អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋអាមេរិក

កូរ៉េខាងជើង​ថា នឹង​អាច​ចរចាឡើងវិញ បើសិន អាមេរិក​ឆ្លើយតប​តាម​ការចង់​បាន​របស់ខ្លួន

ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​ឆ្លៀត​ទៅ​ចាប់ដៃ លោក​គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅ​ព្រំដែន​កូរ៉េ​ទាំងពីរ កាលពី​ថ្ងៃទី ៣០​មិថុនា ២០១៩
ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​ឆ្លៀត​ទៅ​ចាប់ដៃ លោក​គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅ​ព្រំដែន​កូរ៉េ​ទាំងពីរ កាលពី​ថ្ងៃទី ៣០​មិថុនា ២០១៩ ©REUTERS/Kevin Lamarque/File Photo

កូរ៉េខាងជើង នៅថ្ងៃ​សៅរ៍នេះ បាន​អះអាងថា ខ្លួន​បាន​ទទួល​សំបុត្រ អាមេរិក ដែលនៅក្នុងនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​សរសេរ​ជូនពរ​ថ្ងៃ​កំណើត មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន។ យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីថ្លែងការណ៍ ចុះផ្សាយ ដោយ​ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងជើង KCNA ទីប្រឹក្សា​ក្រសួងការបរទេស កូរ៉េខាងជើង បាន​ព្រមានថា សំបុត្រ​មួយច្បាប់​របស់​លោកដូណាល់ ត្រាំ នឹង​មិនគ្រប់គ្រាន់ បញ្ចុះបញ្ចូល​កូរ៉េខាងជើង ឲ្យ​ត្រលប់​ទៅ ចរចា ជាមួយ​អាមេរិក​ដូចមុន​នោះទេ។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ ដែល​ទីភ្នាក់ងារព័ត៌មាន​KCNA ចុះផ្សាយ នៅថ្ងៃ​សៅរ៍នេះ ទីប្រឹក្សា ក្រសួង​ការបរទេស​កូរ៉េខាងជើង លោក គីម គីគាន់ Kim Kye Gwan បាន​អះអាងថា មេដឹកនាំ​កូរ៉េខាងជើង​បាន​ទទួល​សំបុត្រ​ជូនពរ​ថ្ងៃ​កំណើត ពី​លោកដូណាល់ ត្រាំ។ តាមមន្រ្តី​ជាន់ខ្ពស់​កូរ៉េខាងជើង ដូច​ពិភពលោក​បាន​ដឹងលឺ ទំនាក់ទំនង​ផ្ទាល់​ខ្លួន រវាង​លោកគីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ គឺ​មិន​អាក្រក់​នោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទីប្រឹក្សា​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​វាយតម្លៃថា វាជា​ការគិត​ខុស ដែល​គេ​សង្ឃឹមថា ព្យុងយ៉ាង​នឹង​អាច​ត្រលប់​ទៅ​ចរចា​ឡើងវិញ ដោយសារ​តែ​ទំនាក់ទំនង កក់ក្តៅ ផ្ទាល់ខ្លួន រវាង​មេដឹកនាំ​កូរ៉េខាងជើង ជាមួយ លោកដូណាល់ ត្រាំ ព្រោះថា មេដឹកនាំ​កូរ៉េខាងជើង ជាអ្នកតំណាង និង​ការពារ​ផលប្រយោជន៍​របស់​រដ្ឋកូរ៉េខាងជើង។

នៅក្នុង​សេចក្តីថ្លែងការណ៍ មន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើង​បាន​សំដែង​ផងដែរ ការខកចិត្ត នឹង​អាមេរិក ដែល​បាន​ទាក់ទាញ​កូរ៉េខាងជើង ឲ្យ​ចូលរួម​ក្នុង​ការចរចា អស់​ជាង ១ឆ្នាំ​កន្លះ។ សម្រាប់ ទីប្រឹក្សា​ក្រសួងការបរទេស​កូរ៉េខាងជើង វាជា​ការខាតបង់​ពេលវេលា​គ្មានប្រយោជន៍។

មេដឹកនាំ​កូរ៉េខាងជើង បាន​បើកជំនួបកំពូល ដល់​ទៅ ២លើក​ជាមួយ ប្រធានាធិបតី​អាមេរិក នៅ​ទីក្រុង​សិង្ហបុរី ផង និង​ នៅ​ទីក្រុង​ហាណូយ ប៉ុន្តែ គ្មាន​បាន​ចេញ​ជា​លទ្ធផល​អ្វីនោះទេ។ការចរចា​ចុងក្រោយ រវាង​មន្រ្តី​កូរ៉េខាងជើង និង​អាមេរិក កាលពី​ខែ​តុលា ឆ្នាំមុន នៅ​ប្រទេស​ស៊ុយអែត ក៏​ជួប​បរាជ័យ​ម្តង​ទៀត បន្ទាប់​ពី​អាមេរិក​បដិសេធ​មិន​យល់ព្រម​ធ្វើតាម កូរ៉េខាងជើង ដែល​បាន​ទាមទារ​ចង់​ឲ្យ​អាមេរិក​ដកចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង។

សម្រាប់ ទីប្រឹក្សា​ក្រសួងការបរទេស​កូរ៉េខាងជើង ដោយសារ​តែ​បទពិសោធន៍ មិន​ល្អ កន្លងមក កូរ៉េខាងជើង នឹង​មិន​ត្រលប់​ទៅ​ចរចា និង​មិន​យល់ព្រម​ងាយងាយ បិទ​ទីតាំង​នុយក្លេអ៊ែរ ដូច​ដែល​កូរ៉េខាងជើង​ធ្លាប់​បាន​ធ្វើ នៅក្នុង​ការចរចា នៅ​ប្រទេស​វៀតណាមកន្លងមក​នោះទេ។ កូរ៉េខាងជើង​អាច​នឹង​បើក​ការចរចា ដរាបណា អាមេរិក យល់ព្រម ធ្វើ​តាម​ការទាមទារ​ចង់បាន កន្លងមក របស់​កូរ៉េខាងជើង។

សម្រាប់ មន្រ្តី​កូរ៉េខាងជើង  គេ​ដឹងច្បាស់​ថា អាមេរិក​នៅមិនទាន់ ត្រៀមខ្លួន និង មិន​អាច​ធ្វើតាម​ការចង់​បាន​របស់​កូរ៉េខាងជើង​នោះទេ។ ដូច្នេះ កូរ៉េខាងជើង​ដឹងថា ផ្លូវ ណា​ដែល​ខ្លួនត្រូវដើរ ហើយត្រូវ​ដើរទៅមុខ​បន្តទៀត។

សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ក្នុង​ជួរគណបក្ស​កុម្មុយនិស្ត​កូរ៉េខាងជើង កាលពី​ខែ ធ្នូ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បាន​ប្រកាស​ចាប់ផ្តើម ឡើងវិញ សកម្មភាព​បាញ់​សាកល្បង គ្រាប់បែក​នុយក្លេអ៊ែរ ហើយនិង មីស៊ីល​បាលីស្ទិក។ មេដឹកនាំ​កូរ៉េខាងជើង​បាន​គំរាមផងដែរ ថា នឹង​បង្ហាញ ឲ្យ​ពិភពលោក​បាន​ឃើញ អាវុធ យុទ្ធសាស្រ្ត ថ្មីចុងក្រោយ​របស់​កូរ៉េខាងជើង ក្នុង​ពេល​ឆាប់ៗខាងមុខ៕

(ដកស្រង់ព័ត៌មានពីAFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ