អានតួអត្ថបទ
អ៊ីរ៉ង់-អាកាសចរណ៍

យន្តហោះ​ដឹក​អ្នកដំណើរ​របស់​អ៊ុយក្រែន​ធ្លាក់​នៅ​តេហេរ៉ង់

យន្តហោះ​របស់Ukraine International Airlines flight PS752 ធ្លាក់​នៅ​ក្រុង​តេហេរ៉ង់​
យន្តហោះ​របស់Ukraine International Airlines flight PS752 ធ្លាក់​នៅ​ក្រុង​តេហេរ៉ង់​ Iran Press/Handout via REUTERS

ទន្ទឹម​ពេល​ដែល​​​អ៊ីរ៉ង់បាន​មីស៊ីល​លើ​មូលដ្ឋានទ័ព​យោធា​អាមេរិក ស្រាប់​តែ​មាន​​​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍អន្តរជាតិ​​អ៊ុយក្រែន​ ប្រភេទ​ប៊ូអ៊ីង ៧៣៧ បាន​ធ្លាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោយពី​បាន​​ហោះ​ចេញ​​ពីអាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ បាន​បន្តិច។ មាន​ស្លាប់​ ១៧៦​នាក់។ នេះ​បើ​តាម​ប្រភព​ផ្លូវការ​អ៊ុយក្រែន​និង​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

យន្តហោះប៊ូអ៊ីង ៧៣៧ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅក្រុង​គៀវ ​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​អន្តរជាតិ​អ៊ុយក្រែន មាន​ផ្ទុក​អ្នក​ដំណើរ​១៦៧​នាក់ (ពលរដ្ឋ​​អ៊ីរ៉ង់​៨២​នាក់​ កាណាដា៦៣​នាក់ អ៊ុយក្រែន​១១នាក់ ស៊ុយអែត​១០​នាក់ អាហ្វហ្កានីស្ថាន​បួននាក់ អាល្លឺម៉ង់បីនាក់​និ​ងអង់គ្លេស​បីនាក់ ក្នុង​នោះ​១១​នាក់​ជា​កុមារនិង​៩​នាក់​ជា​អ្នក​បំរើការ​លើយន្តហោះ​និង​ជា​អ្នក​បើក) ត្រូវ​បាន​ធ្លាក់ នៅ​ពេល​ហោះ​ឡើង​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ​គ្មាន​ជន​ណា​ម្នាក់​បាន​រួច​ជា​ជីវិត​ទេ​។ ​ប្រអប់​ខ្មៅ​ទាំង​ពីរ​ ដែល​ថត​គ្រប់​សកម្មភាព​យន្តហោះ​ ត្រូវ​បាន​រក​ឃើញ​ភ្លាម​ដែរ និង​បញ្ជូន​ទៅ​​សិក្សា​វិភាគ​​រក​មូល​ហេតុ​នៃ​គ្រោះថ្នាក់។

​​ទូរទស្សន៍​ជាតិ​​អ៊ីរ៉ង់ ដែល​​ពុំបាន​លម្អិត​ព័ត៌មាន​​អ្វី​ទាំង​អស់ បាន​ប្រកាសភ្លាម​​ថា គ្រោះថ្នាក់​ធ្លាក់​យន្តហោះនេះ​ ទំនង​បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេស​ យន្តហោះ​បាន​ឆេះ​មុននឹង​ផ្ទុះ ដែល​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​និងភាព​តានតឹង​ក្នុង​តំបន់​ទេ។ ស្ថាន​ទូតអ៊ុយក្រែនប្រចាំ​ក្រុង​តេហេរ៉ង់​​ក៏​បាន​បញ្ជាក់​ព័ត៌មានភ្លាម​ដូច​គ្នា​ដែរ​ថា​យន្តហោះ​មាន​បញ្ហាម៉ាស៊ីន មិនមែន​រងគ្រោះ​ដោយ​​សកម្មភាព​​វាយប្រហារ​ភេរវកម្ម​ឡើយ។

​ប្រធានាធិបតី​អ៊ុយក្រែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​ជនរងគ្រោះ និង​បាន​ព្រមាន​អំពីករណី​​បំប៉ោង ឬ​ផ្សព្វផ្សាយ​​ព័ត៌មានមិន​ត្រឹម​ត្រូវ​ទាក់ទង​នឹង​គ្រោះ​ថ្នាក់ធ្លាក់​យន្តហោះ​នេះ។

ប៉ុន្តែ​ភា​ពមន្ទិល​នៅ​មាន​ច្រើន​ដដែល។ បើ​តាមសេចក្តី​ថ្លែងការណ៍​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន​ ​យន្តហោះ​ប៊ូអ៊ីង ៧៣៧​​ដែល​ធ្លាក់​នេះ ជា​យន្តហោះ​ថ្មីស្រឡាង ទើប​ផលិត​ចេញ​ពី​រោងចក្រ​ នៅ​ឆ្នាំ​២០១៦ និងទើប​ឆ្លងកាត់​ការ​ត្រួត​ពនិត្យ​បច្ចេកទេស​សុវត្ថិភាព​ កាលពី​ថ្ងៃ​ទី ៦​មករា ២០២០ ម្សិលម្ង៉ៃ​នេះ​ទេ។ បើ​តាម​អ្នក​ជំនាញ​អាកាសចរណ៍​ លោក Stephen Wright សាស្ត្រាចារ្យ​នៅសាកលវិទ្យាល័យ Tempere ​ ប្រទេស​ហ្វាំងឡង់ លោកមិន​ជឿ​ពាក្យ​ចចាម​អារាម​ថា​យន្តហោះ​ធ្លាក់​ដោយ​ត្រូវ​គ្រាប់។ សម្រាប់​លោក យន្តហោះបាន​ហោះ​​ឡើង​ក្នុង​ទិសដៅ​ល្អ មាន​ន័យ​ថាគ្រោះ​​​មហន្តរាយបាន​កើតឡើងយ៉ាង​ភ្លាម​ភ្លែត អាច​ជា​គ្រាប់​បែកផ្ទុះ ឬ​មាន​ករណី​ខូច​ម៉ាស៊ីនធ្ងន់ធ្ងរភ្លាមៗ។

ចរាចរណ៍ដឹក​ជញ្ជូន​អ្នក​ដំណើរ​​ចៀស​ផ្ទៃ​អាកាស​​អ៊ីរ៉ង់​និងអ៊ីរ៉ាក់

ក្រោយហេតុការណ៍​​ការ​បាញ់​មីស៊ីល​អ៊ីរ៉ង់​ និង​ការ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន​ភ្លាម សហព័ន្ធ​ ​​អាកាសចរណ៍​អាមេរិក​ ដែល​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ទាំង​មូល បាន​ចេញ​ប្រកាស​បញ្ជា​ មិន​ឱ្យក្រុម​អាកាសចរណ៍ស៊ីវិល/ដឹក​ជញ្ជូន​អ្នក​ដំណើរ​ចុះ​បញ្ជី​នៅ​អាមេរិក​ទាំង​អស់​​ ធ្វើ​​ការ​ហោះហើរ និង​ ​ ​​ធ្វើ​ចរាចរណ៍​លើ​ផ្ទៃ​អាកាស​អ៊ីរ៉ង់ អ៊ីរ៉ង់ និង​តំបន់​ឈូង​សមុទ្ទ​ឡើយ។

ក្រុមហ៊ុន​អាកាសចរណ៍​បារាំង Air France- Lufthansa របស់​អាល្លឺម៉ង់ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ផ្អាក​រាល់​គ្រប់​ការ​ហោះហើរ​ប្រចាំ​ថ្ងៃ​ទៅកាន់​អ៊ីរ៉ាក់​និង​​អ៊ីរ៉ង់។ Dubaï Emirates flydubai បាន​លុប​ចោល​ជើង​ហោះ​ហើរ​ទៅ​បាកដាដ​អ៊ីរ៉ាក់​​ភ្លាម​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​រហូត​ដល់​មាន​បញ្ជា​ថ្មី​។

ក្រុមហ៊ុន​អាកាសចរណ៍​នៅ​អាស៊ី ផ្តើម​មុន​គេ​ដោយ​ Singapour Airlines បន្ទាប់​មក​ថៃ ម៉ាឡេស៊ី ស្រីលង្កា ឥណ្ឌា ... និង​វៀតណាម ពោល​គឺស្ទើរ​គ្រប់​ក្រុមហ៊ុន​ទាំង​អស់ ​បាន​សម្រេច​ចិត្តបង្វៀង​ផ្លូវ។ ​ ការ​​​ដឹកជញ្ជូន​អ្នក​ដំណើរ​ពី​អឺរ៉ុប​ទៅ​អាស៊ី ឬ​ពី​អាស៊ី​មកអឺរ៉ុប ក៏​ត្រូវ​បាន​ប្តូរ ដោយ​បើក​ចៀស​តំបន់​ដែន​អាកាស​អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​តំបន់​ឈូង​សមុទ្ទ​ (អស្ថិរភាព)។ ក្រុមហ៊ុន​អាកាសចរណ៍​ កង់តាស​អូស្រ្តាលី សម្រេច​ហោះ​ហើរ​កាត់​អាស៊ី​ ជា​ជាង​កាត់​តំបន់​ដើម​បូព៌ា បើ​ទោះ​បី​ជា​ថែម​ពេល​វេលា​ក៏​ដោយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ