អានតួអត្ថបទ
ជប៉ុន-លីបង់

តុលាការ​ជប៉ុន​ចេញដីកា​ចាប់ខ្លួន ភរិយា​លោក​ការឡូស ហ្គោន

លោកការឡូស ហ្គោន និង​លោកស្រី ការ៉ូល ហ្គោន នៅក្នុង​មហោស្រពភាពយន្ត​កាន នៅឆ្នាំ ២០១៧
លោកការឡូស ហ្គោន និង​លោកស្រី ការ៉ូល ហ្គោន នៅក្នុង​មហោស្រពភាពយន្ត​កាន នៅឆ្នាំ ២០១៧ ©LOIC VENANCE / AFP

នៅ​ថ្ងៃ​អង្គារទី ៧ មករា ២០២០ អាយ្យការ​ជប៉ុន បាន​ប្រកាស​ថា ខ្លួន​ទើប​បាន​ទទួល​ដីការ​ឲ្យ​តាមចាប់ ភរិយា របស់​លោកការឡូស ហ្គោន គឺ​លោកស្រី ការ៉ូល ហ្គោន ដែល​អាជ្ញាធរ​ជប៉ុន​ចោទថា បាន​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ នៅក្នុង​សំណុំរឿង​ចោទប្រកាន់ ស្វាមី​របស់​លោកស្រី។ តុលាការ​ជប៉ុន​ចេញ​ដីការ តាមចាប់​ភរិយា​របស់ ការឡូស ហ្គោន ធ្វើឡើង នៅក្រោយ អតីត​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត រឺណូ នីសាន់ បាន​លួច​រត់គេច​ខ្លួន​ពី​ប្រទេស​ជប៉ុន ​ទៅកាន់​ប្រទេស លីបង់ កាលពី​ថ្ងៃ​ទី ២៩ ធ្នូ។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ របស់​អាយ្យការជប៉ុន លោកស្រី ការ៉ូល ហ្គោន ភរិយា​របស់​លោក​ការឡូស ហ្គោន ត្រូវ​ជាប់​សង្ស័យ​ថា បាន​ផ្តល់​ព័ត៌មាន​មិនពិត ទៅកាន់​តុលាការ​ជប៉ុន កាលពី​ខែ មេសា ឆ្នាំមុន។ នៅក្នុង​ការសួរដេញដោល​របស់​ចៅក្រម​ស៊ើបអង្កេត លោកស្រី ការ៉ូល ហ្គោន បាន​អះអាង​ប្រាប់​តុលាការ​ជប៉ុនថា លោកស្រី មិន​បាន​ស្គាល់ ឬ​មាន​ទំនាក់ទំនង ជាមួយ មនុស្ស​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ដែល​មាន​នាទី ទទួល​ប្រាក់ខែ​ពី​ក្រុមហ៊ុន​នីសាន់ ម៉ូទ័ មុន​នឹង​បង្វែរ ផ្ទេរ​ទៅ​កាន់​គណនី​ធនាគារ​របស់​លោក​ការឡូស ហ្គោន។

អាយ្យការ​ជប៉ុន​វិញ សង្ស័យ​ថា លោកស្រី ការ៉ូល មានទំនាក់ទំនង​ផ្ទាល់​ជាមួយ​ជនជាប់សង្ស័យ​ផ្សេងទៀត បន្ទាប់ពី​ក្រុមអ្នកស៊ើបអង្កេត​បាន​រឹបអូស ទូរស័ព្ទ និង​លិខិតឆ្លងដែន​មួយ​ច្បាប់​របស់​លោកស្រី កាលពី​ខែ​មេសា កន្លងទៅ។

រងការចោទប្រកាន់​ចំនួន ៤ បទល្មើស ដែលនៅក្នុង​នោះ មាន​ការកេងបន្លំ មិន​ប្រកាស​ប្រាក់ខែ ដើម្បី​គេចមិន​បង់ពន្ធរដ្ឋ ហើយ​និងការរំលោភ​សេចក្តីទុកចិត្ត លោក​ការឡូស ហ្គោន អតីត​អគ្គនាយក​ក្រុមហ៊ុន​រឺណូ នីសាន់ ធ្លាប់​ត្រូវ​បាន​តុលាការ ជប៉ុន ចាប់ឃាត់ខ្លួន​ជាង ៤ខែ មុន​នឹង​ត្រូវ​ដោះលែង ឲ្យ​នៅក្រៅឃុំ​បណ្តោះអាសន្ន ប៉ុន្តែ ត្រូវ​ស្ថិត នៅទីក្រុង​តូក្យូ ក្នុងពេល​រង់ចាំ​សវនាការ។ ប៉ុន្តែ លោកការឡូស ហ្គោន ដែល​មាន​សញ្ជាតិ​ដល់​ទៅ ៣​ប្រទេស និង​កាន់លិខិត​ឆ្លងដែន បារាំង បាន​លួចរត់ គេចខ្លួន​ពី​ប្រទេស​ជប៉ុន ទៅកាន់​លីបង់ កាលពី​ចុងខែ ធ្នូ​កន្លងទៅ។ នៅក្នុង​សារ​Twitter ដែលលោក បង្ហោះផ្សាយ នៅ​ក្រោយ​ទៅដល់​ប្រទេស​លីបង់ លោក​ការឡូស ហ្គោន បាន​​អះអាង​ថា លោក​មិនបាន​លួចគេច​ពី​សំណាញ់ច្បាប់​ទេ ប៉ុន្តែ រត់គេច​ចេញ ពី​ប្រព័ន្ធតុលាការ​ជប៉ុន​ដ៏អយុត្តិធម៌។

អ្នកនាំពាក្យ​របស់​ប្តីប្រពន្ធ​ត្រកូលហ្គោន បាន​ចាត់ទុក ដីការ​ចាប់ខ្លួន ភរិយា​របស់​លោក​ការឡូស ហ្គោន ថា ជារឿង​គួរ​ឲ្យ​សង្វេគ ព្រោះថា លោកស្រី ការ៉ូល ធ្លាប់​បាន​ស្ម័គ្រចិត្ត ទៅ​ផ្តល់​សក្ខីកម្មផ្ទាល់ នៅទីក្រុង​តូក្យូ ជាទី រាជអាជ្ញា​ជប៉ុន បាន​សម្រេច មិន​ចាប់ដាក់ឃុំ​លោកស្រី​ទេ កាលពី​ខែ​មេសា ឆ្នាំមុន។

នៅប្រទេស​លីបង់​វិញ ជាទី​ដែល​លោក​ការឡូស ហ្គោន កំពុង​ស្ថិតនៅ និង​ត្រៀម​ធ្វើ​សន្នីសិទ​កាសែត នៅ​ថ្ងៃ ពុធនេះ រដ្ឋមន្រ្តី​យុត្តិធម៌​លីបង់​អះអាងថា គេ​បាន​ទទួល​រួចហើយ និវេទ​ក្រហម​ពី​ប៉ូលិស​អាំងទែរប៉ូល ក្នុង​ការតាមចាប់ខ្លួន លោក​ការឡូស ហ្គោន ប៉ុន្តែ គ្មានទេ ដីការ​ចាប់ខ្លួន លោកស្រី ការ៉ូល ភរិយា​របស់​លោក​ការឡូសហ្គោន។ ទៅតាម​និវេទ​ក្រហម ប្រទេស​ដែល​ពាក់ព័ន្ធ​ត្រូវ​ចាប់ឃុំខ្លួន​បណ្តោះអាសន្ន ជនល្មើស ក្នុងពេល​រង់ចាំ​ការធ្វើបត្យាប័ន។ អាជ្ញាធរ​លីបង់ រហូតមក មិនដែល​ធ្វើបត្យាប័ន ចាប់បញ្ជូន​ចេញ ជនជាតិ​របស់ខ្លួន​ម្នាក់ណាទេ។

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារក្រសួង​យុត្តិធម៌​លីបង់​បាន​បញ្ជាក់​សាជាថ្មី​ថា លោក​ការឡូស ហ្គោន ជាជន​ជាតិ​លីបង់ ដែល​មានសិទ្ធិ​ទទួល​បាន​ការយកចិត្តទុកដាក់​ដូចប្រជាជន​លីបង់ទូទៅ។ ម្យ៉ាងទៀត ការវិលត្រលប់​ចូល​ទឹកដី​លីបង់ របស់​លោកការឡូស ហ្គោន ធ្វើឡើង​ដោយ​ស្របច្បាប់។ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​លីបង់វិញ បាន​អំពាវនាវ​សុំ​ឲ្យ​ប្រធានាធិបតី​លីបង់ សហការ​ជាមួយ​តុលាការ​ជប៉ុន ដើម្បី រក្សា​ទំនាក់ទំនង ល្អ​ជាមួយ ទីក្រុង​តូក្យូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ