អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​កូរ៉ូណាវីរុស​ប៉ះពាល់​ប៉ុណ្ណា ដល់​ទេសចរណ៍​អាស៊ី?

សំឡេង ០៦:៣៥
ស្រ្តីអ្នកទេសចរ​ចិន នៅ​ពីមុខ​អគារដែក តួអេហ្វហ្វែល ក្រុង​ប៉ារីស ថ្ងៃទី ២៥​មករា ២០២០
ស្រ្តីអ្នកទេសចរ​ចិន នៅ​ពីមុខ​អគារដែក តួអេហ្វហ្វែល ក្រុង​ប៉ារីស ថ្ងៃទី ២៥​មករា ២០២០ ©REUTERS/Benoit Tessier

នៅ​ប្រទេសចិន ចំនួន​អ្នកស្លាប់​ដោយសារ​កូរ៉ូណាវីរុស​បានកើនឡើងដល់​១០៦នាក់ ដែលក្នុង​នោះ​មាន​មួយករណី​នៅទីក្រុង​ប៉េកាំង និង​ឆ្លងទៅ​មនុស្ស ៤៥០០​នាក់ នៅ​ប្រទេស​ចិន និង​ជាង ១០​ប្រទេស​ផ្សេងទៀត ក្នុងពិភពលោក។ ប្រទេស​ចិន​ដែល​កំពុងសស្រាក់សស្រាំ ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លងរីករាលដាល មេរោគ​រលាកផ្លូវដង្ហើម កូរ៉ូណាវីរុស បាន​ណែនាំ​ប្រជាជន​របស់ខ្លួន នៅថ្ងៃ​អង្គារនេះ កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បរទេស ក្នុង​គោលបំណង​កាត់បន្ថយ ការរីកសាយភាយ របស់​មេរោគកូរ៉ូណាវីរុស។ សូមបញ្ជាក់ថា ចាប់តាំង​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញមក ដំណើរ​កំសាន្ត ដែល​ត្រូវ​រៀបចំ ក្នុង​ប្រទេស​ចិន និង​ទៅ​បរទេស ត្រូវ​បាន​ផ្អាកមួយរយៈ ទៅ​តាម​បទបញ្ជា​របស់​អាជ្ញាធរ​ចិន។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ចិន នៅថ្ងៃអង្គារ​នេះ បាន​ណែនាំ​កុំ​ឲ្យ​ប្រជាជន​របស់ខ្លួន​ធ្វើដំណើរ​ចេញ​ទៅ​បរទេស នៅក្នុង​អំឡុងពេល​ដែល​ប្រទេស​កំពុង​ប្រឈម​នឹងការីករាលដាល​នៃ​មេរោគ​កូរ៉ូណាវីរុស។ សេចក្តីអំពាវនាវ​របស់​ទីក្រុង​ប៉េកាំង ធ្វើឡើង​នៅ​មួយថ្ងៃ ក្រោយ ដែល​ក្រុមហ៊ុន​ទេសចរណ៍ ក្នុង​ស្រុកចិន ត្រូវ​បាន​អាជ្ញាធរហាមឃាត់​មិន​ឲ្យ​លក់​កញ្ចប់​ទេសចរណ៍ នៅក្នុង​ប្រទេស និងទៅក្រៅប្រទេស។

ការសម្រេចចិត្ត​របស់​ទីក្រុង​ប៉េកាំង ក្នុង​ផ្អាក ដំណើរ​កំសាន្ត​របស់​ប្រជាជន​ខ្លួន ទៅ​បរទេស នឹង​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក ជាពិសេស បណ្តាប្រទេស​នៅ​អាស៊ី ដែល​ពឹងផ្អែក​ខ្លាំង លើ​អ្នកទេសចរ​ចិន។ ត្រូវដឹងថា ប្រាក់ចំណាយ​របស់​អ្នកទេសចរ​ចិន តំណាង​ឲ្យ​ចំណែក​មួយសំខាន់ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​មួយចំនួន ដូចជា ជប៉ុន ថៃ កម្ពុជា សិង្ហបុរី ហើយ​និង​ទីក្រុង​ហុងកុង​ជាដើម។ នេះបើ​តាម​ការវាយតម្លៃ​របស់​ទីភ្នាក់ងារ​សេដ្ឋកិច្ច Capital Economics។

ប្រទេស​ជប៉ុន ដែល​ធ្លាប់​ទទួល​អ្នកទេសចរ​ចិន ជាង ៨លាននាក់ កាលពី​ឆ្នាំ ២០១៨ ចាប់ផ្តើម​ឃើញ ចំនួន​អ្នកទេសចរ​ចិន ចុះស្បើយ ចាប់តាំង​ពី​មានការផ្ទុះ​មេរោគ​កូរ៉ូណាវីរុស​នៅ​ប្រទេស​ចិន។

សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច សេដ្ឋកិច្ច និង​ទេសចរណ៍​របស់​ជប៉ុន​នឹង​មិនសូវ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​កូរ៉ូណាវីរុស ដូចជា​ប្រទេស​ថៃ នោះទេ។ ថៃ​ដែល​មាន​ប្រាក់ចំណូល​មកពី​វិស័យ​ទេសចរណ៍ តំណាង​ឲ្យ​១៨ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ នៅ​សប្តាហ៍នេះ រដ្ឋមន្រ្តី​ទេសចរណ៍​ថៃ ធ្លាប់បាន​ព្រមាន​រួចហើយថា វិបត្តិ​ជម្ងឺ​កូរ៉ូណាវីរុស ដែល​សាហាវ​ដូច​ជម្ងឺ​សារ ឆ្នាំ ២០០៣​នឹង​អាច​ធ្វើ​ឲ្យ​ថៃ បាត់បង់​ប្រាក់ចំណូល ប្រាមណ ១ពាន់ ៦០០​លាន​ដុល្លារ។

បន្ទាប់ពី​ថៃ អូស្ត្រាលី ដែល មាន​អ្នកទេសចរ​ពី​ប្រទេស​ចិន​ដីគោក ដល់​ទៅ ១៥ភាគរយ​នៃចំនួន​អ្នកទេសចរបរទេស​សរុប ក៏​រងផល​ប៉ះពាល់​បណ្តើរហើយៗ នៅក្រោយ ក្រុមហ៊ុន​ទេសចរណ៍​ចាប់ផ្តើម​លុប​ចោល​ដំណើរកំសាន្ត ដោយសារ ការឆ្លងរីករាតត្បាត​កូរ៉ូណាវីរុស នៅ​ប្រទេស​ចិន។

អឺរ៉ុប​នៅ​មិន​ទាន់​ប្រឈម​ខ្លាំង​ដោយសារ​ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​ចិន​នៅឡើយទេ ព្រោះថា អ្នកទេសចរ​ចិន មិនសូវ​មក​ទស្សនា ទឹកដី​អឺរ៉ុប នៅក្នុង​រដូវត្រជាក់។ ប៉ុន្តែ នៅ​ប្រទេស​បារាំង ដែល​ធ្លាប់​​ទទួល​អ្នកទេសចរចិន ជាង ២លាននាក់ កាលពី​ឆ្នាំ២០១៩ ខាងក្រុមហ៊ុន​ទេសចរណ៍ សណ្ឋាគារ និង​ភោជនីយដ្ឋាន​កំពុង​បារម្ភខ្លាចថា វិបត្តិ​កូរ៉ូណាវីរុស​នឹង​អាច​ពន្យារពេល​យូរតទៅទៀត ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​ប្រឈម​ខាតបង់​ដោយសារ​តែ​គ្មានអ្នកទេសចរ​ចិន ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចេញពីប្រទែស ដោយសារ​កូរ៉ូណាវីរុស។

អ្នកជំនាញ​ខាង​ជម្ងឺរាតត្បាត បាន​វាយតម្លៃ​ហើយថា ករណី​ឆ្លងរីករាលដាល​មេរោគ រលាកផ្លូវដង្ហើម​ថ្មី កូរ៉ូណាវីរុស នឹង​អាច​មាន​រយៈពេល​យូរតទៅទៀត

អ្នកជំនាញ​ខាងសុខភាព​បាន​វាយតម្លៃថា វិបត្តិ​ឆ្លងរីករាលដាល​មេរោគ កូរ៉ូណាវីរុស នឹង​អាច​បន្ត យូរ​ខែ​តទៅទៀត គឺ​អាច​រហូត​ដល់​រដូវ​ក្តៅ​ខាងមុខ ក្នុង​អំឡុង​ខែ​កក្កដា ជាដើម។ ពោល​គឺ​វា​ស្រដៀង​គ្នា​ទៅនឹង​វិបត្តិ​ជម្ងឺ សារ ឆ្នាំ ២០០៣ ដែល​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​បិទបញ្ចប់​ការឆ្លងរាលដាល ទាំងស្រុង នៅ​អំឡុង​ខែ កក្កដា។

អ្នកជំនាញ​ហ៊ាន​អះអាងថា ការឆ្លងរីករាលមេរោគ​អាច​យូរតទៅទៀត ដោយសារ​តែ​គេ​ពឹងផ្អែក​លើទិន្នន័យ ព័ត៌មាន​ទទួល​បាន​ពី​អាជ្ញាធរ​ចិន។

តាម​អ្នកជំនាញ ជាមួយ​នឹង​វិធានការ​របស់​អាជ្ញាធរ​ចិន ក្នុងការ បិទ ទីក្រុង ក៏​ដូចជា​វិធានការ​រឹតបន្តឹង​អនាម័យ​ដូចជា ការលាងដៃ ជាប្រចាំ ពាក់ម៉ាស នឹង​ធ្វើ​ឲ្យ​ករណី​មនុស្ស​ឆ្លង​កូរ៉ូណាវីរុស ថយចុះចំនួន។ បើ​ករណី​ឆ្លង​ថយចុះ ជាង ១​នាក់ នោះមេរោគ​រលាក​ផ្លូវដង្ហើមថ្មី កូរ៉ូណាវីរុស​នឹង​អាច​ត្រូវ​គេ​បង្រ្កាប​បាន​ទាំងស្រុង។ អ្នកជំនាញ​បានអំពាវនាវ​ឲ្យ​គេ​រង់ចាំ​មើល​ការវិវឌ្ឍថ្មី របស់​មេរោគ នៅក្នុង​រយៈពេល ២​សប្តាហ៍​ខាងមុខនេះ។

ការវិវឌ្ឍន៍​ចុងក្រោយ​របស់​កូរ៉ូណាវីរុស

នៅ ប្រទេស​ជប៉ុន និង​អាល្លឺម៉ង់ អាជ្ញាធរ បាន​រកឃើញ​ករណី​អ្នកជម្ងឺ​ថ្មី ដែល​សុទ្ធ​តែ​មិនធ្លាប់​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​សោះ។ នេះ​ជា​លើកទី១ ដែល​គេ​រកឃើញ​ករណី​ឆ្លងមេរោគ កូរ៉ូណា​ពីមនុស្ស ទៅ​មនុស្ស នៅក្រៅទឹកដី​ចិន។

សម្រាប់​អង្គការ​សុខភាព​ពិភពលោក គេ​នៅមិនទាន់​ច្បាស់​ទេ អ្នកឆ្លងមេរោគ​កូរ៉ូណាវីរុស អាច​ចម្លង​ទៅ​មនុស្ស​ផ្សេងទៀត ទាំង​នៅ​មិនទាន់​ចេញ​រោគសញ្ញា ដូចតាម​ការលើកឡើង​របស់​អាជ្ញាធរ​ចិន នៅ​សប្តាហ៍នេះ។ តាម​អាជ្ញាធរ​ចិន អ្នកដែល​មាន​ផ្ទុក កូរ៉ូណាវីរុស អាច​ចម្លង​ទៅ​មនុស្ស​ផ្សេងទៀត ទាំង​ពួកគេ​មិនទាន់​មាន​រោគសញ្ញា​ជម្ងឺ ដូចជា គ្រុនក្តៅ ឬ​ការពិបាក​ដកដង្ហើម​ជាដើម។ ការចម្លងមេរោគ ទាំងនៅពេល​អ្នក​ផ្ទុក​មេរោគ នៅ​មិនទាន់​ចេញ​រោគសញ្ញា នឹងអាច​ធ្វើ​ការឆ្លង​មេរោគ លឿន ពិបាក នឹង​ឲ្យ​គេ​ទប់ស្កាត់ បាន​ដូច​ករណី​ជម្ងឺសារ នៅ​ឆ្នាំ ២០០៣។

ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក​លើកឡើងថា គេ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត បន្ថែម​មុន​នឹង​ហ៊ាន​សម្រេច​ថា មេរោគ​កូរ៉ូណាវីរុស អាច​ឆ្លង ទៅ​មនុស្ស​ផ្សេងទៀត ទាំង​នៅមិនទាន់ចេញ​រោគសញ្ញា។ រហូតមក អង្គការសុខភាព​ពិភពលោក​បាន​កំណត់ថា គេ​អាច​ផ្ទុកមេរោគ កូរ៉ូណាវីរុស ពី រយៈពេល ២ ទៅ​១០​ថ្ងៃ មុន​នឹង​ចេញ​រោគសញ្ញា ជា​ជម្ងឺ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ