អានតួអត្ថបទ
កីឡាអូឡាំពិក កូរ៉ូណាវីរុស

កូវីដ១៩៖ តើត្រូវ​លើកពេល​​ប្រកួតកីឡា​ អូឡាំពិក​ទីក្រុង​តូក្យូ ឬ​យ៉ាងណា?

​បដា​ផ្សាយ​កីឡា​អូឡាំពិកក្រុងតូក្យូ២០២០ នៅទីក្រុងតូក្យូ ខណៈប្រទេសជប៉ុន ក៏ដូច​ជាពិភព​លោក​ទាំង​មូល ​កំពុង​ប្រឈមនឹង​ការឆ្លងរាលដាល​ដាល កូវីដ​១៩។
​បដា​ផ្សាយ​កីឡា​អូឡាំពិកក្រុងតូក្យូ២០២០ នៅទីក្រុងតូក្យូ ខណៈប្រទេសជប៉ុន ក៏ដូច​ជាពិភព​លោក​ទាំង​មូល ​កំពុង​ប្រឈមនឹង​ការឆ្លងរាលដាល​ដាល កូវីដ​១៩។ AFP

នៅបាំងតែ៤ខែទៀតប៉ុណ្ណោះ គឺដល់ថ្ងៃចាប់ផ្តើម បើកការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ប្រឈមនឹងការរីករាលដាលខ្លាំង នូវមេរោគកូវីដ១៩ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​មតិ​ជាច្រើន បានលើក​ឡើងថា គេ​គួរតែ​លើក​​កាលបរិច្ឆេទ​នៃ​ការ​ប្រកួត​កីឡាអន្តរជាតិ​​ដ៏ធំ​នេះ។ តែយ៉ាងណា រហូត​មកត្រឹម​ពេលនេះ គណៈកម្មាធិការអន្តរជាតិកីឡាអូឡាំពិក បានអះអាងថា​ ពុំមានការ​លើកពេលនោះឡើយ ការប្រកួតកីឡាអូឡាំពិក នឹងនៅតែធ្វើនៅខែកក្កដា ឆ្នាំ២០២០ ដដែល នៅទីក្រុងតូក្យូ។

ផ្សាយពាណិជ្ជកម្ម

ប្រឈមនឹងការឆ្លងរាលដាលនូវមេរោគកូវីដ១៩ ការការពារសុខភាពកីឡាករ គឺជាអាទិភាព។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កម្មវិធីប្រកួតកីឡាអន្តរជាតិធំៗជាច្រើន ត្រូវបានលើកពេល ជាក់ស្តែងការប្រកួតបាល់ទាត់អឺរ៉ុប។ ចុះចំណែក ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី​២៤កក្កដាខាងមុខ គួរត្រូវលើក​ពេល​ ឬយ៉ាងណា? សំណួរនេះ ត្រូវបា​នមនុស្សជាច្រើនចោទសួរ ជាពិសេសគឺកីឡាករ សហព័ន្ធកីឡា និងអ្នកធ្វើការក្នុងវិស័យកីឡាទូទៅ។

នៅថ្ងៃទី​២១មីនា សហព័ន្ធកីឡាអត្តពលកម្ម រួមទាំងសហព័ន្ធកីឡាហែលទឹក សហរដ្ឋ​អាមេរិក បានលើកឡើងព្រម​គ្នា​ថា ដើម្បីការពារសុខភាព​របស់កីឡាករ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ គួរតែលើក ទៅធ្វើនៅពេលក្រោយ។ ដូចគ្នាដែរ សហព័ន្ធកីឡាហែលទឹករបស់បារាំង និង​គណៈកម្មាធិការកីឡាអូឡាំពិក​ន័រវ៉េស ក៏បានលើកឡើងដូចគ្នាដែរ សុំឲ្យលើកការប្រកួតកីឡាអូឡាំពិកទីក្រុង​​តូក្យូ។

ក្រៅពីបារម្ភ ពីការឆ្លងមេរោគកូវីដ១៩ នៅក្នុងពេលប្រកួតកីឡាអូឡាំពិក សហព័ន្ធកីឡាមួយចំនួន បានសម្តែង​ការព្រួយ​បារម្ភថា ពេលកាន់តែខើចណាស់ទៅហើយ ប៉ុន្តែកីឡាករ មិនអាចធ្វើការហ្វឹក​ហាត់​បានទេក្នុងអំឡុងពេលនេះ ដោយសារតែត្រូវជាប់បម្រាម បង្ការការឆ្លងរាលដាលកូវីដ១៩។ បញ្ហាប្រឈមមួយទៀតនោះ គឺក្នុងវិញ្ញាសារខ្លះ គេមិនទាន់មានកីឡាករដែលត្រូវទៅចូលរួមនៅឡើយ ដោយសារតែ​ការប្រកួតជម្រើស ត្រូវលប់ចោលទាំងអស់ នៅតាមប្រទេសមួយចំនួន។

តែយ៉ាងណាក៏ដោយ លោក Thomas Bach ប្រធានគណៈកម្មាធិការអន្តរជាតិអូឡាំពិក បានអះអាងថា គ្មាននរណាអាចទាយដឹងទេ ថានៅរវាង៤ខែទៀត ស្ថានការណ៍នឹងទៅជាយ៉ាងណា។ អ្វីៗនឹងអាចប្រសើរឡើងវិញ​ក៏ថាបាន។ ដូច្នេះ បើសម្រេច​លើកពេលប្រកួត នៅពេលនេះ គឺវាជារឿងមួយតក់ក្រហល់ពេក។

សូមរំលឹកថា ក្នុងប្រវត្តិសាស្ត្រ ការប្រកួតកីឡាអូឡាំពិក តែងតែប្រព្រឹត្តិទៅតាមការគ្រោងទុក រៀង​រាល់៤ឆ្នាំម្តង លើកលែងតែក្នុងអំឡុងពេលសង្រ្គាមលោក​ ទាំង២លើកតែប៉ុណ្ណោះ។ លោក Patrick Clastres អគ្គនាយកសិក្សាផ្នែកកីឡា នៅសកលវិទ្យាល័យក្រុងឡូហ្សាន បានលើកឡើងថា ការ​ប្រកួតកីឡាអូឡាំពិកម្តង​ៗ គឺជានិម្មិតរូបធំសម្បើម​ណាស់ ខុសពីការប្រកួតកីឡាផ្សេងៗទៀត។ ដូច្នេះហើយ ការ​សម្រេចលើកពេលឬមិនលើក គឺមិនមែនជារឿងងាយស្រួលធ្វើនោះទេ។ បន្ថែមពីនេះ វានៅមានបញ្ហាខាតបង់ប្រាក់កាសផងដែរ។

តែយ៉ាងណា លោក Patrick Clastres បញ្ជាក់ថា យោងតាមតថៈភាពជាក់ស្តែង គឺរដ្ឋាភិបាលជប៉ុនទេ ដែលជាអ្នកសម្រេច ថាត្រូវ​លើកពេលឬមិនលើក ដោយផ្អែកលើការពិគ្រោះយោបល់ ជាមួយនិង​ភាគីពាក់ព័ន្ធ​ទាំងអស់ រួមមាន គណៈកម្មាធិការរៀបចំការប្រកួតទីក្រុងតូត្យូ សហព័ន្ធកីឡា​អន្តរជាតិទាំងអស់ ក្រុមហ៊ុនឧបត្ថម្ភកម្មវិធី បណ្តាញព័ត៌មាន​ រួមទាំងអង្គការ​សុខភាព​ពិភពលោក​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ