាគារ​១០ឆ្នាំ ក្នុង​បទ​ធ្វើ​ចារកម្ម។

តាម​មេធាវី​របស់​លោកស្រី Adelkhah អ្នកស្រាវជ្រាវ​បារាំង​ម្នាក់ទៀត គឺ​លោក Roland Marchal ត្រូវ​បាន​ចាប់ខ្លួន នៅពេល​ធ្វើដំណើរ​ទៅ​សួរសុខទុក្ខ​លោកស្រី Fariba Adelkhah។ តាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ អ្នកស្រាវជ្រាវ​បារាំង លោក​Marchal ត្រូវ​ចាប់ខ្លួន ពី​បទ​ឃុបឃិត ប្រឆាំង​សន្តិសុខ​ជាតិ​អ៊ីរ៉ង់។

មេធាវី​របស់​អ្នកស្រាវជ្រាវ​បារាំង​ទាំងពីរនាក់​បាន​និយាយ​ថា ចៅក្រម​អ៊ីរ៉ង់ ធ្លាប់​បាន​សម្រេច​ដោះលែង​ពួកគេ​ទាំងពីរ​ម្តងហើយ។ ប៉ុន្តែ ដោយសារ​ការប្រឆាំង​របស់​អាយ្យការ​អ៊ីរ៉ង់ សំណុំរឿង​នេះ ត្រូវ​បញ្ជូន​បន្ត​ទៅ​ឲ្យ​តុលាការ​បដិវត្តន៍​អ៊ីរ៉ង់ ដែល​ជំនាញ​ខាងជំនុំជម្រះ រឿង​ចារកម្ម។ នេះ​បើតាមទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ ISNA។

ការចាប់ឃុំ​ជនជាតិ​បារាំង នៅទឹកដី​អ៊ីរ៉ង់​រឹតតែបន្ថែម បង្កើន ការមិនជឿទុកចិត្ត​គ្នា​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ជាពិសេស នៅក្រោយ រដ្ឋាភិបាល​អ៊ីរ៉ង់ ចោទប្រកាន់​បណ្តា​ប្រទេស​អឺរ៉ុប ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ថា អសមត្ថភាព មិនអាច​ជួយ​អ៊ីរ៉ង់ ឲ្យ​រួចផុត​ពីទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។ អាមេរិក និង​អ៊ីរ៉ង់ បាន​ដំឡើង​សំឡេង​ដាក់គ្នា នៅក្រោយ អាមេរិក ខ្លួន​ចេញពី​កិច្ចព្រមព្រៀង និង​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​សាជាថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ