អានតួអត្ថបទ
ចិន

ចិន​នឹង​បញ្ចេញ​លុយ​៤០ពាន់​លាន​អឺរ៉ូ​សម្រាប់​ជួយ​ក្រុមហ៊ុន​ដែល​ប្រយុទ្ធប្រឆាំង​នឹង​កូរ៉ូណាវីរុស

បុរសម្នាក់​ដើរមុខ​ធនាគារ​កណ្តាល​ចិន នៅទីក្រុង​ប៉េកាំង កាលពីថ្ងៃទី ៣​កុម្ភៈ​២០២០
បុរសម្នាក់​ដើរមុខ​ធនាគារ​កណ្តាល​ចិន នៅទីក្រុង​ប៉េកាំង កាលពីថ្ងៃទី ៣​កុម្ភៈ​២០២០ ©REUTERS/Jason Lee

នៅ មួយ​សប្តាហ៍​ក្រោយ ប្រកាស​បញ្ចេញសាច់ប្រាក់ ១៥៦ពាន់​លាន​អឺរ៉ូ សម្រាប់​ជួយទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ចិន ដែល​ដើរអូសជើង ដោយសារ​ជំងឺរាតត្បាតកូរ៉ូណាវីរុស​ថ្មី ធនាគារ​កណ្តាល​ចិន កាលពី​ថ្ងៃ​អាទិត្យ​ទី​៩​កុម្ភៈ បាន​ប្រកាស​បញ្ចេញ​ថវិកា ៤០ពាន់​លាន​អឺរ៉ូ សម្រាប់សំដៅ​ជួយ​ក្រុមហ៊ុន​ដែល​ចូលរួម​ដោយ​ផ្ទាល់ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាត​កូរ៉ូណាវីរុសថ្មី ដែល​បាន​សម្លាប់​មនុស្ស​៨១១នាក់ គឺ​ច្រើនជាង ជំងឺសារស៍ កាលពី​ឆ្នាំ ២០០៣ ទៅទៀត។ 

ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃ​ចន្ទ ទី​១០​កុម្ភៈនេះទៅ ធនាគារ​កណ្តាល​ចិន និង​បញ្ចេញ​មូលនិធិ​ពិសេស មួយភាគ​ដំបូង ទៅ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ជាអ្នកផ្តល់​ប្រាក់កម្ចី បន្តទៅឲ្យ ដល់​ក្រុមហ៊ុន សំខាន់ៗ ដែល​ចូលរួម ក្នុង​ការបង្ការ និង​គ្រប់គ្រង​ជំងឺរាតត្បាត​កូរ៉ូណាវីរុស។

នៅក្នុង​វិបសៃតិ៍​របស់​ធនាគារកណ្តាល​ចិន ទេសាភិបាលរង​របស់​ធនាគារ Liu Guoquiang បាន​បញ្ជាក់ថា ធនាគារ​ជាតិ​ចំនួន ៩ ហើយ​និង​ធនាគារ​ថ្នាក់មូលដ្ឋាន ក្នុង​ខេត្ត​ក្រុង​ចំនួន​១០ ដែលនៅក្នុង​នោះ មានផងដែរ ខេត្ត​ហ៊ូពេ និង​ទីក្រុង​ប៉េកាំង ជាដើម ត្រូវបំពេញ​លក្ខខណ្ឌ ដើម្បី​អាច​ទទួល​បាន​មូលនិធិ​ពិសេស​របស់​ធនាគារ​កណ្តាល។ តាមទេសាភិបាលរង​របស់​ធនាគារកណ្តាល​ចិន ស្ថាប័ន​ហិរញ្ញវត្ថុ ត្រូវ​រួសរាន់​ការងារ ដើម្បី​អាច​ផ្តល់​ប្រាក់ឥណទាន ក្នុង​រយៈពេល ២​ថ្ងៃ​ខាងមុខ។ មន្រ្តី​ធនាគារកណ្តាល​ចិន ព្រមាន​ផងដែរ ពីការពិន័យ ដាក់ទោស​អ្នកដែល​បន្លំ ប្រើប្រាស់​មូលនិធិ​មិនចំ​គោលដៅ។

នៅក្នុង​រយៈពេល តែ​មួយសប្តាហ៍ ធនាគារ​កណ្តាល​ចិន បាន​ចេញមុខ ប្រកាស​ដល់ទៅ​២ លើក ដើម្បី បញ្ចេញសាច់ប្រាក់ ជួយ ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ចិន ដែល​ត្រូវ​អ្នកជំនាញ​វាយតម្លៃថា នឹង​អាច​បាត់បង់ ២ពិន្ទុ នៅ​ត្រីមាស​ទី១ ដើមឆ្នាំនេះ ដោយសារ​តែ​ជំងឺរាតត្បាត​កូរ៉ូណាវីរុស​ប្រភេទថ្មី។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​២​កុម្ភៈ ដើមសប្តាហ៍មុន ធនាគារ​កណ្តាល​ចិន ទើប​ប្រកាស​បញ្ចេញ​ថវិកា ១៧៣​ពាន់លាន​ដុល្លារ ទៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ដើម្បី​ចូលរួម​ក្នុង​ប្រយុទ្ធប្រឆាំង​នឹង​មេរោគកូរ៉ូណាថ្មី។

មេរោគកូរ៉ូណាថ្មី ដែល​បាន​សម្លាប់មនុស្ស ៨១៣នាក់ និង​ចម្លង​ទៅ​មនុស្ស​ជាង ៣៤ ៤០០​នាក់ នៅក្នុង​ពិភពលោក​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន និង​សេដ្ឋកិច្ច​ពិភពលោក។ វិធានការ​បិទទីក្រុង ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល​របស់មេរោគកូរ៉ូណា បាន​ប៉ះពាល់​ដល់​ជីវិត​រស់នៅ និង​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេសចិន។ រោងចក្រ ផ្សារជំនួញ ភោជនីយដ្ឋាន និង​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​កន្លែង​ត្រូវ​បានបិទទ្វារ ២សប្តាហ៍មកហើយ ដើម្បី ជៀសវាង ការឆ្លងរាតត្បាត​របស់​មេរោគកូរ៉ូណា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ