អានតួអត្ថបទ
ភូមា

តុលាការឡាអេបញ្ជាឱ្យភូមាចាត់វិធានការការពារកុំឱ្យមានអំពើប្រល័យពូជសាសន៍

តុលាការ​យុត្តិធម៌​អន្តរជាតិ
តុលាការ​យុត្តិធម៌​អន្តរជាតិ REUTERS

តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃព្រហស្បតិ៍​ ទី ២៣​ មករា ២០២០ នេះ បញ្ជា​ឱ្យ​ភូមា ប្រើ​គ្រប់​ វិធានការ​ និង​អំណាច​ដែល​មាន ការពារ​កុំ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម រ៉ូហ៊ីងយ៉ា។

ផ្សាយពាណិជ្ជកម្ម

តុលាការ​អន្តរជាតិ​ដែល​មាន​ទី​ស្នាក់ការ​នៅ​ទីក្រុង​ឡាអេ បាន​ព្រមព្រៀង​តាម​សំណើ​របស់​ប្រទេស​ហ្កំប៊ី ដែល​សុំ​ឱ្យ​តុលាការ​សម្រេច​ចាត់​វិធានការ​ជា​បន្ទាន់​ប្រឆាំង​នឹង​ភូមា។

ប្រធាន​ចៅក្រម បាន​អាច​សេចក្តី​សម្រេច​​បង្គាប់​ឱ្យ​ភូមា ត្រូវ​តែ​ចាត់គ្រប់​​វិធានការ​ ដែល​ខ្លួន​មាន ដើម្បីការពារ​កុំ​ឱ្យ​មាន​ការប្រព្រឹត្ត​អំពើ​បែប​ប្រល័យ​ពូជសាសន៍​ ដូច​ជា​ការ​ធ្វើ​ឃាត​ក្រុម​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា និង​ការ​ធ្វើ​ទុក្ខមុកម្នេញ​​ដើម្បី​កម្ចាត់​ក្រុម​ជនជាតិ​ភាគ​តិច​នេះ​មួយ​ផ្នែក​ឬ​ទាំង​ស្រុង។

តុលាការ​ ​ដែល​ជា​ស្ថាប័ន​យុត្តិធម៌​កំពូល​របស់​អង្គការ​សហប្រជាជាតិ បាន​បញ្ជា​ឱ្យ​ភូមា​ ផ្តល់​របាយការណ៍​​ស្តី​ពី​វិធានការ​ដែល​ខ្លួន​ប្រើ​ តាម​បង្គាប់​តុលាការ នៅ​រវាង​បួន​ខែ យ៉ាង​យូរ​ និង​បន្ទាប់​មក​ ជារៀងរាល់​៦​ខែ​ម្តង។

សូម​បញ្ជាក់​ថា​ សេចក្តី​សម្រេច​នេះ មិន​មែន​ជា​សាលក្រម​ទេ។ តែ​ជា​ចម្លើយ​តប​ទៅ​នឹង​បណ្តឹង​របស់​ប្រទេស​ហ្កំប៊ី។ ហ្កំប៊ី​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​អ្ន​ក​កាន់​សាសនា​អ៊ីស្លាម និង​តំណាង​ឱ្យ​៥៧​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម បាន​ចោទ​ភូមា​​ថា​បាន​រំលោភ​អនុសញ្ញា​​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៤៨ និង​បង្ក្រាប​បែប​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ សវនាការ​ទាក់ទង​នឹង​បណ្តឹង​នេះ ត្រូវ​ការ​ប្រើ​ពេលវេលា​ជា​ច្រើន​ឆ្នាំ ហេតុ​ដូច្នេះ​ហើយ​បាន​ជា ក្នុង​ពេល​រង់ចាំ​សេចក្តី​សម្រេច​ចុងក្រោយ ​ហ្កំប៊ី បាន​ស្នើ​សុំទៅ​​តុលាការ ឱ្យ​សម្រេច​​​ចាត់​វិធានការ​បន្ទាន់​ប្រឆាំង​នឹង​ភូមា នៅ​ថ្ងៃ​នេះ​សិន។

ភូមា​មិន​អាច​​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​នៅ​ថ្ងៃ​នេះ​ទេ។ ជា​សេចក្តី​សម្រេច​ដែលតាមច្បាប់​ ​ភូមា​ដាច់ខាត​ត្រូវ​គោរព ប៉ុន្តែ​តុលាការ​គ្មាន​មធ្យោបាយ​អ្វី​គាប​ភូមាឱ្យ​​ត្រូវ​តែ​ធ្វើ​តាម​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ