អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​ចិន​ទៅភូមា ដើម្បីសម្រេចផែនការផ្លូវមួយខ្សែក្រវ៉ាត់មួយ

សំឡេង ០៦:២៣
លោក Xi Jinping អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅភូមា មួយ​កញ្ចប់វិនិយោគ​រាប់​សិប​ពាន់​លាន
លោក Xi Jinping អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅភូមា មួយ​កញ្ចប់វិនិយោគ​រាប់​សិប​ពាន់​លាន Alexander NEMENOV / AFP

លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង កំពុង​ចាប់​ផ្តើម​ដំណើរទស្សនកិច្ច​ ជា​ផ្លូវការ​ រយៈពេល​ពីរ​ថ្ងៃ​ (១៧-១៨ មករា ២០២០) នៅ​ភូមា ដែល​ជា​ប្រទេស​គន្លឹះ​នៃ​គម្រោង​ ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន។ ការ​ស្ថាបនា​គន្លង​ផ្លូវ​សេដ្ឋកិច្ច​ភ្ជាប់​ចិន​ទៅ​នឹង​មហាសមុទ្ទ​ឥណ្ឌា ជា​ប្រធានបទ​ដែល​ប្រមុខ​ដឹកនាំ​ចិន​ត្រូវ​ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​ភូមា នាឱកាសនេះ។ ប៉េកាំង ជា​អ្នក​គាំទ្រ​នយោបាយ​របស់​​រដ្ឋាភិបាល​ភូមា ដែល​ឯកាកាន់​តែ​ខ្លាំង​​លើ​ឆាក​​​អន្តរជាតិ ក្រោយ​ពី​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាមក ប៉ុន្តែ​ជាមួយ​នឹង​ផែនការ​វិនិយោគគ្រាក់ៗ តម្លៃ​​រាប់​សិប​ពាន់​លាន​ដុល្លារ ចិន​កំពុង​ធ្វើ​ឱ្យ​​​ភូមា​រស់​រំពឹង​លើ​​ឥទ្ធិពល​ខ្លួន​​កាន់​តែ​ខ្លាំង​ឡើង​ៗ។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​លោកប្រធានាធិបតី​ចិន ធ្វើ​ដំណើរ​មក​ប្រទេស​ភូមា។ លើក​ទីមួយ​កាលពីឆ្នាំ​២០០៩។

ទស្សនកិច្ច​ចំ​ថ្ងៃ​ខួប​ ៧០​ឆ្នាំ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ចិន-ភូមា មាន​កម្មវត្ថុ​ចំបង​មួយ​បំផុត​គឺ​ពន្លឿន​ផែនការ​អភិវឌ្ឍ និង​ទម្លាយ​ឧបសគ្គ​ដែល​រាំង​ស្ទះ​គម្រោង​​​សាង​សង់​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី “ផ្លូវមួយ​ខ្សែក្រវ៉ាត់” ឬ​ផ្លូវ​សូត្រ។

បង្កើត​តំបន់​ឧស្សាហកម្ម​និង​កំពង់ផែ​

នៅ​ថ្ងៃនេះ ដើម្បី​សម្រេច​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ចការទូតចិន-ភូមា​ លោក ស៊ី ជីនពីង បាន​កាន់​មក​ជាមួយ​នូវ​កញ្ចប់​ថវិកា ​រាប់​សិប​ពាន់​លាន​ដុល្លារ ដោយ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងខ្លឹមៗ​បំផុត ៖ គឺ​គម្រោង​​បង្កើត​​តំបន់​ឧស្សាហកម្ម​ និង​កំពង់ផែ ​ក្នុង​រដ្ឋ​អារ៉ាខាន ប៉ែក​ខាង​លិច​ប្រទេស និង​ក្នុង​ទំហំ​ទឹក​ប្រាក់ ១ពាន់​បីរយ​លាន​ដុល្លារ​។

តំបន់​នេះ​ជា​សមរភូមិ​ប្រយុទ្ធ​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយមរ៉ូហ៊ីងយ៉ា​មែន ប៉ុន្តែ​ខាង​អាជ្ញាធរ​បាន​ចេញ​ក្រិត្យប្រកាស​​ជា​តំបន់​​វិនិយោគ។ ​ក្រុម​លោក​ខាង​លិចមិន​ទទួល​យកសំណើរនេះ​ទេ តែ​ចិន​ស្វាគមន៍។

បន្ថែម​ពី​លើ​នេះ ចិនចង់​បង្ហើយ​​កិច្ចព្រមព្រៀង​​សាង​សង់​ផ្លូវរថភ្លើង​​ប្រវែង ១៧០០​គីឡូម៉ែត្រ​ ភ្ជាប់​ពី​ក្រុង​កំពង់ផែ​ Kyaukpyu របស់​ភូមា ទៅ​កាន់​ក្រុង​Kumming នៃ​ខេត្ត​យូណាម​របស់​ចិន។ គម្រោង​នេះ​ជាការ​ពង្រឹង​សេដ្ឋកិច្ច​តំបន់ខាង​លិច​ភូមា​​ តែ​ផ្លូវ​រថភ្លើង​ ត្រូវ​ឆ្លងកាត់​តំបន់​ភ្នំ​ភាគខាង​ជើង​ប្រទេស​ភូមា​ផង តំបន់​អសន្តិសុខ​ដែលកាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ភូមា​ជា​ច្រើនក្រុមនៅ​រ៉ាឃីនផង មុន​នឹង​ទៅ​ដល់​ព្រំដែន​ចិន​​។ ​ ប៉ុន្តែ​​ផ្លូវ​នេះ​ជា​ច្រក​សេដ្ឋកិច្ច​ប្រកបដោយ​យុទ្ធសាស្ត្រ​ដ៏​សំខាន់សម្រាប់​ចិនអាច​​ឆ្លង​​កាត់​ត្រង់​ទៅ-មក​​មហាសមុទ្ទ​​ឥណ្ឌា។

ទំនប់​វារី​អគ្គីសនី នៅ​រដ្ឋ​កាឈីន

នេះ​ជា​គម្រោងមហាសំខាន់​មួយ​ទៀត​របស់​ចិន ដែល​​លោកស៊ីជីនពីង ពិត​ជា​នឹង​សាកល្បង​ ទម្លាយ​បញ្ហា​ឱ្យ​បាន​ នា​ឱកាសនេះ។ ​ទំនប់​វារីអគ្គីសនី​នៅ​រដ្ឋ​រាឃីន ​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ណាស់ ដោយ​ធ្វើ​ឱ្យ​​បាត់​បង់​ផ្ទៃ​ទឹក​អស់​ទំហំ​ប៉ិន​ប្រទេស​សិង្ហបុរី​មួយ​ទាំង​មូល និង​ធ្វើ​ឱ្យ​ទន្លេ​អាយេយ៉ាវ៉ាឌី ខូចខាត​​មិន​អាច​ស្តារ​បាន​ឡើយ​។ គម្រោង​នេះ​ ជា​កិច្ចសន្យា​តម្លៃ​៣៦០០​លាន​ដុល្លារ ចុះ​​កិច្ចព្រមព្រៀងដោយ​​រដ្ឋាភិបាល​សឹកភូមា​ជាមួយ​ចិន កាលពីឆ្នាំ​២០០៩។ លោកស្រី​អ៊ុងសានស៊ូជី ធ្លាប់បាន​ប្រឆាំង​នឹង​គម្រោង​នេះ​ដែរ​ កាលនៅ​ជា​បក្ស​ប្រឆាំង ប៉ុន្តែ​ពេល​នេះ និង​ជាក់​ស្តែង​កាលពី​សប្តាហ៍​មុន​ ក្នុង​ពេល​អញ្ចើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅភាកខាង​ជើង​ប្រទេស​ លោក​ស្រី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ពិចារណា​ឡើង​វិញ​។ ​ចិនដែល​មិន​ដែល​បោះបង់​គម្រោង​មួយ​នេះ​ឡើយ ​បន្ត​បញ្ចុះ​បញ្ចូល​​រដ្ឋាភិបាល​ភូមា​តែ​រហូត។ ​ ដូច្នេះ​ប្រសិន​បើ​ គម្រោង​សាងសង់​ទំនប់​វារីអគ្គីសនី ចាប់​ផ្តើម​ឡើង​វិញ​មែន នោះ​ពិត​ជា​មហន្តរាយ​ធំ​ ​ជាការ​ដើរ​ថយក្រោយ និង​នាំអប្រជាប្រិយភាព​ខ្លាំងដល់ភូមាដែល​ត្រូវ​រៀប​ចំ​​បោះឆ្នោត​សភា​​នៅ​ចុង​ឆ្នាំ​២០២០​នេះ​ផង។

​ភូមា​រំពឹង​លើ​ចិន​កាន់​តែ​ខ្លាំងឡើងៗ

ចិន​និង​ភូមា មាន​ប្រវត្តិ​ទាក់​ទង​គ្នា​តាំង​ពី​យូរ​លង់​មក​ហើយ ! ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អន្តរជាតិ​លើ​រដ្ឋាភិបាល​សឹក​ ដែល​មិន​ព្រមទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឆ្នាំ​១៩៩០ បាន​បើក​ផ្លូវ​ឱ្យ​អ្នក​វិនិយោគ​ចិន​បាន​ឱកាស​ចូល​មក​រកស៊ី​នៅភូមា។ ហើយ​ក្រោយ​ទណ្ឌកម្ម​របស់​លោក​ខាង​លិច ប្រឆាំង​នឹង​សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ ភូមា​បើក​ទ្វារ​កាន់​តែ​ធំ​ទទួល​លុយ​ចិន​​ជា​ច្រើន​សិប​ពាន់​លាន​ដុល្លារ ក្នុង​ទម្រង់​ជា​​វិនិយោគ​។

នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ពីរ​ថ្ងៃ​នេះ​ ក្រៅ​អំពី​ពង្រឹង​តួនាទី​ ជា​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់ ជា​ប្រទេស​វិនិយោគ​លំដាប់​លេខ​មួយ​នៅ​ភូមា ព្រមទាំង​សំណើ​បើក​ច្រក​សេដ្ឋកិច្ច​ចិន-ភូមា​ ភ្ជាប់​ទឹកដី​ចិន​ទៅ​នឹង​មហាសមុទ្ទ​ឥណ្ឌា ក្នុង​ក្របខ័ណ្ឌ​នៃ​ការសាង​ផ្លូវសូត្រ​ថ្មី​ លោកប្រធានាធិបតីចិន ​បាន​សន្យាធ្វើ​​វិ​និយោគ​ ក្នុង​វិស័យ​ជា​ច្រើន​ទៀត ក្នុង​ទំហំ​រាប់​សិប​ពាន់​លានដុល្លារ​ក្នុង​ពេញ​ផ្ទៃ​ភូមា។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សម្រាប់​អ្នក​វិភាគជា​ច្រើន ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ីជីនពីងនៅភូមា​លើក​នេះ ជា​តំណាង​ហានិភ័យ​ដ៏​ធំធេង​សម្រាប់​ប្រទេស​ និង​ធ្វើ​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​ ភូមា​រំពឹង​កាន់​តែ​ខ្លាំងឡើងៗ​​លើ​ចិន។ បើរំពឹង​ខ្លាំង​ពេក​លើ​ចិន នោះ​យូរ​ទៅ​នឹងក្លាយ​ជា​គ្រោះ​ថ្នាក់។​ ស្រីលង្កា ជា​​ឧទាហរណ៍​ជាក់​ស្តែង​ដែល​កើត​ឡើង​រួច​ទៅ​ហើយ។ ដើម្បី​កាត់​បន្ថយ​បំណុល ​ស្រីលង្កា បាន​ចុះ​កិច្ចព្រមព្រៀង និង​ប្រគល់​​ភាព​ជា​អ្នក​គ្រប់គ្រង​កំពង់ផែ​ជាតិ​ ទៅ​​ឱ្យ​ក្រុមហ៊ុន​ចិន ​សម្រាប់​រយៈពេល​៩៩ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ