អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេរោគកូរ៉ូណាថ្មី៖រដ្ឋាភិបាលចិនបានទទួលស្គាល់ពីចំណុចខ្វះខាត និងអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយ

សំឡេង ០៦:៣៣
ប្រឈម​នឹង​មេរោគកូរ៉ូណាថ្មី រដ្ឋាភិបាលចិនបានទទួលស្គាល់ពីចំណុចខ្វះ និងអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយ
ប្រឈម​នឹង​មេរោគកូរ៉ូណាថ្មី រដ្ឋាភិបាលចិនបានទទួលស្គាល់ពីចំណុចខ្វះ និងអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយ Reuters

នៅ​ក្នុង​ប្រទេស​ចិន ចំនួន​មនុស្ស​ស្លាប់ និង​ចំនួន​អ្នកឆ្លង​ដោយមេរោគ​កូរ៉ូណាថ្មី​កំពុង​បន្ត​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ផ្អែក​តាម​តួលេខ​របស់​គណៈកម្មការ​សុខាភិបាលជាតិ​ចិន ចំនួន​មនុស្ស​ស្លាប់​មាន ៤២៥នាក់ និង​ចំនួន​អ្នក​ឈឺ​មាន​ជាង ២០ ០០០នាក់​គិត​ត្រឹម​ថ្ងៃ​អង្គារ ទី៤ កុម្ភៈ។ ក្រៅ​ពី​នៅ​ទឹកដីចិនដីគោក មាន​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ដោយ​មេរោគកូរ៉ូណាថ្មី​នៅ​ហុងកុង។ នេះ​ជា​ករណី​ស្លាប់​ទី២ បន្ទាប់​ពី​មាន​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​សប្តាហ៍​មុន។ ប្រឈម​នឹង​កំណើន​ឥទ្ធិពល​របស់​មេរោគ​កូរ៉ូណាថ្មី មាន​ប្រទេស​កាន់​តែ​ច្រើន​បាន​ចាត់​វិធានការ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​ទីក្រុង​វូហាន ផ្អាក​ជើងហោះហើរ​ទៅ មក​ជាមួយ​ចិន ឬ​ផ្អាក​ទិដ្នាការ​ដល់​ពលរដ្ឋ​ចិន​ជា​ដើម។ ដោយឡែក និង​ជា​លើកទី១ រដ្ឋាភិបាល​ចិន​បាន​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​នៅ​ក្នុង​វិធានការ​ទប់ស្កាត់​នឹង​មេរោគផ្លូវដង្ហើម​ថ្មី និង​បាន​អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​ជួយ។

ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​ចិន​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​ការិយាល័យនយោបាយ​បក្សកុម្មុយសនិស្ត​ដែល​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ផ្លូវការ​ចិន​ឈ្មោះ​ស៊ីនហួរ។ តាម​ស៊ីនហួរ គណៈកម្មាធិការ​បាន​សម្គាល់​ឃើញ​ពី​កង្វះខាត និង​ការ​លំបាក​នៅ​ក្នុង​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគកូរ៉ូណា​ថ្មី។ គណៈកម្មាធិការ​បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ និង​ឲ្យ​សក្តិសម​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានការណ៍អាសន្ន​សុខភាព។ ទន្ទឹម​គ្នា​នេះ គណៈកម្មាធិការ​ក៏​សង្ឃឹម​ពី​ការ​ចូលរួម​របស់​សហគមន៍អន្តរជាតិ​ក្នុង​ការ​ប្រឈម​ទប់​នឹង​មេរោគផ្លូវដង្ហើមថ្មី។ តែ​ចិន​មិន​មែន​កំពុង​ដេកដួល រង់ចាំ​ជំនួយ​អ្នក​ដទៃ​ទេ។ ជាក់ស្តែង ចិន​បាន​សាងសង់​រួច​មន្ទីរពេទ្យ​ទី១ តែ​ក្នុង​រយៈពេល ១០ថ្ងៃ ហើយ​មន្ទីរពេទ្យ ទី២ នឹង​សាងសង់​រួច​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ដើម្បី​ទទួល​ព្យាបាល​អ្នក​ផ្ទុក​មេរោគកូរ៉ូណាថ្មី។

បន្ទាប់​មក ចិន​បាន​ចាក់​លុយ​ជា​ច្រើន​ពាន់លានដុល្លារ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​កំពុង​រងគ្រោះ​ដោយ​មេរោគកូរ៉ូណាថ្មី។ គួរ​បញ្ជាក់​ថា ចិន​សព្វថ្ងៃ​មិន​ដូច​ចិន​កាល​ពី​ជិត ២០ឆ្នាំ​មុន​ដែល​ជួប​វិបត្តិ​ជំងឺ​សារស៍​ទេ។ ចិន​សព្វថ្ងៃ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក​បន្ទាប់​ពី​អាមេរិក និង​សម្បូរ​លុយ។ តែ​អ្វី​ដែល​ចិន​ខ្វះ និង​តម្រូវការ​ជា​បន្ទាន់​នៅ​ចំពោះ​មុខ​ពេល​នេះ គឺ​សម្ភារៈ​បរិក្ខារពេទ្យ ពិសេស​ម៉ាស់ សម្លៀកបំពាក់ និង​វ៉ែនតា​សម្រាប់​ការពារ​ការ​ឆ្លង​មេរោគ។ តម្រូវការ​សម្ភារៈ​បន្ទាន់​ទាំង​នេះ​ធ្លាប់​បាន​បញ្ជាក់​ដោយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ហួរ ជុនយីង។ តាម​លោកស្រី​ជុនយីង មាន​ប្រទេស​មួយ​ចំនួន ដូច​យ៉ាង​បារាំង អង់គ្លេស ជប៉ុន និង​កូរ៉េខាងត្បូង​បាន​បញ្ជូន​សម្ភារៈពេទ្យ​ឲ្យ​ចិន តែ​នៅ​មិន​ទាន់​គ្រប់គ្រាន់។ ផ្អែក​តាម​ក្រសួង​ឧស្សាហកម្ម​ចិន រដ្ឋាភិបាល​បាន​បង្ខំ​ចិត្ត​នាំ​ចូល​ម៉ាស់ សម្លៀកបំពាក់ និង​វ៉ែនតា​ពី​អឺរ៉ុប ជប៉ុន និង​អាមេរិក។

មេរោគកូរ៉ូណាថ្មី​គ្មាន​ព្រំដែន និង​គ្មាន​សញ្ជាតិ

នៅ​ថ្ងៃ​ចន្ទ ទី៣ កុម្ភៈ ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក G៧ បាន​បើក​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល។ G៧ បាន​ព្រមព្រៀង​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគកូរ៉ូណាថ្មី ដូច​យ៉ាង​វិធានការ​បង្ការ ណែនាំ​ពី​ការ​ធ្វើ​ដំណើរ និង​ចូលរួម​នៅ​ក្នុង​ការ​ស្រាវជ្រាវ​លើ​មេរោគ​ថ្មី​នេះ​ដោយ​មាន​សហការណ៍​ជាមួយ​អង្គការសុខភាពពិភពលោក។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម G៧ ចង់​ឲ្យ​មាន​ការ​ដោះដូរ​មតិយោបល់​ដោយ​ផ្ទាល់​រវាង​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៅ​ក្នុង​រង្វង់ G៧ លើ​មេរោគកូរ៉ូណាថ្មី​ដែល​គ្មាន​ព្រំដែន និង​គ្មាន​សញ្ជាតិ។

ចំណែក​ធនាគារពិភពលោក​បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក​ឲ្យ​ពង្រឹង​ការ​ឃ្លាំមើល​សុខភាព និង​ផ្តល់​ចម្លើយ​សមស្រប​ប្រឈម​នឹង​មេរោគកូរ៉ូណា​ថ្មី។ ទន្ទឹម​គ្នា​នេះ ធនាគារពិភពលោក​ក៏​បាន​បញ្ជាក់​ពី​ការ​ពិនិត្យមើល​លើ​ធនធាន​លុយ និង​បច្ចេកទេស​ដែល​អាច​ប្រើប្រាស់​ភ្លាមៗ​ដើម្បី​ជួយ​គាំទ្រ​ដល់​ក្រុមប្រទេស​ដែល​រងគ្រោះ​ដោយ​មេរោគកូរ៉ូណាថ្មី។ នៅ​ក្នុង​ន័យ​នេះ ធនាគារពិភពលោក​បាន​បញ្ជាក់​ពី​ការ​ជជែក​ជាមួយ​ដៃគូ​អន្តរជាតិ​ដើម្បី​ស្វែង​កុងសង់ស៊ុស​រួម​មួយ​ជា​លក្ខណៈអន្តរជាតិ​ដើម្បី​ជួយ​ក្រុម​ប្រទេស​ឲ្យ​ដោះស្រាយ​ទាន់​ពេល​លើ​វិបត្តិ​មេរោគកូរ៉ូណាថ្មី​ដែល​ជា​វិបត្តិ​សុខភាពពិភពលោក​ទាំង​មូល។

ប្រទេស​នីមួយៗ​កំពុង​បន្ត​ចាត់​វិធានការ​រៀងៗ​ខ្លួន

គេ​បាន​សង្កេត​ឃើញ​ថា​មក​ទល់​ពេល​នេះ ប្រទេស​នីមួយៗ​បាន​ចាត់​ការ​ខ្លួន​ឯង​ដើម្បី​បញ្ជៀស​ការ​ចម្លង​មេរោគ​ចូល​ស្រុក និង​ជួយ​សង្រ្គោះ​ពលរដ្ឋ​ខ្លួន​ឯង។ វិធានការ​ដែល​គេ​ប្រើ​ដើម្បី​បញ្ឈៀស​ការ​ឆ្លង​រាលដាល​មេរោគ មាន​ការ​បិទព្រំដែន បិទ​ការ​ចូល​របស់​ពលរដ្ឋ​ចិន​ជា​លក្ខណទូទៅ និង​ជនបរទេស​ដែល​បាន​ស្នាក់នៅ​ចិន​ក្នុង​រយៈពេល ២សប្តាហ៍​ចុង​ក្រោយ។ ដោយឡែក ពលរដ្ឋ​ដែល​ប្រទេស​កំណើត​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង​វូហាន​ត្រូវ​បាន​រដ្ឋអំណាច​យក​ទៅ​ដាក់​នៅ​កន្លែង​ដាច់​ដោយឡែក​ដើម្បី​តាម​ដាន​ស្ថានភាព​សុខភាព​រយៈ​ពេល ១៤ថ្ងៃ។ រយៈពេល​នេះ​ត្រូវ​បាន​គេ​សម្រេច​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​រយៈពេល​ដែល​មេរោគកូរ៉ូណាថ្មី​អាច​លេច​រូបរាង​ឡើង។

បើ​មាន​មនុស្ស​ណា​ម្នាក់​ពិត​ជា​បាន​ឆ្លង​មេរោគកូរ៉ូណា​ថ្មី​នៅ​ទីក្រុង​វូហាន​មែន រោគសញ្ញា​នឹង​ចាប់​លេច​ឡើង​នៅ​ក្នុង​រយៈពេល ១៤ថ្ងៃ​នោះ។ តែ​បើ​គ្មាន​លេច​ចេញ​នូវ​រោគសញ្ញា​អ្វី​ទេ មនុស្ស​ពិត​ជា​គ្មាន​ឆ្លង​មេរោគកូរ៉ូណាថ្មី និង​អាច​ត្រូវ​ដោះឡើយ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​រយៈពេល​តាម​ដាន​តែ​ចន្លោះ​ពី ២ ទៅ ១០ថ្ងៃ​ប៉ុណ្ណោះ។ ចំណែក​ការ​សិក្សា​មួយ​របស់​ចិន​បាន​គិត​ជា​រយៈពេល​មធ្យម​ដែល​មាន​ប្រមាណ​ត្រឹម ៥,២ថ្ងៃ។ តើ​វិធានការ​បង្ខាំង​មនុស្ស​ដែល​ជម្លៀស​ពី​វូហាន ឬ​ពី​វេនហ៊្សូ​ក្នុង​រយៈពេល ១៤ថ្ងៃ​ដើម្បី​តាម​ដាន​ស្ថានភាព​សុខភាព​ពិត​ជា​អាច​បញ្ជៀស​ហានិភ័យ​មេរោគកូរ៉ូណាថ្មី​ដោយ​ប្រសិទ្ធិភាព​ដែរ ឬ​ទេ។ ចម្លើយ គេ​នៅ​មិន​ទាន់​មាន​វិធានការ​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ