អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើរាត្រីទឹកឃ្មុំរវាងលោកគីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំបានឈានដល់ទីបញ្ចប់ហើយ ឬ?

សំឡេង ០៦:៥៨
មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន (រូបឆ្វេង) និងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន (រូបឆ្វេង) និងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ AFP

នៅ​ថ្ងៃ​ពុធ ទី១ មករា ឆ្នាំ ២០២០ នេះ មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន​បាន​ប្រកាស​ពី​ការ​បិទបញ្ចប់​លើ​ការ​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីលបាលីស្ទិក។ តែ​ឆ្លើយ​តប​នឹង​ការ​ប្រកាស​របស់​លោក​គីម ជុងអ៊ុន​យ៉ាង​នេះ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ហាក់​បាន​ប្រើ​សម្តី​ទន់ភ្លន់​ដោយ​បន្ត​ជឿ​លើ​ឆន្ទៈ​របស់​លោក​គីម ជុងអ៊ុន​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ។ ចំណែក​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ធានា​ថា អាមេរិក​ចង់​បាន​សន្តិភាព ពោល​មិន​ចង់​ប្រឈម​មុខ​ទល់​នឹង​កូរ៉េខាងជើង​ទេ។ គួរ​រម្លឹក​ថា ការ​ប្រកាស​របស់​មេដឹកនាំ​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ​មិន​បាន​ឆ្លើយ​តប​តាម​សំណើ​ទាមទារ​របស់​កូរ៉េខាងជើង​នៅ​ត្រឹម​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៩។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ថ្ងៃ​បិទ​ឆ្នាំ​ចាស់ ២០១៩ ឆ្លង​ចូល​ឆ្នាំ​ថ្មី ២០២០ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​មិន​បាន​ថ្លែង​សុន្ទរកថា​ដូច​ដែល​លោក​ធ្លាប់​បាន​ថ្លែង​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ ២០១៣។ គួរ​រម្លឹក​ថា ការ​ថ្លែង​សុន្ទរកថា​របស់​មេដឹកនាំ​កូរ៉េខាងជើង​នៅ​ក្នុង​ថ្ងៃ​បិទ​ឆ្នាំ​ចាស់​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ជា​ប្រពៃណី​មួយ​ដែល​បន្សល់​ទុក​ដោយ​សព​លោក​គីម អ៊ីលស៊ុង​ដែល​ជា​ជីតា​របស់​លោក​គីម ជុងអ៊ុន និង​ជា​ស្ថាបនិក​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ។ គេ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​លោក​គីម ជុងអ៊ុន​មិន​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ចូល​ឆ្នាំ ២០២០ នេះ​ទេ។ តែ​ក្រុម​អ្នក​វិភាគ​យល់​ថា ប្រហែល​ជា​លោក​គីម ជុងអ៊ុន​ចង់​ចៀសវាង​កំហុសឆ្គង​នៅ​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន​ជាមួយ​អាមេរិក។

ទោះ​ជា​យ៉ាង​នេះ​ក្តី សុន្ទរក​ទាំង​ស្រុង​របស់​លោក​គីម ជុងអ៊ុន​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ផ្លូវការ និង​មិន​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ដូច​ទម្លាប់​សព្វ​មួយ​ដង​ឡើយ។ តែ​ជំនួស​ឲ្យ​សុន្ទរកថា​របស់​លោក​គីម ជុងអ៊ុន​សម្រាប់​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ថ្មី ២០២០ ទូរទស្សន៍​រដ្ឋ​បាន​ចាក់​ផ្សាយ​សុន្ទរកថា​ដ៏​វែង​ដែល​លោក​គីម ជុងអ៊ុន​បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំពេញអង្គ​នៃ​គណៈកម្មាធិការកណ្តាល​របស់​គណបក្ស​ពលរដ្ឋ​រយៈពេល ៤ថ្ងៃ។ នៅ​ក្នុង​សុន្ទរកថា​នោះ មនុស្សខ្លាំង​កូរ៉េខាងជើង​បាន​ប្រកាស​ពី​ការ​សម្រេចចិត្ត​របស់​សម័យប្រជុំពេញអង្គ​ក្នុង​ការ​បិទបញ្ចប់​លើ​ការ​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីលបាលីស្ទិក។

តើ​ពិភពលោក ពិសេស​អាមេរិក​គួរ​បារម្ភ​ចំពោះ​ការ​គំរាម​របស់​គីម ជុងអ៊ុន​ឬ​ទេ?

នេះ​មិនមែន​ជា​លើកទី១ ហើយ​ក៏​ប្រហែល​មិនមែន​ជា​លើក​ចុង​ក្រោយ​ដែល​ពិភពលោក​បាន​ឮ​ការ​ព្រមាន និង​ការ​គំរាម​របស់​លោក​គីម ជុនអ៊ុន។ មាន​ពេល​ខ្លះ គេ​បាន​ឮ​តែ​ពាក្យ​ព្រមាន និង​គំរាម​ដោយ​គ្មាន​ការ​អនុវត្តន៍​ជាក់ស្តែង។ មាន​ពេល​ខ្លះ​ទៀត គេ​មិន​បាន​ឮ​អ្វី​ទាំង​អស់ តែ​ក៏​ស្រាប់​មាន​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចម្ងាយ​ជិត ឬ​ចម្ងាយ​ឆ្ងាយ។ ជាក់ស្តែង​ក្នុង​រយៈពេល ២ឆ្នាំ​កន្លង​ទៅ ពោល​តាំង​ពី​មាន​ភាព​ល្អូតល្អឺន​រវាង​លោក​គីម ជុនអ៊ុន និង​លោក​ដូណាល់ ត្រាំ ក្រុង​ព្យុងយ៉ាង​បាន​សន្យា​ផ្អាក​រាល់​ការ​សាកល្បង​ទាំង​អស់​ដើម្បី​ទុក​ឱកាស​ចរចា​ឆ្ពោះ​ទៅ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។ តែ​ការ​ពិត កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​ជា​ហូរហែ ហើយ​ការ​ដំឡើង​សម្លេង​ដាក់​គ្នា​ក៏​បន្ត​មាន​រវាង​លោក​គីម និង​លោក​ត្រាំ។

លោក​គីម ជុងអ៊ុន​បាន​ប្រកាស​លើក​នេះ​ថា កូរ៉េខាងជើង​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បន្ត​គោរព​ពាក្យ​សន្យា​តែ​ម្នាក់​ឯង និង​ថា ពិភពលោក​នឹង​ឃើញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នូវ​អាវុធ​យុទ្ធសាស្រ្ត​ថ្មី​មួយ​របស់​កូរ៉េខាងជើង។ តាម​លោក​គីម ជុនអ៊ុន អាមេរិក​កំពុង​ប្រកាន់​ឥរិយាបទ​ដូច​មនុស្សពាល និង​កំពុង​ប្រើ​រូបមន្ត​ទាមទារ​ដែល​ផ្ទុយ​ស្រឡះ​នឹង​ផលប្រយោជន៍​កូរ៉េខាងជើង។ លោក​គីម ជុងអ៊ុន​បាន​ធានា​ថា កូរ៉េខាងជើង​នឹង​មិន​លក់​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន​ដាច់​ខាត និង​សន្យា​ចាត់​វិធានការ​ចាស់ដៃ​ប្រឆាំង​អាមេរិក​ឲ្យ​លើស​អាមេរិក​ប្រឆាំង​កូរ៉េខាងជើង​ទៅ​ទៀត។

គួរ​បញ្ជាក់​ថា ការ​ដែល​លោក​គីម​បាន​គំរាម​ខ្លាំងៗ​ដាក់​លោក​ត្រាំ​ពេល​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ត្រាំ​មិន​បាន​តប​នឹង​សំណើ​ទាមទារ​របស់​កូរ៉េខាងជើង​នៅ​ត្រឹម​ថ្ងៃ​ទី៣១ ធ្នូ ឆ្នាំ ២០១៩។ នៅ​ក្នុង​សំណើ​នោះ ក្រុង​ព្យុងយ៉ាង​បាន​ទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ប្រើ​នយោបាយ​ប្រឆាំង​ខ្លួន និង​សម្រាល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ខ្លួន​វិញ។ តែ​រដ្ឋបាល​អាមេរិក​បន្ត​ទាមទារ​ឲ្យ​កូរ៉េខាងជើង​ផ្តើម​ធ្វើ​អ្វី​ឲ្យ​ឃើញ​ជាក់ស្តែង​ជា​មុន​សិន ទើប​អាច​ទទួល​បាន​សម្បទាន​ពី​អាមេរិក។

កូរ៉េខាងជើង​បន្ត​ប្រើ​យុទ្ធសាស្រ្ត​ច្រំដែល

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ដោយ​ប្រើ​សម្តី​ទន់ភ្លន់។ លោក​ត្រាំ​នៅ​តែ​បន្ត​ជឿជាក់​លើ​ឆន្ទៈ​របស់​លោក​គីម​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ​ដោយ​លោក​ត្រាំ​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា លោក និង​លោក​គីម​បាន​ចុះ​កិច្ចសន្យា​ដែល​និយាយ​ពី​ការ​រំសាយនុយក្លេអ៊ែរ​នា​ឱកាស​ជំនួបកំពូល​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ឆ្នាំ ២០១៨។ លោក​ត្រាំ​គិត​ថា លោក​គីម​ជា​មនុស្ស​ដែល​គោរព​ពាក្យ​សម្តី។ ទន្ទឹម​នឹង​ប្រតិកម្ម​របស់​លោក​ត្រាំ ក៏​មាន​ប្រតិកម្ម​ពី​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​ដែល​ថា អាមេរិក​ចង់​បាន​សន្តិភាព ពោល​មិន​ចង់​បាន​ការ​ប្រឈម​មុខ​ទល់​នឹង​កូរ៉េខាងជើង​ទេ។

តាម​លោក​ប៉ុមប៉េអូ អាមេរិក​បន្ត​ទុក​ទ្វារ​ចំហ​ដើម្បី​ឲ្យ​លោក​គីម ជុងអ៊ុន​ជ្រើស​ផ្លូវ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ខ្លួន​លោក​ផ្ទាល់ និង​សម្រាប់​ពលរដ្ឋ​របស់​លោក។ ប្រមុខ​ការទូត​អាមេរិក​បាន​បន្ថែម​ដោយ​សង្ឃឹម​ថា លោក​គីម​នឹង​បន្ត​គោរព​កិច្ចសន្យា​ដែល​មាន​ជាមួយ​លោក​ត្រាំ ហើយ​បើ​លោក​គីម​នឹង​លែង​គោរព​វិញ​នោះ គឺ​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​ណាស់។ គួរ​បញ្ជាក់​ថា​មក​ដល់​ពេល​នេះ លោក​ត្រាំ​បន្ត​ប្រើ​យុទ្ធសាស្រ្ត​ស្រទន់​ដើម្បី​បញ្ចុះបញ្ចូល​លោក​គីម​ឲ្យ​រំសាយ​នុយក្លេអ៊ែរ​ជា​មុន។ ចំណែក​លោក​គីម​នៅ​តែ​សង្ឃឹម​ថា នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ឲ្យ​លោក​ត្រាំ​ធ្វើ​សម្បទាន​បន្ថែម​ចំពោះ​ខ្លួន ពិសេស​សម្រាល​ទណ្ឌកម្ម និង​ធានា​សន្តិសុខ។

តើ​យុទ្ធសាស្រ្ត​ច្រំដែល​របស់​គីម​សម្រាប់​ឆ្នាំ​ថ្មី​អាច​ធ្វើ​ឲ្យ​លោក​ត្រាំ​បន្ទន់​ជំហរ​ចំពោះ​កូរ៉េខាងជើង ឬ​មួយ​ក៏​ពង្រឹង​ទណ្ឌកម្ម​បន្ថែម។ គេ​នៅ​មិន​ទាន់​ដឹង​ទេ អ្វី​ដែល​គេ​ដឹង លោក​គីម និង​លោក​ត្រាំ​កំពុង​បន្ត​ប្រើ​ធម៌​ក្តៅ និង​ធម៌​ត្រជាក់​ដាក់​គ្នា​ដែល​ជា​ល្បែង​ដ៏​គ្រោះថ្នាក់​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ