អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​បិទ​ច្រក​ចេញពី​​ទីក្រុង​ធំៗ២ ដើម្បី ទប់ស្កាត់​ការឆ្លងរីករាលដាល​នៃមេរោគកូរ៉ូណាវីរុស

សំឡេង ០៨:០៦
មន្រ្តីសាលាក្រុង​វូហាន នៅ​ក្រៅផ្សារលក់គ្រឿងសមុទ្រ​ដែលជាប្រភព​កើតចេញ​នៃមេរោគកូរ៉ូណាវីរុស នៅថ្ងៃទី ១០​មករា ២០២០
មន្រ្តីសាលាក្រុង​វូហាន នៅ​ក្រៅផ្សារលក់គ្រឿងសមុទ្រ​ដែលជាប្រភព​កើតចេញ​នៃមេរោគកូរ៉ូណាវីរុស នៅថ្ងៃទី ១០​មករា ២០២០ ©REUTERS/Stringer

ប្រឈម​នឹង​ការរីករាលដាល កាន់តែខ្លាំង​នៃ​មេរោគ កូរ៉ូណាវីរុស អាជ្ញាធរ​ចិន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​សម្រេច​បិទ​មធ្យោបាយ ធ្វើដំណើរ តាម​រថភ្លើង និង​យន្តហោះ ចូល​ទីក្រុង វូហាន ដែល​ជា​ប្រភព​ចេញដំបូង​នៃ​មេរោគ​ផ្លូវដង្ហើម កូរ៉ូណាវីរុស នៅ​ប្រទេស​ចិន។ ចំណែក អង្គការ​សុខភាព​ពិភពលោកវិញ បាន​បន្ត​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ ព្រហស្បតិ៍​នេះ ដើម្បី​សម្រេច​ថា តើ​ត្រូវប្រកាស​អាសន្ន ជាលក្ខណៈ​អន្តរជាតិ នៃ​ជម្ងឺរាតត្បាត កូរ៉ូណាវីរុស​ដែរឬទេ។ គិត​រហូតមកទល់​ថ្ងៃ​នេះ មេរោគ​ថ្មី ដែល​ស្ថិតក្នុង​អំបូរ​មេរោគ​កូរ៉ូណាវីរុស និង​គ្រោះថ្នាក់​ឆ្លង​សម្លាប់មនុស្ស ដូច​មេរោគ SARS ដែរនោះ បាន​សម្លាប់ មនុស្ស​១៧នាក់ នៅ​ប្រទេស​ចិន និង​ចម្លង​ទៅដល់​មនុស្ស​ជាង ៥០០​នាក់ នៅក្នុង​ពិភពលោក។ 

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ចិន​បាន​ចាត់ទុក ការឆ្លងរីករាលដាល មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី ក្នុង​ប្រភេទ​តែមួយ នៃ​ការឆ្លងរាតត្បាត​មេរោគ​ផ្លូវដង្ហើម SARS ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣០០​នាក់ នៅ​ប្រទេស​ចិន កាលពី ១៧​ឆ្នាំមុន។ នៅថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​ក្រុង​ប៉េកាំងបាន​ប្រកាស​លុប​ចោល​រាល់ពិធីបុណ្យ​ដែល​ត្រូវ​រៀបចំ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន ដែល​ត្រូវ​ចាប់ផ្តើម ពីថ្ងៃសុក្រ​ចុងសប្តាហ៍នេះ។ 

ប្រកាស​ចាត់ទុក ការឆ្លងរាតត្បាត នៃ​មេរោគ​កូរ៉ូណាវីរុស ដូចជា​មេរោគ​SARS មានន័យថា គេ​ត្រូវ​ដាក់​បង្ឃាំង ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ នូវ​អ្នកណា​ដែលគេ​​រកឃើញ​មាន​រោគសញ្ញា​មេរោគកូរ៉ូណាវីរុស។

លើកនេះ ដើម្បី​តាមដាន​ឃ្លាំមើល​មេរោគ​កូរ៉ូណាវីរុស និង​ដើម្បី​ទប់ស្កាត់ ការឆ្លងរីក​រាលដាល​មេរោគ កូរ៉ូណាវីរុស ក្នុង​ទ្រង់ទ្រាយធំ អាជ្ញាធរ​ចិន​បាន​ដាក់​ទីក្រុង​វូហាន​ទាំងមូល ឲ្យ​នៅ​ដាច់ពី​គេ ដោយ​បាន​សម្រេច បិទ​មធ្យោបាយ​ធ្វើដំណើរ ទាំងអស់ ដែល​មាន​ប្រភព​ចេញ​ពី​ទីក្រុង​វូហាន។ ទៅតាម​ការប្រកាស​របស់​អាជា្ញធរចិន ចាប់ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះទៅ ការធ្វើដំណើរ តាមរយៈ រថភ្លើង ឬ​យន្តហោះ ចេញ​ពី​ទីក្រុង​វូហាន ត្រូវ​បាន​ហាមឃាត់​ទាំងស្រុង។ សាក​គិត​ទៅមើល បើសិន ទីក្រុង​វូហាន មួយ ដែល​មាន​ប្រជាជន​រស់នៅ ដល់​ទៅ ១១លាននាក់ ត្រូវ​គេ​ហាមឃាត់ មិន​ឲ្យ​មាន​ចាកចេញ​ពី​ទីក្រុង សោះ ជាពិសេស នៅ​ក្នុង​ពេល​អំឡុង​បុណ្យ​ចូល​ឆ្នាំចិន តើ​ប្រជាជន​មាន​អារម្មណ៍​ភ័យព្រួយបារម្ភ​ប៉ុណ្ណា។ នៅ​លើ​បណ្តាញ​សង្គម ពលរដ្ឋ​នៅទីក្រុង​វូហាន បាន​សំដែង​ក្តីបារម្ភ​ពី​ការខ្វះខាត គ្រឿងអាហារ​បរិភោគ ហើយ​និង​ម៉ាស ពាក់មុខ រួម​ទាំង​ថ្នាំសម្លាប់​មេរោគ​ផង ដោយសារ​តែ វិធានការ​បិទ ទីក្រុងមួយទាំង​មូល​យ៉ាងដូច្នេះ។ នៅថ្ងៃ​នេះ អាជ្ញាធរ​ទីក្រុង​ធំ មួយទៀត គឺHuanggang ដែល​ស្ថិតក្នុង​ខេត្ត Hubeiតែមួយ​ជាមួយក្រុង​វូហាន និង ដែល​មាន​ប្រជាជន​រស់នៅ​ជាង ៧លាននាក់ បានសម្រេច​ផងដែរ បិទរាល់​មធ្យោបាយធ្វើដំណើរ​ចេញពី​ទីក្រុង ដូច​ទីក្រុង​វូហានដែរ។

បន្ថែម​ពី​លើ​ការសម្រេច​របស់​រដ្ឋអំណាច​ថ្នាក់ជាតិ អាជ្ញាធរ​ក្រុង​វូហាន វិញ នៅ​បាន​សម្រេច​បិទ​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​ក្រុងទាំងអស់ ដូចជា​ រថយន្ត​ក្រុង រទេះភ្លើង​ក្រោមដី និង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន ស្ថិតនៅ​ក្នុង​ផ្ទះ កុំ​ចេញ​ទៅ​ក្រៅ បើសិន​គ្មានកិច្ចការចាំបាច់។

លើសពីនោះ មជ្ឈមណ្ឌល​ពិសេស​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​កូរ៉ូណាវីរុស​ប្រចាំ​ក្រុង​វូហាន នៅ​បាន​ចេញ​បញ្ជា​ឲ្យ​ប្រជាជន​ក្រុង​វូហាន ទាំងមូល​ត្រូវ​តែ​ពាក់​ម៉ាស បិទមុខ នៅពេល ពួកគេ​ចេញ​ដើរ នៅ​តាម​ទីកន្លែង​សាធារណៈ។

ក្រៅតែ​ពី​ដាក់​ទីក្រុង​វូហាន ឲ្យ​នៅ​ដាច់ដោយឡែក ពីពិភព​ខាង​ក្រៅ រដ្ឋាភិបាល​ចិន បាន​ចេញបញ្ជា​ផងដែរ ឲ្យ​មានការពង្រឹង ការត្រួតពិនិត្យ​សុខភាព រាល់​អ្នកធ្វើដំណើរ និង​រក្សា អនាម័យ បាញ់​សម្អាត មេរោគ នៅតាម ទីកន្លែង​សាធារណៈ ដូចជា​នៅ​ស្ថានីយ៍​រថភ្លើង ព្រលានយន្តហោះ និង​នៅតាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដើម្បីបង្ការ ទប់ស្កាត់ កុំ​ឲ្យ​មាន​ការឆ្លងរាតត្បាត មេរោគ កូរ៉ូណាវីរុស នៅ​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំចិន ដែល​ត្រូវ​ចាប់ផ្តើម ពី​ថ្ងៃ​សុក្រ​ស្អែកទៅ ដែលនៅ​ពេលនោះ ប្រជាជន​ចិន​រាប់លាន​នាក់​នឹង​ធ្វើដំណើរ​ផ្លាស់ទី ដើម្បី ធ្វើដំណើរ​កំសាន្ត​ក្នុង និង​ទៅ​ក្រៅ​ប្រទេស។

រដ្ឋាភិបាល​ចិន​ទទួល​មេរៀន ពី​ការឆ្លង​រាតត្បាត មេរោគ​ផ្លូវដង្ហើម​SARS កាលពី ១៧ឆ្នាំ មុន

នៅ​ទីក្រុង​ហ្សឺណែវ ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom បាន​ចេញមុខ​មុនគេ ស្វាគម​វិធានការ​របស់​អាជ្ញាធរ​ចិន ដែល​លោក​វាយតម្លៃថា មិនត្រឹម​តែ​ជួយ​ទប់ស្កាត់​ការឆ្លងរីករាលដាល មេរោគ​កូរ៉ូណាវីរុស ក្នុង​ប្រទេសតែប៉ុណ្ណោះទេ ប៉ុន្តែ​វាជួយ​ទប់ស្កាត់ផងដែរ កុំ​ឲ្យ​មាន​ការឆ្លងរាតត្បាត​ទៅ​ក្រៅប្រទេស​ចិន។ តាម​ប្រធាន​អង្គការ​សុខភាព​ពិភពលោក ការរីករាលដាល​នៃមេរោគ កូរ៉ូណាវីរុស កំពុង​មាន​លំនឹង គឺ​មិនរីករាលដាលខ្លាំង ដែល​មិនអាច​ឲ្យ​គេ​គ្រប់គ្រង​បាន​នោះទេ។

រហូតមកដល់​ពេលនេះ គេ​បាន​រកឃើញ​ករណី​ឆ្លងមេរោគ​កូរ៉ូណាវីរុស នៅក្រៅ​ប្រទេស​ចិន ដូចជា នៅ​ថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ម៉ាកាវ និង​សហរដ្ឋអាមេរិក។

ក្នុង​ករណី ឆ្លងរាតត្បាត​នៃ​មេរោគ កូរ៉ូណាវីរុស លើកនេះ អាជ្ញាធរ​ចិន បាន​ប្រកាន់​ជំហរ ខុសពី​លើក​មុន នៅពេល មាន​​ការផ្ទុះ ឆ្លងរាតត្បាត​ខ្លាំង​នៃ​មេរោគ​ផ្លូវដង្ហើម SARS កាលពី​១៧​ឆ្នាំមុន។ សម្រាប់ អ្នកជំនាញ​ខាង​សុខភាព​មួយចំនួន អាជ្ញាធរចិន បានទទួល​មេរៀន និង​មិនចង់​ជាន់ដាន​ចាស់ ដូច​ការឆ្លង​រាតត្បាត​នៃ​មេរោគSARS ដែល​បាន​សម្លាប់​មនុស្ស ជាង ៣៥០នាក់ កាលពី​ឆ្នាំ ២០០៣​នោះទេ។ កាលណោះ អង្គការ​សុខភាព​ពិភពលោក បាន​ចោទប្រកាន់​អាជ្ញាធរ​ចិន​បាន​ព្យាយាម លាក់បាំង ដោយ​មិន​សូវលើកនិយាយ​ច្រើន​ពី ករណី ឆ្លងមេរោគ​ផ្លូវដង្ហើម SARSនោះទេ។ សូមបញ្ជាក់ថា មេរោគ​ផ្លូវដង្ហើមស្រួចស្រាវ SARS​បាន​កើតមាន​តាំង​ពី​ខែ វិច្ឆិកាឆ្នាំ ២០០២ ប៉ុន្តែ អាជ្ញាធរ​ចិន បាន​បិទបាំង រហូត​ដល់​ខែ កុម្ភៈ ទើបរាយការណ៍​ជា​ផ្លូវការ​ទៅ​អង្គការ​សុខភាព​ពិភពលោក។

ពេលនោះ អាជ្ញាធរ​ចិន​បាន​បដិសេធ រារាំង​ផងដែរ មិន​ឲ្យ​អ្នកជំនាញ របស់​អង្គការ​សុខភាព​ពិភពលោក​ចូល​ទៅ​ត្រួតពិនិត្យ ខេត្ត​ក្វាងទុង ជាទី​ដែល​មាន​ផ្ទុះកើតមាន​ជម្ងឺ​ផ្លូវដង្ហើមស្រួចស្រាវ SARS។ ប៉ុន្តែ ខុសពី​លើក​មុន រដ្ឋាភិបាល​ចិន បាន​បង្ហាញ​តម្លាភាព​តាំង​ពីដំបូងទី គឺ​មិនលាក់លៀម​ដូចមុន​ទេ។ កាសែត​ក្នុង​ស្រុក​ចិន បាន​សរសេរ​ថា ក្នុង​យុគសម័យ​អ៊ីនធ័រនែត និង​បណ្តាញ​សង្គម គ្រប់កន្លែង​យ៉ាងដូច្នេះ ទីភ្នាក់ងារ​រដ្ឋាភិបាល​មិន​អាច​លាក់​ព័ត៌មាន​បាន​ដូចមុនទៀតទេ បើទោះបីជា​គេ​ចង់​លាក់​ក៏ដោយ។

ម្យ៉ាងទៀត ដោយ​ប្រកាស​ពី​ចំនួន​អ្នកស្លាប់ ​ករណី​ឆ្លង​ដែល​កាន់តែ​កើនឡើង​នៅ​ប្រទេស​ចិន និង​ចាត់វិធានការ តឹងតែង និង​ឆាប់រហ័ស រដ្ឋាភិបាល​ចិន បង្ហាញ​ពី​តម្លាភាព និងភាពស្មោះត្រង់ ទៅ​ពិភពលោក និង​ប្រជាជន​ចិន​ផ្ទាល់តែម្តង​ថា រដ្ឋាភិបាល​ចិន មាន​ចេតនា​ប្រយុទ្ធប្រឆាំង និង​គ្រប់គ្រង ស្ថានការណ៍ មិន​ឲ្យ​មាន​ការឆ្លងរាតត្បាត មេរោគ​កូរ៉ូណាវីរុស ដូច​ករណី​មេរោគ​SARS នោះទេ។ ការឆ្លងរីករាលដាល​កាន់តែខ្លាំង នៃ​មេរោគ​កូរ៉ូណាវីរុស ណាមួយ នោះ នឹង​អាចប៉ះពាល់​សំខាន់​ជាងគេ​ដល់​ទេសចរណ៍​ សេដ្ឋកិច្ច​ចិន ដែល​ពេលនេះ កំពុង​ផុយស្រួយ​រួចហើយ ដោយសារ​តែ​ជម្លោះ ពាណិជ្ជកម្ម​ជាមួយអាមេរិក។

មេរោគ​កូរ៉ូណាវីរុស ថ្មី​ដែល​អាច​បំផ្លែងខ្លួន​យ៉ាងរហ័ស ដើម្បី​ឆ្លងរាតត្បាតលឿន

មេរោគ​ផ្លូវដង្ហើម​ថ្មី ស្ថិតនៅក្នុង​អំបូរ មេរោគ​កូរ៉ូណាវីរុស ដូច​មេរោគ​ផ្លូវដង្ហើម​ស្រួចស្រាវ SARS។ កាលពី​ថ្ងៃ ចន្ទ នៅក្រោយ​ប្រធានាធិបតី ចិន​ប្រកាស​ឲ្យ​គេ​ចាត់វិធានការ លុបបំបាត់ ជម្ងឺរាតត្បាត​កូរ៉ូណាវីរុស អាជ្ញាធរ​ចិន ទើប​ប្រកាស​ទទួល​ស្គាល់​ថា មេរោគ​កូរ៉ូណាវីរុស​ថ្មី ដែល​គ្រោះថ្នាក់ អាច​សម្លាប់​មនុស្ស គឺ អាច​ឆ្លង​ពី​មនុស្ស ទៅ​មនុស្ស។

តាម​អ្នកទទួល​ខុសត្រូវ​នៃ​មជ្ឈមណ្ឌល​សម្រាប់​បង្ការ និង​ត្រួតពិនិត្យ​ជម្ងឺឆ្លង​ចិន គេ​ដឹង​ថា មេរោគ​នេះ​មាន​ប្រភព​ចេញមក​ពី​ផ្សារលក់​គ្រឿងសមុទ្រ នៅ​វូហាន ជាទី​ដែល​មាន​ការលក់ជួញដូរ​ខុសច្បាប់ សត្វព្រៃ។ អាជ្ញាធរ​ចិន​មិនបាន​បញ្ជាក់ទេ ថា តើ​មេរោគ​កូរ៉ូណាវីរុស​ចេញពី​សត្វព្រៃ​មួយណា ប៉ុន្តែ គ្រាន់តែ​ថា មេរោគថ្មី ចេះសម្រប និង​បំផ្លែងខ្លួន ដែល​អាច​សម្រួល​ដល់​ការឆ្លងរាតត្បាត លឿន។ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFPដែល​បាន​ដកស្រង់​ការចុះផ្សាយ​នៃ​ការសិក្សា​ជាច្រើន​នៅ​សប្តាហ៍នេះ បាន​សរសេរ​ថា មេរោគ កូរ៉ូណាវីរុស​ប្រភេទថ្មី អាច​មាន​ប្រភពចេញមកពី​សត្វប្រចៀវ ឬ​ពស់​ជាដើម។

អ្នកជំនាញ​សុខភាព​បារាំង វិញ​បាន​សំដែង​ក្តីបារម្ភ​ត្រង់ថា រោគសញ្ញា​នៃ​ជម្ងឺ​កូរ៉ូណាវីរុស ដូចជា​ជម្ងឺ​ផ្តាសាយ​ធម្មតា លេច​ចេញ ឲ្យ​គេ​ឃើញ យូរ​បន្តិច នៅ​ក្រោយការឆ្លង ដែល​ជា​ហេតុ ឲ្យ​គេ​ពិបាក​នឹង​ដឹង ហើយ​អាច​ព្យាបាល​ទាន់ពេលវេលា។ រហូតមកដល់ពេលនេះ អ្នកដែល​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ថ្មី មានចំនួន ១៧នាក់ ក្នុង​អាយុ ចន្លោះ ៤៨ឆ្នាំ និង​៩៨ឆ្នាំ។ ភាគច្រើន​ពួកគេ​ទាំងនោះ មាន​ជម្ងឺ​ប្រចាំ​ខ្លួន​រួចទៅហើយ ​ដូចជា ជម្ងឺ ទឹកនោមផ្អែម របេង ជាដើម។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ