អានតួអត្ថបទ
អ៊ីរ៉ង់

ប្រមុខ​សាសនា​អ៊ីរ៉ង់ប្រាប់កុំឲ្យគេភ្លេច​​​វីរភាព​របស់មេទ័ព សូឡីម៉ានី ដោយសារតែសោកនាដកម្ម​ធ្លាក់យន្តហោះ

ប្រមុខដឹកនាំ​កំពូល​របស់​សាសនា​អ៊ីរ៉ង់ លោក​អាលី ខាមេណី Ali Khamenei ថ្លែងសុន្ទរកថា នៅក្នុង​ពិធីសូត្រធម៌ ដែល​លោក​ដឹកនាំ​ធ្វើ​ជា​លើកទី ១ ចាប់តាំង​ឆ្នាំ ២០១២ នៅថ្ងៃ ទី ១៧​មករា ២០២០
ប្រមុខដឹកនាំ​កំពូល​របស់​សាសនា​អ៊ីរ៉ង់ លោក​អាលី ខាមេណី Ali Khamenei ថ្លែងសុន្ទរកថា នៅក្នុង​ពិធីសូត្រធម៌ ដែល​លោក​ដឹកនាំ​ធ្វើ​ជា​លើកទី ១ ចាប់តាំង​ឆ្នាំ ២០១២ នៅថ្ងៃ ទី ១៧​មករា ២០២០ ©Official Khamenei website/Handout via REUTERS

នៅថ្ងៃ​សុក្រនេះ នៅក្នុង​ពិធីសូត្រធម៌ ដែលលោក​ចេញមុខ​ដឹកនាំ​ជា​លើកទី ១ ចាប់តាំង​ពី​ឆ្នាំ ២០១២ ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ង់ លោក​អាលី ខាមេណី បានបញ្ជាក់​ជាថ្មី ជំហរ​ម៉ឺងម៉ាត់​របស់​អ៊ីរ៉ង់ នៅចំពោះ​មុខ​ក្រុមប្រទេស​លោកខាងលិច។ ប្រមុខ​សាសនា​អ៊ីស្លាម ដ៏មាន​ឥទ្ធិពល​នៅ​អ៊ីរ៉ង់​ទទួល​ស្គាល់​សោកនាដកម្ម​ធ្លាក់​យន្តហោះ​អ៊ុយក្រែន ប៉ុន្តែ ជាមួយ​គ្នានោះ លោក​បានអំពាវនាវ​ប្រាប់​កុំ​ឲ្យ​គេ​ភ្លេច ពី​ការបូជាជីវិត របស់​មេទ័ព កាសេម សូឡីម៉ានី ដែល​ត្រូវ​យន្តហោះ​ដ្រូន​អាមេរិក បាញ់​សម្លាប់ នៅ​ដើម​ខែ​នេះ នៅ​ប្រទេស​អ៊ីរ៉ាក់។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពិធី​សូត្រធម៌ ដ៏ធំ កម្រ​មាន នៅទីក្រុង​តេហេរ៉ង់ ប្រមុខ​ដឹកនាំ​សាសនា​កំពូល​របស់​អ៊ីរ៉ង់ បានបញ្ចេញមតិ របស់​លោក​ទៅលើ​ព្រឹត្តិការណ៍ ដែល​កំពុង​រញ្ជួយរដ្ឋាភិបាល អ៊ីរ៉ង់ នោះ គឺ​ការបាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន ហើយនិង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

នៅថ្ងៃ​សុក្រ ប្រមុខ​ដឹកនាំ​កំពូល​នៃ​សាសនា​អ៊ីស្លាម អ៊ីរ៉ង់ លោក​អាលី ខាមេណី បាន​សម្តែង​ការចូលរួម​ទុក្ខសោក​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់ ធ្លាក់​យន្តហោះ​អ៊ុយក្រែន ដែល​កើតឡើង​មកពី​ការបាញ់​មីស៊ីល​ច្រឡំ របស់​កងទ័ព​អ៊ីរ៉ង់។ សម្រាប់​លោក​អាលី ខាមេណី រឿងបាញ់ទម្លាក់យន្តហោះ​អ៊ុយក្រែន ជាសោកនាដកម្ម​ដ៏ល្វីងជូរចត់មែនហើយ​សម្រាប់​អ៊ីរ៉ង់ ប៉ុន្តែ ជាមួយ​គ្នានោះ គេ​មិនត្រូវ​យក​រឿងនេះ មក​បិទបាំង វីរភាព និងការបូជាជីវិត​របស់​មេទ័ព​កាសេម សូឡីម៉ានី ដែល​ត្រូវ​យន្តហោះ​ដ្រូនអាមេរិក​បាញ់​សម្លាប់​កាលពី​ពេលថ្មីៗនេះទេ។

លោក​អាលី ខាមេណី ដែល​ជា​មេដឹកនាំ សាសនា​ដ៏មាន​ឥទ្ធិពល​ខ្លាំងជាងគេ​នៅអ៊ីរ៉ង់ និយាយ​ផងដែរ បន្តុះបង្អាប់ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ថា មិនមែន ជា​សំឡេងជា​ទូទៅ​របស់​ពលរដ្ឋ​អ៊ីរ៉ង់​នោះទេ។

សម្រាប់​លោក មនុស្ស​មួយចំនួន នៅ​អ៊ីរ៉ង់ បាន​បង្វែរ​យក​រឿង​បាញ់ទម្លាក់​យន្តហោះ​អ៊ុយក្រែន ទៅ បំប៉ោង ឲ្យ​ធំ ដើម្បី​ឲ្យ​គេ​ភ្លេច ស្នាដៃ វីរភាព​របស់​មេទ័ព សូឡីម៉ានី ដែលបើតាម​លោក បាន​បូជាជីវិត ការពារ​ព្រំដែន​អ៊ីរ៉ង់ ដើម្បី សន្តិសុខ ជាតិ​អ៊ីរ៉ង់។

ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ង់​ចង់​និយាយ​ដល់​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែលនៅក្នុង​នោះ បាតុករ ដែលភាគច្រើនជា​និស្សិត បាន​ហែក រូបលោក​មេទ័ព​សូឡីម៉ានី និង​និយាយ​ថ្កោលទោស ​រដ្ឋាភិបាល និង​កងទ័ព​បដិវត្ត​អ៊ីរ៉ង់ ថា​បាន​កុហក ចង់គេច​មិនទទួល​ខុសត្រូវ​លើ​ការបាញ់ទម្លាក់យន្តហោះ​អ៊ុយក្រែន ដែល​បានសម្លាប់ជីវិត​មនុស្ស ១៧៦នាក់ កាលពី​សប្តាហ៍មុន។

នៅថ្ងៃ​សុក្រ អាជ្ញាធរ​អ៊ីរ៉ង់​បាន​ប្រកាស​ថា ទៅតាម​ការទាមទារ ចង់​បាន​របស់​ប្រជាជន​អ៊ីរ៉ង់ គេ​នឹង​រៀបចំ បាតុកម្ម​នៅទូទាំងប្រទេស លើកលែង​តែ​នៅទីក្រុង​តេហេរ៉ង់ ដើម្បី គាំទ្រ បណ្តាញ ដ៏​សក្តិសិទ្ធិ​នៃ​សាធារណរដ្ឋអ៊ីរ៉ង់ ហើយ និង​កងទ័ព​ឆ្មាំបដិវត្តន៍ នៅចំពោះមុខ​សត្រូវដ៏ធំ គឺ​សហរដ្ឋអាមេរិក។ តាម​ក្រុមប្រឹក្សា​សម្របសម្រួល នៃ​ប្រព័ន្ធ​ឃោសនាការ​អ៊ីរ៉ង់ បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ធ្វើឡើង​ដើម្បី អបអរ ការប្រឹងប្រែង​មិន​ឈប់ឈរ របស់​កងទ័ព​មហាជន ជាពិសេស ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់។

តើមេដឹកនាំ​អ៊ីរ៉ង់​កំពុង​បែកបាក់ ប្រេះឆា ឬ​ក៏យ៉ាងណា? នៅក្រោយ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​ធ្វើឡើង​នៅក្រោយ ការបាញ់ទម្លាក់​យន្តហោះ អ៊ុយក្រែន ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រូហានី​ដែលមកពី​ក្រុមអ្នកនយោបាយ មិនជ្រុលនិយម បាន​ទទួលស្គាល់​ថា មាន​ការកើនឡើង​នៃ​វិបត្តិ​មិនទុកចិត្ត​ទៅ​លើ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់។ នៅ​ពេល​ការបោះឆ្នោត សភា កាន់តែ​ខិតចូលមកដល់ ថ្ងៃទី ២១​កុម្ភៈ លោក​ហាសាន់ រូហានី ដែល​កំពុង​ប្រឈម​នឹង​ការលំបាក ប្រមូល​សំឡេង គាំទ្រ ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ភាពតានតឹង​កាន់តែ​កើនឡើង ជាមួយ​អាមេរិក បាន​បង្ហាញ​ឆន្ទៈ​ចង់​ចរចា ជាមួយ ប្រទេស​លោកខាងលិច ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ។ ប៉ុន្តែ ប្រមុខ​ដឹកនាំ​សាសនា​កំពូល​របស់​អ៊ីរ៉ង់ បាន​ប្រកាស​រួចហើយថា បិទទ្វារ មិន​ចរចា​ដាច់ខាត​ជាមួយ អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ