អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើពួកតាលីបង់មិនមែនជាអ្នកកំពុងទទួលបានប្រយោជន៍ពីវិបត្តិស្ថាប័ននៅអាហ្វហ្កានីស្ថានសព្វថ្ងៃទេ ឬយ៉ាងណា ?

សំឡេង ០៤:៥៧
FILE PHOTO: FILE PHOTO: Ghani and Abdullah participate in a family photo with Ghani and Abdullah at the NATO Summit in Warsaw, Poland
FILE PHOTO: FILE PHOTO: Ghani and Abdullah participate in a family photo with Ghani and Abdullah at the NATO Summit in Warsaw, Poland REUTERS - Jonathan Ernst

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ប្រធានាធិបតី​ផុតអាណត្តិ​លោក​ហ្កានី និង​គូប្រជែង​របស់​គាត់​លោក​អាប់ឌូឡា អាប់ឌូឡា​បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​នា​ថ្ងៃ​ចន្ទ ទី៩ មីនា​ក្នុង​ទីក្រុង​កាប៊ូល។ លោក​ហ្កានី​បាន​ស្បថ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី ហើយ​លោក​អាប់ឌូឡា អាប់ឌូឡា​បាន​ស្បថ​នៅ​សំយ៉ាប​វិមាន​ប្រធានាធិបតី។ ការ​ដណ្តើម​គ្នា​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​រវាង​លោក​ហ្កានី និង​លោក​អាប់ឌូឡា អាប់ឌូឡា​បាន​រុញ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ស្ថាប័ន​ជា​ថ្មី​ដូច​កាល​ពី​ឆ្នាំ ២០១៤។ តែ​អ្វី​ជា​ការ​កត់សម្គាល់ វិបត្តិស្ថាប័ន​ថ្មី​ពេល​នេះ​កំពុង​ជះ​ផលវិបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​រដ្ឋាភិបាល​ក្រុង​កាប៊ូល និង​ពួក​តាលីបង់។ ពួក​តាលីបង់​ដែល​ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អាមេរិក​កាល​ពី​ថ្ងៃទី២៩ កុម្ភៈ។ តើ​មិនមែន​ពួក​តាលីបង់​ទេ​ឬ​យ៉ាង​ណា​ដែល​ជា​អ្នក​កំពុង​ទទួល​បានប្រយោជន៍​​ពី​វិបត្តិ​ដណ្តើម​អំណាច​រវាង​លោក​ហ្កានី និង​លោក​អាប់ឌូឡា អាប់ឌូឡា​ពេល​នេះ?

ផ្សាយពាណិជ្ជកម្ម

វិបត្តិស្ថាប័ន​នៅ​អាហ្វហ្កានីស្ថាន​ពេល​នេះ​បាន​កើត​ចេញ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៩ និង​ដែល​លទ្ធផល​ទើប​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២០ កន្លង​ទៅ​ថ្មីៗ​នេះ។ ភាព​យឺតយ៉ាវ​ក្នុង​ការ​ប្រកាស​លទ្ធផល​ក៏​ដោយសារ​តែ​មាន​បណ្តឹង​ចំនួន ១៦ ៥០០បណ្តឹង​ដែល​បេក្ខជន​បាន​ប្តឹង​តវ៉ា​ពី​ការ​លួច​បន្លំសន្លឹកឆ្នោត និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ការ​បោះឆ្នោត។ បើ​ផ្អែក​តាម​លទ្ធផល​ផ្លូវការ ប្រធានាធិបតី​ផុតអាណត្តិ​លោក​ហ្កានី​ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ៥០,៦៤% ហើយ​លោក​អាប់ឌូឡា អាប់ឌូឡា​ទទួល​បាន​សម្លេង​គាំទ្រ​តែ ៣៩,៥២% ប៉ុណ្ណោះ។ តែ​លោក​អាប់ឌូឡា អាប់ឌូឡា​មិន​ទទួល​ស្គាល់ និង​បាន​ចាត់​ទុក​ជា​លទ្ធផល​ក្បត់ជាតិ។

អ្វី​ដែល​អាហ្វហ្កានីស្ថាន​កំពុង​ជួប​ប្រទះ​ពេល​នេះ​ជា​ភាព​ច្រំដែល​នៃ​ប្រវត្តិសាស្រ្ត ព្រោះ​សេណារីយ៉ូ​ដដែល​នេះ​ធ្លាប់​បាន​កើត​មាន​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៤ ជាមួយ​នឹង​ឥស្សរជន​មុខ​ដដែល​ទាំង​ពីរ​នាក់​នេះ។ វិបត្តិ​កាល​ណោះ​បាន​អូសបន្លាយ​ដល់​ទៅ ៣ខែ ទំរាំ​អាច​ដោះស្រាយ​ចែក​អំណាច​គ្នា​បាន​ដោយ​មាន​អន្តរាគមន៍​ពី​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​បារ៉ាក់ អូបាម៉ា។ នៅ​ពេល​នោះ លោក​ហ្កានី​ទទួល​តំណែង​ប្រធានាធិបតី ហើយ​លោក​អាប់ឌូឡា អាប់ឌូឡា​យល់ព្រម​ទទួល​តំណែង​នាយករដ្ឋមន្រ្តី។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​គិតគូរ​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​ដឹង ប្រមុខ​ការទូតអាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ប្រឆាំង​ដាច់​ខាត​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ពីរ​ស្រប​គ្នា។

អ៊ីចឹង​សួរ​ថា តើ​អាច​មាន​ដំណោះស្រាយ​ដូច​កាល​ពី ៥ឆ្នាំ​មុន​ដែរ​ឬ​ទេ មាន​ន័យ​ថា មាន​ម្នាក់​កាន់​តំណែង​ប្រធានាធិបតី និង​ម្នាក់​ទៀត​យល់ព្រម​ទទួល​តំណែង​នាយករដ្ឋមន្រ្តី?។ គឺ​មាន​តែ​លោក​ហ្កានី និង​លោក​អាប់ឌូឡា អាប់ឌូឡា​ទេ​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន។ តែ​នៅ​ចំពោះ​មុខ លោក​ហ្កានី និង​លោក​អាប់ឌូឡា អាប់ឌូឡា​សុទ្ធ​តែ​បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ដូច​គ្នា និង​មាន​សមាសភាព​គាំទ្រ​រៀងៗ​ខ្លួន។ លោក​ហ្កានី​បាន​ស្បថ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី ហើយ​លោក​អាប់ឌូឡា អាប់ឌូឡា​បាន​ស្បថ​នៅ​សំយ៉ាប​វិមាន​ប្រធានាធិបតី​ក្នុង​ថ្ងៃ​ចន្ទ ទី៩ មីនា​ដូច​គ្នា​ដោយ​ខុស​គ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ គឺ​សម្លេង​ផ្ទុះ​គ្រាប់រ៉ូកែត​ជា​ច្រើន​គ្រាប់​បង្ក​ឡើង​ដោយ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

កំណត់​សម្គាល់​មួយ​ទៀត វិបត្តិនយោបាយ​ច្រំដែល​នៅ​អាហ្វហ្កានីស្ថាន​ពេល​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​មួយ​មិន​ដូច​កាល​ពី ៥ឆ្នាំ​មុន​ទេ។ មិន​ដូច​នៅ​ត្រង់​ថា​កាល​ពី​ថ្ងៃទី២៩ កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ អាមេរិក និង​ពួក​ឧទ្ទាម​តាលីបង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្នា។ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ ទ័ពអាមេរិក និង​ទ័ពបរទេស​ទាំង​អស់​នឹង​ត្រូវ​ដក​ចេញ​ពី​អាហ្វហ្កានីស្ថាន​ក្នុង​រយៈពេល ១៤ខែ។ ជា​ថ្នូរ​ត្រឡប់​វិញ ពួក​តាលីបង់​ត្រូវ​បញ្ឈប់​រាល់​អំពើ​ភេរវកម្ម និង​ផ្តើម​កិច្ចចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​កាប៊ូល។ មួយ​វិញ​ទៀត កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អាមេរិក និង​តាលីបង់​ក៏​បាន​ចែង​ពី​ការ​ដោះលែង​អ្នកទោស​តាលីបង់​ចំនួន ៥ ០០០នាក់​ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នកទោស​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ចំនួន ១០ ០០០នាក់។

តែ​ការ​ដោះដូរ​អ្នក​ទោស​នេះ​ត្រូវ​បាន​លោក​ហ្កានី​ប្រឆាំង​ដាច់​ខាត​នៅ​ប៉ុន្មាន​ថ្ងៃ​មុន។ ឃើញ​ថា កិច្ចចរចា​សន្តិភាព​រវាង​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ដែល​មិន​ទាន់​នឹង​ចាប់​ផ្តើម​ផង ក៏​ស្រាប់​ត្រូវ​បាន​ជួប​ឧបសគ្គ​ចំនួន​ពីរ។ ឧបសគ្គ​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ការ​ដណ្តើម​អំណាច​គ្នា​រវាង​លោក​ហ្កានី និង​លោក​អាប់ឌូឡា អាប់ឌូឡា។ ចង់ ឬ​មិន​ចង់ តួអង្គ​ដែល​កំពុង​មាន​ប្រៀប​នៅ​ក្នុង​វិបត្តិនយោបាយ​អាហ្វហ្កានីស្ថាន​ពេល​នេះ​មិនមែន​លោក​ហ្កានី ហើយ​ក៏​មិនមែន​លោក​អាប់ឌូឡា អាប់ឌូឡា​ដែរ។ តែ​គឺ​ពួក​ឧទ្ទាមតាលីបង់​ដែល​នឹង​និយាយ​ទៅ​កាន់​លោក​ហ្កានី និង​លោក​អាប់ឌូឡា អាប់ឌូឡា​ថា ដោះស្រាយ​រឿង​ផ្ទៃក្នុង​របស់​អស់​លោក​ឲ្យ​ចប់​សិន​ទៅ​ចាំ​មក​ចរចា​ជាមួយ​ពួក​យើង។ គួរ​រម្លឹក​ថា តាំង​ពី​អាមេរិក​បាន​ផ្តួល​រំលំ​របប​តាលីបង់​ក្នុង​ឆ្នាំ ២០០១ មក ប្រទេស​អាស៊ីខាងត្បូង​មួយ​នេះ​មិន​ដែល​បាន​ស្គាល់​ក្លិន​សន្តិភាព​ម្តង​ណា​ទេ។

អស់​រយៈពេល​ជាង ១៨ឆ្នាំ​ដែល​អាហ្វហ្កានីស្ថាន​បាន​ញាំញី​ដោយ​អំពើហិង្សា និង​សង្រ្គាម។ នៅ​ម្ខាង​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​តាលីបង់ និង​នៅ​ម្ខាង​ទៀត​ជា​ស្នាដៃ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ក្រុម​អ្នកវិភាគ​ហ៊ាន​តែ​ព្យាករ​ថា បើ​វិបត្តិស្ថាប័ន​នៅ​បន្ត​អូសបន្លាយ​គ្មាន​ច្រកចេញ ពួក​តាលីបង់​នឹង​វិល​ត្រឡប់​ទៅ​កាន់​អំណាច​ជា​ថ្មី​នៅ​ថ្ងៃ​ណា​មួយ​ដោយ​ចៀស​មិន​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ