អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា បង្ហាញ​ផែនការ​ទ្រទ្រង់​តម្រូវការ​ក្នុង​ស្រុក ពេល​កំណើន​សេដ្ឋកិច្ច​ថមថយ

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា លោកស្រី Nirmala Sitharaman បង្ហាញ​គម្រោង​ថវិកា​ឆ្នាំ​ថ្មី នៅ​សភា
រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា លោកស្រី Nirmala Sitharaman បង្ហាញ​គម្រោង​ថវិកា​ឆ្នាំ​ថ្មី នៅ​សភា © Reuters

ឥណ្ឌា​មាន​​កំណើន​សេដ្ឋកិច្ច​បន្ថយ​ល្បឿន ធ្លាក់​​ទាបខ្លាំង​​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក។ ​អត្រា​អ្នក​អត់​ការងារធ្វើ ក៏​​បានឡើងខ្ពស់​ មិន​ធ្លាប់​មាន គិត​ក្នុង​រយៈ​ពេល​បួន​ទសវត្សរ៍​ចុងក្រោយ​នេះដែរ។ ក្នុង​ស្ថានភាព​អាប់អួរ​បែប​នេះ រដ្ឋាភិបាល​ឥណ្ឌា​ បាន​សម្រេច​​ចាត់​​វិធានការ​មួយ​ចំនួន សម្រា​ប់​លើក​ស្ទួយកំរិត​​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​តម្រូវការ​ក្នុង​ស្រុក​។ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុឥណ្ឌា​បាន​លម្អិត​វិធានការ​របស់​រដ្ឋាភិបាល ក្នុង​ឱកាស​​បង្ហាញ​គម្រោង​ថវិកា​​ឆ្នាំ​ថ្មី ២០២០-២០២១ នៅ​ថ្ងៃ​សៅរ៍​នេះ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ណារិនដ្រា ម៉ូឌី មិន​ប្រើ​វិធានការ​​ ​ចាក់​បញ្ចូល​លុយ​ទេ តែ​សុខ​ចិត្ត​កាត់​បន្ថយ​ពន្ធ​​វិញ ដើម្បី​ជំរុញ​លទ្ធភាព​ចាយ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ស្វាហាប់​ឡើង។

នៅ​ក្នុង​សុន្ទរកថា​ដ៏​វែង​អន្លាយ​ នៅ​ចំពោះ​មុខ​សភា រយៈ​ពេល ២ម៉ោង​និង​៤០​នាទី លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ បាន​លម្អិត​អំពី​វិធានការ​បញ្ចុះ​អត្រាបង់​ពន្ធ​លើ​ប្រាក់​ចំណូល របស់​​ពលរដ្ឋ​ដែល​មាន​កំរិត​ជីវភាព​មធ្យម (ថ្នាក់កណ្តាល) និង​​លុប​ពន្ធ​​ខ្លះសម្រាប់​​​ក្រុមហ៊ុន​សហគ្រាស ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​បរទេស។ មិន​តែ​ប៉ុណ្ណោះ​ ឥណ្ឌា​គ្រោង​នឹង​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រងមួយ​ចំណែក​ទៀត។

ពី​ខែ​មេសា​២០១៩ដល់​ថ្ងៃទី ៣១​មីនា ២០២០ ឥណ្ឌា​នឹង​មាន​ឱនភាពថវិកា ៣,៨% ទល់​នឹង​៣,៣%​បើ​ប្រៀប​ទៅនឹង​ការព្យាករណ៍​មុន ប៉ុន្តែ​ឱនភាព​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៣,៥%​វិញ​ទៅ​រវាង​ពី​ឆ្នាំ​២០២០-២១។ នេះ​បើ​តាម​​លោកស្រីរដ្ឋមន្ត្រី​ដដែល។

ប៉ុន្តែ​ពិភព​​អ្នក​សេដ្ឋកិច្ច​ឥណ្ឌា​មិន​ពេញ​ចិត្ត​នឹង​ផែនការ​របស់​រដ្ឋាភិបាល​នេះ​ទេ។ ទីផ្សារភាគហ៊ុន​​​ប៊ុមបេ បាន​ធ្លាក់​ថ្លៃ​អស់​​២,៥%​នៅ​ពេល​បិទ​ទ្វារ។ មាន​ការ​ទន្ទេញ​ពាក្យ​ដដែលៗ តែ​គ្មាន​ផ្តល់​លទ្ធផល​អ្វី​ជា​ដុំ​កំភួន។ នេះជា​ពាក្យ​រិះគន់​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។

សូម​បញ្ជាក់​ថា ឥណ្ឌា​ដែល​ជា​មហាអំណាចសេដ្ឋកិច្ច​ទី​បី​​​ប្រចាំ​តំបន់​អាស៊ី​ កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​បន្ថយ​ល្បឿន និងមាន​កំណើន​សេដ្ឋកិច្ច​ទាប​បំផុត​ ដោយ​ហេតុ​តែ​សេចក្តី​ត្រូវការពិភពលោក​ធ្លាក់​ចុះ​ផង វិបត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផង។ បើ​តាម​របាយការណ៍​សេដ្ឋកិច្ច​ ចេញ​ផ្សាយ​តាម​ទម្លាប់​មុន​ការ​បង្ហាញ​គម្រោង​ថវិកា កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​នឹង​បន្ត​ធ្លាក់​ចុះ នៅ​ឆ្នាំ​២០១៩-២០២០ មក​ត្រឹម​៥% ទល់​នឹង​៦,៨%​កាលពី​ឆ្នាំមុន។ ជាទូទៅ បើ​តាម​អ្នក​ជំនាញ ឥណ្ឌា​ត្រូវ​មាន​កំណើន​សេដ្ឋកិច្ច​៨% ទើប​អាច​កាត់​បន្ថយ​អត្រាអ្នក​អត់​ការងារ​ធ្វើ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ