អានតួអត្ថបទ
តាលីបង់-អាហ្វហ្កានីស្ថាន​

អូតង់ ហៅឲ្យក្រុមតាលីបង់បង្ហាញឆន្ទៈពិត ក្នុងការដោះស្រាយជម្លោះ និងកាត់បន្ថយហិង្សា

មេក្រុមចរចាតំណាងក្រុមតាលីបង់​ Mohammad Abbas Stanikzai ថ្ងៃទី​៥ កុម្ភៈ ២០១៩ នៅក្រុង​ម៉ូស្គូ
មេក្រុមចរចាតំណាងក្រុមតាលីបង់​ Mohammad Abbas Stanikzai ថ្ងៃទី​៥ កុម្ភៈ ២០១៩ នៅក្រុង​ម៉ូស្គូ REUTERS/Maxim Shemetov

ពីទីក្រុងព្រុចសែល លោកប្រធានអង្គការអូតង់ បានអំពាវនាវថា ក្រុមតាលីបង់ ត្រូវតែបង្ហាញគោលជំហរ និងឆន្ទៈពិតប្រាកដ ក្នុងការកាត់បន្ថយអំពើហិង្សា ដើម្បី​ឈានទៅសម្រេចឲ្យបាន​នូវកិច្ចព្រមព្រៀងសន្តិភាព​។ ការថ្លែងដូចនេះ របស់លោកប្រធានអង្គការអូតង់ គឺបន្ទាប់ពីមាន​ការលើកឡើង ពីលោករដ្ឋមន្ត្រីការបរទេសអាមេរិក ថាដំណើរការចរចា ជាមួយក្រុមតាលីបង់ បានបោះជំហានទៅមុខល្អបង្គួរ តែទន្ទឹមនឹងនេះ សកម្មភាព​ភេរវកម្ម​ហិង្សា​បង្កឡើង​ដោយ​ក្រុមតាលីបង់ នៅ​អាហ្វហ្កានីស្ថាន នៅតែ​មានដដែល។

ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃអង្គារទី​១១កុម្ភៈ លោកប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani បានប្រកាសថា លោករដ្ឋមន្ត្រីការទេសអាមេរិកបានប្រាប់លោកថា ដំណើរការ​ចរចា​សន្តិភាពរវាងអាមេរិក ​ជាមួយក្រុមតាលីបង់ បានបោះជំហានទៅមុខ​ល្អ គួរជាទីសង្ឃឹម។

ប៉ុន្តែដំណឹងនេះ ទំនងជាមិនធ្វើឲ្យ​លោក​ Jens Stoltenberg ប្រធានា​អង្គការអូតង់​ មានការទុកចិត្ត អបអរសប្បាយប៉ុន្មានទេ ព្រោះថាស្ថានការណ៍ជាក់ស្តែង ភេរវកម្មបង្កឡើងដោយ​ក្រុមតាលីបង់នៅតែកើតមានជាប្រចាំ។ តួយ៉ាងភេរវកម្មអត្តឃាត នៅព្រឹកថ្ងៃទី១១កុម្ភៈ នៅខាងមុខច្រកចូល​សាលានាយទាហានមួយកន្លែង ក្នុងក្រុងកាប៊ូល ដែលបានសម្លាប់មនុស្សអស់៥នាក់។

នៅថ្ងៃពុធទី​១២កុម្ភៈ នៅក្នុងអង្គការប្រជុំរដ្ឋមន្ត្រីការពារជាតិ ប្រទេសសមាជិកអូតង់ ដែលក្នុងនោះមានវត្តមាន​របស់លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិកផងដែរ​នោះ លោកប្រធានអង្គការអូតង់ បានលើកឡើងថា លោកចង់ឃើញក្រុមតាលីបង់ បង្ហាញជំហរ និងឆន្ទៈពិតប្រាកដ ក្នុងការកាត់បន្ថយសកម្មភាពហឹង្សា ហើយឈានទៅ​ដោះស្រាយជម្លោះ ដោយសន្តិវិធី។ លោកបញ្ជាក់ថា ក្រុមតាលីបង់ ត្រូវតែចូលតុចរចាឲ្យពិតប្រាកដ ហើយត្រូវតែធ្វើសម្បទានជាក់ស្តែង។

សម្តីរបស់លោកប្រធានអង្គការអូតង់ ហាក់មានន័យថា អូតង់ប្រុងប្រយ័ត្នណាស់ មិនចង់ឲ្យ​ភាគីអាមេរិក ចាញ់ប្រៀបក្រុមតាលីបង់ឡើយ។ លោក​ប្រធានអង្គការអូតង់បន្ថែមថា អូតង់ និង អាមេរិក បានបញ្ជូនទ័ពរួមគ្នាទៅអាហ្វហ្កានីស្ថាន ដូច្នេះយើងត្រូវតែពិគ្រោះយោបល់គ្នា សម្រេចរួមគ្នា ក្នុងដំណើរការបន្តការងារ ឬដកទ័ពចេញទាំងអស់គ្នានៅថ្ងៃណាមួយ។ សម្តីនេះដែរ ត្រូវបាន​អ្នកវិភាគខ្លះលើកឡើងថា ប្រធានអង្គការអូតង់ បារម្ភខ្លាចរដ្ឋាភិបាល​​អាមេរិក សម្រេចដកទ័ពចេញពីអាហ្វហ្កានីស្ថានតែម្នាក់ឯង ដោយគ្មានពិគ្រោះយោបល់អូតង់ និងប្រទេសសមាជិកផ្សេងទៀត ដែលកំពុងបំពេញបេសកកម្មនៅអាហ្វាហ្កានីស្ថានដែរ។

យ៉ាងណាមិញ មន្ត្រីការទូតម្នាក់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានបារាំងថា គេត្រូវត្រៀមខ្លួនឆ្លើយតបទៅគ្រប់កាលៈទេសៈ ដោយអាស្រ័យទៅលើលទ្ធផលនៃ​ការ​ចរចាគ្នា រវាងក្រុមតាលីបង់ និងសហរដ្ឋអាមេរិក។ មន្ត្រីទូតដដែលនេះ បន្ថែមថា គេមានអារម្មណ៍ថា ការចរចានេះវិលចុះវិលឡើងមិនទៅមុខទេ តែរដ្ឋាភិបាល​លោកដូណាល់ ត្រាំត្រូវការប្រញ៉ាប់ ឲ្យមា​ន​​លទ្ធផលវិជ្ជមាន ​ដើម្បីយកទៅឃោសនាបោះឆ្នោត ដែលខិតជិតមកដល់។ ដូច្នេះក្រុមតាលីបង់ អាចដឹងចំណុចនេះ ហើយអាចប្រើស្នៀត​កេងខ្សែលើអាមេរិក ដែលចង់បាន​លទ្ធផល​​ដោយប្រញ៉េបប្រញ៉ាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ