អានតួអត្ថបទ
ម៉ាឡេស៊ី-កូរ៉ូណា

ម៉ាឡេស៊ី ដាក់ពង្រាយកងទ័ពដើម្បីពង្រឹងការទប់ស្កាត់វីរុសកូវីដ១៩

មន្រ្តីប៉ូលិសម៉ាឡេស៊ី ពាក់ម៉ាស់ការពារ ឈរយាមនៅខាងក្រៅវិហារអ៊ីស្លាមមួយ ក្នុងក្រុង នៅថ្ងៃសុក្រ នៅគូឡាឡាំពួ នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០។
មន្រ្តីប៉ូលិសម៉ាឡេស៊ី ពាក់ម៉ាស់ការពារ ឈរយាមនៅខាងក្រៅវិហារអ៊ីស្លាមមួយ ក្នុងក្រុង នៅថ្ងៃសុក្រ នៅគូឡាឡាំពួ នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០។ REUTERS - LIM HUEY TENG

គិតត្រឹមថ្ងៃសុក្រ ទី២០ មីនានេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំង​ពិភព​លោក​​បានកើនឡើងដល់ជាង ១ ម៉ឺននាក់​ ចំណែកអ្នកឆ្លងវិញមានចំនួនជិត ២៥ ម៉ឺននាក់។ ដូចប្រទេសជាច្រើនក្នុងលោកដែរ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មាន កម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ីជាដើម កំពុងប្រឈមខ្លាំងទៅនឹងវិបត្តិកូវីដ១៩។ គិតត្រឹមថ្ងៃសុក្រនេះដែរ​ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាកើនដល់ចំនួន ៥១ នាក់ នៅថៃ ៣២២ នាក់ នៅវៀតណាម ៨៥ នាក់ ហើយម៉ាឡេស៊ីវិញកើនដល់ជាង ១ ០០០នាក់។ នៅម៉ាឡេស៊ី ដោយតែករណីឆ្លង​កើនឡើង​​ខ្លាំង រដ្ឋាភិបាលនៃប្រទេសនេះ បានប្រកាសដាក់ពង្រាយកងកម្លាំងយោធា ដើម្បី​ទប់ស្កាត់​ការរីករាលដាលនៃកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។

ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសរបស់រដ្ឋាភិបាលម៉ាឡេស៊ីនេះធ្វើឡើង បន្ទាប់ពីមានប្រជាជនពីរនាក់បាន​ស្លាប់​ដោយសារវីរុសកូវីដ១៩ និងមានករណីឆ្លងកើនឡើងខ្លាំងដល់ជាង ១ ០០០ ករណី។ នេះ គឺជាតួលេខខ្ពស់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅសប្តាហ៍នេះ អាជ្ញាធរម៉ាឡេស៊ី បានដាក់ចេញនូវវិធានការ រឹតត្បិតលើការធ្វើដំណើរ ហើយសាលារៀន ព្រមទាំងអាជីវកម្មភាគច្រើននៅក្នុងប្រទេស​ត្រូវបានបិទ​លែងឲ្យ​ដំណើរការ។

ប្រជាជនម៉ាឡេស៊ី ត្រូវបានគេរារាំងមិនឲ្យធ្វើដំណើរទៅក្រៅ​ប្រទេស។ ចំណែកឯ​ជនបរទេសវិញ ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេសម៉ាឡេស៊ីដូចគ្នា។ តែទោះជា​បែបនេះក្តី ប្រជាជនម៉ាឡេស៊ី ហាក់នៅតែមិនអើពើនិង​គោរព​ខ្ជាប់ខ្ជួនឡើយនូវបទបញ្ជា​របស់​រដ្ឋាភិបាល។

មិនតែប៉ុណ្ណោះ មានពលរដ្ឋម៉ាឡេស៊ីមួយចំនួន ថែមទាំងបានចេញក្រៅ ដើរលេង​តាម​សួនច្បារ និង បរិភោគអាហារខាងក្រៅទៀតផង ដែលជាហេតុបណ្តាលឲ្យ​ការឆ្លង​រាល​ដាល​​នៃកូវីដ១៩ នៅតែបន្តកើនឡើង​ដដែល។

ដោយហេតុដូចនេះហើយ ទើបអាជ្ញាធរម៉ាឡេស៊ី សម្រេចចាត់វិធានការបន្ថែមទៀត ដើម្បីការពារកុំឲ្យកូវីដ១៩ ឆ្លងរាតត្បាតខ្លាំងបន្តទៅមុខទៀត។​ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោកអ៊ីសម៉េល សាប៊្រីរី យ៉ាអាកុប (Ismail Sabri Yaakob) បានឲ្យដឹងថា ចាប់ពីថ្ងៃអាទិត្យ ទី២២ មីនានេះ​តទៅអាជ្ញាធរម៉ាឡេស៊ីនឹងចាប់ដាក់ពង្រាយកងទ័ពដើម្បីជួយគាំទ្រ​ដល់កងកម្លាំងប៉ូលិសក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាល់ដាលនៃវីរុស កូវីដ១៩។

កងកម្លាំងការពារជាតិចម្រុះម៉ាឡេស៊ីមានចំនួនបី ដែលក្នុងនោះមាន កងយោធា កងទ័ពជើងទឹក ព្រមទាំងកងទ័ពជើងអាកាស នឹងសហការគ្នាក្នុងកិច្ចខិតខំប្រឹងប្រែង​ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នេះ៕

  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ