អានតួអត្ថបទ
ចិន-Covid-១៩

Covid-១៩៖ឧស្សាហកម្មមួយចំនួនក្នុងខេត្តហ៊ូពេប្រទេសចិនបានចាប់ដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈ

ទីក្រុង​វូហាន​ផ្តើម​មាន​សកម្មភាព​ឡើងវិញ​បណ្តើរៗ ក្រោយ​ពី​មាន​ការ​ថយចុះ​ចំនួន​អ្នកស្លាប់ និង​អ្នក​ឆ្លង Covid-១៩
ទីក្រុង​វូហាន​ផ្តើម​មាន​សកម្មភាព​ឡើងវិញ​បណ្តើរៗ ក្រោយ​ពី​មាន​ការ​ថយចុះ​ចំនួន​អ្នកស្លាប់ និង​អ្នក​ឆ្លង Covid-១៩ REUTERS - THOMAS PETER

នៅ​ថ្ងៃ​ពុធ ទី១១ មីនា រដ្ឋអំណាច​ក្នុង​ខេត្ត​ហ៊ូពេ​ដែល​ជា​ប្រភព​ផ្ទុះ​មេរោគកូរ៉ូណាថ្មី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចាប់​ផ្តើម​សកម្មភាព​ឡើង​វិញ​នៅ​ក្នុងឧស្សាហកម្ម​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ទីក្រុង​វូហាន។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​នៅ​ក្នុង​ទីក្រុង​វូហាន។ តាម​កំណត់ហេតុ​របស់​អាជ្ញាធរ​ខេត្ត​ហ៊ូពេ វិស័យ​ដែល​បាន​អនុញ្ញាត​ឲ្យ​ផ្តើម​សកម្មភាព​ឡើង​វិញ មាន​ដូច​ជា​វិស័យ​ដឹកជញ្ជូន​សាធារណៈ វិស័យ​ផ្គត់ផ្គង់​សម្ភារៈ បរិក្ខារពេទ្យ និង​ផលិតផល​ចាំបាច់​មួយ​ចំនួន។ គួរ​រម្លឹក​ថា​នៅ​ក្នុង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-១៩ ពលរដ្ឋ​ទាំង​អស់​ក្នុង​ទីក្រុង​វូហាន​ត្រូវ​បាន​រដ្ឋអំណាច​ហាម​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​តាំង​ពី​ជិត ២ខែ។ គឺ​ជា​រយៈពេល​មួយ​យូរ​ខ្លាំង និង​ពិបាក​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​គ្រប់​រូប​នៅ​វូហាន នេះ​ជា​សម្តី​របស់​លោក Richard ដែល​ជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង​វូហាន​ម្នាក់។ អ្វី​ដែល​លោក Richard ចង់​បាន​យ៉ាង​ទទូច​ពេល​នេះ គឺ​អនុញ្ញាត​ឲ្យ​ផ្សារទំនើប និង​ហាង​លក់​ទំនិញ​បើក​ទ្វារ​ជា​ថ្មី​ឡើង​វិញ។ តែ​លោក Richard បាន​សម្គាល់​ឃើញ​ថា រោងចក្រ​ភាគ​ច្រើន​នៅ​វូហាន​កំពុងបន្ត​បិទទ្វារ។

ផ្សាយពាណិជ្ជកម្ម

« ‘បណ្តាញ​សារព័ត៌មាន​បាន​ប្រកាស​ក្នុង​ថ្ងៃ​ពុធ ទី១១ មីនា​ថា ទីក្រុង​វូហាន​ផ្តើម​បោះ​ជំហានទី១ ឆ្ពោះ​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ។ ការ​ផ្តើម​សកម្មភាព​ឡើង​វិញ​នេះ​ទាក់ទង​មុន​គេ​នៅ​ក្នុង​ផលិកម្ម​សម្រាប់​ផលិផល​ចាំបាច់​មួយ​ចំនួន ពិសេស​ផលិតផល​បរិក្ខារពេទ្យ។ អស់​លោក​ដឹង​ទេ ប្រជាជន​ទាំង​អស់​ក្នុង​ទីក្រុង​វូហាន​ត្រូវ​បាន​រដ្ឋអំណាច​ហាម​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​យ៉ាង​តិច ៥០ថ្ងៃ​មក​ហើយ។ គឺ​ជា​រយៈពេល​មួយ​យូរ និង​លំបាក​ខ្លាំង​ណាស់​សម្រាប់​ទាំង​អស់​គ្នា។

ខ្ញុំ​គិត​ថា ការ​បើក​ទីផ្សារ និង​ហាង​លក់ទំនិញ​ឲ្យ​ដំណើរការ​ឡើង​វិញ​ជា​វិធានការ​ទី១ ដែល​ត្រូវ​ធ្វើ​មុន​គេ។ គឺ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​នៅ​ទីនេះ​ដើម្បី​អាច​ទៅ​ផ្សារ​ទិញ​ទំនិញ​ដោយ​ខ្លួន​ឯង។ មិត្តភក្តិ​របស់​ខ្ញុំ និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​តែ​មិន​ទាន់​បាន​ផ្តើម​ការងារ​របស់​ពួក​គេ​ឡើង​វិញ​នៅ​ឡើយ​ទេ។ ក្រុមហ៊ុន​ដែល​បន្ត​ដំណើរការ និង​មិន​ដែល​បិទ​ទ្វារ​នោះ គឺ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ឈ្មោះ Sinopec ដែល​មាន​ស្ថានីយ៍ចម្រាញ់ប្រេង​ក្នុង​ទីក្រុង​វូហាន។

គេ​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា វូហាន​ជា​តំបន់​ឧស្សាហកម្ម​មួយ​យ៉ាង​សំខាន់​របស់​ចិន​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត និង​ផលិត​គ្រឿងអេឡិចត្រូនិច ដូច​យ៉ាង​ទូរស័ព្ទ Iphone ជា​ដើម។ មាន​រោងចក្រ​ច្រើន​ណាស់​នៅ​ទីនេះ តែ​ខ្ញុំ​គ្មាន​ឃើញ​ព័ត៌មាន​ណា​និយាយ​ពី​ការ​ចាប់​ផ្តើម​សកម្មភាព​របស់​រោងចក្រ​ទាំង​នោះ​ឡើង​វិញ​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ