អានតួអត្ថបទ
សំរាមប្លាស្ទីក

ម៉ាឡេស៊ី ដាក់ទូកបូមសំរាមប្លាស្ទិកនៅទន្លេ ដើម្បីកាត់បន្ថយការបំពុលសមុទ្ទ

The Interceptor ទូក​បូម​សំរាម​ប្លាស្ទីក នៅ​ម៉ាឡេស៊ី
The Interceptor ទូក​បូម​សំរាម​ប្លាស្ទីក នៅ​ម៉ាឡេស៊ី AFP

៥០ពាន់​លាន​តោន! នេះ​ជា​ចំនួន​សំរាម​ប្លាស្ទិក​នៅ​ក្នុង​​សមុទ្ទ។ ហេតុ​ដូច្នេះហើយ​បាន​ជា​សមាគម The Ocean Cleanup បាន​សម្រេច​ចិត្ត​បញ្ចេញ​សកម្មភាពជាក់ស្តែង ៖ ប្រមូល​សំរាម​​នៅ​តាម​ទន្លេ​ ព្រោះ​​ជា​ច្រក​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​ហូរ​នាំ​សំរាម​ទៅចាក់​ក្នុង​សមុទ្ទ។ សមាគម​បាន​សហការ​ជាមួយ​ម៉ាឡេស៊ី តាម​រយៈ​អង្គការ​ក្នុង​ស្រុក​ឈ្មោះ  Landasan Lumayan ដើម្បី​ដាក់​ឱ្យ​ដំណើរការ​នាវា​ទំនើប​ថ្មី​​ចាំចាប់​សំរាម​ប្លាស្ទិក​កុំឱ្យ​ហូរ​ទៅ​ដល់​សមុទ្ទ​បាន។

ផ្សាយពាណិជ្ជកម្ម

ជា​ទូក​ដ៏​ទំនើប ដើរ​ដោយ​ផ្ទាំង​ស្រូប​កំដៅ​ព្រះ​អាទិត្យ និង​ត្រូវ​បាន​ដាក់​ប្រចាំ​ការ​នៅ​ទន្លេ Klang ទល់​មុខវាំង​​អ៊ីស្លាម​នៃ​ក្រុង​ខ្លង់ ប្រមាណ​តែ​២០​គីឡូម៉ែត្រ​​ពី​។ ទូក​បូម​សំរាម​ប្លាស្ទិក​ ក្នុង​មួយ​ថ្ងៃៗ ជា​ច្រើន​​សិបតោន​ ដោយ​គ្មាន​បញ្ចេញ​សំឡេងអ្វី​ទាំង​អស់។

កិច្ច​សហប្រតិបត្តិ​ការ​រវាង​សមាគម ក្នុង​ស្រុក​​​ម៉ាឡេស៊ី​​​ និង​អង្គការ​ក្រៅរដ្ឋាភិបាលហូឡង់ The Ocean Cleanup និង​ទូកសំរាម The Interceptor ដើម្បី​ទប់​សំរាម​ប្លាស្ទិក​​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ឈូង​សមុទ្ទ​ម៉ាឡាកា និងបន្ទាប់​មក​​ទៅ​ក្នុង​មហាសមុទ្ទ​ឥណ្ឌា​ បាន​ចាប់​ផ្តើម​​​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៩។

ដើម្បី​អាច​បូម​​សំរាមប្លាស្ទិក​បាន​ គេ​មាន​វិធី​ដ៏​​សាមញ្ញ​បំផុត គឺធ្វើ​​ទំនប់​ប្រវែង​១០០​ម៉ែត្រ កាត់ទទឹង​​ពីរ​ភាគីបី​នៃ​ទន្លេ។ ដោយ​សារ​​កម្លាំង​ទឹកហូរ គេ​អាច​ស្ទាក់​ប្រមូល​សំរាម​ឱ្យ​ហូរ​ចូល​ក្នុង​បំពង់​លូ​ រួច​ធ្លាក់​ក្នុង​ធុង​សំរាម​របស់​ទូក។ នៅពេល​ធុង​ពេញ ទូក​សំរាមមក​ដឹកចេញ​​យក​ទៅ​ដាក់​ចោល​នៅ​កន្លែង​ច្នៃ​​សំរាមនៅលើ​គោក។

លទ្ធផល​​វិជ្ជមាន​នៃ​ការ​ប្រមូល​សំរាម​​​ប្លាស្ទិកពី​ទន្លេ បាន​បង្ហាញយ៉ាង​​ជាក់​ស្តែង​និង​ភ្លាមៗ​តែ​ម្តង​។ ឥទ្ធិពល​ល្អដែល​ម៉ាឡេស៊ី​ទទួល​បាន​​ដំបូង​គេ​ គឺ​គេ​សង្កេត​ឃើញ​មាន​សត្វ​បក្សាបក្សី​ជា​ច្រើន ព្រម​ទាំង​សត្វ​រស់​នៅ​ក្នុង​​ទឹកផ្សេង​ទៀត ដូច​ជា​ក្រពើ​ ភេ ​ត្រលប់​មក​រស់​នៅក្នុង​​ទន្លេ​នេះ​វិញ។ ប្រជាពលរដ្ឋ​ក៏​សង្កេត​ឃើញ​មាន​ការ​ប្តូរ​ផ្លាស់ ទន្លេ​ស្អាត​ជាង​មុន​។ ដោយ​ឃើញ​​វិធានការ​សម្អាត​របស់​រដ្ឋាភិបាល ប្រជាពលរដ្ឋ​ក៏​ចាប់​ប្តូរ​ផ្លាស់​ទម្លាប់ ដោយ​ចេះ​ប្រុង​ប្រយ័ត្ន​​លែង​សូវ​បោះចោល​សំរាម​ផ្តេសផ្តាសដូច​ពេល​មុន។

បើ​តាម​អង្គការ​ The Ocean Cleanup ប្រសិន​បើ​ទន្លេ​ដ៏​ពុល​ខ្លាំង​ជាងគេ​ ទាំង​​ជាង​១០០០ទន្លេ នៅ​លើ​ភពផែន​ដី មាន​បំពាក់​​ទូក​បូម​សំរាម​ប្លាស្ទិក​ដូច​ម៉ាឡេស៊ី​នេះ នោះ​គេ​នឹងអាច​កាត់​បន្ថយ​​សំរាម​ប្លាស្ទិក​ក្នុង​សមុទ្ទ​បាន​៨០%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ