អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើមានរឿង​អ្វីកើតឡើង បើសិន​អង្គការសុខភាព​ពិភពលោក​ប្រកាសអាសន្ន ពី​មេរោគ​កូរ៉ូណា?

សំឡេង ០៨:៤៥
ទីលាន​ធានអានមេន​ត្រូវ​បានបិទ​ដោយសារ​ការឆ្លងរាតត្បាត​ជំងឺ​កូរ៉ូណាវីរុស
ទីលាន​ធានអានមេន​ត្រូវ​បានបិទ​ដោយសារ​ការឆ្លងរាតត្បាត​ជំងឺ​កូរ៉ូណាវីរុស REUTERS/Carlos Garcia Rawlins

អង្គការ​សុខភាព​ពិភពលោក​បើកកិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស ដែលនៅក្នុង​នោះ ស្ថាប័ន​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​នឹង​សម្រេច​ថា តើ​ប្រកាស​អាសន្ន ជាលក្ខណៈ​អន្តរជាតិ ស្តី ពី​ការឆ្លងរីករាលដាល​មេរោគ​កូរ៉ូណា​ដែរ​ឬទេ។ ចាប់តាំង​ពី​មានផ្ទុះ​លេច​មុខ​កូរ៉ូណាវីរុស​នៅ​ប្រទេស​ចិន កាលពី​ចុងខែ​ធ្នូ អង្គការ​សុខភាព​ពិភពលោក​បាន​កោះប្រជុំបន្ទាន់​បែប​នេះ ២​លើក​មក​ហើយ ប៉ុន្តែ ជា​រាល់លើក គឺ​មិនបាន​សម្រេច​ប្រកាស​អាសន្ន ជុំវិញ ការរីករាលដាល​មេរោគ កូរ៉ូណា នោះទេ។ 

ផ្សាយពាណិជ្ជកម្ម

អង្គការ​សុខភាព​ពិភពលោក​បើក​ការប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃ​នេះ គឺ​នៅ​បន្ទាប់​ពី អគ្គនាយក​ប្រធាន​សុខភាព ពិភពលោក លោក Tedros Adhanom Ghebreyesusទើប​តែ​ត្រលប់​ពី ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ពុធម្សិលមិញ។ តាម អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក កិច្ចប្រជុំបន្ទាន់​នឹង​ផ្តោត​ទៅលើ​ការសម្រេចចិត្ត​របស់​គណៈកម្មការ ដែល​ថា តើ​គេ​ប្រកាស​អាសន្ន​ជា​លក្ខណៈ​អន្តរជាតិ ស្តីពី​មេរោគកូរ៉ូណា​ថ្មី​ដែរ​ឬ​ទេ។

ការប្រកាស​អាសន្ន របស់​អង្គការ​សុខភាព​ពិភពលោក មាន​ន័យថា គេ​នឹងចាប់​អនុវត្ត​យន្តការដោះស្រាយ​សុខភាព អន្តរជាតិ ដែល​ត្រូវ​បាន​បង្កើតឡើង នៅ​ឆ្នាំ ២០០៥​ក្នុង​គោលដៅ រួមកម្លាំង គ្នា​ជា​អន្តរជាតិ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​ឆ្លងរាតត្បាត។ អតីត​មន្រ្តី​សុខភាព​របស់អង្គការ​សហប្រជាជាតិ ម្នាក់​បាន​និយាយ​ថា យន្តការ​ដោះស្រាយ​សុខភាព​អន្តរជាតិ ត្រូវ​បាន​បង្កើតឡើង នៅក្រោយ កើតមាន​បញ្ហា​លាក់ករណី​ជម្ងឺ សារស៍ នៅ​ចិន កាលពី​ឆ្នាំ ២០០៣។

ប្រកាសអាសន្ន របស់អង្គការ​សុខភាព​ពិភពលោក ​មាន​ន័យ​ថា អន្តរជាតិ នឹងត្រូវ​លើកទឹកចិត្តឲ្យ​​ប្រមូល​រួម​កម្លាំង​គ្នា​ជាពិសេស ហិរញ្ញវត្ថុ សម្រាប់​ការស្រាវជ្រាវ វ៉ាក់សាំង ក៏ដូចជា​ការព្យាបាល​អ្នកជំងឺ ដោយសារ​កូរ៉ូណាវីរុស។ នៅក្រោយ​ការប្រកាសអាសន្ន ជា​លក្ខណៈ​អន្តរជាតិ អង្គការ​សុខភាព​ពិភពលោក​នឹង​ណែនាំ​ឲ្យ​មាន​ការរឹតបន្តឹង ការធ្វើដំណើរ ទៅ​ប្រទេស​ដែល​កំពុង​កើត​មាន​ជំងឺរាតត្បាត។

វាមាន​ន័យដែរ​ថា ការគ្រប់គ្រង តាមដាន ការឆ្លងរាតត្បាត មេរោគ​កូរ៉ូណាថ្មី នឹង​ធ្លាក់​ទៅក្នុង​ដៃ​របស់​អង្គការ​សុខភាព ពិភពលោក គឺ​លែង​ជា​ការគ្រប់គ្រង​ផ្តាច់មុខ តែម្នាក់​ឯងរបស់​ប្រទេស​ចិន ដូច​ពេលនេះ ទៀត។

កាសែតបារាំង Le Monde៖ តាមអ្នកជំនាញ ប្រទេស​ចិន​បាន​ដាក់សម្ពាធ​លើ​អង្គការ​សុខភាពពិភពលោក​កុំ​ឲ្យ​ចេញប្រកាស​អាសន្ន​លើករណី​មេរោគ កូរ៉ូណាថ្មី

នៅក្នុងការប្រជុំ​បន្ទាន់ ២លើក​កន្លងមក អង្គការ​សុខភាព​ពិភពលោក បាន​បដិសេធ មិន​ប្រកាស​អាសន្ន ទេ ក្នុង​ហេតុផលថា ការរីករាតត្បាត មេរោគ​កូរ៉ូណា ថ្មី កើតមានច្រើន​តែ​ក្នុង​ប្រទេស​ចិន ចំណែក​ការឆ្លងទៅ​បរទេស នៅ​មាន​ចំនួន​តិច​នៅឡើយទេ។ នៅក្នុង​សេចក្តីប្រកាស​ជា​ផ្លូវការ អង្គការ​សុខភាព ពិភពលោក​បាន​អះអាងគេ គេនៅ​មិនទាន់​ប្រកាស អាសន្ន ដោសសារ​ថា មេរោគ កូរ៉ូណា នៅ​មិនទាន់​គ្រោះថ្នាក់ ​គំរាមកំហែង​ខ្លាំង​ដល់ សុខភាព​សាធារណៈ ក្នុង​ពិភពលោក រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​អង្គការ​ត្រូវ​ប្រកាស​អាសន្ន។

ប៉ុន្តែ ការសម្រេចចិត្ត មិន​ប្រកាស​អាសន្ន បាន​ធ្វើ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក បានរងការរិះគន់​យ៉ាងខ្លាំង ជាពិសេស​នៅកាលៈទេសៈ ដែល​​ចំនួន មនុស្ស​ស្លាប់ ដោយសារ​កូរ៉ូណាវីរុស បាន​កើនឡើង ជាបន្តបន្ទាប់​នៅ​ចិន រហូត​ដល់​ ១៧០​នាក់ គិត​ត្រឹមថ្ងៃ​ពុធ​ម្សិលមិញ នឹង​ឆ្លងទៅ​ដល់​មនុស្ស ជាង ៧ពាន់នាក់ ដែលនៅក្នុង​នោះ ជាង ៦០នាក់ នៅក្នុង​បណ្តាប្រទេស​ផ្សេងទៀត ក្រៅតែពីចិន ។ ទាក់ទង​នឹង​ការសម្រេច​ចិត្ត​របស់​អង្គការ​សុខភាព​ស្តីពី ការប្រកាស​អាសន្ន ក្នុង​ករណី​ឆ្លងរាតត្បាត កូរ៉ូណាវីរុស មាន​ការលើកឡើងថា អង្គការ​សុខភាព​ពិភពលោក​បាន​រងការដាក់​សម្ពាធ ពី​ប្រទេស​ចិន ដែល​បាន​ចេញមុខ ប្រឆាំង​មិន​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​សម្រេច​ប្រកាស​លើ​ករណី​ឆ្លងមេរោគ​កូរ៉ូណា​នៅប្រទេស​ចិន។

តាម​ប្រភព​អ្នកជំនាញ ដែល​បាន​ចូលរួម​ក្នុង​ការប្រជុំបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ទី ២២ និង​២៣​មករា​កន្លងមក ជាលើកទី១ ក្នុង​ប្រវត្តិ​ការងារ​របស់​អង្គការ​សុខភាព​ពិភពលោក គណៈកម្មការ​បន្ទាន់ ដែល​ប្រមូលផ្តុំ​ដោយ​អ្នកជំនាញ ខាងសុខភាព  មក​ពី​ប្រទេស​ចំនួន ១៦ ​បាន​បែកបាក់គ្នា​ជាពីក្រុម មានន័យថា ៥០ភាគរយ​​នៃ​សមាជិក ដែល​ក្នុង​នោះ​មាន​ប្រទេស​ចិន និង​សម្ព័ន្ធមិត្ត​របស់ចិន បានលើកដៃ​ប្រឆាំង​មិន​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ចេញប្រកាស​អាសន្ន​ពីការឆ្លងរាតត្បាត​កូរ៉ូណាវីរុស។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បាន​បដិសេធ​ការចោទប្រកាន់ ដែល​ថា អង្គការ​ស្ថិតក្រោម​សម្ពាធ​របស់​ប្រទេស​ចិន។

មេរោគ​កូរ៉ូណា​បាន​ឆ្លងរាតត្បាត​កាន់តែខ្លាំង និង​លឿន ទៅក្នុង​ប្រទេស ជិត ២០ ក្រៅ​តែ​ពី​ប្រទេស​ចិន ជាទី មនុស្ស​ជាង ៧ពាន់នាក់ ត្រូវ​បាន​គេរកឃើញ​ថា មាន​ផ្ទុកមេរោគ​កូរ៉ូណា។ គេ​វាយតម្លៃថា អង្គការ​សុខភាព​ពិភពលោក នឹងអាច​សម្រេច​ប្រកាស​អាសន្ន នៅក្រោយ​កិច្ចប្រជុំ​នៅថ្ងៃ នេះ ដោយសារ​តែ​មានការវិវឌ្ឍ​ថ្មី ដ៏ គួរ​ឲ្យ​បារម្ភ​ខ្លាំង របស់​កូរ៉ូណាវីរុស បន្ទាប់​ពីគេ​រកឃើញ​មាន​ករណី​ឆ្លង​រវាង​មនុស្ស ទៅ​មនុស្ស នៅ​ក្រៅ​ទឹកដី ចិន ដូចជា​នៅ​ប្រទេស​វៀតណាម ជប៉ុន និង​អាល្លឺម៉ង់​ជាដើម។ នៅ​ប្រទេស​ទាំងបីនេះ អ្នកមានផ្ទុកមេរោគ​កូរ៉ូណា​សុទ្ធ​តែ​អះអាងថា គេ​មិនដែល​ធ្វើដំណើរ​ទៅប្រទេស​ចិន​នោះទេ។

តាម​ប្រភព​ពីអ្នកជំនាញ​សុខភាព ដែល​កាសែត​បារាំង Le Monde ​បាន​ជួប​សម្ភាសន៍ នៅក្នុង​ការប្រជុំ​២លើក​កន្លងមក របស់​អង្គការ​សុខភាព​ពិភពលោក អ្នកជំនាញ របស់​ប្រទេស​ចិន បាន​ដាក់​សម្ពាធ ទៅលើ​សមាជិក​ដទៃ​ទៀត របស់​គណៈកម្មការ​បន្ទាន់​ស្តីពីកូរ៉ូណាវីរុស ដើម្បី កុំ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក សម្រេច​ប្រកាស​អាសន្ន ទៅលើ​ករណី​ឆ្លងរាតត្បាត​មេរោគ​កូរ៉ូណា ដែល​មាន​ប្រភពចេញមកពី​ទីក្រុង​វូហាន​ប្រទេស​ចិន។

ដោះស្រាយ វិបត្តិ​កូរ៉ូណាវីរុស ជា​មោទនភាពជាតិ​ចិន

ចិន​ដែល​លែង​ជា​ប្រទេស​តតិយលោក ប៉ុន្តែ ជាប្រទេស ដែល​កំពុង​អភិវឌ្ឍ​ខ្លាំង ជាពិសេស ក្នុង​ផ្នែក​សុខាភិបាល តាមដាន​ស្ថានភាព​អ្នកជម្ងឺ បាន​យុទ្ធនាការ​ផ្សព្វផ្សាយ បង្ហាញ​ថា ខ្លួន​អាច​គ្រប់គ្រង​ស្ថានការណ៍​កូរ៉ូណាវីរុស ដោយខ្លួនឯង។ ដូច្នេះ ការលូកដៃ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​យករឿង កូរ៉ូណា​នៅ​ប្រទេស​ចិន ​ទៅចាត់ចែង ជាលក្ខណៈ​អន្តរជាតិ មិនមែន​ជា​ការស្វាគម​របស់​ទីក្រុង​ប៉េកាំង​នោះទេ។ ផ្ទុយស្រឡះ ពីករណី​សារស៍ កាលពី​១៧ឆ្នាំមុន ដែល​ចិន​រងការរិះគន់ ពី អង្គការសុខភាព​ពិភពលោក ថា បាន​លាក់​ករណី​ជម្ងឺរាតត្បាត សារស៍ រដ្ឋាភិបាល​ចិន ឥលូវនេះ បាន​បង្ហាញ​តម្លាភាព ដោយប្រកាស​ជាប់ជានិច្ច ជារៀងរាល់ថ្ងៃ ចំនួនមនុស្ស​ស្លាប់ និង​ករណី​ឆ្លងថ្មី ឲ្យ​ពិភពលោក​បានដឹង។ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង បាន​ចេញមុខ ២ដង ប្រកាស​ព្រមាន ពីការរីករាតត្បាត​របស់​កូរ៉ូណាវីរុស ដែល​លោកចាត់ទុក​ជា​បិសាច ដែល​ចិន​អាច​ប្រយុទ្ធ​យកឈ្នះ ក្នុង​សមរភូមិ។

គេវាយតម្លៃថា ដោយធ្វើដូច្នេះ ប្រធានាធិបតី​ចិនចង់បង្ហាញ​ថា រដ្ឋាភិបាល និង​បក្សកុម្មុយនិស្ត​ចិន យកចិត្ត​ទុកដាក់ ហើយ​និង​មាន​សមត្ថភាព គ្រប់គ្រង វិបត្តិ​កូរ៉ូណាវីរុស​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ជំនួយ​ពី​បរទេស ពី​អង្គការ​សុខភាព​ពិភពលោក។ ចិន​អាច​ដោះស្រាយបញ្ហា ដូចជា​បិទទីក្រុង បង្ខាំង​មនុស្ស​ដល់ទៅ ជាង ៥០លាននាក់ ដើម្បី ទប់ស្កាត់មិន​ឲ្យ​កូរ៉ូណាវីរុស ចេញ​ពី​​ប្រទេស​ចិន។ នេះអាច​ជា​មោទភាពដែល​លោកប្រធានាធិបតី​ចិន ចង់​បង្ហាញ​ដល់​ពិភពលោក ជាពិសេស​ក្នុង​បរិបទ​ដែល​បក្ស​កុម្មុយនិស្ត​កំពុង​បាក់មុខ ដោយសារ​វិបត្តិ​ហុងកុង ការបោះឆ្នោត​នៅតៃវ៉ាន់ ហើយនិង​ជម្លោះពាណិជ្ជកម្ម​​ជាមួយ​អាមេរិក។

មួយវិញទៀត គេ​វាយតម្លៃដែរថា ចិន​មិន​ចង់​ឲ្យ​អង្គការ​សុខភាពពិភពលោក​ប្រកាស​អាសន្ន ដោយសារ​ថា បើប្រកាសអាសន្នមែន នោះ អង្គការសុខភាព​ពិភពលោក​នឹង​ណែនាំ ឲ្យ​មានការរឹតបន្តឹង ការធ្វើដំណើរចេញចូល ទៅ​ប្រទេស​ចិន។ ការរឹតបន្តឹង​ក្នុង​ការធ្វើដំណើរ កើតឡើង​ផងដែរ ជាមួយ នឹង​ការកាត់បន្ថយ ការធ្វើ​ជំនួញ ជាមួយ ចិន ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ចចិន។

ប៉ុន្តែ ប្រទេស​ជាច្រើន​បាន​ចាត់វិធានការផ្ទាល់ខ្លួន ដោយ​មិនរង់ចាំ ការប្រកាស​អាសន្ន របស់​អង្គការ​សុខភាព​ពិភពលោក

បើសិន​អង្គការសុខភាព​ពិភពលោក​ប្រកាស​អាសន្ន​ជាលក្ខណៈអន្តរជាតិ​ស្តីពីការរីករាលដាល​នៃ​មេរោគកូរ៉ូណា​មែន នោះ​អ្វីដែលថ្មី គឺ អង្គការ​សុខភាពពិភពលោក​នឹង​អាច​ប្រកូកប្រកាស​ឲ្យអន្តរជាតិ​រួមគ្នា​ធ្វើការ ស្រាវជ្រាវ វេជ្ជសាស្រ្ត ដូចជា​វ៉ាក់សាំង ជាដើម ដើម្បី ប្រយុទ្ធប្រឆាំង នឹង​មេរោគកូរ៉ូណាថ្មី។ ប៉ុន្តែ បើនិយាយ​ពីរឿងចរាចរណ៍​ធ្វើដំណើរ​វិញ គឺ ប្រទេស​នីមួយៗ បាន​អនុវត្ត​វិធានការ​ផ្ទាល់​ខ្លួន ដោយ​មិនចាំបាច់​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក។

នៅក្រោយ អាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់ ប្រទេស​អង់គ្លេស​បានអំពាវនាវ​ពលរដ្ឋ​របស់ខ្លួន​កុំ​ឲ្យធ្វើដំណើរ​ទៅ​ប្រទេស​ចិន បើសិន​គ្មានការចាំបាច់។ រដ្ឋាភិបាល​ហ្វីលីពីន​ទើប​ប្រកាស​កាត់បន្ថយ​ការផ្តល់​ទិដ្ឋាការ​ថ្មី​ដល់​ប្រជាជន​ចិន ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​មេរោគកូរ៉ូណា។

ក្រុមហ៊ុន​ហោះហើរ​អន្តរជាតិ​ធំៗរបស់​អង់គ្លេស អាល្លឺម៉ង់ អាមេរិក បារាំង ជាដើម បាន​ប្រកាស​ផ្អាក​ជើងហោះហើរ​ទៅ​ប្រទេស​ចិន។ ហុងកុង និង​នៅថ្ងៃ​នេះ​តែម្តង គឺ​រុស្ស៊ី បាន​ប្រកាស​បិទព្រំដែន ដីគោក​ជាមួយ ចិន និង​បាន​ប្រកាស​កាត់បន្ថយ មធ្យោបាយ​ធ្វើដំណើរ​ទៅប្រទេស​ចិន ជាទី ដែល​គ្រប់តំបន់ទូទាំង​ប្រទេស តាំង​ពី​ទីបេ ផង ត្រូវ​បាន​គេរកឃើញ​មានករណី​ឆ្លងមេរោគ កូរ៉ូណាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ