អានតួអត្ថបទ
ថៃ

ពលរដ្ឋ​ថៃ១ម៉ឺន​នាក់ រៀបចំការរត់ប្រណាំង ប្រឆាំងនឹងអំណាចផ្តាច់ការ

ការ​រត់​ប្រណាំង​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​នៅ​ទីក្រុង​បាងកក ថ្ងៃទី ១២ មករា ២០២០
ការ​រត់​ប្រណាំង​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​នៅ​ទីក្រុង​បាងកក ថ្ងៃទី ១២ មករា ២០២០ © Reuters

ពលរដ្ឋ​ថៃ​រាប់​សិប​ពាន់​នាក់ បាន​នាំ​គ្នា​ចូល​រួម​រត់​ប្រណាំង នៅ​ទីក្រុង​បាងកក ដើម្បី​ប្រឆាំង​នឹងអំណាច​​ផ្តាច់ការ​។ នេះ​ជា​ទម្រង់​នៃ​បាតុកម្មទ្រង់ទ្រាយ​ធំ​បង្អស់​មួយ ប្រឆាំង​នឹង​រដ្ឋាភិបាល គិត​ចាប់​តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​បាន​រុញ​លោកឧត្តមសេនីយ៍​ប្រាយុទ្ធ​ចាន់អូចា ឱ្យ​ឡើង​កាន់​អំណាច មុន​​ក្លាយ​ជា​មេដឹកនាំ​រដ្ឋាភិបាលបែប​​ស៊ីវិល​វិញមក។

ផ្សាយពាណិជ្ជកម្ម

ភាគ​ច្រើន​ជា​យុវជនយុវតី​ក្មេងៗ អ្នក​ចូល​រួម​រត់​ប្រណាំង​មាន​គ្នា​ប្រមាណ​១ម៉ឺ​ន​នាក់ និង​បាន​មក​ជួប​ជុំ​គ្នា​តាំង​ពី​ព្រឹក​ព្រលឹម​ នៅក្នុង​ឧទ្យាន​មួយ​នៃ​ទីក្រុង​បាងកក។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​អ្នក​រៀប​ចំ​កម្មវិធី។ ក្នុង​ពេល​រត់ អ្នក​ចូល​រួម បាន​នាំ​គ្នា​ស្រែក​ជ័យឃោស ​​ទាមទារ​និង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ស្រែក​បណ្តេញ​លោក ប្រាយុទ្ធ​ ចាន់​អូចា និង​លើកម្រាម​ដៃ​បី​ឡើង​ទៅ​លើ ជា​សញ្ញា​ថា​ពួកគេ​ភ្ជាប់​ខ្លួន​ជា​សកម្ម​ជន​ “ទៅ​មុខ​ដើម្បី​អនាគត” បក្ស​នយោបាយ​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​បក្ស​ប្រឆាំង​ធំៗ​នៅក្នុងប្រទេស។

តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក ពុំ​ដែល​មាន​ទេ​ការ​ប្រមូល​ផ្តុំ​​ក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នេះ​។ កាលពី​ខែ​ធ្នូ ក្រោម​ការ​អំពាវនាវ​របស់​លោក​ ថាណាថន ប្រធាន​គណបក្ស ​“​ដើម្បី​អនាគត” មាន​ពលរដ្ឋ​ថៃ​ប្រមាណ​ពីរ​បី​ពាន់​បាន​មកជួប​ផ្តុំ​គ្នា​។ មហាសេដ្ឋី​វ័យក្មេង​ ថាណាថន ក៏​បាន​ចូល​រួម​ក្នុង​កម្មវិធី​រត់​ប្រណាំង​ថ្ងៃ​នេះ​ដែរ។ លោកបាន​អះអាង​ថា នេះ​គឺ​ដំណាក់​កាល​ដំបូង​នៃ​ការ​ប្តូរផ្លាស់​ជា​ទូទៅ​របស់​ប្រទេស។ សេដ្ឋកិច្ច​មាន​វិបត្តិ​ គ្មាន​សេរីភាព​នយោបាយ​ ប្រជាពលរដ្ឋ​មិន​អាច​អត់​ទ្រាំ​នឹង​រដ្ឋាភិបាល​នេះ​បាន​ទៀត​ទេ !

គ្រាន់​តែ​បាន​ចូល​ប្រលូក​ក្នុង​នយោបាយ លោក​​ថាណាថន​ មាន​​ប្រជាប្រិយភាព​ខ្ពស់ ក្លាយ​ជា​ចរន្ត​នយោបាយ​លំដាប់​ទី​បី និង​ប្រមូល​សំឡេង​គាំទ្រ​បាន​ជាង​៦​លាន​សំឡេង នៅក្នុង​សម័យ​បោះឆ្នោត​សភា​កាលពី​ឆ្នាំ​២០១៩ ប៉ុន្តែ​លោក​ក៏​ជា​ផ្ទាំង​ស៊ីប​នៃ​វាយប្រហារ​របស់ក្រុមយោធា​មហា​អភិរក្ស​និយម​បំផុតផង និង​ពី​អាជ្ញាធរ​តុលាការ​ផង ជាមួយ​នឹង​​សំណុំ​រឿងចោទ​ប្រកាន់​​​ជា​ច្រើន​។ តុលាការ​បាន​ដក​ហូត​តួនាទីលោក​​ជា​សមាជិក​សភា​កាលពី​ខែ​វិច្ឆិកា។ ចំណែក​តំណាង​រាស្ត្រ​​របស់​គណបក្សនេះ​ ចំនួន​៨០​រូប​ទៀត ​អាច​នឹង​ត្រូវ​តុលាការ​សម្រេច​នៅ​ថ្ងៃ​ទី ២១​​មករា ដក​ហូត​តំណែង​ទៀត ព្រោះ​​​គណបក្ស​អនាគតថៃ​​កំពុង​ជាប់​ចោទ​ថា​ប៉ុនប៉ង​ផ្តួល​រលំ​របបរាជានិយម​។

ក្រៅ​អំពី​បាតុកម្មប្រឆាំង​​ក្នុង​ទម្រង់​ជា​ការ​រត់​ប្រណាំង មានសកម្មជនរបស់​​រដ្ឋាភិបាល​ ​៣ទៅ​៤​ពាន់នាក់ ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃអាទិត្យ​នេះ​ដើម្បី​ការពារ​លោក​នាយករដ្ឋមន្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ