អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេស​​កំពុង​​អភិវឌ្ឍ៖ ការធ្លាក់​ចុះ​ផលិតភាព​​ និង​​ក្តីស្រមៃ​​តាមទាន់​​ប្រទេស​អ្នកមាន ​​

សំឡេង ០៤:២៨
អ្នកទស្សនាឆែកទូរស័ព្ទរបស់ពួកគេនៅពីក្រោយកញ្ចក់អេក្រង់នៃកម្មវិធីស្គាល់មុខក្នុងកំឡុងពេលសន្និសីទអ៊ិនធឺណិតតាមទូរស័ព្ទចល័ត (GMIC) នៅក្នុងប៉េកាំងប្រទេសចិនថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០១៨ ។
អ្នកទស្សនាឆែកទូរស័ព្ទរបស់ពួកគេនៅពីក្រោយកញ្ចក់អេក្រង់នៃកម្មវិធីស្គាល់មុខក្នុងកំឡុងពេលសន្និសីទអ៊ិនធឺណិតតាមទូរស័ព្ទចល័ត (GMIC) នៅក្នុងប៉េកាំងប្រទេសចិនថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០១៨ ។ REUTERS/Damir Sagolj

ដោយសារពិភពលោកកាន់តែរួមតូច ជាពិសេស ​តាមរយៈ​យន្តការ​នៃសកលភាវូបនីយកម្មទំនើប, ប្រទេស​កំពុងអភិវឌ្ឍ ត្រូវគេរំពឹងថា អាចនឹងមានឱកាសដើរតាមទាន់កម្រិតនៃការអភិវឌ្ឍ ដូច​​ប្រទេស​ជឿនលឿន នៅថ្ងៃខាងមុខ។ ទោះជាយ៉ាងណា ដោយសារ ការបន្តធ្លាក់ចុះនៃផលិតភាព, ក្តីស្រមៃនេះហាក់នៅបន្តជាក្ដីស្រមៃជារឿងរហូត សម្រាប់ប្រទេស​កំពុងអភិវឌ្ឍ​ភាគច្រើនលើសលុប។

ផ្សាយពាណិជ្ជកម្ម

សកលភាវូបនីយកម្ម ត្រូវគេមើលឃើញថាជា យន្តការវិជ្ជមានមួយ ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងបង្កើនកម្រិត​ជីវភាពរស់នៅរបស់ប្រជាជន ទាំងក្នុងប្រទេសជឿនលឿន និង​ប្រទេសកំពុងអភិវឌ្ឍ។

ក្នុងពេលជាមួយគ្នា អ្នក​ជំនាញយ៉ាងច្រើន បាន​ជឿជាក់ថា កម្លាំងសកលភាវូបនីយកម្ម អាចអនុញ្ញាតឱ្យប្រទេស​ ដែលមាន​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍ មាន​ឱកាស​ធ្វើឱ្យ​ប្រទេសរបស់ខ្លួន រីកចម្រើនតាមទាន់ប្រទេសជឿនលឿនផងដែរ។ ជាឧទាហរណ៍ តួយ៉ាង ប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី តៃវ៉ាន់ និងហុងកុង ជាដើម។ នេះគឺជាអ្វីដែលបានព្យាករណ៍ដោយ ទ្រឹស្តីកំណើនសេដ្ឋកិច្ច របស់ជ័យលាភីណូបែលសេដ្ឋកិច្ច គឺ លោកសាស្ត្រាចារ្យ Robert Solow និង អ្នកប្រវត្តិសាស្ត្រសេដ្ឋកិច្ចដ៏អស្ចារ្យម្នាក់ នាសម័យនេះ គឺលោកសាស្ត្រាចារ្យ Angus Maddison។

តើក្តីស្រមៃនេះអាចក្លាយជាការពិតដែរឬយ៉ាងណា សម្រាប់ប្រទេសកំពុងអភិវឌ្ឍភាគច្រើនផ្សេងទៀត?

ចម្លើយ អាចទំនងជាពិបាកណាស់ ព្រោះ សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ នាពេលបច្ចុប្បន្ន បាន​និងកំពុងប្រឈមនឹងការធ្លាក់ចុះផលិតភាពរបស់ខ្លួន។ ក្នុងន័យសេដ្ឋកិច្ច ផលិតភាព ឬបរិមាណផលិតកម្ម ដែលប្រទេស​មួយ​អាច​ផលិតបាន ដោយកម្មករក្នុងប្រទេសរបស់ខ្លួន ជាប្រភពយ៉ាងចម្បង សម្រាប់កំណើនសេដ្ឋកិច្ចជាតិ និង​កំណើនចំណូលសម្រាប់ប្រជាជនម្នាក់ៗ។

អំឡុង​ប៉ុន្មានទសវត្សរ៍ចុងក្រោយ ប្រទេសកំពុងអភិវឌ្ឍខ្លះ ជាឧទាហរណ៍ ប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី តៃវ៉ាន់ និងហុងកុង ជាដើម បាន​បង្កើន​ផលិតភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ប្រទេសទាំងនេះ បានធ្វើត្រាប់តាមអ្វីដែល​បស្ចិមលោកធ្លាប់ធ្វើ ជាឧទាហរណ៍ ការអភិវឌ្ឍវិស័យឧស្សាហកម្មនាំចេញរបស់ខ្លួន។ ក្រោយមក ពួកគេក៏មានឱកាសដើរតាមទាន់ប្រទេស​ជឿនលឿន នេះបើគេមើលទៅលើ ការកើនឡើងយ៉ាងខ្លាំង​នៃ​ចំណូលជាតិសម្រាប់មនុស្សម្នាក់ៗ។ ផ្អែកតាមអ្នកជំនាញ ការរីកចម្រើននៃប្រទេសទាំងនេះ ពឹងផ្អែកលើការធ្វើត្រាប់តាម ច្រើនជាង ការច្នៃប្រឌិតដោយខ្លួនឯង។

ប្រាកដណាស់ ការចម្លងតាម វាតែងតែមានភាពងាយស្រួលជាង ការច្នៃប្រឌិតខ្លួនឯង ព្រោះអ្នកចម្លងមិន​ចាំបាច់ត្រូវចំណោមកម្លាំង ថាមពល ឬពេលវេលាច្រើនខ្លាំង ដូចអ្នក​ច្នៃប្រឌិតនោះទេ។ ដរាបណា អ្នក​ច្នៃប្រឌិត និយាយសំដៅដល់បស្ចិមលោក មិនមានលទ្ធភាពខ្លាំងដើម្បី​ច្នៃអ្វីថ្មីៗទៀត នុ៎ះ អ្នកចម្លងក៏ទំនងជាពិបាករកអ្វីចម្លងទៀតបានដែរ។

ផ្អែកតាមរបាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក សម្រាប់ប្រទេស​ជឿនលឿន ផលិតភាពសកល ដែល​គេវាស់វែងលើ លទ្ធភាពផលិតរបស់កម្លាំងពលកម្មជារៀងរាល់ឆ្នាំ បានប្រែប្រួលក្នុងកំណើនប្រហែល២ភាគរយ ចាប់តាំងពីឆ្នាំ​១៩៨០ ក៏ប៉ុន្តែ កំណើននេះបានធ្លាក់​ចុះក្រោមសូន្យ អំឡុងវិបត្តិហិរញ្ញវត្ថុសកល កាលពីឆ្នាំ​២០០៨។ ក្រោយមក បើទោះជា ផលិតភាពក្នុងប្រទេសជឿនលឿន បានងើបឡើងបន្ដិចវិញក៏ដោយ ក៏បាន​កម្រិតកំណើន​បន្តស្ថិតនៅទាបជាងពីអតីតកាល។

សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ឯណោះវិញ ផលិតភាព​បានបន្តកើនឡើងខ្លាំង ចាប់តាំងពីឆ្នាំ១៩៨០ ក៏ប៉ុន្តែ វាបាន​ធ្លាក់ចុះផងដែរ តាំងពីអំឡុងវិបត្តិហិរញ្ញវត្ថុសកល។ ផ្អែកតាមរបាយការណ៍ដដែល នេះគឺជានិន្នាការនៃការធ្លាក់ចុះមួយ ដែលមានទម្រង់ធ្លាក់ចុះខ្លាំង និងអូសបន្លាយអំឡុងរយៈពេលវែង មិនធ្លាប់មានក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយ។ ចំណូលរបស់កម្មករម្នាក់ៗ ក្នុង​ប្រទេស​កំពុងអភិវឌ្ឍ មានកម្រិតទាបជាង១៤ភាគរយ ធៀបទៅនឹងផលិតភាពដែលពួកគេធ្លាប់មាន។

ផ្អែកតាមរបាយការណ៍របស់ស្ថាប័នផ្សេងទៀត រួមមាន Oxford Economics និង​ Capital Economics ដែលជាស្ថាប័នជាន់ខ្ពស់ ផ្តល់ប្រឹក្សាសេដ្ឋកិច្ចសកល បានប្រមើលឃើញអំពី ដំណើរនៅទ្រឹងនៃកំណើនផលិតភាពក្នុងប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាប្រទេសជឿនលឿន និងបាន​ព្យាករណ៍ថា នៅពេលខាងមុខ ការផ្ទេរបច្ចេកវិទ្យាកាន់តែមានភាពតឹងរ៉ឹង ហើយ ការដើរតាមទាន់​កម្រិតនៃការរីកមច្រើនរបស់ប្រទេសកំពុងអភិវឌ្ឍ ដូចអ្វីដែលធ្លាប់ធ្វើអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ នឹងឈានមកដល់ទីបញ្ចប់។

សរុបជារួម ផលិតភាពសកល ឬលទ្ធភាពផលិតនៃកម្លាំងពលកម្មលើពិភពលោក នាពេលបច្ចុប្បន្ន បាន​បន្តធ្លាក់ចុះ ទាំងក្នុងប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍ ប្រៀបធៀបនឹងអំឡុង​ប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ហេតុផលចម្បង ពាក់ព័ន្ធនឹងកង្វះខាតនៃការច្នៃប្រឌិតពីប្រទេសជឿនលឿន និងការកើនឡើងឧបសគ្គនៃការ​ផ្ទេរបច្ចេកវិទ្យា។ ដោយសារ កំណើនផលិតភាព ជាប្រភពយ៉ាងចម្បងសម្រាប់កំណើនសេដ្ឋកិច្ច ហើយដរាបណា ផលិតភាពធ្លាក់ចុះ នុ៎ះក្តីស្រមៃ ដែល​ប្រទេសកំពុងអភិវឌ្ឍ រំពឹងថាអាចនឹងមានឱកាសដើរតាមទាន់កម្រិតនៃការអភិវឌ្ឍរបស់ប្រទេសជឿនលឿន ហាក់នៅបន្តជាក្ដីស្រមៃជារៀងរហូត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ