អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉ូណាវីរុស៖ បក្ស​កុម្មុយនិស្ត​ចិន​ចាប់ដក​តំណែង​មន្រ្តី ជាបន្តបន្ទាប់

សំឡេង ០៦:៤៨
គ្រូពេទ្យ​នៅ​វូហានពិនិត្យ​មើល​ហ្វីលស្កែនCT (computed tomography) របស់អ្នកជំងឺ នៅ​មន្ទីរពេទ្យពិសេស​សម្រាប់​ទទួល​អ្នកមានករណី​សង្ស័យឆ្លងមេរោគ​កូរ៉ូណាវីរុស
គ្រូពេទ្យ​នៅ​វូហានពិនិត្យ​មើល​ហ្វីលស្កែនCT (computed tomography) របស់អ្នកជំងឺ នៅ​មន្ទីរពេទ្យពិសេស​សម្រាប់​ទទួល​អ្នកមានករណី​សង្ស័យឆ្លងមេរោគ​កូរ៉ូណាវីរុស © China Daily via REUTERS

នៅខេត្ត​ហ៊ូពេ ប្រទេស​ចិន ករណី​ឆ្លង​ថ្មី នៃ​មេរោគកូរ៉ូណា ឬ Covid-19 បាន​កើនឡើងលឿន ដូច​ព្រួញ ប្រមាណ ១ម៉ឺន ៥ពាន់​ករណី ក្នុង​មួយថ្ងៃ ពោល​គឺ​កើនឡើង ១០​ដង បើប្រៀបធៀប​នឹង​ករណី​ឆ្លងថ្មី នាពេល​កន្លងមក។ តាម​ការប្រកាស​របស់​អាជ្ញាធរ​សុខភាព​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ចំនួន​មនុស្សស្លាប់​ដោយសារ​កូរ៉ូណាវីរុស បាន​កើនឡើង ទ្វេដង​ដែរ គឺ​ប្រមាណ ២៤២​នាក់ ក្នុងរយៈពេល​តែ​មួយថ្ងៃ នៅ​ក្នុង​ខេត្ត​ហ៊ូពេ​តែមួយ។ ជាមួយ​នឹង​តួលេខ​ថ្មី កូរ៉ូណាវីរុស ឬ Covid-19 បាន​សម្លាប់មនុស្ស​សរុប ១៣៥៥នាក់ និង​ឆ្លងទៅ​មនុស្ស​ជិត​៦ម៉ឺន​នាក់ ដែលក្នុងនោះ ៩៨ភាគរយ ស្ថិតនៅ​ក្នុង​ប្រទេស​ចិន។

ផ្សាយពាណិជ្ជកម្ម

តាមតួលេខ ដែល​អាជ្ញាធរ​ចិន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​អ្នកឆ្លង​មេរោគ​កូរ៉ូណាប្រភេទ​ថ្មី ឬ​ហៅ​ថា Covid -19 បាន​កើនឡើង​ដល់ ជិត ៦​ម៉ឺន​នាក់ នៅប្រទេស​ចិន។ កើនឡើង​ដល់​ទៅ ៦ម៉ឺននាក់ ព្រោះ​ថា ក្នុង​រយៈពេល តែ​មួយ​ថ្ងៃ​ពុធ ម្សិលមិញ គេ​រកឃើញ ចំនួន​អ្នក​ឆ្លងថ្មី ក្នុង​ខេត្ត​ហ៊ូពេ តែមួយ ដល់​ទៅ ១៤ ៨៤០នាក់ ចំណែក​អ្នកស្លាប់​នៅ ហ៊ូពេ កាលពី​ថ្ងៃ​ពុធ កើនឡើង​ដល់ទៅ ២ដង ដល់​២៤២នាក់ ដែល​ជាចំនួន​ដ៏ខ្ពស់បំផុត ចាប់តាំង​ពី​មានផ្ទុះជំងឺរាតត្បាត Covid 19 នៅប្រទេស​ចិន។

ស្ថានភាព​ឆ្លងរាតត្បាត​មេរោគ​កូរ៉ូណាវីរុស ឬ​Covid-19 ​នៅ​ខេត្ត​ហ៊ូពេ គឺ​នៅតែដដែល មិន​បាន​ធ្លាក់ចុះ​អាក្រក់​ជាងមុន​នោះទេ។ ការណ៍​ដែល​អាជ្ញាធរ​បានរកឃើញ ចំនួន​អ្នកឆ្លងថ្មី ច្រើន ខ្លាំង គឺ ដល់​ទៅ ១០​ដង បើប្រៀបធៀប​នឹង​ចំនួន​ឆ្លងថ្មី ​ប្រចាំថ្ងៃ នាពេល​កន្លងមក គឺមក​ពី​អាជ្ញាធរ​ចិន​បាន​ប្រើវិធីសាស្រ្ត​ថ្មី ដើម្បី​កំណត់ រាប់​ករណី​អ្នកឆ្លងមេរោគ កូរ៉ូណាវីរុស។

ដើម្បី តាមដាន​រក​អ្នកឆ្លង​ថ្មី នៃ​មេរោគកូរ៉ូណា Covid-19 គណៈកម្មការសុខភាព​ខេត្ត​ហ៊ូពេ​បាន​ផ្លាស់ប្តូរ​កម្មវិធី​នយោបាយ​របស់ខ្លួន ដោយ​សុខចិត្ត​ទទួល​ស្គាល់​ថា ត្រឹម​តែ​ម៉ាស៊ីន ថតសួត ក៏អាច​ឲ្យ​គេ​កំណត់​រោគសញ្ញា​របស់​មេរោគ​កូរ៉ូណា​ដែរ។ រហូតមកដល់​ពេលនេះ ដើម្បី​ដឹង​ថា អ្នកណា​មានផ្ទុក​មេរោគ កូរ៉ូណា គេត្រូវ​ធ្វើ​តេស្ត យក​ទឹកមាត់ ឬសំបោរ​របស់​អ្នក​សង្ស័យ ឆ្លង កូរ៉ូណាវីរុស​ទៅ ពិសោធ រយៈពេល ៤៨ម៉ោង ដើម្បី​ដឹង​លទ្ធផល ថា តើ​គេមានផ្ទុកមេរោគកូរ៉ូណា​ដែរឬទេ។ ចំណែក​ក្នុង​វិធីសាស្រ្ត​ថ្មី គេ​គ្រាន់តែ ប្រើម៉ាស៊ីន​ថតសួត គឺ​គ្រប់គ្រាន់​ឲ្យ​គេអាច​កំណត់​ថា មាន​ករណី​ឆ្លង​មេរោគ​ថ្មី​ដែរឬទេ។ ការប្រើ​ម៉ាស៊ីនថតសួត ធ្វើ​ឲ្យ​គេ​បាន​ទទួល​លទ្ធផល​ភ្លាមៗ គឺ​មិនចាំបាច់ ត្រូវ​រង់ចាំ ពេល​ដល់ទៅ ២ថ្ងៃ​ដើម្បី អាច​កំណត់ចំនួន​អ្នកឆ្លងថ្មីនោះទេ។

ទៅ​តាម​វីធីសាស្រ្ត​ថ្មី របស់​អាជ្ញាធរ​ចិន ចាប់តាំង​ពី​ថ្ងៃ ព្រហស្បតិ៍នេះ មិនត្រឹម​តែ​អ្នកដែល​ធ្វើ​តេស្ត​ទៅ​ឃើញ មាន​មេរោគកូរ៉ូណា Covid-19 ត្រូវ​គេ​ចាត់ទុក​ថា​ឆ្លងថ្មី តែប៉ុណ្ណោះទេ ប៉ុន្តែ អ្នកដែល​មាន​រោគសញ្ញា ដែល​គ្រូពេទ្យ វាយតម្លៃ​ថា កំពុង​មាន​ជំងឺផ្លូវដង្ហើម ក៏ត្រូវ​ចាត់ទុក​ថា ជាអ្នក​ឆ្លង​មេរោគ ដែល​គេ​ត្រូវ​ចាប់ព្យាបាល​ដែរ។ ការចាត់ចំណាត់ថ្នាក់ បែបនេះ ធ្វើឲ្យ​ចំនួន​អ្នកឆ្លងថ្មី កើនឡើង ដល់​ទៅ ១០ដងយ៉ាងដូច្នេះ។​

ផ្លាស់ប្តូរ​វិធីសាស្រ្ត​ថ្មី

កាធ្វើតេស្ត​ដោយ​យក​សំណាក​របស់​អ្នកសង្ស័យ មាន​មេរោគ កូរ៉ូណា ទៅ ពិនិត្យ នៅ​មន្ទីរពិសោធន៍ ត្រូវការ​ពេល​វេលាយូរ ដល់ទៅ ២ថ្ងៃ។ នេះ​គេនៅមិនទាន់​និយាយ​ពី​បរិមាណ មាន​កំរិត​នោះទេ ព្រោះ​ថា គ្រូពេទ្យ នៅ​វូហាន​ធ្លាប់​បាន​ត្អូញត្អែរ​រួចហើយ ពី​ការខ្វះខាត ឧបករណ៍​ធ្វើតេស្តរក​មេរោគកូរ៉ូណាថ្មី។ មួយវិញទៀត គ្រូពេទ្យ​មួយចំនួន នៅ​ទីក្រុង​វូហាន​ផ្ទាល់ បាន​និយាយ​ថា វិធីយក​សំណាក របស់​អ្នកសង្ស័យ មានមេរោគ គឺ​មិនសូវ​ជា​មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ទេ។ គេ​ជឿថា ការធ្វើតេស្ត​កន្លងមក បាន​ធ្វើ​ឲ្យ​អ្នកជំងឺ នៅ​វូហាន ជាច្រើន ដែល​គេ​សង្ស័យថា មាន​មេរោគកូរ៉ូណា វីរុស បាន​រួចផុត ពី​សំណាញ់​តាមដាន​ពិនិត្យ​របស់​អាជ្ញាធរ។

អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​វិទ្យុបារាំង ប្រចាំ​ក្រុង​ប៉េកាំង បាន​សរសេរ​ថា នៅ​ប៉ុន្មាន​សប្តាហ៍មកនេះ មាន​គ្រួសារ​នៅ​វូហាន​ជាច្រើន​បាន​និយាយ​ថា មាន​ជីតា ជីដូន ម្តាយ ឬ​កូនប្រុស សមាជិក​គ្រួសារ ដែល​មាន​ជំងឺផ្តាសាយ គ្រុនក្តៅ ក្អក និងធ្លាក់ខ្លួន​ស្លាប់​នៅផ្ទះ ដោយសារ​តែ ពួកគេ​មិន​ត្រូវ​ចាត់ទុក​ជា​ជនសង្ស័យ មាន​មេរោគ កូរ៉ូណា ដែល​ត្រូវ គេ​ដាក់បង្ខាំង ទុក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

កាផ្លាស់ប្តូរ​វិធីសាស្រ្ត​ដើម្បី​រកអ្នកផ្ទុកមេរោគកូរ៉ូណា​សំខាន់​ព្រោះ វាជា​ការទាមទារ​ចង់បាន​របស់​អ្នកជំនាញ​បរទេស។ វិធីសាស្រ្ត​ថ្មី នឹង​បើកភ្លើងខៀវ​ឲ្យ​ក្រុមគ្រូពេទ្យ អាច​មានសិទ្ធិ​ច្រើន​ជាងមុន ក្នុង​ការកំណត់​ភ្លាមៗ ថា តើ​អ្នកណា​ដែល​ឈឺ និង​ដែល​គួរ​​ទទួល​បានការព្យាបាល បន្ទាន់ ដើម្បី​ជៀសវាង កុំ​ឲ្យ​មាន​ការត្រលប់ទៅ​ផ្ទះ ទៅ​ចម្លង​មនុស្ស​ដទៃទៀត។

ចំនួន​អ្នកឆ្លង​ថ្មី កើនឡើង បក្សកុម្មុយនិស្ត​ចិន​ដកតំណែង​ចៅហ្វាយខេត្ត​ហ៊ូពេ និង​ចៅហ្វាយក្រុង វូហាន

តាមកាសែត ក្នុង​ស្រុក​ចិន ស៊ីនហួរ បក្ស​កុម្មុយនិស្ត​ចិន​បាន​សម្រេច ដក​លោក​Jiang Chaoliang ពីតំណែង អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ប្រចាំ​ខេត្ត​ហ៊ូពេ។ ចៅហ្វាយក្រុង​សៀងហៃ លោក Ying Yong ដែល​គេមើលឃើញ​ថា ជា​មនុស្សស្និទ្ធ​នឹង​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ត្រូវ​បាន​គេ​តែងតាំង ជា​ចៅហ្វាយខេត្ត​ហ៊ូពេ ជំនួស លោក Jiang Chaolieang។ ចំណែក​ចៅហ្វាយក្រុង វូហាន លោក​Ma Guoqiang នឹង​ត្រូវ​ជំនួស​ដោយ​លោក​Wong Zhonglin ប្រធាន​បក្ស​កុម្មុយនិស្ត​នៅ​Jinan។

កាសែត​ក្នុង​ស្រុក​ចិន​មិន​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ ចៅហ្វាយខេត្ត​ហ៊ូពេ ឬ មេដឹកនាំ​បក្ស​កុម្មុយនិស្ត​ប្រចាំខេត្ត ហើយ​និង​ចៅហ្វាយក្រុង​វូហាន ត្រូវ​បក្ស​កុម្មុយនិស្ត​ដកចេញពីតំណែង​នោះទេ។

ដំណឹង​ដកតំណែង​មន្រ្តីជាន់ខ្ពស់​របស់​បក្ស​ប្រចាំ​ខេត្ត​ហ៊ូពេ កើតឡើង នៅ​ចំពេល​ដែល​មាន​កំពុង​មាន​ពាក្យ​ចោទប្រកាន់​ថា អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន នៅ​ខេត្ត​ហ៊ូពេ និង​វូហាន គ្មាន​តម្លាភាព ព្យាយាម បិទបាំង​ស្ថានការណ៍ ជាក់ស្តែង​នៅ​វូហាន កន្លែងដែល​កើតផ្ទុះ ដំបូង​នៃ​មេរោគកូរ៉ូណា​ប្រភេទថ្មី។ ចៅហ្វាយក្រុង វូហានផ្ទាល់​ទើប​បាន​ប្រកាស​ថា គេ​បាន​ធ្វើតេស្ត​ប្រជាជន ដល់ទៅ ៩៦​ភាគរយ នៅក្នុង​ក្រុង។ ប៉ុន្តែ តួលេខ​នៃ​អ្នកឆ្លងថ្មី​បង្ហាញ​ថា អាជ្ញាធរ​ក្រុង​វូហាន ហាក់​បាន​មើលស្រាល ស្ថានការណ៍ ព្រោះថា មានមនុស្ស​ជាច្រើន ដែល​ត្រូវ​បាន​គេ​ធ្វើតេស្ត ប៉ុន្តែ ដោយ​មិនត្រឹមត្រូវ ឬ​មិន​គ្រប់គ្រាន់។ សាក្សី​មួយចំនួន​និយាយ​ថា ទោះបី​ជា​ពួកគេ​មាន​រោគសញ្ញា ថា អាច​មាន​ឆ្លងមេរោគកូរ៉ូណាក្តី ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រលប់ទៅផ្ទះ បន្ទាប់ពី​តេស្ត​អវិជ្ជមាន ពោល​គឺ​គ្មាន​ការតាមដាន និង​ដាក់​ឲ្យ​នៅ​ដាច់​ពី​គក្រុមគ្រួសារ​នោះទេ។

ចៅហ្វាយខេត្ត​ហ៊ូពេ ហើយ​និង ចៅហ្វាយ​វូហាន ត្រូវ​ដកចេញ​ពីតំណែង នៅបន្ទាប់ពី​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង កាលពី​ថ្ងៃ​អង្គារ បាន​បញ្ជា​ឲ្យ​មានការចាត់វិធានការ ខ្លាំង និង​ដាច់ណាត់ ដើម្បី ទប់ស្កាត់​ការឆ្លងរីករាលដាលមេរោគ​កូរ៉ូណា។ ការទម្លាក់តំណែង របស់​ចៅហ្វាយខេត្ត និង​ចៅហ្វាយក្រុងធ្វើឡើង បន្ទាប់ពី​មាន​ការតវ៉ា​របស់​ប្រជាជន​ចិន នៅក្រោយ​មរណភាព​របស់​គ្រូពេទ្យ លី វិនលាំង ដែល​ជាអ្នកចេញមុខ ដំបូង ទាញសញ្ញា​អាសន្ន នៃ​ការឆ្លងមេរោគផ្លូវដង្ហើមថ្មី ប៉ុន្តែ ដែល​ត្រូវ​អាជ្ញាធរ​មិន​យកចិត្តទុកដាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ