អានតួអត្ថបទ
ថៃ

ខ្មាន់កាំភ្លើងថៃ ដើរ​បាញ់រះ សម្លាប់​មនុស្ស នៅ​ខេត្ត​នគររាជសីមា

នៅលើទំព័រហ្វេសប៊ុក​របស់ខ្លួន ប៉ូលិសថៃ​ចេញផ្សាយ​រូប​ថត​របស់​ខ្មាន់កាំភ្លើង ដែល​បាន​សម្លាប់​មនុស្ស ១៧នាក់ និង​ដែល​កំពុង​ចាប់មនុស្សធ្វើ​ចំណាប់ខ្មាំង​នៅ​ផ្សារទំនើប​នៅទីក្រុង ខូរាត់ ភាគ​ឦសាន​ទីក្រុង​បាងកក កាលពីយប់​ថ្ងៃ​សៅរ៍ ទី ៨កុម្ភៈ ២០២០
នៅលើទំព័រហ្វេសប៊ុក​របស់ខ្លួន ប៉ូលិសថៃ​ចេញផ្សាយ​រូប​ថត​របស់​ខ្មាន់កាំភ្លើង ដែល​បាន​សម្លាប់​មនុស្ស ១៧នាក់ និង​ដែល​កំពុង​ចាប់មនុស្សធ្វើ​ចំណាប់ខ្មាំង​នៅ​ផ្សារទំនើប​នៅទីក្រុង ខូរាត់ ភាគ​ឦសាន​ទីក្រុង​បាងកក កាលពីយប់​ថ្ងៃ​សៅរ៍ ទី ៨កុម្ភៈ ២០២០ ©THAI ROYAL POLICE / AFP

ខ្មាន់កាំភ្លើង ជា​ទាហាន​ថៃ​ម្នាក់​បាន​បាញ់សម្លាប់​មេបញ្ជាការ​របស់ខ្លួន មុន​នឹង​ចេញ​ទៅ​បាញ់​រះ​សម្លាប់​មនុស្ស​តាមផ្លូវ នៅវត្តអារ៉ាម និង​នៅ​ផ្សារទំនើប មួយ​នៅខេត្ត​នគររាជសីមា។ តាមតួលេខដំបូង ផ្តល់​ដោយ មន្រ្តីមជ្ឈមណ្ឌល​សេវាបន្ទាន់ថ្នាក់ជាតិ មនុស្ស ១៧នាក់ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ ចំណែក​មនុស្ស​១៤​រងរបួស នៅក្នុង​ហេតុការណ៍​បាញ់សម្លាប់មនុស្ស កាលពី​យប់​ថ្ងៃ​សៅរ៍ម្សិលមិញ។ 

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាញ់រះ​សម្លាប់ មនុស្ស ចាប់ផ្តើម​ដំបូង នៅ​បន្ទាយទាហាន​មួយ ក្នុង​ខេត្ត​នគររាជសីមា ដែល​ស្ថិតនៅចម្ងាយ ប្រមាណ ២៥០គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក។ តាម​ប៉ូលិស​ថៃ ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​មនុស្ស​បីនាក់ នៅ​ក្នុង​បន្ទាយ ដែល​នៅក្នុង​នោះ​មាន​វរសេនីយ៍ឯក Anantharot Krasae​ដែល​ជា​មេបញ្ជាការ​របស់ខ្លួន រួម​ទាំងស្រី្តចំណាស់ អាយុ ៦៣ឆ្នាំ និង​ទាហាន​ម្នាក់ទៀត មុន​នឹង​លួច​យក​រថយន្ត​របស់​កងទ័ព បើក​ចូល​ទៅ​កណ្តាលក្រុង។

តាម​កាសែត​ក្នុង​ស្រុក​ថៃ ខ្មាន់កាំភ្លើង​បាន​លួចយក​សព្វាវុធ ពី​ឃ្លាំងទាហាន មុន​នឹង​ទៅ​ចាប់មនុស្ស​ជាចំណាប់ខ្មាំង​នៅក្នុង​ផ្សារទំនើប មួយ ក្នុង​ទីក្រុងខូរាត់។ កាសែត​ក្នុង​ស្រុក​ថៃ​បាន​និយាយ​ពីចំណាប់ខ្មាំង​១៦នាក់ ប៉ុន្តែ ប៉ូលិស​ថៃ​វិញ មិន​បាន​បញ្ជាក់​ព័ត៌មាន​ដែល​កាសែត​ចុះផ្សាយ​នោះទេ។

អ្នកនាំពាក្យ​របស់​ប៉ូលិស​ថៃ លោក​Krissana Pattanacharoeun គ្រាន់តែ​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ខ្មាន់កាំភ្លើង បាន​ប្រើ​កាំភ្លើង​ស្វ័យប្រវត្តិ បាញ់​សម្លាប់​មនុស្ស​ស្លូតត្រង់ និង​ធ្វើ​ឲ្យ​មនុស្ស​របួស​ជាច្រើននាក់។ តាម​កាសែត​បាងកកប៉ុស្ត ដែល​បាន​ដកស្រង់សំដី របស់ ឧត្តមសេនីយ៍ទោ​Thanya Kriatisarn មេបញ្ជាការ​កងទ័ពភូមិភាគី​ទី២ របស់​ថៃ ប៉ូលិស​និង​ទាហាន​ថៃ កំពុង​តាមរកចាប់ ខ្មាន់កាំភ្លើង ដែល​គេ​បាន​កំណត់​អត្តសញ្ញាណ​ថា ជា​ពលបាលឯក ឈ្មោះ Jakrapanth Thomma និង​ដែលកំពុង​លាក់ខ្លួន នៅក្នុង​ផ្សារទំនើប។

គេនៅមិនទាន់​ដឹង​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​ខ្មាន់កាំភ្លើង​ដើរបាញ់​រះ​សម្លាប់​នៅ​ឡើយទេ។ ប៉ុន្តែ កាសែត​ក្នុង​ស្រុក​ថៃ បាន​សរសេរ​ថា មេបញ្ជាការ ដែល ខ្មាន់កាំភ្លើង បានបាញ់​សម្លាប់​នៅ​ក្នុង​បន្ទាយ ធ្លាប់​មាន​ជម្លោះ​នឹង​គ្នា នាពេល​កន្លងមក។

នៅ​ក្នុង​វីដេអូ ផ្សាយផ្ទាល់ តាម​ហ្វេសប៊ុក ពី​ផ្សារទំនិញ ខ្មាន់​កាំភ្លើង អាយុ ៣២​ឆ្នាំ បាន​និយាយ​ថា គេហត់ ពិបាក​កំរើកម្រាមដៃ។ ហ្វេសប៊ុក​បាន​លុបចោល​វីដេអូ ហើយ​និង​អត្ថបទ​សរសេរ​ផ្សេង​ទៀតដែល​ខ្មាន់កាំភ្លើង​បាន​សរសេរ​ចាប់តាំង​ពីចាប់ធ្វើ​សកម្មភាព​បាញ់សម្លាប់មនុស្ស ដូចជា តើ​គេ​ត្រូវ​សុំចុះចាញ់​ដែរឬទេ ឬ​ក៏ថា គ្មាន​អ្នកណា​ម្នាក់ដែល​គេចផុត​ពី​សេចក្តីស្លាប់បានឡើយ។ នៅ​ក្នុង​សារ​មួយទៀត ដែល​ហ្វេសប៊ុក​បាន​លុបចោល​ផងដែរ ខ្មាន់កាំភ្លើង បាន​សរសេរ​ថា តើ​ក្លាយខ្លួន​ជា​អ្នកមាន ដោយកេង​ចំណេញពីអ្នកដទៃ តើ​ពួកគេហ្នឹង​គិតថា នឹង​អាច​ចាយលុយ​នៅ​ឋាននរក​ឬ​យ៉ាងម៉េច។

កាសែត​បាងកក​ប៉ុស្ត​បាន​ចុះផ្សាយ នៅ​យប់​ថ្ងៃ​សៅរ៍​ថា ប៉ូលិស និង​ទាហាន​បាន​ចាប់​ឡោមព័ទ្ធ ផ្សារទំនើប នៅទីក្រុង ខូរាត់ ដែល​នៅ​ទីនោះ ម្តាយ​របស់​ខ្មាន់កាំភ្លើង ត្រូវ​បាន​ប៉ូលិស ហៅ​ឲ្យ​ទៅ​និយាយ​បញ្ចុះបញ្ចូល​កូន​ឲ្យ​ទម្លាក់អាវុធ។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថៃ​បាននិយាយ​ថា លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាន​តាមដាន ជាប់ហេតុការណ៍ នៅ​ខូរាត់ និង​បាន​សំដែង​ចូលរួម​ទុក្ខសោក​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​ត្រូវ​ខ្មាន់កាំភ្លើង បាញ់សម្លាប់ និង​បាញ់​ឲ្យ​របួស កាលពី​យប់​ថ្ងៃ​សៅរ៍។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ