អានតួអត្ថបទ

ចិន​​បណ្តេញ​អ្នក​កាសែត​ធំៗ​ជាច្រើន​របស់​អាមេរិក​ចេញ​ពី​ប្រទេស

រូប​ភាព​តំណាង ស្តីពី ប្រមុខរដ្ឋ​ចិន​កំពុង​ចាត់ចែង​ស្ថានការណ៍​មេរោគកូរ៉ូណាថ្មី។​
រូប​ភាព​តំណាង ស្តីពី ប្រមុខរដ្ឋ​ចិន​កំពុង​ចាត់ចែង​ស្ថានការណ៍​មេរោគកូរ៉ូណាថ្មី។​ REUTERS - XINHUA

​​ចិន​ បាន​សម្រេចបណ្តេញ​អ្នក​សារព័ត៌មាន​អាមេរិក​​ជាច្រើន​នាក់​ ចេញពីប្រទេសចិន ម៉ាកាវ និងហុងកុង​។ បើ​តាម​សេចក្តី​​របស់​រដ្ឋអំណាចចិន​នៅថ្ងៃពុធ ទី​១៨មីនា គឺអាជ្ញាធរចិន​ទុក​រយៈ​ពេលកំណត់ ​ចំនួន​១០ថ្ងៃ ឱ្យ​អ្ន​កកាសែត​អាមេរិក​ដែល​ពាក់​ពន្ធទាំង​នោះ ប្រគល់​បណ្ណអនុញ្ញាត​ឱ្យ​យកព័ត៌មាន​នៅ​ស្រុក​ចិន​ ទៅឱ្យ​​អាជ្ញាធរវិញ​ ដែលនេះ ​មាន​សេចក្តីស្មើ​នឹង​ការ​បណ្តេញ​តែម្តង​។ ភ្លាមៗ ប្រមុខការ​ទូត​អាមេរិក​ បាន​សម្តែងការ​សោកស្តា​យ និង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ចិន «គិត​ពិចារណាឡើងវិញ»។​​

ផ្សាយពាណិជ្ជកម្ម

​យ៉ាងហោច ​អ្នក​កាសែត​អាមេរិក​ចំនួន​១៣នាក់​ ត្រូវ​បណ្តេញ​ចេញពី​ស្រុក​ចិន​។ អ្ន​កសារព័ត៌មាន​ទាំងនោះ កំពុង​​ធ្វើការ​ឱ្យ​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក ឈរជើង​នៅ​លើ​ដែន​ដី​ចិន​ ដូចជាកាសែត​ New York Times, Washington Post និង Wall Street Journal។​ ​នេះបើតាម​ការ​បញ្ជាក់​របស់​ក្លិប​អ្នក​កាសែត​បរទេស​ប្រចាំនៅ​ក្រុង​ប៉េកាំង FCCC។​

ក្នុង​​សេចក្តី​សម្រេច​ផ្លូវការ​របស់​អាជ្ញាធរ​​ចិន​ វិធានការ​បណ្តេញ​អ្នកកាសែត​អាមេរិក​នេះ គឺ​ជាការ​ឆ្លើយ​តប​ចំពោះ​ចំណាត់​ការ​របស់​​អាមេរិកកាលពី​ខែ​មុន ​ដែលបាន​​រឹតដ្បិត​និងកាត់​បន្ថយ​ចំនួន​អ្ន​កកាសែត​ចិន​ ​ធ្វើការ​នៅលើទឹកដី​​សហរដ្ឋអាមេរិក​។

ជាការ​កត់​សម្គាល់​ ចំណាត់ការរបស់​អាជ្ញាធរ​ចិន​នេះ ក៏​ឆ្លើយតប​ចំពោះ​បណ្តាញ​ព័ត៌មាន​​អាមេរិក​ ដែល​បាន​ចុះផ្សាយ​រិះគន់​រដ្ឋអំណាច​ចិន ជុំវិញ​បញ្ហា​មេរោគ​ផ្លូវ​ដង្ហើម​ដែល​ផ្ទុះ​នៅ​ក្រុង​វូហាន។ ​ខែ​កុម្ភៈ​កន្លងទៅនេះ ចិន​បាន​បណ្តេញ​អ្ន​កកាសែត​អាមេរិក​ពីរនាក់​និង​អូស្ត្រាលីម្នាក់រួច​មកហើយ​ បន្ទាប់កាសែត​ Wall Street Journal ដែល​ពួក​គេ​ទាំងបីនាក់​​ធ្វើ​ការនោះ​ បាន​ចុះផ្សាយ​អត្ថបទ​ចំណងជើងថា «ចិន ​អ្នក​ជំងឺ​នៅ​អាស៊ី»។ ចំពោះ​ចិន​ «ការសរសេរ​បែប​នេះ ជាការ​រើសអើង​ និង​ដែល​មិន​អាច​ទទួល​យកបាន​សោះឡើយ​»។

ទំនាស់​ពាក្យ​សម្តី​ជុំវិញ​ការ​ហៅ​​មេរោគកូរ៉ូណាថ្មី ក៏​ជាចំណោទ​ខ្លាំង រវាង​រដ្ឋបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន។ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ប្រមុខការទូតអាមេរិក Mike Pompeo បាន​ហៅ Covid-19 ថា​ជា​ «វីរុសចិន» «វីរុសវូហាន» និងបាន​ចាត់ទុកថា «ការ​ហៅ​បែបនេះ ជារឿង​សមហេតុផល​ ព្រោះមេរោគ​​នេះ ចេញមកពីស្រុក​ចិន​មែន»។ ក៏ប៉ុន្តែ សំនួន​វោហារសាស្ត្រ​ដូច្នេះ​ បាន​ធ្វើ​ឱ្យក្រុងប៉េកាំង​​ខឹងរឹតតែខ្លាំង​ នា​ប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ។ អាជ្ញាធរចិន​ យល់ថា ជាការ​មាក់ងាយ​ ហើយ​អ្ន​កនាំពាក្យ​ក្រសួងការ​បរទេស​ចិន បាន​ចោទ​ទៅវិញថា មេរោគនេះ គឺ​ចម្លងចេញពី​ទាហាន​របស់​អាមេរិក​ទៅវិញទេ  ដែល​ចំណុច​នេះ ត្រូវ​ថ្នាក់​ដឹកនាំ​អាមេរិក​ច្រានចោលទៅវិញ​ដែរ។

ទោះយ៉ាងណាក្តី ការ​ប៉ះទង្គិច​ពាក្យ​សម្តី​ជាអរិភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ គឺ​មិន​ល្អ​សោះឡើយ​ចំពោះ​ស្ថានការណ៍​វិបត្តិសុខភាព​សាធារណៈ​ដ៏​ធ្ងន់ធ្ងរ​នាពេល​បច្ចុប្បន្ន​នេះ។ នេះជាការ​យល់​ឃើញ​របស់ ​ក្លិប​អ្នក​កាសែត​បរទេស​ប្រចាំនៅ​ក្រុង​ប៉េកាំង FCCC។​ ក្លិប​អ្ន​កកាសែតបរទេស​ បញ្ជាក់ទៀតថា ការ​យក​អ្នក​កាសែត​ជា​កូន​អុក​ការទូត ពុំ​មែន​ជារឿងល្អ​សម្រាប់​ដោះស្រាយ​វិបត្តិ​ពេល​នេះទេ​ ហើយ​ក៏​មិន​ប្រសើរ​សោះឡើយ​សម្រាប់​ផ្តល់​ព័ត៌មាន​ដល់​ប្រជាជន​លើ​ពិភពលោក។ តាម​សមាគមដដែល «អ្នកកាសែត ​ជួយ​បំភ្លឺ​ពិភពលោក ហើយ​បើ​ចិន​បណ្តេញ​អ្នកកាសែត​អន្តរជាតិចេញ គឺនាំឱ្យ​ងងឹត​ក្រុង​ប៉េកាំង​ទៅវិញទេ»៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ