អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាហ្វហ្កានីស្ថាន៖ហេតុអ្វីបានជាដំណើរស្វែងរកសន្តិភាពត្រូវឆ្លងកាត់ការចរចារវាងអាមេរិក និងតាលីបង់?

សំឡេង ០៥:០៧
នៅអាហ្វហ្កានីស្ថាន ហេតុអ្វីបានជាដំណើរស្វែងរកសន្តិភាពត្រូវឆ្លងកាត់ការចរចារវាងអាមេរិក និងតាលីបង់?
នៅអាហ្វហ្កានីស្ថាន ហេតុអ្វីបានជាដំណើរស្វែងរកសន្តិភាពត្រូវឆ្លងកាត់ការចរចារវាងអាមេរិក និងតាលីបង់? JAVED TANVEER / AFP

តាំង​ពី​ថ្ងៃ​សុក្រ ទី២១ កុម្ភៈ ទ័ពអាមេរិក និង​ទ័ព​របស់​ពួក​តាលីបង់​បាន​ផ្តើម​ទម្លាក់​កាណុងកាំភ្លើង​ចុះ​រយៈពេល ១សប្តាហ៍​រហូត​ដល់​ថ្ងៃ​សុក្រ ទី២៨ កុម្ភៈ ២០២០។ រយៈពេល​នៃ​ការ​ទម្លាក់​កាណុងកាំភ្លើង​ចុះ​រវាង​អាមេរិក និង​តាលីបង់​នៅ​ទូទាំង​អាហ្វហ្កានីស្ថាន​នេះ​ត្រូវ​បាន​គេ​ហៅ « រយៈពេល​នៃ​ការ​កាត់បន្ថយ​អំពើហិង្សា »។ បើ​គ្មាន​ឧប្បត្តិហេតុ​អ្វី​កើត​ឡើង​នៅ​ក្នុង​រយៈពេល​១សប្តាហ៍​នេះ​ទេ អាមេរិក និង​តាលីបង់​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ពេញលេញ​មួយ​នៅ​ថ្ងៃទី២៩ កុម្ភៈ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា។ បន្ទាប់​មក​នៅ ១០ថ្ងៃ​ក្រោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ពេញលេញ​រវាង​អាមេរិក និង​តាលីបង់ ភាគី​ជម្លោះ​ផ្ទៃក្នុង​អាហ្វហ្កានីស្ថាន​អាច​នឹង​ចាប់​ផ្តើម​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​គ្នា។ ហេតុអ្វី​បាន​ជា​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​អាហ្វហ្កានីស្ថាន​ត្រូវ​ចាប់​ផ្តើម​ពី​ការ​ចរចា​រវាង​អាមេរិក និង​តាលីបង់ និង​ថា តើ​កិច្ចចរចា​មួយ​នេះ​អាច​ឈាន​ទៅ​បញ្ចប់​សង្រ្គាម ១៨ឆ្នាំ​បាន​ដែរ ឬ​ទេ?។

ផ្សាយពាណិជ្ជកម្ម

សន្តិភាព​ពិតប្រាកដ​សម្រាប់​អាហ្វហ្កានីស្ថាន​នៅ​មិន​ទាន់​មាន​ទេ តែ​នីតិវិធី​ស្វែង​រក​សន្តិភាព​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​ទម្លាក់​កាណុងកាំភ្លើង​ចុះ​រវាង​ទ័ពអាមេរិក​ដែល​កំពុង​ឈរ​ជើង​លើ​ទឹកដី​អាហ្វហ្កានីស្ថាន និង​កម្លាំង​ឧទ្ទាម​តាលីបង់​រយៈពេល ១សប្តាហ៍​ដែល​គេ​ឲ្យ​ឈ្មោះ « រយៈពេល​នៃ​ការ​កាត់បន្ថយ​អំពើហិង្សា »។ នេះ​ជា​លទ្ធផល​ជាក់ស្តែង​ដែល​ទទួល​បាន​លើក​ដំបូង តាំង​ពី​អាមេរិក និង​តាលីបង់​បាន​ផ្តើម​ចរចា​សន្តិភាព​រវាង​គ្នា​ក្នុង​រដូវក្តៅ​ឆ្នាំ ២០១៨។ ប្រសិន​បើ​ពី​ថ្ងៃទី២១ ដល់​ថ្ងៃទី២៨ កុម្ភៈ គ្មាន​ការ​ផ្ទុះ​អាវុធ ឬ​អំពើ​ហិង្សា​អ្វី​កើត​ឡើង​ទេ អាមេរិក និង​តាលីបង់​បាន​ឯកភាព​ជួប​គ្នា​ជា​ថ្មី​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា​នា​ថ្ងៃទី២៩ កុម្ភៈ​ដើម្បី​ចុះ​ហត្ថលេខា​លើ​ព្រមព្រៀងសន្តិភាព​មួយ​ពិតប្រាកដ និង​ពេញលេញ។

រយៈពេល​នៃ​ការ​កាត់បន្ថយ​អំពើហិង្សា ១សប្តាហ៍​ជា​រយៈពេល​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​វាយតម្លៃ​លើ​សុឆន្ទៈ ភាព​ស្មោះត្រង់ និង​ភាព​ប្រាកដប្រជា​របស់​ភាគី​នីមួយៗ​ក្នុង​ការ​គោរព​លើ​កិច្ចសន្យា​ទម្លាក់​កាណុងកាំភ្លើង​ចុះ​នៅ​ទូទាំង​ប្រទេស​អាហ្វហ្កានីស្ថាន។ រហូត​មក​ដល់​ពេល​នេះ ភាគី​នីមួយៗ​សុទ្ធ​តែ​បាន​ប្តេជ្ញាចិត្ត​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ បើ​អាមេរិក និង​តាលីបង់​ពិត​ជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្នា​ក្នុង​ថ្ងៃទី២៩ កុម្ភៈ​មែន ភាគី​ផ្ទៃក្នុង​អាហ្វហ្កានីស្ថាន​អាច​នឹង​ចាប់​ផ្តើម​បើក​កិច្ចចរចា​សន្តិភាព​រវាង​គ្នា​នៅ ១០ថ្ងៃ​ក្រោយ​មក ពោល​នៅ​ថ្ងៃទី១០ មីនា។ ចូរ​កុំ​ភ្លេច​ថា​នៅ​ក្នុង​ជម្លោះ​ផ្ទៃក្នុង​អាហ្វហ្កានីស្ថាន តួអង្គនយោបាយ​សំខាន់​ទី៣ គឺ​រដ្ឋាភិបាល​ក្រុង​កាប៊ូល​សព្វថ្ងៃ។

តែ​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ជា​ដំណើរ​ស្វែង​រក​សន្តិភាព​ពិតប្រាកដ​ឲ្យ​អាហ្វហ្កានីស្ថាន​ចាំ​បាច់​ត្រូវ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អាមេរិក និង​តាលីបង់​ជា​មុន​សិន?។ ដើម្បី​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន គេ​ត្រូវ​បក​ក្រោយ​ទៅ​មើល​ស្ថានការណ៍​កាល​ពី ១៨ឆ្នាំ​មុន​ដែល​អាមេរិក​ជំនាន់​លោក​ប្រធានាធិបតី Bush (កូន) បាន​បើក​ការ​វាយប្រហារ​រំលំ​របប​តាលីបង់​ក្នុង​ឆ្នាំ ២០០១ ពោល​ក្រោយ​មហា​ភេរវកម្ម ១១ កញ្ញា ២០០១ នៅ​អាមេរិក។ ១៨ឆ្នាំ​ក្រោយ​មក អាមេរិក​បាន​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​នៅ​ក្នុង​សង្រ្គាម​មួយ​នេះ​ដោយ​បាន​ចំណាយ​លុយ​អស់ ៨៤០ ០០០លានដុល្លារ មាន​ស្លាប់​ទាហាន​ចំនួន ២ ៤០០នាក់ និង​របួស​ចំនួន ២០ ០០០នាក់។ ពិត​ណាស់ របប​តាលីបង់​បាន​រលំ​មែន តែ​រចនាសម្ព័ន្ធ និង​សកម្មភាព​របស់​ក្រុម​ឧទ្ទាម​មួយ​នេះ​មិន​បាន​ស្លាប់​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​នេះ​កំពុង​បន្ត​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់ ទាហាន​រដ្ឋាភិបាល និង​ទាហាន​អាមេរិក​តាម​រយៈ​ការ​វាយប្រហារ​នៅ​ពេល​ណា​ក៏​បាន និង​ទីកន្លែង​ណា​ក៏​បាន។

គឺ​ផ្តើម​ចេញ​ពី​ឥទ្ធិពល​មិន​ថមថយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ចលនា​តាលីបង់​ក្លាយ​ជា​កម្លាំង​នយោបាយ​មួយ​មិន​អាច​ខ្វះ​បាន​នៅ​អាហ្វហ្កានីស្ថាន។ អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ដែល​ចង់​ឃើញ​សន្តិភាព​ពិតប្រាកដ​មួយ​នៅ​អាហ្វហ្កានីស្ថាន និង​ចង់​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​អាស៊ី​មួយ​នេះ​យល់​ឃើញ​ថា មាន​តែ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អាមេរិក និង​តាលីបង់​ទេ​ទើប​គេ​អាច​ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​អាហ្វហ្កានីស្ថាន។ ត្រង់​ចំណុច​នេះ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ហ្កានី​ក៏​យល់​មិន​ច្រឡំ​ដែរ។ តែ​បញ្ហា​នៅ​ត្រង់​ថា​នៅ​ក្នុង​ជួរ​កងទ័ព មាន​មួយ​ចំនួន​បាន​ទាត់​ចោល​ជា​ស្រេច​លើ​គំនិត​នៃ​ការ​វិល​ចូល​ឆាក​នយោបាយ​របស់​ពួក​តាលីបង់។

មន្រ្តីយោធា​ជាន់ខ្ពស់​អាហ្វហ្កានីស្ថាន​មួយ​ចំនួន​បាន​ចោទ​ជា​សំណួរ​ថា កម្លាំង​រដ្ឋាភិបាល​កំពុង​មាន​ប្រៀប​ខ្លាំង​លើ​ពួក​ឧទ្ទាម​តាលីបង់​ហើយ ចុះ​ហេតុអ្វី​បាន​ជា​ត្រូវ​ចរចា​ជាមួយ​ពួក​នេះ​ទៅ​វិញ?។ ឃើញ​ថា​ចង់ ឬ​មិន​ចង់ ការ​ប្រឈម​មុខ​ដាក់​គ្នា​ហាក់​ផ្តើម​លេច​រូបរាង​រវាង​តាលីបង់ និង​រដ្ឋអំណាច​ក្រុង​កាប៊ូល។ មាន​ចំណុច​ពីរ​សំខាន់​ដែល​ភាគី​ផ្ទៃក្នុង​ទាំង​ពីរ​កំពុង​បន្ត​មិន​ចុះ​សម្រុង​គ្នា ទី១ ទាក់ទង​នឹង​វត្តមាន​ទាហាន​បរទេស​ដែល​ពួក​តាលីបង់​មិន​ចង់​ឲ្យ​មាន តែ​អាមេរិក​ធ្លាប់​បាន​បញ្ជាក់​ពី​ការ​ចង់​រក្សា​ទុក​តិចតួច និង​ទី២ ទាក់ទង​នឹង​ការ​ដោះ​លែង​អ្នកទោស​តាលីបង់​ចំនួន ៥ ០០០នាក់​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នកទោស​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ចំនួន ១ ០០០នាក់ តែ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ហ្កានី​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ។

តើ​ដំណើរ​ស្វែង​រក​សន្តិភាព​ពិត​ប្រាកដ​មួយ​ឲ្យ​អាហ្វហ្កានីស្ថាន​មិនមែន​កំពុង​ទទួល​បរាជ័យ​ទេ ឬ​យ៉ាង​ណា? វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ណា​នោះ។ អ្វី​ដែល​គេ​អាច​និយាយ​បាន រយៈពេល​នៃ​ការ​ទម្លាក់​កាណុងកាំភ្លើង​ចុះ​រវាង​អាមេរិក និង​តាលីបង់​ពេល​នេះ​កំពុង​ផ្តល់​ក្តីសង្ឃឹម​ធំធេង​ក្នុង​ការ​ឈាន​ទៅ​ស្តារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​បាន​ញាំញី​ដោយ​សង្រ្គាម​ជិត ២០ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ