អានតួអត្ថបទ
ចិន

បុគ្គលិកពេទ្យ​ចិន​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ ដែល​ស្លាប់​ដោយសារ​កូរ៉ូណាវីរុស

ស្រ្តី​បុគ្គលិកពេទ្យ​ម្នាក់​នៅ​ក្រុង​វូហាន​ទម្រេតខ្លួន​សម្រាក​នៅបន្ទាប់ពី​ធ្វើការ​ជាមួយ​អ្នកជំងឺ​កូរ៉ូណាវីរុស​នៅមន្ទីរពេទ្យ​ឃុំ​មួយ​ក្នុង​ក្រុង​វូហាន ថ្ងៃទី ៩ កុម្ភៈ ២០២០​
ស្រ្តី​បុគ្គលិកពេទ្យ​ម្នាក់​នៅ​ក្រុង​វូហាន​ទម្រេតខ្លួន​សម្រាក​នៅបន្ទាប់ពី​ធ្វើការ​ជាមួយ​អ្នកជំងឺ​កូរ៉ូណាវីរុស​នៅមន្ទីរពេទ្យ​ឃុំ​មួយ​ក្នុង​ក្រុង​វូហាន ថ្ងៃទី ៩ កុម្ភៈ ២០២០​ ©A medical worker in protective suit takes a break during her ni

នៅក្នុង​ចំណោម អ្នក​ឆ្លងមេរោគកូរ៉ូណាថ្មី Covid-19 ជាង ៦ម៉ឺននាក់ នៅ​ប្រទេស​ចិន មាន​ជាង ១៧០០ នាក់​ជា​គ្រូពេទ្យ និង​បុគ្គលិក​បម្រើការ​នៅមន្ទីរពេទ្យ។ នេះបើ​តាម​ការប្រកាស​របស់​អនុប្រធាន​គណៈកម្មការ​សុខភាព​ថ្នាក់ជាតិ នៅក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​សុក្រនេះ។ ដោយ​លើកឡើង​ពី​ករណី បុគ្គលិក​ពេទ្យ​ចំនួន​៦នាក់ ស្លាប់​ដោយសារ​មេរោគកូរ៉ូណាថ្មី គណៈកម្មការ​សុខភាព​ជាតិ​ចិន បានលើកឡើង​គ្រោះថ្នាក់ ការប្រឈម​ខ្លាំង​របស់​បុគ្គលិកពេទ្យ ដែល​ធ្វើការ​ដោយ​ផ្ទាល់ ជាមួយ អ្នកជំងឺCovid-19។ 

ផ្សាយពាណិជ្ជកម្ម

“លក្ខខណ្ឌ​ការងារ និង ពេល​សំរាក​តិចតួច សំពាធ​ការងារ និង​ផ្លូវចិត្ត​ក៏​ច្រើន ចំណែក​លទ្ធភាពឆ្លង​មេរោគកូរ៉ូណា​ក៏​មាន​ខ្ពស់” នេះ​ជាអ្វី​ដែល​បុគ្គលិក​មន្ទីរពេទ្យ​ចិន កំពុង​ជួប​ប្រទះ នៅក្នុង​ការងារ​ប្រចាំថ្ងៃ នៅ​មន្ទីរពេទ្យ ជាទី​ដែល​ពួកគេ​ព្យាបាល ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូរ៉ូណាវីរុស។ តាម​ការលើកឡើង​របស់​អនុប្រធាន​គណៈកម្មការ​សុខភាព​ជាតិ​ចិន លោក Zeng Yixin ចាប់តាំង​ពី​ផ្ទុះកើតមាន​ការរីករាលដាល​នៃ​កូរ៉ូណាវីរុស បុគ្គលិក គ្រូពេទ្យ ចិន ១៧១៦​នាក់​បាន​ឆ្លងមេរោគ​កូរ៉ូណា ចំណែក ៦នាក់​បាន​ស្លាប់ ដោយសារកូរ៉ូណាវីរុស។ គិតត្រឹម​ថ្ងៃ​សុក្រ ចំនួន​មេរោគ​កូរ៉ូណា Covid -19​បាន​ឆ្លង​ទៅ​មនុស្ស ជាង ៦៤ ០០០នាក់ និង​សម្លាប់មនុស្ស១៣៨០ នាក់ នៅ​ប្រទេស​ចិន។

នៅក្នុង​ចំណោម បុគ្គលិក​ពេទ្យ ដែល​ឆ្លង មេរោគ​កូរ៉ូណាវីរុស នៅ​ប្រទេស​ចិន ៨៧% (១១០២​នាក់) គឺ​ជា​គ្រូពេទ្យ និង​បុគ្គលិក ដែល​ធ្វើការ​នៅ​ទីក្រុង​វូហាន។ នេះ​ជា​លើកទី ១ ដែល​មន្រ្តីសុខភាព​ចិន លើក​និយាយ​ជា​ផ្លូវការ ពី​ស្ថានភាព​របស់​បុគ្គលិក​បម្រើការ​នៅមន្ទីរពេទ្យ។ ការប្រកាស​នេះ ធ្វើឡើង​នៅ​មួយសប្តាហ៍​ក្រោយ មរណភាព​របស់​គ្រូពេទ្យ ជំនាញភ្នែក ម្នាក់ គឺ​លោក​លី វិនលាំង ដែល​ជា​អ្នកចេញមុខ​មុនគេ ប្រាប់​សហសេវិក​ពីគ្រោះថ្នាក់​របស់​មេរោគកូរ៉ូណា​ថ្មី ប៉ុន្តែ ដែល​ត្រូវ​ប៉ូលិស​វូហាន ឃាត់ខ្លួន និង​ចោទប្រកាន់​ពី​បទផ្សព្វផ្សាយ​មិនពិត។ លោកគ្រូពេទ្យ លី វិនលាំង​បាន​ទទួល​មរណភាព នៅ​ដើម​ខែ​កុម្ភៈ បន្ទាប់ពី​ឆ្លងមេរោគកូរ៉ូណា​ពីអ្នកជំងឺ នៅ​មន្ទីរពេទ្យ​វូហាន។

គេ​វាយតម្លៃថា ការកើនឡើងដ៏​គំហុក​នូវ​ចំនួន​អ្នក​ជំងឺ នៅ​មន្ទីរពេទ្យ បូកផ្សំ​នឹង​ការខ្វះខាត​ឧបករណ៍ សំភារៈពេទ្យ ដូចជា ម៉ាស អាវការពារ បុគ្គលិក​ពេទ្យ​ជាច្រើន​បាន​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់ពី​ឆ្លង កូរ៉ូណាវីរុស។

ករណី​ស្លាប់បាត់បង់​ជីវិត និង​ឆ្លង​មេរោគកូរ៉ូណា​ក្នុង​ចំណោម​បុគ្គលិក​ពេទ្យ គឺជា​ការទាញ​សញ្ញា​ឲ្យ​គេ​ឃើញ​ពីគ្រោះថ្នាក់​ជីវិត និង​ការប្រឈមរបស់​ក្រុមគ្រូពេទ្យ និង​បុគ្គលិក ក្នុង​មន្ទីរពេទ្យ។ សម្រាប់​មន្រ្តី​សុខាភិបាល​ជាតិ​ចិន គេ​ត្រូវ​បន្ត​ធ្វើតេស្ត​បន្ថែមទៀត ដើម្បី​ដឹង​ថា តើ​នៅ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​ដែល​បាន​ឆ្លង​មេរោគកូរ៉ូណា​នៅ​តាម​មន្ទីរពេទ្យ ក្នុង​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ