អានតួអត្ថបទ
ចិន

អ្នកវិទ្យាសាស្រ្ត​ចិនថា សត្វពង្រូល​អាច​ជា​អ្នកចម្លង​កូរ៉ូណាវីរុស​ទៅមនុស្ស

បុរសវៀតណាម​កាន់សត្វពង្រូល​នៅ​ផ្សារ​មួ​យក្រៅក្រុង​ហាណូយប្រទេស​វៀតណាម
បុរសវៀតណាម​កាន់សត្វពង្រូល​នៅ​ផ្សារ​មួ​យក្រៅក្រុង​ហាណូយប្រទេស​វៀតណាម ©REUTERS/Kham

ពង្រូល ប្រភេទ​សត្វព្រៃ ដែល​កំពុង​ប្រឈម​នឹង​ការរលត់ផុតពូជ នោះ អាច​ជា​អ្នកចម្លង​មេរោគ កូរ៉ូណា​ថ្មី ទៅ​មនុស្ស។ អ្នកវិទ្យាសាស្រ្ត​ចិន បាន​វាយតម្លៃ​យ៉ាងដូច្នេះ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ ចុះផ្សាយ កាលពី​ថ្ងៃ សុក្រ​ម្សិលមិញ។ អ្នកជំនាញ​ចិន ធ្លាប់​បាន​សន្និដ្ឋាន​ហើយ​ថា កូរ៉ូណាវីរុស ដែល​បាន​សម្លាប់មនុស្ស ៦៣៦នាក់ នៅ​ប្រទេស​ចិន មានប្រភព​ចេញមកពី​ផ្សារត្រី ដែល​មាន​លួច​លក់​ផង​ដែរ សាច់​សត្វព្រៃ ខុសច្បាប់។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាសព័ត៌មាន កាលពី​ថ្ងៃ​សុក្រ អ្នកស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​កសិកម្ម​ភាគខាងត្បូង​របស់​ប្រទេស​ចិន បានកំណត់រកឃើញថា សត្វ​ពង្រូល​មាន​ជាប់ទាក់ទង​នឹង​ការចម្លងមេរោគ​កូរ៉ូណាថ្មី ដែល​បាន​សម្លាប់មនុស្ស ៦៣៦នាក់ នៅ​ប្រទេស​ចិន។ ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា មេរោគ​កូរ៉ូណា​ថ្មី មាន​ លក្ខណៈ ទម្រង់ (ក្រូម៉ូសូម DNA) ស្រដៀងគ្នា ដល់​ទៅ ៩៦ភាគរយ ដូច មេរោគកូរ៉ូណា ដែល​គេ​រកឃើញ​នៅក្នុង​សត្វប្រចៀវ។ ប៉ុន្តែ អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញ​ដែរ​ថា មេរោគ​កូរ៉ូណា នៅ​ក្នុង​ខ្លួន​សត្វប្រចៀវ គ្មាន​សមត្ថភាព​ពេញលេញ ដើម្បី​ចម្លង​ទៅ​មនុស្ស​បានទេ ពោល គឺ​ត្រូវការ ស្ពាន ភាគីកណ្តាលមួយទៀត ចាំ​ទទួល​ផ្ទុក មេរោគ ដើម្បី អាច​ចម្លង​ទៅ​មនុស្សលោក។

បន្ទាប់ពី​ធ្វើតេស្ត​ទៅលើ​គំរូរាប់ពាន់​ប្រភេទ​របស់​សត្វព្រៃ អ្នកស្រាវជ្រាវ​ជាតិ​ចិន​ទើប​រកឃើញ​ថា ពង្រូល ជា​សត្វ​អន្តរការី ដែល​អាច​ចម្លង​មេរោគ​កូរ៉ូណា ពី​សត្វប្រចៀវ ទៅ​មនុស្ស។ អ្នកវិទ្យាសាស្រ្ត​ចិន ហ៊ាន​អះអាង​ដូច្នេះ បន្ទាប់ពី​គេរកឃើញថា កូរ៉ូណាវីរុស​ក្នុង​ខ្លួន​សត្វពង្រូល មាន​ទម្រង់ លក្ខណៈ ដូចគ្នា​នឹង​មេរោគកូរ៉ូណា​ក្នុង​ខ្លួន មនុស្ស ដល់​ទៅ ៩៩ភាគរយ។ សម្រាប់​អ្នកវិទ្យាសាស្រ្ត សត្វពង្រូល​អាច​ដើរតួនាទី អន្តរការី ពោល គឺ​អាច​ផ្ទុកមេរោគ ដោយ មិនធ្លាក់​ខ្លួន​ឈឺ ប៉ុន្តែ អាច​ចម្លង​ទៅ​អ្នកដទៃ។

នៅក្នុង​អំឡុង​ជំងឺរាតត្បាត​សារស៍ ឆ្នាំ ២០០៣ មេរោគ​កូរ៉ូណា​មានប្រភព​មកពី​សត្វប្រចៀវ ប៉ុន្តែ គឺ​សត្វសំពោច​ដែល​ជាអ្នកចម្លងមេរោគ​ទៅមនុស្ស។ នៅក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីករាលដាល​កូរ៉ូណាវីរុស រដ្ឋាភិបាល​ចិន បាន​ចេញបញ្ជា​កាលពី​ចុងខែ​មករា ហាមបណ្តោះអាសន្ន មិន​ឲ្យ​មានការជួញដូរ សត្វព្រៃ ការចិញ្ចឹម ការលក់ សាច់សត្វព្រៃ​គ្រប់ប្រភេទ។

សម្រាប់​អ្នកការពារ​សត្វព្រៃ ដើម្បីអាច​ទប់ស្កាត់​ជំងឺរាតត្បាត សម្លាប់មនុស្ស​ដូចជា​កូរ៉ូណាវីរុស ការហាមឃាត់ ពាណិជ្ជកម្ម​សត្វព្រៃ ជា​ដំណោះស្រាយ​ដ៏ល្អបំផុត ព្រោះថា ជំនួញ​សត្វព្រៃ មិនត្រឹមតែ​គំរាមកំហែង​ដល់​សុខភាព​របស់​ជីវិត​មនុស្ស​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​គ្រោះថ្នាក់​ផងដែរ ដល់​ជីវិត​សត្វព្រៃ។ តាម​អង្គការ​ការពារ​សត្វព្រៃ WildAid សត្វពង្រូល​ប្រមាណ ១សែនក្បាល ត្រូវ​បាន​គេ​សម្លាប់ ក្នុង​មួយឆ្នាំៗ នៅ​តំបន់​អាស៊ី និង​អាហ្វ្រិក។ ពង្រូល​បាន​ក្លាយ​ជា​ប្រភេទ​កម្រ ដែល​ប្រឈម​នឹង​ការរលត់ផុតពូជ ដោយ​ឈរនៅជួរមុខ​សត្វ​ដំរី រមាស​ទៅទៀត។ សាច់​សត្វពង្រូល​ភាគច្រើន ជា​អាហារ​ចង់បាន​របស់​ជនជាតិ​ចិន និង​វៀតណាម ចំណែក​ស្រការ ឆ្អឹង និង​គ្រឿងក្នុង​របស់វា ជា​គោលដៅ​ប្រមាញ់ចង់បាន​សម្រាប់ថ្នាំបុរាណ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ