អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Covid-១៩៖ហេតុអ្វីបានជាវិស័យសុខាភិបាលឥណ្ឌាអាចធ្លាក់ក្នុងស្ថានភាពហានិភ័យឆាប់រហ័ស

សំឡេង ០៦:២០
រដ្ឋាភិបាល​ឥណ្ឌា​ផ្តើម​វិធានការ​បង្ការ​ទប់ការ​ឆ្លងរាលដាល Covid-១៩
រដ្ឋាភិបាល​ឥណ្ឌា​ផ្តើម​វិធានការ​បង្ការ​ទប់ការ​ឆ្លងរាលដាល Covid-១៩ REUTERS - AMIT DAVE

រហូត​មក​ដល់​ពេល​នេះ ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ១ ៣០០លាននាក់​ហាក់​មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​តិចតួច​ដោយ​មេរោគកូរ៉ូណាថ្មី។ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី១៣ មីនា និង​ផ្អែក​តាម​តួលេខ​ផ្លូវការ ឥណ្ឌា​មាន​អ្នក​ឆ្លង​ចំនួន ៨១ នាក់ និង​មាន​អ្នក​ស្លាប់​ម្នាក់។ ចំនួន​នេះ​តិចតួច​ខ្លាំង​ណាស់ បើ​ធៀប​នឹង​អ្នក​ឆ្លង Covid-១៩ ចំនួន ១៤០ ០០០នាក់​នៅ​ទូទាំង​ពិភពលោក។ តែ​ជាមួយ​នឹង​ចំនួន​ប្រជាពលរដ្ឋ​ដ៏​ច្រើន​សម្បើម​លំដាប់​ទី២ ក្នុង​លោក​បន្ទាប់​ពី​ប្រទេស​ចិន ឥណ្ឌា​ក៏​នៅ​មិន​ទាន់​រួច​ខ្លួន​ទាំង​ស្រុង​ពី​ករណី​ឆ្លងរាលដាល​នៃ Covid-១៩ ដែរ។ ខណៈ​នេះ រដ្ឋាភិបាល​ទីក្រុង​ញូដែលី​បាន​ផ្តើម​ចាត់​វិធានការ​បង្ការ​ជា​បណ្តើរៗ។ តែ​គ្រប់​គ្នា​កំពុង​បារម្ភ​ថា វិស័យ​សុខាភិបាល​ឥណ្ឌា​អាច​នឹង​ធ្លាក់​ក្នុង​ហានិភ័យ​យ៉ាង​ឆាប់រហ័ស បើ​ឥណ្ឌា​ជួប​ករណី​ឆ្លង​រាលដាល​ដូច​នៅ​ចិន ឬ​ដូច​នៅ​អឺរ៉ុប​ពេល​នេះ។

ផ្សាយពាណិជ្ជកម្ម

វិធានការ​បង្ការ​ដែល​ឥណ្ឌា​កំពុង​ធ្វើ​ក៏​មិន​ខុស​គ្នា​នឹង​វិធានការ​ដែល​ប្រទេស​ផ្សេង​បាន​ធ្វើ និង​កំពុង​បន្ត​ធ្វើ គឺ​បិទព្រំដែន​ជាមួយ​ប្រទេស​ជិតខាង និង​កាត់​បន្ថយ​ជា​អតិបរមា​លើ​ការ​ផ្តល់​ទិដ្ឋាការ​សម្រាប់​ជនបរទេស​ដែល​ចង់​ចូល​ក្នុង​ប្រទេស​ឥណ្ឌា។ សូម្បី​តែ​អ្នក​មាន​ដើមកំណើត​ឥណ្ឌា និង​កំពុង​រស់នៅ​បរទេស​ក៏​មិន​អាច​ត្រឡប់​ចូល​ប្រទេស​ឥណ្ឌា​បាន​ដែរ។ ចំណែក​អ្នក​ធ្វើ​ដំណើរ​ជា​ជនជាតិ​ឥណ្ឌា​ដែល​ត្រឡប់​ចូល​ស្រុកកំណើត​វិញ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដែល​កំពុង​ឆ្លងរាលដាល​ដោយ Covid-១៩ ត្រូវ​បញ្ជូន​ទៅ​ដាក់​កន្លែង​ដាច់​ឆ្ងាយ​ពី​គេ​ឯង​យ៉ាង​តិច ១៤ថ្ងៃ។ ដោយឡែក​នៅ​ក្នុង​តំបន់​ទេសចរណ៍​មួយ​ចំនួន​ដូច​យ៉ាង Rajasthan អ្នក​ទេសចរណ៍​បរទេស​ដែល​កំពុង​មាន​វត្តមាន​នៅ​ឥណ្ឌា​ស្រាប់​ត្រូវ​បង្ហាញ​លិខិតពេទ្យ​ដល់​សណ្ឋាគារ​ទើប​អាច​ជួល​បន្ទប់​បាន។

អ្នក​ទេសចរ​ស្រ្តី​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​ត្អូញត្អែរ​ថា រូប​គាត់​បាន​ឈរ​តម្រង់​ជួរ​រយៈពេល ២ម៉ោង​ទើប​ទទួល​បាន​លិខិត​ពេទ្យ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​គាត់។ ក្រៅ​ពី​វិធានការ​បិទព្រំដែន​នៅ​ខាង​ក្រៅ រដ្ឋាភិបាល​ក្រុង​ញូដែលី​ក៏​បាន​ចាត់​វិធានការ​បង្ការ​នៅ​ខាង​ក្នុង ដូច​យ៉ាង​បិទ​សាលារៀន និង​រោងកុន​នៅ​តាម​ទីក្រុង​មួយ​ចំនួន​សម្រាប់​ខែ​មីនា​នេះ។ បន្ទាប់​មក រដ្ឋអំណាច​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចៀសវាង​ការ​ប្រមូលផ្តុំ ជួបជុំ​ច្រើន​នាក់ តែ​មិន​បាន​កម្រិត​ចំនួន​ដូច​បណ្តា​ប្រទេស​ផ្សេង​ទេ។ ចំណោទ​នៅ​ត្រង់​ថា រដូវ​នេះ​នៅ​ឥណ្ឌា​ជា​រដូវ​រៀបការ ហើយ​ការ​ប្រារព្ធ​ពិធី​មួយ​នេះ​បាន​គ្រោង​អស់​ជា​ច្រើន​ខែ និង​រហូត​ដល់​ឆ្នាំ​ផង​ក៏​មាន​សម្រាប់​អ្នក​ខ្លះ។ វិធានការ​បង្ការ​ក៏​មាន​នៅ​តាម​កន្លែង​ធ្វើ​ការ​ដោយ​មាន​ក្រុមហ៊ុន និង​រោងចក្រ​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពី​ផ្ទះ ពិសេស​បុគ្គលិក​ដែល​អាច​ធ្វើ​ការងារ​ពី​ផ្ទះ​បាន ដោយ​មិន​ចាំ​បាច់​មាន​វត្តមាន​នៅ​កន្លែង​ធ្វើ​ការ​ផ្ទាល់។

ឥណ្ឌា​បាន​ចំណាយ​តិចតួច​សម្រាប់​វិស័យ​សុខាភិបាល

ក្រុម​អ្នកជំនាញ​បាន​បារម្ភ​ពី​គ្រោះមហន្តរាយ​ជា​យថាហេតុ​នៃ​ការ​ឆ្លង​រាលដាល Covid-១៩ ក្រោម​ទ្រង់ទ្រាយ​ធំ​នៅ​ឥណ្ឌា។ ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ ទីកន្លែង​រស់នៅ​តូចចង្អៀត​នៅ​តាម​តំបន់​ក្រីក្រ និង​ភាព​ក្រីក្រ ជា​កត្តា​សំខាន់​ដែល​អាច​ធ្វើ​ឲ្យ​ឥណ្ឌា​ពិបាក​ទប់​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគកូរ៉ូណាថ្មី​ក្រោម​ទ្រង់ទ្រាយ​ធំ។ នៅ​ឥណ្ឌា មាន​ពលរដ្ឋ​ចំនួន ៧០លាននាក់​ជា​អ្នក​ក្រីក្រ​ខ្លាំង ហើយ​លក្ខខណ្ឌ​នៃ​ការ​រស់នៅ​របស់​ពួក​គេ​មាន​ការ​លំបាក​តាំង​ពី​អនាម័យ​រហូត​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ នៅ​តាម​តំបន់​មួយ​ចំនួន ទីកន្លែង​ស្នាក់នៅ​របស់​អ្នក​ក្រីក្រ​ខ្លាំង​មាន​ភាព​តូចចង្អៀត​ខ្លាំង​ដោយ​មាន​ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន។ ចំណែក​ប្រព័ន្ធ​សុខាភិបាល និង​អនាម័យ​នៅ​តាម​តំបន់​ទាំង​នោះ​ក៏​មិន​គ្រប់គ្រាន់​ដែរ។ ប្រសិន​បើ​មាន​ផ្ទុះ​ករណី Covid-១៩ នៅ​ក្នុង​តំបន់​ទាំង​នោះ ការ​ឆ្លង​រាលដាល​នឹង​មាន​ល្បឿន​លឿន​តែ​មួយ​ប៉ប្រិច​ភ្នែក។

ចូរ​កុំ​ភ្លេច​ថា វិធានការ​ចាំ​បាច់​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល Covid-១៩ គឺ​លាងដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់ អ្នក​មាន​រោគសញ្ញា​ត្រូវ​ពាក់​ម៉ាស ឬ​មួយ​ក៏​ត្រូវ​ឈរ​ដោយ​មាន​គម្លាត​យ៉ាង​តិច ១ម៉ែត្រ​រវាង​មនុស្ស​ម្នាក់ៗ​ជា​ដើម។ ពិត​ណាស់ មាន​ប្រទេស​ខ្លះ​បាន​ចាត់​វិធានការ​ចាស់ដៃ​ដោយ​បិទ​ប្រទេស​ទាំង​មូល​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជា​អតិបរមា។ តែ​ប្រទេស​ដូច​ឥណ្ឌា​ពិបាក​នឹង​ធ្វើ​ណាស់ ព្រោះ​អវត្តមាន​ប្រព័ន្ធ​សន្តិសុខសង្គម​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ឥណ្ឌា​រាប់លាន​នាក់​ចេញ​ទៅ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​គ្រួសារ។ តាម​តួលេខ​របស់​ធនាគារពិភពលោក ឥណ្ឌា​បាន​ចំណាយ​តែ ៣,៦% នៃ​ផលិតសរុប​ក្នុង​ស្រុក​សម្រាប់​វិស័យ​សុខាភិបាល ពោល​តិច​ជាង​ឆ្ងាយ​ពី​ប្រទេស​បារាំង​ដែល​បាន​ចំណាយ ១១,៥%។ ក្នុង​ករណី​ដែល Covid-១៩ ឆ្លង​រាលដាល​ខ្លាំង​ដូច​នៅ​ចិន មន្ទីរពេទ្យ​នៅ​ឥណ្ឌា​គ្មាន​សមត្ថភាព​នឹង​ទទួល​អ្នក​ជំងឺ​ដ៏​ច្រើន​សម្បើម ហើយ​ក៏​ប្រហែល​គ្មាន​សមត្ថភាព​ក្នុង​ការ​ចាត់ចែង​ឲ្យ​បាន​ទាន់ពេល និង​ឆាប់រហ័ស​ដែរ។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ឥណ្ឌា​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​ជំងឺឆ្លងរាតត្បាត ពិសេស​ប្រឈម​នឹង​ជំងឺរបេង​ដ៏​យូរលង់ និង​ដែល​សព្វថ្ងៃ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ ក្នុង​ឆ្នាំ ២០១៨ ឥណ្ឌា​ក៏​បាន​ប្រឈម​នឹង​មេរោគ Nipah នៅ​ក្នុង​រដ្ឋ Kerala ដោយ​មាន​មនុស្ស​ស្លាប់​តែ ១៧នាក់។ លោក Rajan Sharma ប្រធាន​សមាគម​គ្រូពេទ្យ​ឥណ្ឌា​មាន​សុទិដ្ឋិនិយម​ថា ស្ថានភាព Covid-១៩ នៅ​ឥណ្ឌា​នឹង​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​នៅ​រង្វង់​ពី ១០ ទៅ ១៥ថ្ងៃ​ខាង​មុខ។ តែ​លោក Ashish Jha នាយក​វិទ្យាសា្ថន​ស្រាវជ្រាវ​នៅ Harvard ស្តីពី​សុខភាព​សាធារណៈ​សកល​មិន​យល់​ដូច​លោក Rajan Sharma ទេ។ សម្រាប់​លោក Ashish មហា​ប្រទេស​ដូច​ឥណ្ឌា​ដែល​មាន​ពលរដ្ឋ​រស់នៅ​ផ្តុំគ្នា​ក្នុង​ទីកន្លែង​តូច​ចង្អៀត​មិន​អាច​គេច​ផុត​ពី​ការ​ឆ្លង​រាតត្បាត​ដោយ Covid-១៩ បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ