អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការចម្លង​កូរ៉ូណាវីរុស ទំនង​ចាប់ “ទ្រឹង” អង្គការ​សុខភាព​ពិភពលោក​ចុះ​ទៅ​បើក​អង្កេត​ដល់​វូហាន

សំឡេង ០៦:៥៦
បុគ្គលិក​ពេទ្យ បាញ់​ថ្នាំ​សម្អាត​មេរោគ​ដល់​អ្នក​ជំងឺ​ទើប​ចេញ​ពី​ពេទ្យ
បុគ្គលិក​ពេទ្យ បាញ់​ថ្នាំ​សម្អាត​មេរោគ​ដល់​អ្នក​ជំងឺ​ទើប​ចេញ​ពី​ពេទ្យ STR / AFP

បន្ទាប់​ពីរង់ចាំ​អស់​ពីរ​សប្តាហ៍ ក្រុមជំនាញ​អន្តរជាតិ​​របស់​អង្គការ​សុខភាព​ពិភពលោកបានទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ចិន ឱ្យចូល​ទៅ​ធ្វើការ​ស៊ើប​អង្កេត​អំពី​កូរ៉ូណាវីរុស នៅ​ផ្ទាល់​កន្លែង។ ក្រុម​អ្នក​ជំនាញ​បាន​​ទៅ​ដល់​​ក្រុងវូហាន​ នៅ​ថ្ងៃចន្ទ​ទី ១០​កុម្ភៈ ចំ​ថ្ងៃ​ដែលចិន​ចាប់​មាន​​សកម្មភាព​ការងារ​ឡើងវិញ​ ដោយ​សន្សឹមៗ។ ចំណែក​ ឯតុល្យការ​នៃ​ជនរងគ្រោះ​ដោយ​កូរ៉ូណា​វីរុស​វិញ បាន​ឡើង​ដល់​ ៩០៩​នាក់​ស្លាប់​ និង​ អ្នក​ឆ្លង​ចំនួន ៤០២៣៥នាក់ (តួលេខ​ថ្ងៃចន្ទទី ១០កុម្ភៈ)។ ប៉ុន្តែ​កំណើន​នៃ​ការ​ចម្លង​មេរោគ​កូរ៉ូណា​ថ្មី ហាក់​ដូច​ជា ចាប់​ទ្រឹង ​លែង​សូវ​ឡើង។​

ផ្សាយពាណិជ្ជកម្ម

អង្គការ​សុខភាព​ពិភពលោក ប្រើ​ពេលជិត​ពី​រ​សប្តាហ៍​​ ទម្រាំ​​ទទួលបាន​​ការ​​ព្រមព្រៀង​ពី​អាជ្ញាធរ​ប៉េកាំង​​ ថា​តើ​អ្នក​ជំនាញ​រូបណា​ខ្លះ​អាច​ចេញ​ទៅ​បំពេញ​បេសកកម្ម ដែល​ដឹកនាំ​ដោយ​​​លោក ​Bruce Aylward ជាតិ​កាណាដា ដែល​មាន​ជំនាញផ្នែក​​រោគរាតត្បាត និង​ល្បី​ឈ្មោះ​ខ្លាំង​ក្នុង​ការ​ដឹកនាំ​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា​នៅ​អាហ្វ្រិក។

សម្រាប់​បេសកកម្ម​​នៅវូហាន ក្រុមអ្នក​​ជំនាញ​អន្តរជាតិ ត្រូវស្រាវជ្រាវ​​​​អង្កេត​ អំពី​មេរោគ​កូរ៉ូណា ​ថ្មី ព្រោះ​សូម​រំលឹក​ថា គេ​នៅមិនទាន់​ដឹង​​ច្បាស់ អំពី​​ប្រភពចម្លងដំបូង​​ នៃ​មេរោគ​កូរ៉ូណា​ទេ។ ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ក៏​នឹង​ត្រូវ​សិក្សា​​​​វាយតម្លៃ​ ថាតើ​វិធានការ​របស់​រដ្ឋាភិបាលចិន​ និង​ពិសេសថា​តើ​ចំណាត់ការ​ បិទ​ទីក្រុង​ ដើម្បី​ទប់​ស្កាត់ការរាតត្បាត មានផលប៉ះពាល់ និង​ប្រសិទ្ធភាព​​យ៉ាងណា​។

ចំនួន​អ្នក​ឆ្លង​ថ្មី​ ចាប់​ទ្រឹង

​​មេរោគ​កូរ៉ូណា​ថ្មី ដែល​ផ្ទុះ​ឡើង​កាល​ពី​ខែ​ធ្នូ បាន​បង្ក​ឱ្យ​មាន​​អ្នក​ស្លាប់ ​ឡើង​ដល់​ ៩០៩​នាក់​ និង​ អ្នកមាន​ផ្ទុក​មេរោគ​​ចំនួន ៤០២៣៥នាក់។ នេះ​ជា​តួលេខ​​ផ្លូវការ​ផ្តល់​ដោយ​អាជ្ញាធរ​ចិន នៅព្រឹកថ្ងៃ​ចន្ទ​ទី​១០កុម្ភៈ ដែល​ឆ្លុះ​​បញ្ចាំង​​ឱ្យ​ឃើញ​ថា កូរ៉ូណា​វីរុស កំពុង​ឈាន​ចូល​ដល់​​ដំណាក់​កាល​ “ទ្រឹង”។ ក្នុង​រយៈ​ពេល​បួន​ថ្ងៃ​ជាប់​គ្នា​មក​នេះ ចំនួន​អ្នក​ឆ្លង​ថ្មី​ ​កើន​ឡើងក្នុង​បរិមាណថេរ។ ដូច្នេះ​នេះ​ជា​ដំណឹង​ល្អ បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ចំណាត់ការ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​សម្រាប់​អង្គការ​សុខភាពពិភពលោក ​វា​ហាក់​ដូច​ជា​នៅ​ឆាប់​បន្តិច ក្នុងការ​ចេញ​​សេចក្តី​សន្និដ្ឋាន​ថា ​កូរ៉ូណាវីរុស​ថ្មី បាន​រីករាលដាល​ឡើង​ដល់​កំរិត​កំពូលហើយ។

បើតាមអ្នក​ជំនាញ​ផ្នែករោគរាតត្បាត​​អាមេរិក លោក Ian Lipkin ដែល​ល្បី​ល្បាញ​ខ្លាំង​ខាង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នៅ​លើ​ពិភពលោក បើវិធានការបិទ​ក្រុង​ មាន​ប្រសិទ្ធភាព នោះ​ករណី​រាលដាល​ឆ្លង​កូរ៉ូណា​វីរុសទំនង​ឡើង​​ដល់​កំរិត​កំពូល​ នៅ​​មុនដំណាច់​​ខែ​កុម្ភៈ​នេះ។ ​ ទើបបញ្ចប់​​បេសកកម្ម​នៅ​ក្នុង​ខេត្ត​​ក្វាងទុង និង​ត្រលប់​មក​ដល់​ក្រុង​ញូវយ៉ក​វិញ លោក Lipkin បាន​ពន្យល់ថែម​ទៀត​​ថា កូរ៉ូណា​ជា​វិបត្តិ​សុខភាព​ដែល​ពុំ​ធ្លាប់​មាន​ក្នុងប្រវត្តិសាស្ត្រ និងដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​និង​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​មែន​ទែន។ នៅ​សប្តាហ៍​នេះ និង​សប្តាហ៍​ក្រោយ​ ពលរដ្ឋនឹង​ចាប់​ផ្តើម​សកម្មភាព​ការងារ​របស់​ខ្លួន​ឡើង​វិញ... តែ​បើ​យោង​ទៅ​លើ​រយៈ​ពេល​សំងំ​របស់​កូរ៉ូណាវីរុស​ថ្មី និង​​បើ​​វិធានការ​បំបែក​អ្នក​មាន​ផ្ទុក​មេរោគ​ដោយ​ឡែក​ពីគេ​មាន​ប្រសិទ្ធភាព​មែន នោះ​គេ​នឹង​អាច​សង្ឃឹម​បាន​ថាការ​រីករាលដាល​នៃ​​មេរោគ​កូរ៉ូណា​ថ្មី​នឹង​ចាប់​ថយ​ចុះ​នៅ​ចុងខែ​។ ប៉ុន្តែ​ប្រសិន​បើ​វិធានការ​ពុំ​មាន​ប្រសិទ្ធភាព​ទេ នោះ​ការរាលដាល​នឹង​ស្ទុះ​ឡើង​វិញ។

សប្តាហ៍​គន្លឹះ

បាន​ន័យថា​ សប្តាហ៍​នេះ ជា​ពេលវេលា​ដ៏​​សំខាន់​ខ្លាំង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​កូរ៉ូណា​វីរុស។ ថ្វី​បើសិស្ស​និស្សិត ត្រូវ​បន្ត​វិស្សមកាល​បន្ថែម​ទៀត និង​​ខេត្ត​ក្រុង​ខ្លះ ជា​ពិសេស​ខេត្ត​ហ៊ូពេ បន្ត​ជាប់​បម្រាម បិទ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ តាំង​ពី​ថ្ងៃ​ទី ២៣​មករា​មកមែន តែ​ខេត្ត​ក្រុង​ផ្សេង​ទៀត បាន​ទទួល​ក្រិត្យ​អនុញ្ញាត​ ឱ្យ​ចាប់​ផ្តើម​​​សកម្មភាព​ការងារ​ឡើង​វិញ​ហើយ​ ចាប់​ពី​ថ្ងៃទី ១១​កុម្ភៈ​ទៅ។

ដើម្បី​ទប់​ស្កាត់កុំ​ឱ្យ​មានការ​ចម្លង​មេរោគ​កូរ៉ូណា​ថ្មី អាជ្ញាធរ​ប៉េកាំង បាន​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ដោយ​បាន​​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ សហគ្រាស​ ព្រម​​ឱ្យបុគ្គលិក​ធ្វើ​ការនៅ​ផ្ទះ។ បើ​តាម​កម្មវិធី​ Ding Talk មាន​បុគ្គលិក​ចិន​២០០​លាន​នាក់​បានសុំ​​សិទ្ធ​ធ្វើការ​ពី​ផ្ទះ។

សម្រាប់​អ្នក​ដែល​ដាច់​ខាត​ត្រូវ​ធ្វើ​បំលាស់​ទី គេ​អាច​ធ្វើ​​ដំណើរ​បាន​ តែ​សូម​ចៀងវាង​កុំ​ជ្រើសរើស​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ។ បើតាម​ប្រភព​ព័ត៌មាន​រដ្ឋ​ នៅ​ថ្ងៃ​ចន្ទ​ទី ១០​កុម្ភៈ នៅ​ប៉េកាំង ក៏​ដូច​ជា​នៅក្រុង​​សៀងហៃ​ ចរាចរណ៍​លើ​ផ្លូវ​ថ្នល់​ចាប់​មាន​សកម្មភាព​ឡើង​វិញ តែ​ពុំ​ឈូឆរ​ខ្លាំង​រហូត​ដល់កក​ស្ទះ​​ដូច​ពី​មុន​ទេ។ ចំណែក​រថភ្លើង​ក្រោម​ដី​ មាន​អ្នក​ជិះ​ប្រមាណ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ។

ហាងទំនិញ ភោជនីយដ្ឋាន ​រោង​ភាពយន្ត សាលកីឡា ​ជា​ច្រើន នៅ​ទូទាំង​ប្រទេស នៅ​បន្ត​បិទ​ទ្វារ​ដដែល។ ការិយាល័យ​រដ្ឋបាល បាន​បើក​​ទ្វារ​​មែន ប៉ុន្តែ​បុគ្គលិក​បាន​ដាក់​ម៉ោង​ធ្វើ​ការ​ឱ្យ​ខុសគ្នា ដើម្បី​ចៀសវាង​កុំ​ឱ្យ​នៅ​ជុំៗ​គ្នា​ច្រើន។

ក្រៅ​ពី​ផលវិបាក​សុខភាព ​វីរុសកូរ៉ូណា​ថ្មី បាន​បង្ក​ឱ្យ​ចិន​ជួប​ការ​លំបាក​​ផ្នែក​​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​យ៉ាងខ្លាំង។ ប៉េកាំង​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះថា តម្លៃ​ចំណី​អាហារ​បាន​ឡើង​ថ្លៃ​២០%​នៅ​ខែមករា​។ ផលវិបាក​មិន​កំរិត​ត្រឹម​ក្នុង​​ប្រទេស​ចិន​ទេ ក្រុម​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់​រំពឹងចិន​ជា​ច្រើន កំពុង​ចាប់​ផ្តើម​​រង​ផល​វិបាក​ពី​វិបត្តិ​កូរ៉ូណា ៖ ​ប្រទេសជិត​ខាង​ក្នុង​តំបន់​​រង​គ្រោះ​មុន​គេ ​ជាពិសេស​​ម៉ាឡេស៊ី។ នេះ​បើ​តាម ​Natixis។ ក្រុម​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន មាន​អាទិ៍​ ប្រេស៊ីល ស៊ីលី ប៉េរ៉ូ ... ក៏​ចាប់​ទទួល​ឥទ្ធិពល​អាក្រក់​ពីកូរ៉ូណាវីរុស​ ​លើ​ការ​​នាំចេញ​ផលិតផល​របស់​ខ្លួននៅ​ចិន​រួច​ជា​ស្រេច​ទៅហើយ។ រុស្ស៊ី កូរ៉េខាង​ត្បូង ឬ​តួកគី​ ក៏​នឹង​អាច ចាប់​រង​ផលប៉ះពាល់​ពីវិបត្តិ​កូរ៉ូណា​នៅ​ចិន​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ