អានតួអត្ថបទ
ចិន

កូរ៉ូណាវីរុស ទៅដល់អាមេរិក និងអាចបំផ្លែងខ្លួនឱ្យកាន់តែងាយឆ្លង

ភ្នាក់ងារ​សុខាភិបាល​ឥណ្ឌា​វាស់​កម្តៅ​សីតុណ្ហភាពអ្នក​ដំណើរមក​ពី​វូហាន​នៅ​ព្រលាន​យន្តហោះ​ក្រុង​Calcutta
ភ្នាក់ងារ​សុខាភិបាល​ឥណ្ឌា​វាស់​កម្តៅ​សីតុណ្ហភាពអ្នក​ដំណើរមក​ពី​វូហាន​នៅ​ព្រលាន​យន្តហោះ​ក្រុង​Calcutta AFP

ចំនួនមនុស្ស​ស្លាប់​ដោយ​មេរោគផ្លូវដង្ហើម​ថ្មី កូរ៉ូណាវីរ៉ុស​ បាន​ឡើង​ដល់​៩នាក់ គិត​ត្រឹម​ថ្ងៃពុធ​ទី ២២​មករា ២០២០។ ​ក្រសួង​សុខាភិបាល​ចិនបាន​ប្រកាស​បន្ថែម​ទៀត​ថា កូរ៉ូណាវីរុស ​អាច​បំផ្លែង​ខ្លួន​និងងាយ​ចម្លង​បំផុត​។ ចំនួន​អ្នក​ឆ្លងមេរោគ បាន​ឡើង​​ដល់រាប់​​រយ​នាក់ នៅក្នុង​ប្រទេស​ចិន និង​រកឃើញ​មាន​ការ​ឆ្លងមួយ​​ករណី នៅ​សហរដ្ឋ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង អង្គការ​សុខភាព​ពិភពលោក​ត្រូវ​បើក​ប្រជុំ​ជា​បន្ទាន់​នៅ​ថ្ងៃពុធ​នេះ ដើម្បី​កំណត់​ថា គួរ​ប្រកាស​អាសន្នសុខភាពសាធារណៈ​​កំរិត​អន្តរជាតិ​ឬ​យ៉ាងណា​នោះ កូរ៉ូណា​​វីរុស​​បាន​ធ្វើ​ដំណើរយ៉ាង​លឿន​ឆ្លង​ទ្វីប។ មាន​ករណី​ឆ្លងទី​មួយ ត្រូវ​បាន​រក​ឃើញ ​នៅសហរដ្ឋ​អាមេរិក លើ​បុរស​អាយុខ្ទង់​សាម​សិប​ឆ្នាំ រស់​នៅក្នុង​ក្រុង​Seattle ទើប​ត្រលប់​មក​ពី​​​ក្រុង​វូហាន ជា​ស្រុក​កំណើត​ កាលពី​ថ្ងៃទី ១៥​មករា។

មិន​តែ​ប៉ុណ្ណោះ ចំនួនមនុស្ស​ស្លាប់​បាន​ឡើង​ដល់​ទៅ​៩​នាក់ (៤​នាក់​កាលពី​ម្សិលមិញ) ឯតួលេខ​នៃ​ការ​ឆ្លង​បាន​កើន​ឡើង​​ឥត​ឈប់​ឈរ។ នៅក្នុង​សន្និសីទ​កាសែត​ ព្រឹកថ្ងៃពុធ ទី ២២​មករា ២០២០ នាទីក្រុង​ប៉េកាំង អនុរដ្ឋមន្ត្រីក្រសួង​សុខាភិបាល​​ចិន បាន​ប្រកាស​ថា​មានករណី​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ថ្មី​ លើ​អ្នក​ជំងឺ​ប្រមាណ​៤៤០​នាក់ ​ ពោលគឺ​ឡើង​ជាង​មួយ​រយ​នាក់​បើ​ប្រៀប​ធៀប​ទៅ​នឹង​តុល្យការមុន។ ករណី​ឆ្លង​ថ្មី ក៏​សង្កេត​ឃើញ​មាន​នៅ​កោះ​ ម៉ាកាវ។ ជា​សរុប​ ខេត្ត​ក្រុង​ចំនួន​ជិត​​ពាក់​កណ្តាល​របស់​ចិន រាប់​ទាំង ​សៀងហៃ និង​ប៉េកាំងផង សុទ្ធតែក៏​រង​ការ​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ថ្មី​នេះ​ដែរ។

ដោយនៅ​​វេលា​​នេះ ​ប្រជាពលរដ្ឋ​ចិន​រាប់​រយលាន​នាក់​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ជួប​ជុំ​គ្រួសារ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីផង វីរុស​ផ្លូវ​ដង្ហើម ដែល​​អាច​ចម្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​នេះ អាច​នឹង​បំផ្លែង​ខ្លួន​និងកាន់​តែ​ងាយ​ឆ្លង​។ នេះ​បើ​តាមប្រសាសន៍​របស់​​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចិន​ដដែល។

បន្ទាប់​ពី​មិនសូវ​អើពើ​នៅ​ពេល​មេរោគ​លេច​ចេញ​ភ្លាម​កាលពី​ខែ​ធ្នូ ប្រជាពលរដ្ឋ​ចិន​ទើប​ចាប់​ផ្តើម​យល់​អំពី​ហានិភ័យ​នៃ​មេរោគ​កូរ៉ូណាវីរុស ដោយ​នាំ​គ្នា​ពាក់​ម៉ាស និ​ងប្រើ​ផលិតផល​សម្លាប់​មេរោគ។ នៅ​តាម​ទីក្រុង​ធំៗ ម៉ាស​និង​ជែល​សម្លាប់មេរោគ លក់​ដាច់​អស់​គ្មាន​សល់​​ក្នុងស្តុក​ទៀត​ទេ។ អាជ្ញាធរ​ចិន​បាន​ប្រកាស​ចាត់​វិធានការ​ការពារ​មួយ​ចំនួន ដូច​ជា​បោសសម្អាត បាញ់​ខ្យល់​ បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​តាម​ព្រលាន​យន្តហោះ ស្ថានីយ៍​រថភ្លើង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា។ ម៉ាស៊ីន​វាស់​សីតុណ្ហភាព​អ្នក​ដំណើរ​ ក៏នឹង​អាចមាន​ដំឡើង​នៅតាម​មណ្ឌល​ដែល​មនុស្ស​ម្នា​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ